នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

អំណោយ​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់

អំណោយ​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់

ដោយDave Branon

January 28, 2024

និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥

អេភេសូរ ៤:៤-៨

តែ​មាន​ព្រះ​គុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ​។ អេភេសូរ ៤:៧

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​កែ​ក្រដាស​ប្រឡង​សំណេរ​អត្ថបទ​របស់​និស្សិត ដែល​ខ្ញុំ​បង្រៀន​នៅ​មហាវិទ្យាល័យ ខ្ញុំ​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​អត្ថបទ​ដែល​សិស្ស​ម្នាក់​បាន​សរសេរ​។ គាត់​សរសេរ​បាន​ល្អ​ណាស់! មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា សំណេរ​នោះ​ល្អ​ពេក គាត់​មិន​ទំនងជា​បាន​សរសេរ​ដោយ​សមត្ថ​ភាព​ខ្លួនឯង​ទេ​។ ខ្ញុំ​ក៏បាន​ធ្វើ​ការ​ស្រាវជ្រាវ​បន្តិច​បន្តួច ក៏​បាន​ដឹង​ថា តាម​ពិត គាត់​បាន​ចម្លង​អត្ថបទ​នោះ​ពី​ប្រភព​នៅ​តាម​អនឡាញ​។

ខ្ញុំ​ក៏បាន​ផ្ញើ​អ៊ីមែល​ទៅ​សិស្ស​ម្នាក់​នោះ ដើម្បី​ឲ្យ​នាង​បាន​ដឹង​អំពី​កំហុស​របស់​នាង​។ នាង​នឹង​ទទួល​បាន​ពិន្ទុ​សូន្យ សម្រាប់​អត្ថបទ​នោះ តែ​នាង​អាច​សរសេរ​អត្ថបទ​ថ្មី​មួយ​ទៀត ដើម្បី​ឲ្យ​បាន​ពិន្ទុ​ខ្លះ​។ នាង​ក៏​បាន​ឆ្លើយ​តប​ថា នាង​មាន​ការ​សោក​ស្តាយ​ចំពោះ​កំហុស​របស់​នាង ហើយក៏​បាន​អរគុណ​ខ្ញុំ ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​នាង ទោះ​នាង​មិន​សមនឹង​ទទួល​ឱកាស​នោះ​ក៏ដោយ​។ ខ្ញុំ​ក៏បាន​ប្រាប់​នាង​ថា យើង​រាល់​គ្នា​សុទ្ធតែ​ទទួល​ព្រះ​គុណ​ពី​ព្រះយេស៊ូវ​ជា​រៀង​រាល់​ថ្ងៃ ដូច​នេះ ខ្ញុំ​មិន​អាច​បដិសេធន៍​មិន​ព្រម​ផ្តល់​ឱកាស​ឲ្យ​នាង​ឡើយ​។

ព្រះគុណ​ព្រះ​បាន​ជួយ​ឲ្យ​ជីវិត​យើង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​តាម​មធ្យោបាយ​ជា​ច្រើន ហើយ​ប្រោស​លោះ​យើង​ឲ្យ​រួច​​ពី​បាប​។ លោក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “យើង​ជឿ​ថា បាន​សង្គ្រោះ​ដោយ​ព្រះគុណ​នៃ​ព្រះអម្ចាស់យេស៊ូវ ដូចជា​គេ​ដែរ”(កិច្ចការ ១៥:១១)។ ដូច​នេះ ព្រះគុណ​ព្រះ​បាន​នាំមក​នូវ​សេចក្តី​សង្គ្រោះ​។ សាវ័ក​ប៉ុល​បាន​បង្រៀន​ផង​ដែរ​ថា “ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រឹត្យ​វិន័យ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ”(រ៉ូម ៦:១៤)។ បាន​សេចក្តី​ថា ព្រះគុណ​ព្រះ​អង្គ​ជួយ​យើង មិន​ឲ្យ​រស់នៅ​ក្រោម​អំណាច​របស់​បាប​ទៀត​ទេ​។ ជាង​នេះ​ទៅទៀត ព្រះគុណ​ក៏​បាន​ជួយ​ឲ្យ​យើង​អាច​បម្រើ​ព្រះអង្គ​ផង​ដែរ គឺ​ដូច​ដែល​សាវ័ក​ពេត្រុស​បាន​បង្រៀន​ឲ្យ​ប្រើ “អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែកចាយ​យ៉ាង​ល្អ នៃ​ព្រះគុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ”(១ពេត្រុស ៤:១០)។

ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​មក ឲ្យ​យើង​ទទួល​ដោយ​ឥត​គិត​ថ្លៃ(អេភេសូរ ៤:៧)។ ចូរ​យើង​ប្រើ​ព្រះគុណ​ដែល​ជា​អំណោយ​នេះ ដើម្បី​ស្រឡាញ់ និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​។—Dave Branon

តើ​អ្នក​បាន​ដក​ពិសោធន៍​ជាមួយ​ព្រះគុណ​ព្រះ​ខ្លាំង​បំផុត នៅ​ពេលណា ក្នុង​ជីវិត​អ្នក? តើ​អ្នក​អាច​បង្ហាញ​ព្រះគុណ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដល់​អ្នក​ដទៃ​នៅ​ថ្ងៃ​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​បង្ហាញ​ព្រះគុណ​ព្រះអង្គ តាមរយៈ​ការ​ទំនាក់​ទំនងជា​មួយ​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥

ល្ងាច

Devotional illustration

ទទួល​នូវ​អ្វី​ដែល​អ្នក​មិន​អាច​បាត់បង់

ដោយJohn Piper

January 28, 2024

ព្រះយេស៊ូវ​ទ្រង់ទត​ទៅ​គេ មាន​ព្រះបន្ទូល​ថា “ការនោះ​មនុស្សលោក​ធ្វើពុំកើត​ទេ តែ​ព្រះ​ទ្រង់​ធ្វើកើត ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ធ្វើកើត​ទាំងអស់​បាន”។ ម៉ាកុស ១០:២៧

ខាងក្រោម​នេះ ជា​មូលហេតុ​ទាំងពីរ​យ៉ាង​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន ដើម្បីឲ្យ​យើង​ក្លាយជា​គ្រីស្ទបរិស័ទ ដែល​ឈោង​ចាប់​លោកិយ ហើយ​មានការ​ប្តូរផ្តាច់ ចំពោះ​បុព្វហេតុ​នៃ​បេសកកម្ម​ផ្សាយដំណឹង​ល្អ។ គឺ​ក្នុងនាម​ជា​អ្នក​ចេញទៅ​ផ្សាយដំណឹង​ល្អ ឬ​អ្នក​បញ្ជូន​ឲ្យ​ទៅ​ផ្សាយដំណឹង​ល្អ។

១. ការអ្វី​ដែល​មនុស្ស​ធ្វើ​មិនកើត ​ព្រះ​ទ្រង់​ធ្វើកើត(ម៉ាកុស ១០:២៧)។ ការ​កែប្រែ​មនុស្ស​មាន​បាប​ដែល​រឹងទទឹង ឲ្យ​ក្លាយជា​គ្រីស្ទបរិស័ទ គឺជា​ការងារ​របស់​ព្រះ ហើយក៏​ស្រប​ទៅតាម​ផែនការ នៅ​ក្រោម​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ។ យើង​មិន​ចាំបាច់​ត្រូវ​ភ័យខ្លាច ឬ​ព្រួយបារម្ភ ដោយសារ​ភាព​កម្សោយ​របស់​យើង​នោះ​ឡើយ។ ចម្បាំង​នេះ​ជា​ចម្បាំង​របស់​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ជ័យជម្នះ។

២. ព្រះគ្រីស្ទ​សន្យា​ថា នឹង​ធ្វើការ​សម្រាប់​យើង ហើយ​ព្រះអង្គ​កាន់​ខាងយើង​ខ្លាំង​ណាស់ បាន​ជា​នៅពេល​ដែល​ជីវិត​នៃ​បេសកកម្ម​របស់​យើង​បញ្ចប់ នោះ​យើង​នឹង​មិន​អាច​និយាយ​ថា យើង​បាន​លះបង់​អ្វី​សោះ​ឡើយ(ម៉ាកុស ១០:២៩-៣០)។

ពេលណា​យើង​ដើរតាម​បទបញ្ជា​របស់​ព្រះអង្គ សម្រាប់​ការ​ធ្វើ​បេសកកម្ម យើង​នឹង​រក​ឃើញថា សូម្បីតែ​ផល​ប៉ះពាល់​ដ៏​ឈឺចាប់ ដែល​យើង​បាន​ជួប ក៏​ព្រះអង្គ​បាន​ប្រើ ដើម្បី​ធ្វើឲ្យ​ស្ថានភាព​យើង មាន​ភាពល្អ​ប្រសើរ​ឡើង​ផង​ដែរ។ សុខភាព​ខាងវិញ្ញាណ ដែល​ជា​ក្តី​អំណរ​របស់​យើង មាន​ភាពល្អ​ប្រសើរ​ឡើង ១០០ដង។ ហើយ​ពេលណា​យើង​អស់ជីវិត នោះ​យើង​មិន​ស្លាប់​ទេ តែ​យើង​ទទួល​បាន​ជីវិត​អស់​កល្ប។

ដែល​ខ្ញុំ​លើកទឹកចិត្ត​ដូចនេះ​ គឺ​មិនមែន​ដើម្បី​បង្អាក់​សេចក្តី​ក្លាហាន និង​ការ​លះបង់​ដែល​អ្នកមាន​សម្រាប់​ព្រះគ្រីស្ទ​ឡើយ។ ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នក ឲ្យ​លះ​បង់​អ្វីៗ​ទាំង​អស់​ដែល​អ្នកមាន ដើម្បី​ទទួល​បាន​នូវ​ជីវិត​ដែល​មាន​ភាព​ស្កប់ស្កល់​ ក្នុង​ជម្រៅ​ចិត្ត​ដែល​ជ្រៅ​បំផុត​របស់​អ្នក។ ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នកឲ្យ​រាប់​អ្វីៗ​ទាំង​អស់ ជា​សំរាម ដើម្បី​ទទួលយក​នូវ​តម្លៃ​ដ៏​ខ្ពង់ខ្ពស់ នៃ​ការបម្រើ​ស្តេច​លើ​អស់ទាំង​ស្តេច។ ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នកឲ្យ​ដោះខោអាវ​កណ្តាច​ចេញ ហើយ​ពាក់​សំលៀក​បំពាក់​នៃ​ទូត​របស់​ព្រះ​វិញ។

ខ្ញុំ​សូម​សន្យា​ថា អ្នក​នឹង​ជួប​ការបៀតបៀន និង​ការ​ខ្វះខាត តែ​សូម​នឹក​ចាំ​អំពី​ក្តី​អំណរ ក្នុង​បទ​គម្ពីរ​ដែល​ចែងថា “មាន​ពរ​ហើយ អស់អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្តី​សុចរិត ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំងនោះ”(ម៉ាថាយ ៥:១០)។

នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៥៦ នៅ​ប្រទេស​អេក្វាឌ័រ ជនជាតិ​ដើម៥នាក់ មក​ពី​កុលសម្ព័ន្ធ វ៉ៅ​រ៉ា​នី បាន​សម្លាប់​លោក​ជីម អេលាត(Jim Elliot) និង​បេសកជន​៤​នាក់​ទៀត ដែល​រួម​ដំណើរ​ជាមួយ​គាត់ ខណៈ​ពេល​ដែល​ពួក​គេ​ព្យាយាម​នាំ​ដំណឹងល្អ ចូល​ទៅ​ក្នុង​កុលសម្ព័ន្ធ​វ៉ៅ​រ៉ា​នី។

ស្ត្រី​វ័យ​ក្មេង​៤​នាក់ បាន​បាត់បង់​ស្វាមី​របស់​ខ្លួន ហើយ​ក្មេង៩នាក់​បាន​បាត់បង់​ឪពុក។ អ្នកស្រី​អេលីហ្សាបិត អេ​លាត(Elisabeth Elliot) ក៏បាន​សរសេរ​ថា លោកិយ​បាន​ហៅ​រឿង​នេះ​ថា សុបិន​អាក្រក់​ដ៏​សោកសៅ។ បន្ទាប់មក គាត់​ក៏បាន​សរសេរ​ទៀត​ថា លោកិយ​មិនបាន​ស្គាល់​សេចក្តី​ពិត នៅក្នុង​ពាក្យ​សម្ដី​ដែល​លោក​ជីម អេលាត​បាន​មានប្រសាសន៍​ថា “មនុស្ស​ដែល​បាន​លះបង់​អ្វី​ដែល​ខ្លួន​មិន​អាច​រក្សាទុក ដើម្បី​ទទួល​នូវ​អ្វី​ដែល​ខ្លួន​មិន​អាច​បាត់បង់ គឺ​មិនមែន​ជា​មនុស្ស​ល្ងង់​ឡើយ”។

ប្រភេទ