ឲ្យ​អំណោយ​ដោយ​សេចក្តី​ស្រឡាញ់

សុភាសិត ១១:២៤-២៥

មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះតែ​ចំរើន​កើន​។ សុភាសិត ១១:២៤

នៅ​ថ្ងៃ​ដែល​អ្នក​ស្រី ឃ្វែនដូលីន ស្ទូលជីស(Gwendolyn Stulgis) រៀប​អាពាហ៍ពិពាហ៍ គាត់​បាន​ស្លៀក​រ៉ូប​រៀប​ការ ដូច​ដែល​គាត់​បាន​ស្រមៃ​ចង់​បាន​។ ក្រោយមក គាត់​ក៏​បាន​យក​រ៉ូប​ដែល​គាត់​បាន​ប្រើ​ហើយ​នោះ​ ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល​គាត់​មិន​ដែល​ស្គាល់​។ គាត់​ជឿ​ថា រ៉ូប​របស់​គាត់​មិន​សមនឹង​ឲ្យ​គាត់​ព្យួរ​ចោល​ក្នុង​ទូ​ខោអាវ ឲ្យ​ប្រឡាក់​ធូលី​ដី​នោះ​ទេ​។ កូន​ក្រមុំ​ដទៃ​ទៀត​ដែល​រៀប​ការ​ថ្មោង​ថ្មី​ក៏​យល់​ឃើញ​ដូច​គាត់​ផង​ដែរ​។ សព្វថ្ងៃ​នេះ មាន​ស្ត្រី​កាន់​តែ​ច្រើន​បាន​ចូល​រួម​ជាមួយ​ទំព័រ​បណ្ដាញ​សង្គម​របស់​គាត់ ដើម្បី​បរិច្ចាគ ឬ​ទទួល​រ៉ូប​កូន​ក្រមុំ​ដែលគេ​ប្រើ​ហើយ​។ មាន​អ្នក​បរិច្ចាគ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សង្ឃឹមថា គេ​នឹង​យក​រ៉ូប​នេះ​ទៅ​ឲ្យ​កូន​ក្រមុំ​ផ្សេង​ទៀត​ត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត ទាល់​តែ​វា​រហែក​ប្រើ​លែង​កើត ដោយសារ​ការ​អបអរ ដែល​មាន​ក្នុង​ការ​ប្រើ​ប្រាស់​រ៉ូប​នេះ”។

ជា​ការ​ពិត​ណាស់ ការ​ចែករំលែក​ដោយ​ចិត្ត​ជ្រះ​ថ្លា អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ​។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះតែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួងហែង​ហួស​ខ្នាត តែ​គេ​ចេះតែ​ខ្វះខាត​វិញ​។

មនុស្ស​ដែល​មាន​ចិត្ត​សុទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នកណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ”(សុភាសិត ១១:២៤-២៥)។

សាវ័ក​ប៉ុល​បាន​បង្រៀន​គោលការណ៍​នេះ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ផង​ដែរ​។ កាល​គាត់​និយាយ​ពាក្យ​លា​គ្នា ទៅ​កាន់​អ្នកជឿ​ព្រះ នៅ​ទីក្រុង​អេភេសូរ គាត់​ក៏បាន​ជូនពរ​ពួកគេ(កិច្ចការ ២០:៣២) ហើយ​បាន​រំឭក​ពួកគេ អំពី​សារៈ​សំខាន់​នៃ​សេចក្តី​សប្បុរស​។ សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​ក្រម​សីលធម៌​នៃ​ការងារ​របស់​គាត់ ធ្វើ​ជា​គំរូ​សម្រាប់​ឲ្យ​ពួក​គេ​យក​តម្រាប់​តាម​។ គឺ​ដូច​គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ដោយ​គ្រប់​ការ​ទាំង​អស់​ថា គួរ​ឲ្យ​ខំ​ធ្វើ​ការ​ដូច្នោះ ដើម្បី​ឲ្យ​បាន​ជួយ​ដល់​ពួក​អ្នក​ខ្សោយ ហើយ​និង​នឹក​ចាំ​ពី​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេស៊ូវ ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ដែល​ឲ្យ នោះ​បាន​ពរ​ជាជាង​ទទួល”(ខ.៣៥)។

ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស គឺ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះអម្ចាស់​។ “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បានជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់តែ១ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៦)។ ដូច​នេះ ចូរ​យើង​យក​តម្រាប់​តាម​គំរូ​ដ៏​រុងរឿង​របស់​ព្រះអង្គ តាម​ការ​ដឹកនាំ​របស់​ព្រះអង្គ​។—Patricia Raybon

តើ​ថ្មីៗ​នេះ អ្នក​ទទួល​បាន​ឲ្យ​អំណោយ​ល្អៗ​អ្វី​ខ្លះ ដល់​អ្នក​ដទៃ? តើ​អំណោយ​របស់​អ្នក​បាន​ជួយ​នរណា​ម្នាក់ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​បើក​ចិត្ត​ទូល​បង្គំ ដើម្បី​ឲ្យ​អំណោយ​ដល់​អ្នក​ដទៃ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ក្នុង​ចិត្ត​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ ៈ និក្ខមនំ ៣១-៣៣ និង ម៉ាថាយ ២២:១-២២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles