នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ស៊ូ​ទ្រាំ​ថ្វាយ​ព្រះយេស៊ូវ

ការ​ស៊ូ​ទ្រាំ​ថ្វាយ​ព្រះយេស៊ូវ

ដោយKaren Huang

January 13, 2024

លោកុប្បត្តិ ៣១-៣២ និង ម៉ាថាយ ៩:១៨-៣៨

ហេព្រើរ ១២:១-៣

ចូរ​ពិចារណា​មើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ... ក្រែងលោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយហត់ ហើយ​រសាយ​ចិត្ត​ចេញ​។ ហេព្រើរ ១២:៣

កាល​ខ្ញុំ​កំពុង​រៀន​នៅ​សាលា​ព្រះ​គម្ពីរ កាល​ប៉ុន្មាន​ឆ្នាំ​មុន យើង​មាន​កម្មវិធី​ថ្វាយបង្គំ​ប្រចាំ​សប្តាហ៍​។ ក្នុង​ពេល​ថ្វាយបង្គំ​មួយ​លើក​នោះ ខណៈ​ពេល​ដែល​សិស្ស​ទាំងឡាយ​កំពុង​ច្រៀង​បទ “ព្រះអម្ចាស់​អស្ចារ្យ” ខ្ញុំ​សង្កេត​ឃើញ​សាស្ត្រាចារ្យ​បី​រូប កំពុង​ច្រៀង​ដោយ​ចិត្ត​ឆេះ​ឆួល​។ ទឹក​មុខ​របស់​ពួក​គាត់​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ ដោយសារ​សេចក្តី​ជំនឿ​ដែល​ពួក​គាត់​មាន​ចំពោះ​ព្រះអម្ចាស់​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ខណៈ​ពេល​ដែល​ពួក​គាត់​ម្នាក់ៗ​កំពុង​មាន​ជំងឺ​ដំណាក់​ចុង​ក្រោយ សេចក្តី​ជំនឿ​របស់​ពួក​គាត់​បាន​ជួយ​ឲ្យ​ពួក​គាត់​អាច​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​។

សព្វថ្ងៃ​នេះ ការ​នឹក​ចាំ​អំពី​របៀប​ដែល​ពួក​គាត់​ច្រៀង​សរសើរ​ដំកើង​ព្រះ បាន​បន្ត​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​បន្ត​ដំណើរ​ទៅមុខ​ទៀត ក្នុង​ទុក្ខ​លំបាក​របស់​ខ្ញុំ​។ សម្រាប់​ខ្ញុំ ពួក​គាត់​ស្ថិត​ក្នុង​ចំណោម​គំរូ​នៃ​ការ​លើក​ទឹក​ចិត្ត​របស់​មនុស្ស​ជា​ច្រើន ដែល​រស់នៅ​ដោយ​ជំនឿ​។ ពួក​គាត់​បាន​រំឭក​ខ្ញុំ អំពី​របៀប​ដែល​យើង​អាច​អនុវត្ត​តាម​ការ​បង្រៀន​ក្នុង​បទ​គម្ពីរ​ហេព្រើរ ១២:២-៣ ឲ្យ​មើលទៅ​ព្រះយេស៊ូវ​ជាប់​ជានិច្ច ដែល​ព្រះអង្គ “បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង … ឲ្យតែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់”(ខ.២)។

ពេលណា​ទុក្ខ​លំបាក ដោយសារ​ការ​បៀតបៀន ឬ​បញ្ហា​ប្រឈម​ក្នុង​ជីវិត ធ្វើ​ឲ្យ​យើង​ពិបាក​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ចូរ​យើង​យក​គំរូ​តាម​អ្នក​ដែល​បាន​ធ្វើ​តាម​ព្រះបន្ទូល​ព្រះ ហើយ​ទុកចិត្ត​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​។ យើង​អាច “រត់​ក្នុង​ទី​ប្រណាំង ដែល​នៅមុខ​យើង ដោយ​អំណត់”(ខ.១) ដោយ​ចាំ​ថា ព្រះយេស៊ូវ និង​អ្នក​ដែល​បាន​ដើរ​ក្នុង​ជំនឿ​មុន​យើង អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​។ បទ​គម្ពីរ​នេះ​ក៏បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ “ពិចារណា​មើល​ទ្រង់” ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​នឿយ​ហត់ ហើយ​រសាយ​ចិត្ត​ចេញ​ឡើយ(ខ.៣)។

ទី​បន្ទាល់​របស់​គ្រូ​ខ្ញុំ ដែល​កំពុង​រស់នៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ដោយ​អំណរ បាន​បង្ហាញថា “ជីវិត​នៃ​សេចក្តី​ជំនឿ គឺ​សក្តិ​សមនឹង​ឲ្យ​យើង​រស់នៅ​។ ចូរ​បន្ត​រស់នៅ​ដោយ​ជំនឿ​ទៀត”។—Karen Huang

តើ​នរណា​បាន​បណ្តាល​ចិត្ត​អ្នក ឲ្យ​បន្ត​ធ្វើ​ដំណើរ​ខាង​សេចក្តី​ជំនឿ? តើ​គំរូ​របស់​ពួកគេ​បាន​លើក​ទឹក​ចិត្ត​អ្នក ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មើលទៅ​ព្រះអង្គ​ជាប់​ជានិច្ច​។ ពេល​ណា​ទូល​បង្គំ​ហត់​នឿយ និង​អស់​សង្ឃឹម ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​គំរូ​ដ៏​ល្អ និង​ទី​បន្ទាល់​របស់​អ្នក​ដទៃ ដែល​បាន​ដើរ​ក្នុង​ព្រះ​អង្គ​មុន​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៣១-៣២ និង ម៉ាថាយ ៩:១៨-៣៨

ល្ងាច

Devotional illustration

ជំនឿ​តូចបំផុត

ដោយJohn Piper

January 13, 2024

ដូច្នេះ មិន​សំរេច​នឹង​អ្នកណា​ដែល​ចង់បាន ឬ​នឹង​អ្នកណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេចនឹង​ព្រះ ដែល​មាន​សេចក្តី​មេត្តាករុណា​វិញ។ រ៉ូម ៩:១៦

ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះអង្គ យើង​ត្រូវ​ដឹង​ច្បាស់​ថា នៅដើម​ឆ្នាំ​ថ្មីនេះ អ្វី​គ្រប់យ៉ាង​ដែល​យើង​នឹង​ទទួល​ពី​ព្រះអង្គ គឺ​ដោយសារ​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ។ គ្រប់​ទាំង​ការ​សប្បាយ ឬ​ការ​ឈឺចាប់​ដែល​យើង​នឹង​ជួប គឺ​សុទ្ធតែ​ ដោយសារ​សេចក្តី​មេត្តា​កុរ​ណា។

មូលហេតុ​ដែល​ព្រះគ្រីស្ទ​យាងចុះ​មក​ក្នុង​លោកិយ​នេះ គឺ​ដើម្បី“ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ​ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់”(រ៉ូម ១៥:៩)។ យើង​បាន​កើតជា​ថ្មី “តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់”(១ពេត្រុស ១:៣)។ យើង​អធិស្ឋាន​រាល់ថ្ងៃ “ដើម្បី​ទទួល​សេចក្តី​មេត្តា​កុរ​ណា”(ហេព្រើរ ៤:១៦) ហើយ​ឥឡូវនេះ យើង​កំពុងតែ “រង់ចាំ​សេចក្តី​មេត្តាករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ឲ្យបាន​ជីវិត​អស់​កល្ប​ជានិច្ច”(យូដាស ១:២០)។ បើ​គ្រីស្ទបរិស័ទ​ណា​ម្នាក់​បង្ហាញ​ចេញ​នូវ​លក្ខណៈ​ដែល​គួរឲ្យ​ជឿ នោះ​គឺ​គាត់​មាន​លក្ខណៈ​គួរឲ្យ​ជឿ ដោយសារ “សេចក្តី​មេត្តាករុណា​របស់​ព្រះអម្ចាស់” (១កូរិនថូស ៧:២៥)។

ក្នុង​បទ​គម្ពីរ លូកា ១៧:៥-៦ ពួក​សាវ័ក​បាន​ទូល​សូម​ព្រះអម្ចាស់​ថា “សូម​ចម្រើន​សេចក្តី​ជំនឿ​ដល់​យើងខ្ញុំ​ទៀត​ផង!” ហើយ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “បើ​អ្នករាល់គ្នា​មាន​សេចក្តី​ជំនឿ​ដូច​គ្រាប់ពូជ១យ៉ាង​ល្អិត នោះ​នឹង​និយាយទៅ​ដើម​មន​នេះ​ថា ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ នោះ​គង់តែ​នឹង​ស្តាប់​បង្គាប់​អ្នក​ដែរ”។ ម្យ៉ាងទៀត បញ្ហា​ក្នុង​ជីវិត និង​ការងារ​គ្រីស្ទបរិស័ទ គឺ​មិន​ស្ថិតនៅ​លើ​កម្លាំង ឬ​បរិមាណ​នៃ​ជំនឿ​របស់​យើង​ទេ ព្រោះ​កម្លាំង ឬ​បរិមាណ​នៃ​ជំនឿ​យើង មិនមែន​ធ្វើឲ្យ​ដើមឈើ​នោះ​រលើង​ឫស​ឡើយ។ គឺ​ព្រះ​ទេ​ដែល​ធ្វើ​ឲ្យ​វា​រលើង​ឫស។ ដូចនេះ ជំនឿ​តូចបំផុត ដែល​ពិតជា​តភ្ជាប់​យើង ជាមួយ​ព្រះគ្រីស្ទ នឹង​នាំឲ្យ​យើង​ទទួល​អំណាច​គ្រប់គ្រាន់ សម្រាប់​តម្រូវការ​របស់​យើង។

ប៉ុន្តែ នៅពេល​ដែល​អ្នក​បាន​ស្តាប់​បង្គាប់​ព្រះអម្ចាស់ ដោយ​ជោគជ័យ តើ​សេចក្តី​មេត្តាករុណា​របស់​ព្រះ មាន​លក្ខណៈ​ដូចម្តេច​ដែរ? តើ​ការ​ស្តាប់​បង្គាប់​របស់​អ្នក មានន័យថា អ្នក​ឈប់​ទូល​សូម​សេចក្តី​មេត្តាករុណា​ពី​ព្រះអង្គ​ឬ? ព្រះយេស៊ូវ​បាន​ប្រទាន​ចម្លើយ​សម្រាប់​សំណួរ​នេះ ក្នុង​បទ​គម្ពីរ លូកា ១៧:៧-១០ ដែល​បាន​ចែង​ដូចតទៅ៖

“ក្នុង​ពួក​អ្នករាល់គ្នា បើ​អ្នកណា​មាន​បាវ​កំពុងតែ​ភ្ជួរ ឬ​ឃ្វាល​សត្វ លុះ​កាលណា​វា​វិល​មក​ពី​ចំការ តើ​នឹង​និយាយទៅ​វា​ភ្លាម​ថា មក​អង្គុយ​ស៊ី​បាយ​សិន ឬអី គឺ​នឹង​ប្រាប់​វា​យ៉ាងនេះ​វិញ​ទេតើ ថា ចូរ​រៀបចំ​អាហារ​ឲ្យ​អញ រួច​ក្រវាត់​ខ្លួន​មក​បំរើ​អញ​ដែល​កំពុងតែ​ស៊ី រួច​សឹម​ឯង​ស៊ី​ជា​ក្រោយ​ចុះ តើ​ចៅហ្វាយ​ដឹងគុណ​បាវ​នោះ ដោយ​ព្រោះ​វា​ធ្វើតាម​បង្គាប់ ឬ​ដូច​ម្តេច ខ្ញុំ​យល់ថា មិនមែនទេ ឯ​អ្នករាល់គ្នា ក៏​ដូច្នោះ​ដែរ កាលណា​អ្នករាល់គ្នា​បាន​ធ្វើតាម​បង្គាប់​គ្រប់ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា យើង​ជា​បាវបំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹមតែ​ការដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ”។

ដូចនេះ ខ្ញុំ​សូម​សន្និដ្ឋាន​ថា ការ​ស្តាប់​បង្គាប់​ដែល​ពេញលេញ​បំផុត និង​ជំនឿ​តូចបំផុត សុទ្ធតែ​នាំឲ្យ​យើង​ទទួល​បាន​សេចក្តី​មេត្តា​កុរ​ណា​ពី​ព្រះ ។ ជំនឿ​ដ៏​តូច​ដូច​គ្រាប់ពូជ​អាច​ធ្វើឲ្យ​ដើមឈើរលើង​ឫស​បាន ដោយ​សេចក្តី​មេត្តាករុណា​របស់​ព្រះ។ ហើយ​ការ​ស្តាប់​បង្គាប់​ដ៏​ឥត​ខ្ចោះ នាំឲ្យ​យើង​ពឹងផ្អែក​ទាំងស្រុង​មក​លើ​សេចក្តី​មេត្តា​កុរ​ណា​របស់​ព្រះអង្គ។

ចំណុច​សំខាន់​នោះ​គឺ ៖ យើង​មិន​អាច​ឈប់​ទទួល​សេចក្តី​មេត្តាករុណា​របស់​ព្រះ​បាន​ឡើយ ទោះ​ស្ថិត​ក្នុង​ពេលណា ឬ​សេចក្តី​មេត្តា​របស់​ព្រះអង្គ មាន​លក្ខណៈ​ដូចម្តេច​ក៏​ដោយ។ យើង​តែងតែ​ពឹងផ្អែក​ទាំងស្រុង មក​លើ​អ្វី​ដែល​យើង​មិន​សម​នឹង​ទទួល។

ដូចនេះ ចូរ​យើង​បន្ទាបខ្លួន និង​អរ​សប្បាយ ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដោយសារ​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ។

ប្រភេទ