លោកុប្បត្ដិ ៤១-៤២ និង ម៉ាថាយ ១២:១-២៣
យ៉ូស្វេ ២៤:១៤-១៨
នោះចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ … តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។ យ៉ូស្វេ ២៤:១៥
នៅក្នុងការចេញផ្សាយរបស់កាសែតមួយនៅប្រទេសអង់គ្លេស គេបានអះអាងថា “ជាមធ្យម មនុស្សធ្វើការសម្រេចចិត្ត ចំនួន ៧៧៣៦១៨ដង ក្នុងមួយជីវិត។ ហើយក្នុងចំណោមនោះ យើងនឹងមានការស្តាយក្រោយ ចំពោះការសម្រេចចិត្ត ចំនួន១៤៣២៦២ដង”។ ខ្ញុំមិនដឹងថា កាសែតនេះបានតួលេខនេះពីណាមកទេ ប៉ុន្តែ យើងអាចដឹងច្បាស់ថា យើងម្នាក់ៗបានធ្វើការសម្រេចចិត្តរាប់មិនអស់ ក្នុងជីវិតយើង។ ពេលយើងគិតអំពីចំនួននៃការសម្រេចចិត្តដ៏ច្រើនលើសលប់នេះ យើងប្រហែលមានអារម្មណ៍ថាលែងចង់ធ្វើអ្វីទៀត ជាពិសេសនៅពេលយើងពិចារណា អំពីការសម្រេចចិត្តទាំងអស់របស់យើង សុទ្ធតែមានលទ្ធផល ហើយលទ្ធផលខ្លះសំខាន់ជាងលទ្ធផលផ្សេងទៀត។
បន្ទាប់ពីពួកអ៊ីស្រាអែលរស់នៅវិលវល់ក្នុងវាលរហោស្ថានអស់៤០ឆ្នាំ ពួកគេក៏បានទៅដល់កន្លែង ដែលពួកគេត្រូវឆ្លងចូលទៅក្នុងទឹកដីថ្មី។ ក្រោយមក បន្ទាប់ពីបានចូលទៅក្នុងទឹកដីនោះ លោកយ៉ូស្វេ ជាអ្នកដឹកនាំរបស់ពួកគេ ក៏បានប្រាប់ពួកគេធ្វើការសម្រេចចិត្តកោតខ្លាចព្រះអម្ចាស់ ហើយបម្រើព្រះអង្គ ដោយចិត្តស្មោះត្រង់។ គាត់ក៏បានបង្គាប់ពួកគេឲ្យបោះបង់ចោលព្រះក្លែងក្លាយ ដែលពួកឰយុកោរបស់ពួកគេបានថ្វាយបង្គំ(យ៉ូស្វេ ២៤:១៤)។ គាត់ក៏បានប្រាប់ពួកគេថា “ចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ … តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ(ខ.១៥)។
ខណៈពេលដែលថ្ងៃថ្មីមកដល់ យើងត្រូវប្រឈមមុខដាក់ការសម្រេចចិត្តសំខាន់ៗជាច្រើន។ ចូរយើងចំណាយពេលអធិស្ឋានទូលសូមព្រះអង្គដឹកនាំយើង ក្នុងការសម្រេចចិត្ត។ យើងអាចសម្រេចចិត្តដើរតាមព្រះអង្គ ជារៀងរាល់ថ្ងៃ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។—Bill Crowder
តើអ្នកមានការសោកស្តាយចំពោះការសម្រេចចិត្តណាខ្លះ? តើអ្នកបានរៀនសូត្របានអ្វីខ្លះពីកំហុសទាំងនោះ?
ឱព្រះវរបិតា ជូនកាល ទូលបង្គំមានអារម្មណ៍ថា ជីវិតមានការពិបាកខ្លាំងពេក ហើយទូលបង្គំប្រឈមមុខដាក់ការសម្រេចចិត្តជាច្រើន។ សូមព្រះអង្គដឹកនាំទូលបង្គំ ក្នុងការសម្រេចចិត្ត ដើម្បីឲ្យទូលបង្គំថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ក្នុងការសម្រេចចិត្ត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ៤១-៤២ និង ម៉ាថាយ ១២:១-២៣