គំរូ​នៃ​ការ​បន្ទាប​ខ្លួន ដោយ​ការ​លះបង់

ភីលីព ២:១-៨

គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូប​ភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង​។ ភីលីព ២:៧

បន្ទាប់ពី​ការ​ប្រកួត​ចប់ កីឡាករ​បាល់​បោះ​មហាវិទ្យាល័យ​ដ៏​ល្បី​ល្បាញ​ម្នាក់ មិន​បាន​ចេញ​ទៅណា​ទេ​។ គាត់​បាន​ជួយ​អ្នក​បោស​សម្អាត​រើស​សម្បក​ដប និង​កញ្ចប់​អាហារ​ដែល​ទស្សនិកជន​បាន​ចោល​ នៅ​កន្លែង​អង្គុយ។ ពេល​ដែល​អ្នក​គាំទ្រ​របស់​គាត់​ម្នាក់​បាន​បង្ហោះ​វីដេអូ​សកម្មភាព​របស់​គាត់ មាន​មនុស្ស៨ម៉ឺន​នាក់​បាន​មើល​វីដេអូ​នោះ​។ ក្នុង​ចំណោម​ពួកគេ មាន​មនុស្ស​ម្នាក់​សរសេរ​ថា “យុវជន​ម្នាក់​នេះ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​បន្ទាប​ខ្លួន​បំផុត ដែល​អ្នក​ធ្លាប់​បាន​ជួប​ក្នុង​ជីវិត​អ្នក”។ សម្រាប់​កីឡាករ​បាល់បោះ​ម្នាក់​នេះ ការ​ចេញទៅ​ជាមួយ​ក្រុម​របស់​ខ្លួន ដើម្បី​អបអរ​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ដើរ​រើស​សំរាម​។ តែ​ផ្ទុយ​ទៅវិញ គាត់​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ចការ​ដ៏​ពិបាក​ដែលគេ​រាល់​គ្នា​មើល​រំលង​។

ព្រះយេស៊ូវ​ក៏បាន​បង្ហាញ​ចេញ​នូវ​ការ​បន្ទាប​ខ្លួន​ ដោយ​ព្រះអង្គ​បាន​លះបង់​កន្លែង​ដ៏​ខ្ពង់ខ្ពស់ ក្នុង​នគរ​ស្ថាន​សួគ៌ ដើម្បី​ទទួលយក​តួនាទី​ជា​អ្នក​បម្រើ​នៅ​លើ​ផែនដី(ភីលីព ២:៧)។ ព្រះអង្គ​បាន​ស្ម័គ្រ​ព្រះទ័យ​បន្ទាប​ព្រះ​កាយ​ចុះ ដើម្បី​យើង​រាល់​គ្នា​។ ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ​នៅ​លើ​ផែនដី​ក៏បាន​រាប់​បញ្ចូល​ការ​បង្រៀន ការ​ប្រោស​ជំងឺ និង​ការ​ស្រឡាញ់​មនុស្ស​ទាំង​អស់ ហើយ​បេសកកម្ម​ធំ​បំផុត​របស់​ព្រះអង្គ គឺ​ការ​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​សង្គ្រោះ​ពួកគេ​ឲ្យ​រួច​ពី​បាប​។

ទោះ​គំរូ​របស់​ព្រះគ្រីស្ទ​អាច​បណ្តាល​ចិត្ត​យើង​ឲ្យ​រើស​សំរាម ជូត​សម្អាត​តុ ឬ​លើក​អាហារ​ឲ្យ​គេ តែ​គំរូ​ព្រះអង្គ​មាន​អំណាច​បំផុត​ក្នុង​ជីវិត​យើង នៅ​ពេលណា​យើង​កែ​ប្រែ​អាកប្ប​កិរិយា​របស់​យើង ចំពោះ​អ្នក​ដទៃ​។ ការ​បន្ទាប​ខ្លួន​ពិត​ប្រាកដ គឺជា​លក្ខណៈ​សម្បត្តិ​នៅ​ខាង​ក្នុង ដែល​មិន​គ្រាន់​តែ​កែ​ប្រែ​សកម្មភាព​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​កែ​ប្រែ​ចិត្ត​គំនិត​យើង​ផង​ដែរ​។ គំរូ​របស់​ព្រះអង្គ​បាន​បណ្តាល​ចិត្ត​យើង​ឲ្យ ចេះ​ឲ្យ​តម្លៃ​អ្នក​ដទៃ​លើស​ខ្លួនឯង(ខ.៣)។

លោក​អេនឌ្រូ មួរេយ(Andrew Murray) ជា​អ្នក​និពន្ធ និង​គ្រូ​អធិប្បាយ បាន​មាន​ប្រសាសន៍​ថា “ការ​បន្ទាប​ខ្លួន គឺជា​ផ្នែក​ដ៏​សំខាន់ និង​គួរ​ឲ្យ​ទាក់ទាញ​នៃ​សេចក្តី​បរិសុទ្ធ”។ សូម​ឲ្យ​ជីវិត​យើង​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ឃើញ​ការ​បន្ទាប​ខ្លួន ដោយ​អំណាច​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ដូច​ដែល​យើង​បង្ហាញ​ឲ្យ​គេ​ស្គាល់​ដួង​ព្រះទ័យ​របស់​ព្រះគ្រីស្ទ តាម​រយៈ​ទី​បន្ទាល​នៃ​ការ​រស់នៅ​ដោយ​បន្ទាប​ខ្លួន(ខ.២-៥)។—Jennifer Benson Schuldt

តើ​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះយេស៊ូវ​បាន​បណ្តាល​ចិត្ត​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​កំពុង​ជួប​ការ​ល្បួង​ឲ្យ​មាន​អំនួត នៅ​ក្នុង​ផ្នែក​ណា​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​បន្ទាប​ព្រះ​កាយ ដើម្បី​ទូល​បង្គំ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​យក​តម្រាប់​តាម​គំរូ​ព្រះអង្គ ដោយ​ចាត់​ទុក​តម្រូវ​ការ​របស់​អ្នក​ដទៃ ​សំខាន់​ជាង​តម្រូវការ​ខ្លួនឯង​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ ៈ និក្ខមនំ ២៧-២៨ និង ម៉ាថាយ ២១:១-២២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles