ពាក្យ​សម្ដី​នាំមក​នូវ​ចិត្ត​ស្រស់​ថ្លា

និក្ខមនំ ១៦-១៨ និង ម៉ាថាយ ១៨:១-២០

សុភាសិត ២៥:២៣-២៧

ទឹក​បាន​ត្រជាក់​ដល់​ព្រលឹង​មនុស្ស​ល្វឹងល្វើយ​ជា​យ៉ាងណា នោះ​ដំណឹង​ល្អ​ដែល​មកពី​ស្រុក​ឆ្ងាយ​ក៏​យ៉ាង​នោះ​ដែរ​។ សុភាសិត ២៥:២៥

កាល​ខ្ញុំ​កំពុង​ឈរ​នៅ​ក្នុង​ផ្ទះ​បាយ កូន​ស្រី​ខ្ញុំ​ស្រាប់តែ​លាន់​មាត់​ថា មាន​សត្វ​រុយ​មួយ​ក្បាល​នៅ​ក្នុង​ទឹក​ឃ្មុំ។ ខ្ញុំ​ក៏បាន​និយាយ​លេង​ជាមួយ​នាង ដោយ​ដក​ស្រង់​ពាក្យ​ស្លោក​មួយ ដែល​ពោល​ថា យើង​អាច​ប្រទះ​ឃើញ​សត្វ​រុយ​នៅ​ក្នុង​ទឹក​ឃ្មុំ ច្រើន​ជាង​នៅ​ក្នុង​ទឹក​ខ្មេះ​។ កាល​នោះ ខ្ញុំ​បាន​ឃើញ​សត្វ​រុយ​នៅ​ក្នុង​ទឹក​ឃ្មុំ​ជា​លើក​ដំបូង តែ​ខ្ញុំ​បាន​ដក​ស្រង់​ពាក្យ​ស្លោក​នេះ ដោយសារ​វា​បាន​បង្រៀន​យើង​ថា ការ​ស្នើសុំ​ដ៏​សុភាព​អាច​បញ្ចុះ​បញ្ចូល​អ្នក​ដទៃ បាន​ច្រើន​ជាង​ការ​ស្នើសុំ​ដោយ​អាកប្ប​កិរិយា​ជូរ​ល្វីង​។

កណ្ឌ​គម្ពីរ​សុភាសិត​បាន​ប្រមូល​ផ្តុំ​សុភាសិត​ប្រកបដោយ​ប្រាជ្ញា​ជា​ច្រើន ដែល​ព្រះ​វិញ្ញាណ​បាន​បណ្តាល​ឲ្យ​តែង​។ សុភាសិត​ទាំង​នេះ​ដឹកនាំ និង​បង្រៀន​យើង នូវ​សេចក្តី​ពិត​ដ៏​សំខាន់ អំពី​របៀប​រស់នៅ ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​។ សុភាសិត​ជា​ច្រើន​ផ្ដោត​ទៅលើ​ទំនាក់​ទំនងជា​មួយ​មនុស្ស​និង​មនុស្ស ដោយ​រាប់​បញ្ចូល​ទាំង​ផល​ប៉ះ​ពាល់ ដែល​ពាក្យ​សម្ដី​របស់​យើង​អាច​មាន​មក​លើ​អ្នក​ដទៃ​។

ក្នុង​សុភាសិត​របស់​ស្តេច​សាឡូម៉ូន ទ្រង់​បាន​ដាស់​តឿន​យើង មិន​ឲ្យ​និយាយ​ពាក្យ​មិន​ពិត​មក​លើ​អ្នក​ដទៃ(សុភាសិត ២៥:១៨)។ ទ្រង់​បាន​បង្រៀន​ថា “អណ្តាត​ដែល​និយាយ​ដើម​គេ” នាំ​ឲ្យ​មាន​ភាព​ល្អក់កករ​នៅ​ក្នុង​ទំនាក់​ទំនង(ខ.២៣)។ ទ្រង់​ក៏បាន​ដាស់តឿន អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​រអ៊ូរទាំ​ផង​ដែរ(ខ.២៤)។ ហើយ​ទ្រង់​ក៏បាន​លើក​ទឹក​ចិត្ត​អ្នកអាន​កណ្ឌ​គម្ពីរ​សុភា​សិត​ ពាក្យ​សម្តី​ដែល​នាំ​ដំណឹង​ល្អ គឺជា​ព្រះពរ​ដល់​អ្នក​ស្តាប់(ខ.២៥)។

ខណៈ​ពេល​ដែល​យើង​ព្យាយាម​យក​សេចក្តី​ពិត​នេះ​មក​អនុវត្តន៍​តាម សូម​ព្រះ​វិញ្ញាណ​ប្រទាន​យើង នូវ​ចម្លើយ​ដ៏​សម​រម្យ(១៦:១)។ ព្រះ​អង្គ​អាច​ជួយ​ឲ្យ​ពាក្យ​សម្ដី​របស់​យើង​មាន​រស់​ជាតិ​ផ្អែម ក៏​ដូចជា​នាំមក​នូវ​ភាព​ស្រស់​ថ្លា​ក្នុង​ចិត្ត​។—Lisa M. Samra

តើ​អ្នក​បាន​ឃើញ​ផល​ប៉ះ​ពាល់​នៃ​ពាក្យ​សម្ដី នៅ​ពេលណា​ខ្លះ? តើ​ព្រះវិញ្ញាណបរិសុទ្ធ​អាច​ដឹកនាំ​អ្នក ឲ្យ​ប្រើ​ពាក្យ​សម្ដី​ដែល​នាំមក​នូវ​ភាព​ស្រស់​ថ្លា​ក្នុង​ចិត្ត ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​បង្ហាញ​អ្នក​ដទៃ ឲ្យ​ឃើញ​សេចក្តី​អាណិត​របស់​ព្រះអង្គ នៅ​ក្នុង​ទំនាក់​ទំនង​របស់​ទូល​បង្គំ ដោយ​ប្រើ​ពាក្យ​សម្លី​ដែល​ប្រកបដោយ​គុណ និង​សប្បុរស​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១៦-១៨ និង ម៉ាថាយ ១៨:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles