នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្រែក​រក​ព្រះ ដោយ​ទំនុក​ចិត្ត

ស្រែក​រក​ព្រះ ដោយ​ទំនុក​ចិត្ត

ដោយJohn Blase

January 20, 2024

លោកុប្បត្ដិ ៤៩-៥០ និងម៉ាថាយ ១៣:៣១-៥៨

ទំនុក​ដំកើង ២៥:១៦-២២

សូម​ទ្រង់​បែរមក​មាន​សេចក្តី​មេត្តា​ដល់​ទូល​បង្គំ​ផង ដ្បិត​ទូល​បង្គំ​នៅ​តែឯង ហើយ​មាន​សេចក្តី​វេទនា​។ ទំនុក​ដំកើង ២៥:១៦

ក្នុង​សៀវភៅ​ដែល​លោក​បណ្ឌិត រ៉ាស់ស៊ែល មួរ(Russell Moore) បាន​និពន្ធ ​មាន​ចំណង​ជើង​ថា ទទួល​ចិញ្ចឹម​អស់​មួយ​ជីវិត គាត់​បាន​ពិពណ៌នា អំពី​ការ​ធ្វើ​ដំណើរ​របស់​គ្រួសារ​គាត់ ទៅ​កាន់​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ដើម្បី​ទទួល​ចិញ្ចឹម​ក្មេង​ម្នាក់​។ ពេល​ពួកគេ​ដើរ​ចូល​ខាង​ក្នុង ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ជួប​ភាព​ស្ងប់​ស្ងាត់​ដ៏​ចម្លែក​នៅ​ក្នុង​អាគារ​។

ទារក​ទាំង​អស់​នៅ​លើ​គ្រែ មិន​ដែល​បញ្ចេញ​សម្លេង​យំ​ទាល់តែសោះ ហើយ​ពួកគេ​ក៏​បាន​ដឹង​ថា តាម​ពិត ទារក​ទាំង​នោះ​មិន​យំ មិនមែន​ដោយសារ​ពួកគេ​មាន​ភាព​ស្កប់​ស្កល់​នោះ​ទេ តែ​ដោយសារ​ពួក​គេ​ដឹង​ថា គ្មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក រៀង​រាល់​ពេល​ដែល​ពួក​គេ​ស្រែក​យំ​។

ខ្ញុំ​មាន​ការ​ឈឺ​ជាប់​នៅ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​អាន​រឿង​នេះ​។ ខ្ញុំ​នៅចាំ​ពេល​ដែល​កូន​ខ្ញុំ​នៅ​តូច​។ មាន​ពេល​ជា​ច្រើន​រាប់​មិន​អស់ ដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ​មិន​បាន​គេង​ពេញ​ភ្នែក ដោយសារ​សម្លេង​យំ​របស់​កូន​យើង ដោយសារ​ពួកគេ​មិន​ស្រួល​ខ្លួន ឬ​មាន​ការ​ភ័យ​ខ្លាច​។ យើង​ប្រញាប់​ក្រោក​ទៅ​មើល​ពួកគេ ដើម្បី​កម្សាន្ត​ចិត្ត និង​មើលថែ​ពួកគេ​ឲ្យ​អស់ពី​ចិត្ត​។ សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​កូន​យើង គឺជា​មូល​ហេតុ​ដែល​ពួក​គេ​ស្រែកយំ​ឲ្យ​យើង​ជួយ​។

ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង មាន​ទំនុក​ជា​ច្រើន​លើស​លប់ ដែល​ជា​ទំនុក​នៃ​ការ​ទួញ​យំ និង​បទ​ទំនួញ ទៅ​កាន់​ព្រះអម្ចាស់​។ ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​ពាក្យ​ទំនួញ​ដល់​ព្រះអង្គ ផ្អែក​ទៅលើ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជាមួយ​ព្រះអង្គ​។ ពួកគេ​ជា​រាស្រ្ត ដែល​ព្រះអង្គ​បាន​ហៅថា “កូន​ច្បង”របស់​ព្រះអង្គ(និក្ខមនំ ៤:២២) ហេតុ​នេះ​ហើយ ពួក​គេ​ងាក​ទៅ​រក​ព្រះ​ដែល​ជា​ព្រះវរបិតា ពេល​មាន​ទុក្ខ​លំបាក​។ គឺ​ដូច​ដែល​ពួកគេ​បាន​បង្ហាញ​ការ​ទុកចិត្ត​នេះ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២៥ យ៉ាង​ដូច​នេះ​ថា “សូម​ទ្រង់​បែរមក​មាន​សេចក្តី​មេត្តា​ដល់​ទូល​បង្គំ​ផង​ ដ្បិត​ទូល​បង្គំ​នៅ​តែឯង ... ឱ​សូម​នាំ​ទូល​បង្គំ​ចេញពី​ទុក្ខ​លំបាក​នៃ​ទូល​បង្គំ”(ខ.១៦-១៧)។ ក្មេង​ៗ​យំ ដោយសារ​ពួកគេ​មាន​ទំនុក​ចិត្ត​មក​លើ​សេចក្តី​ស្រឡាញ់​របស់​អ្នក​ថែរក្សា​ពួកគេ​។ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ និង​ជា​កូន​របស់​ព្រះ ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​ហេតុផល ដែល​ត្រូវ​ស្រែក​រក​ព្រះអង្គ​។ ព្រះ​អង្គ​ស្តាប់​ឮ ហើយ​យក​ព្រះទ័យ​ទុកដាក់ ព្រោះ​ព្រះ​អង្គ​មាន​សេចក្តី​ស្រឡាញ់​ដ៏​លើស​លប់​។—John Blasé

តើអ្នក​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ស្រែក​រក​ព្រះអង្គ យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​ហេតុ​អ្វី? តើ​អ្នក​អាច​ពោល​ទំនួញ​របស់​អ្នក​ដល់​ព្រះ​នៅ​ថ្ងៃ​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ​ខ្លាំង​ណាស់ សម្រាប់​សេចក្តី​ស្មោះ​ត្រង់​ដែល​ព្រះអង្គ​មាន ចំពោះ​ការ​ស្រែកយំ​របស់​ទូល​បង្គំ ព្រម​ទាំង​ឆ្លើយតប​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ៤៩-៥០ និងម៉ាថាយ ១៣:៣១-៥៨

ល្ងាច

Devotional illustration

ខ្មាំងសត្រូវ​ដែល​បាន​បាក់​ចង្កូម

ដោយJohn Piper

January 20, 2024

ឯ​អ្នករាល់គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជាមួយនឹង​ទ្រង់ ដោយ​បាន​អត់ទោស​ចំពោះ​អស់ទាំង​ការ​រំលង​របស់​អ្នករាល់គ្នា ទាំង​លុបចោល​សេចក្តី​ដែល​កត់ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្តី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើកចោល ដោយ​បោះភ្ជាប់​នៅ​ឈើឆ្កាង ទ្រង់​បាន​ទាំង​ទំលាក់​ងារ​ពី​ពួក​គ្រប់គ្រង និង​ពួក​មានអំណាច ទាំង​ដាក់​ពួក​ទាំងនោះ​នៅ​កណ្តាល​ជំនុំ​ឲ្យ​គេ​មើល ហើយ​ដឹកនាំ​គេ​ទៅ ដោយមាន​ជ័យជំនះ ដោយសារ​ឈើឆ្កាង​នោះ​ឯង។ កូល៉ុស ២:១៣-១៥

មូលហេតុ​ដែល​ការ​រួបរួម​ជាមួយ​ព្រះគ្រីស្ទ នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង សម្រាប់​អ្នកជឿ គឺ​ដោយសារ​ព្រះគ្រីស្ទ​ទទួល​បាន​ជ័យជម្នះ​ដ៏​ត្រចះ​ត្រចង់ មក​លើ​អារក្ស​នៅ​កាល់​វ៉ា​រី។ ព្រះអង្គ​មិន​បាន​ដក​សាតាំង​ចេញពី​ពិភពលោក​ឡើយ តែ​ព្រះអង្គ​បាន​ដក​អាវុធ​ចេញពី​វា គឺ​ដក​អាវុធ​នៃ​ការ​ថ្កោលទោស​ចេញពី​ដៃ​របស់​វា។

វា​មិន​អាច​ចោទប្រកាន់​អ្នកជឿ​ថា មាន​អំពើ​បាប​ដែល​ព្រះ​មិនបាន​អត់ទោស​ឲ្យ​នោះ​ឡើយ។ មានតែ​ការចោទប្រកាន់​មួយ​នេះ​ប៉ុណ្ណោះ ដែល​អាច​បំផ្លាញ​យើង។ ដូចនេះ វា​មិន​អាច​ធ្វើឲ្យ​យើង​មាន​ភាព​ហិន​វិនាស​ទាំងស្រុង​ឡើយ។ វា​អាច​ធ្វើឲ្យ​យើង​មានការ​ឈឺចាប់​ផ្លូវកាយ និង​ផ្លូវ​អារម្មណ៍ ហើយ​ថែមទាំង​អាច​សម្លាប់​រូបកាយ​យើង​ទៀត។ វា​អាច​ល្បួង​យើង ហើយ​ញុះញង់​អ្នកដទៃ​ឲ្យ​មក​ទាស់​នឹង​យើង។ តែ​វា​មិន​អាច​បំផ្លាញ​យើង​បាន​ឡើយ។

ជ័យជម្នះ​ដ៏​ត្រ​ចេះ​ត្រចង់ ក្នុង​បទ​គម្ពីរ​កូល៉ុស ២:១៣-១៥ គឺ​ស្របតាម​ការពិត​ដែល​ថា “សេចក្តី​ដែល​កត់ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្តី​បញ្ញត្ត” ត្រូវ​បាន​ទ្រង់​យក​ទៅ​បោះភ្ជាប់​នៅ​ឈើឆ្កាង​ហើយ។ អារក្ស​បាន​ប្រើ​សេចក្តី​ដែល​បាន​កត់ទុក​នោះ ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​មក​លើ​យើង។ ឥឡូវនេះ វា​គ្មាន​ការ​ចោទ​ប្រកាន់​ណាមួយ ដែល​អាច​យក​មក​ប្រើ ក្នុង​តុលាការ​នៃ​ស្ថានសួគ៌​នោះ​ឡើយ។ វា​មិន​អាច​ធ្វើ​នូវ​ការ​មួយ​ដែល​វា​ចង់​ធ្វើ​បំផុត​គឺ៖ ការ​ថ្កោលទោស​យើង។ ព្រះគ្រីស្ទ​បាន​ទទួលទោស​ជំនួស​យើង​ហើយ។ អារក្ស​បាន​បាត់បង់​អាវុធ​របស់​វា។

យើង​អាច​រក​ឃើញ​ការ​បកស្រាយ​ម្យ៉ាងទៀត អំពី​រឿង​នេះ ក្នុង​បទ​គម្ពីរ​ហេព្រើរ ២:១៤-១៥ ដែល​ចែងថា ៖ “ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់ឈាម​ដូច្នោះ​ដែរ ដើម្បីឲ្យ​ទ្រង់​បាន​បំផ្លាញ​អានោះ ដែល​មានអំណាច​លើ​សេចក្តី​ស្លាប់ គឺជា​អារក្ស ដោយ​ទ្រង់​សុគត ហើយ​ឲ្យបាន​ប្រោស​ដល់​ពួក​អ្នកនោះ ដែល​ជាប់​ជា​បាវបំរើ​គ្រប់១ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យបាន​រួច​ចេញ​វិញ”។

សេចក្តី​ស្លាប់​នៅតែ​ជា​ខ្មាំងសត្រូវ​ តែ​ចង្កូម​វា​បាន​បាក់​ហើយ។ វា​ក៏​អស់ពិស។ ទ្រនិច​ដែល​នាំឲ្យ​ស្លាប់​ក៏​លែង​មាន​ទៀត​ដែរ។ បាប​គឺជា​ទ្រនិច​នៃ​សេចក្តី​ស្លាប់។ ហើយ​អំណាច​នៃ​បាប ដែល​ថ្កោលទោស​យើង គឺ​មាននៅ​ក្នុង​ការ​តម្រូវ​របស់​ក្រឹត្យវិន័យ។ តែ​អរព្រះគុណ​ព្រះគ្រីស្ទ ដែល​បានសម្រេច​ក្រឹត្យវិន័យ។ «ឱ​សេចក្តី​ស្លាប់​អើយ ទ្រនិច​ឯង​នៅឯណា សេចក្តី​ស្លាប់​អើយ ជ័យជំនះ​របស់​ឯង​នៅឯណា» (១កូរិនថូស ១៥:៥៥)។

ប្រភេទ