ព្រឹក

មានកម្លាំងឡើងវិញ ដោយសារការអរព្រះគុណ
ដោយMonica Larose
February 4, 2024
ទំនុកដំកើង ១០៣:១-៨,១៧
ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ។ ទំនុកដំកើង ១០៣:២
បន្ទាប់ពីអ្នកស្រីគ្រីស្ទីណា ខូស្តា(Christina Costa) បានទៅពិនិត្យសុខភាពរកឃើញថា គាត់មានដុំសាច់ក្នុងខួរក្បាល គាត់បានកត់សំគាល់ឃើញថា ភាគច្រើននៃការជជែកគ្នាអំពីការប្រឈមមុខដាក់ជំងឺមហារីក ត្រូវបានគ្របដណ្តប់ទៅដោយការនិយាយអំពីការប្រយុទ្ធតទល់នឹងជំងឺមហារីក។ គាត់ក៏បានដឹងថា ការមានផ្នត់គំនិតដូចនេះ បាននាំឲ្យគាត់មានអារម្មណ៍ហត់នឿយយ៉ាងខ្លាំង។ គាត់មិនចង់ចំណាយពេលជាង១ឆ្នាំ ដើម្បីធ្វើសង្គ្រាមជាមួយនឹងជំងឺមហារីកក្នុងរូបកាយរបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់ក៏បានរកឃើញថា ដំណោះស្រាយដែលមានប្រយោជន៍បំផុត គឺជាការអនុវត្តន៍នូវការអរព្រះគុណព្រះ ជារៀងរាល់ថ្ងៃ ដែលបានប្រទានឲ្យគាត់មានគ្រូពេទ្យព្យាបាលគាត់ និងប្រទានការប្រោសឲ្យជាដែលកំពុងកើតមានក្នុងខួរក្បាល និងរូបកាយគាត់។ គាត់បានដកពិសោធន៍នឹងការពិតដែលថា ទោះយើងជួបការលំបាកយ៉ាងណាក៏ដោយ ការអនុវត្តន៍នូវការអរព្រះគុណព្រះ អាចជួយយើងជម្នះការធ្លាក់ទឹកចិត្ត និងជួយយើងឲ្យមានទឹកចិត្តក្នុងការស៊ូទ្រាំនឹងទុក្ខលំបាក។
រឿងរបស់អ្នកស្រីខូស្តាបានរំឭកខ្ញុំថា ការអនុវត្តន៍នូវការអរព្រះគុណព្រះ មិនគ្រាន់តែជាកាតព្វកិច្ចរបស់អ្នកជឿប៉ុណ្ណោះទេ។ ជាការពិតណាស់ ព្រះទ្រង់សក្តិសមនឹងឲ្យយើងដឹងគុណ តែទោះជាយ៉ាងណាក៏ដោយ ការអរព្រះគុណមានប្រយោជន៍ចំពោះយើងណាស់។ ពេលណាយើងប្រាប់ខ្លួនឯងថា “ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ”(ទំនុកដំកើង ១០៣:២) យើងនឹកចាំថា ព្រះអម្ចាស់បានធ្វើការក្នុងជីវិតយើងតាមរបៀបជាច្រើនរាប់មិនអស់ ដោយធានាដល់យើងថា ព្រះអង្គនឹងអត់ទោសឲ្យយើង និងធ្វើការប្រោសឲ្យជាក្នុងរូបកាយ និងចិត្តយើង ហើយឲ្យយើងដកពិសោធន៍នឹង “សេចក្តីស្រឡាញ់ និងសេចក្តីអាណិត” របស់ព្រះអង្គ ព្រមទាំងរបស់ល្អជាច្រើនរាប់មិនអស់ ក្នុងស្នាព្រះហស្តព្រះអង្គ(ខ.៣-៥)។
ជំងឺទាំងអស់មិនសុទ្ធតែមានការជាសះស្បើយ ក្នុងជីវិតនេះទេ តែចិត្តរបស់យើងតែងតែអាចមានភាពស្រស់ថ្លា និងកម្លាំងឡើងវិញ ពេលណាយើងអរព្រះគុណព្រះអង្គ ដ្បិតសេចក្តីស្រឡាញ់របស់ព្រះអង្គនឹងនៅជាប់ជាមួយយើងអស់កល្បជានិច្ច(ខ.១៧)។—Monica La Rose
តើអ្នកបានដកពិសោធន៍នឹងការប្រោសឲ្យជា តាមរយៈការអរព្រះគុណព្រះអង្គ យ៉ាងដូចម្តេចខ្លះ? តើអ្នកចង់អរព្រះគុណព្រះអង្គសម្រាប់ការអ្វីខ្លះ នៅថ្ងៃនេះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលតែងតែប្រទានទូលបង្គំនូវហេតុផល ដែលត្រូវអរព្រះគុណ និងមានក្តីសង្ឃឹម។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ ៈ និក្ខមនំ ៣៤-៣៥ និង ម៉ាថាយ ២២:២៣-៤៦
ល្ងាច

ការជំនុំជម្រះសម្រាប់អ្នកជឿ
ដោយJohn Piper
February 4, 2024
នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ វិវរណៈ ២០:១២
តើការជំនុំជម្រះចុងក្រោយ នឹងមានលក្ខណៈដូចម្តេច? តើព្រះទ្រង់នឹងនឹកចាំ អំពីអំពើបាបរបស់យើងទេ? តើព្រះអង្គនឹងបើកបង្ហាញឲ្យគេឃើញអំពើបាប ដែលយើងបានប្រព្រឹត្តឬទេ? សម្រាប់សំណួរទាំងនេះ លោកអ៊ែនថូនី ហូគេម៉ា(Anthony Hoekema) បានធ្វើការបកស្រាយ ប្រកបដោយប្រាជ្ញាថា “កំហុស និងចំណុចខ្វះចន្លោះរបស់ … អ្នកជឿ … នឹងត្រូវបើកបង្ហាញ នៅថ្ងៃជំនុំជម្រះ។ ប៉ុន្តែ ដែលសំខាន់នោះគឺ អំពើបាប និងចំណុចខ្វះចន្លោះទាំងនោះ នឹងត្រូវបានបើកសម្ដែង នៅពេលជំនុំជម្រះ ថាជាបាបដែលព្រះទ្រង់បានអត់ទោសឲ្យហើយ គឺទោសកំហុស ដែលបានគ្របបាំងទាំងស្រុង ដោយព្រះលោហិតព្រះយេស៊ូវគ្រីស្ទ”។
យើងអាចធ្វើការប្រៀបធៀប ដោយឧបមាថា ៖ ព្រះទ្រង់មានបញ្ជីមួយ ដែលបានកត់ត្រាអំពីមនុស្សម្នាក់ៗ (បញ្ជី ក្នុងបទគម្ពីរវិវរណៈ ២០:១២)។ អ្វីៗទាំងអស់ដែលអ្នកបានធ្វើ ឬនិយាយ(ម៉ាថាយ ១២:៣៦) សុទ្ធតែបានកត់ទុក ដោយបានដាក់និទ្ទេសរួចជាស្រេច(និទ្ទេស ពី “A” ដល់ “F”)។ ពេលអ្នកឈរនៅពីមុខ “បល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទ”(២កូរិនថូស ៥:១០) ដើម្បីទទួលការជំនុំជម្រះ “តាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី” ព្រះទ្រង់នឹងបើកបញ្ជី ហើយក៏បានដាក់និទ្ទេសឲ្យការប្រព្រឹត្តនីមួយៗ។ ព្រះអង្គនឹងដកការប្រព្រឹត្តទាំងអស់ ដែលមាននិទ្ទេស F យកទៅដាក់មួយគំនរ។ បន្ទាប់មក ព្រះអង្គក៏ដកការប្រព្រឹត្តទាំងអស់ ដែលមាននិទ្ទេស D និង C រួចព្រះអង្គក៏ដកផ្នែកដែលល្អ យកទៅដាក់ជាមួយក្រុមដែលមាននិទ្ទេស A ហើយដាក់ផ្នែកដែលអាក្រក់ជាមួយក្រុមដែលមាននិទ្ទេស F។ បន្ទាប់មកព្រះអង្គដកការប្រព្រឹត្តទាំងអស់ដែលមាននិទ្ទេស B និង A ហើយដកផ្នែកទាំងអស់ដែលអាក្រក់ចេញពីក្រុមទាំងនោះ ដាក់ពីលើគំនរនៃនិទ្ទេស F រួចដាក់ផ្នែកល្អ ពីលើគំនរនៃនិទ្ទេស A។
បន្ទាប់មក ព្រះអង្គក៏បានបើកបញ្ជីមួយទៀត (គឺ “បញ្ជីជីវិត”) ឃើញឈ្មោះអ្នក ព្រោះអ្នកនៅក្នុងព្រះគ្រីស្ទ ដោយសារជំនឿ។ នៅពីក្រោយឈ្មោះអ្នក មានឈើគូសមួយ ធ្វើពីឈើឆ្កាងរបស់ព្រះគ្រីស្ទ។ ព្រះអង្គនឹងយកឈើគូសនោះ មកដុតបំផ្លាញគំនរនៃនិទ្ទេស F ដែលមានទៅដោយរាល់អំពើបាប និងចំណុចខ្វះចន្លោះរបស់អ្នក។ អំពើបាប និងចំណុចខ្វះចន្លោះទាំងនោះ នឹងមិនថ្កោលទោសអ្នក ហើយក៏មិនឲ្យរង្វាន់អ្នកឡើយ។
បន្ទាប់មក ព្រះអង្គនឹងដកស្រោមសំបុត្រមួយ ចេញពីសំណុំឯកសាររបស់អ្នក ក្នុង “បញ្ជីជីវិត” ដែលមានបិទត្រា និងអក្សរសំគាល់ពីលើថា “រង្វាន់បន្ថែម ដែលបានប្រទានមកឥតគិតថ្លៃ ដោយព្រះគុណរបស់ព្រះ ៖ គឺជាជីវិត!” ហើយក៏បានយកវាទៅដាក់នៅលើគំនរនៃនិទ្ទេស A ( មើលម៉ាកុស ៤:២៤ និង លូកា ៦:៣៨)។ រួចព្រះអង្គក៏បានលើកគំនរទាំងមូល ហើយប្រកាសថា “ផ្អែកទៅលើគំនរនិទ្ទេសនេះ ជីវិតរបស់អ្នកបានធ្វើបន្ទាល់ ចំពោះព្រះគុណនៃព្រះវរបិតាខ្ញុំ ភាពសក្តិសមនៃព្រះលោហិតខ្ញុំ និងផលផ្លែនៃព្រះវិញ្ញាណខ្ញុំ។ គំនរនិទ្ទេសនេះធ្វើបន្ទាល់ថា អ្នកមានជីវិតអស់កល្ប ហើយអ្នកនឹងបានទទួលរង្វាន់។ ចូរឲ្យអ្នកប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយអ្នកចុះ”។