នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ឲ្យ​អំណោយ​ដោយ​សេចក្តី​ស្រឡាញ់

ឲ្យ​អំណោយ​ដោយ​សេចក្តី​ស្រឡាញ់

ដោយPatricia Raybon

February 3, 2024

សុភាសិត ១១:២៤-២៥

មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះតែ​ចំរើន​កើន​។ សុភាសិត ១១:២៤

នៅ​ថ្ងៃ​ដែល​អ្នក​ស្រី ឃ្វែនដូលីន ស្ទូលជីស(Gwendolyn Stulgis) រៀប​អាពាហ៍ពិពាហ៍ គាត់​បាន​ស្លៀក​រ៉ូប​រៀប​ការ ដូច​ដែល​គាត់​បាន​ស្រមៃ​ចង់​បាន​។ ក្រោយមក គាត់​ក៏​បាន​យក​រ៉ូប​ដែល​គាត់​បាន​ប្រើ​ហើយ​នោះ​ ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល​គាត់​មិន​ដែល​ស្គាល់​។ គាត់​ជឿ​ថា រ៉ូប​របស់​គាត់​មិន​សមនឹង​ឲ្យ​គាត់​ព្យួរ​ចោល​ក្នុង​ទូ​ខោអាវ ឲ្យ​ប្រឡាក់​ធូលី​ដី​នោះ​ទេ​។ កូន​ក្រមុំ​ដទៃ​ទៀត​ដែល​រៀប​ការ​ថ្មោង​ថ្មី​ក៏​យល់​ឃើញ​ដូច​គាត់​ផង​ដែរ​។ សព្វថ្ងៃ​នេះ មាន​ស្ត្រី​កាន់​តែ​ច្រើន​បាន​ចូល​រួម​ជាមួយ​ទំព័រ​បណ្ដាញ​សង្គម​របស់​គាត់ ដើម្បី​បរិច្ចាគ ឬ​ទទួល​រ៉ូប​កូន​ក្រមុំ​ដែលគេ​ប្រើ​ហើយ​។ មាន​អ្នក​បរិច្ចាគ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សង្ឃឹមថា គេ​នឹង​យក​រ៉ូប​នេះ​ទៅ​ឲ្យ​កូន​ក្រមុំ​ផ្សេង​ទៀត​ត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត ទាល់​តែ​វា​រហែក​ប្រើ​លែង​កើត ដោយសារ​ការ​អបអរ ដែល​មាន​ក្នុង​ការ​ប្រើ​ប្រាស់​រ៉ូប​នេះ”។

ជា​ការ​ពិត​ណាស់ ការ​ចែករំលែក​ដោយ​ចិត្ត​ជ្រះ​ថ្លា អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ​។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះតែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួងហែង​ហួស​ខ្នាត តែ​គេ​ចេះតែ​ខ្វះខាត​វិញ​។

មនុស្ស​ដែល​មាន​ចិត្ត​សុទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នកណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ”(សុភាសិត ១១:២៤-២៥)។

សាវ័ក​ប៉ុល​បាន​បង្រៀន​គោលការណ៍​នេះ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ផង​ដែរ​។ កាល​គាត់​និយាយ​ពាក្យ​លា​គ្នា ទៅ​កាន់​អ្នកជឿ​ព្រះ នៅ​ទីក្រុង​អេភេសូរ គាត់​ក៏បាន​ជូនពរ​ពួកគេ(កិច្ចការ ២០:៣២) ហើយ​បាន​រំឭក​ពួកគេ អំពី​សារៈ​សំខាន់​នៃ​សេចក្តី​សប្បុរស​។ សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​ក្រម​សីលធម៌​នៃ​ការងារ​របស់​គាត់ ធ្វើ​ជា​គំរូ​សម្រាប់​ឲ្យ​ពួក​គេ​យក​តម្រាប់​តាម​។ គឺ​ដូច​គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ដោយ​គ្រប់​ការ​ទាំង​អស់​ថា គួរ​ឲ្យ​ខំ​ធ្វើ​ការ​ដូច្នោះ ដើម្បី​ឲ្យ​បាន​ជួយ​ដល់​ពួក​អ្នក​ខ្សោយ ហើយ​និង​នឹក​ចាំ​ពី​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេស៊ូវ ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ដែល​ឲ្យ នោះ​បាន​ពរ​ជាជាង​ទទួល”(ខ.៣៥)។

ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស គឺ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះអម្ចាស់​។ “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បានជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់តែ១ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៦)។ ដូច​នេះ ចូរ​យើង​យក​តម្រាប់​តាម​គំរូ​ដ៏​រុងរឿង​របស់​ព្រះអង្គ តាម​ការ​ដឹកនាំ​របស់​ព្រះអង្គ​។—Patricia Raybon

តើ​ថ្មីៗ​នេះ អ្នក​ទទួល​បាន​ឲ្យ​អំណោយ​ល្អៗ​អ្វី​ខ្លះ ដល់​អ្នក​ដទៃ? តើ​អំណោយ​របស់​អ្នក​បាន​ជួយ​នរណា​ម្នាក់ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​បើក​ចិត្ត​ទូល​បង្គំ ដើម្បី​ឲ្យ​អំណោយ​ដល់​អ្នក​ដទៃ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ក្នុង​ចិត្ត​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ ៈ និក្ខមនំ ៣១-៣៣ និង ម៉ាថាយ ២២:១-២២

ល្ងាច

Devotional illustration

រងទុក្ខ​តែ​បន្តិច

ដោយJohn Piper

February 3, 2024

រី​ឯ​ព្រះ​ដ៏​មាន​ព្រះគុណ​សព្វគ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់គ្នា មក​ក្នុង​សិរីល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ នោះ​សូមទ្រង់មេត្តាប្រោស​ឲ្យ​អ្នករាល់គ្នា​បាន​គ្រប់លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នករាល់គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយដែល​បាន​រងទុក្ខ​បន្តិច។ ១ពេត្រុស ៥:១០

ជួនកាល ក្នុង​ពេល​ដែល​មានការ​រងទុក្ខ និង​ស្ត្រេស​ជា​ធម្មតា ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ យើង​ប្រហែលជា​សួរ​ព្រះ​ថា “ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ពិបាក​យូរប៉ុណ្ណា​ទៀត? ទូលបង្គំ​មើលឃើញ​តែ​ការឈឺចាប់​ប៉ុណ្ណោះ នៅ​ថ្ងៃនេះ។ តើ​ថ្ងៃស្អែក​ទូលបង្គំ​នឹង​ជួប​រឿង​អ្វី​ទៀត? តើ​ព្រះអង្គ​នឹង​ជួយ​ទទួល​បង្គំ នៅក្នុង​ការ​រងទុក្ខ​នោះ​ដែរ​ទេ?”

សំណួរ​នេះ​មាន​លក្ខណៈ​បន្ទាន់​ខ្លាំង​ណាស់ ព្រោះ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា “អ្នកណា​ដែល​កាន់ខ្ជាប់ ដរាបដល់​ចុងបំផុត នោះ​នឹង​បាន​សង្គ្រោះ​ពិត”(ម៉ាកុស ១៣:១៣)។ យើង​មានការ​ភ័យញ័រ ពេល​យើង​គិតថា យើង​កំពុងតែ​ស្ថិត​ក្នុងចំណោម “ពួក​អ្នក ដែល​ថយ​ទៅវិញ​ឲ្យ​ត្រូវ​វិនាស”(ហេព្រើរ ១០:៣៩)។ យើង​មិន​កំពុងតែ​លេងល្បែង​នោះ​ឡើយ។ ទុក្ខ​លំបាក​ជា​ការ​គំរាមកំហែង​ដ៏​អាក្រក់ មក​លើ​ជំនឿ​ដែល​យើង​មាន ចំពោះ​ព្រះគុណ​​នៃ​អនាគត​កាល ។

ដូចនេះ វា​ជា​ការ​អស្ចារ្យ​ណាស់ ដែល​យើង​បានឮ​សាវ័ក​ពេត្រុស​សន្យា ចំពោះ​គ្រីស្ទបរិស័ទ​ដែល​កំពុង​រងទុក្ខ និង​ហត់នឿយ​ថា “រី​ឯ​ព្រះ​ដ៏​មាន​ព្រះគុណ​សព្វគ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់គ្នា មក​ក្នុង​សិរីល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ នោះ​សូមទ្រង់មេត្តាប្រោស​ឲ្យ​អ្នករាល់គ្នា​បាន​គ្រប់លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នករាល់គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយដែល​បាន​រងទុក្ខ​បន្តិច”(១ពេត្រុស ៥:១០)។

ព្រះ​ដ៏​មាន​ព្រះគុណ​សព្វគ្រប់​បាន​ប្រទាន​នូវ​ការធានា​ថា ព្រះអង្គ​នឹង​មិន​ឲ្យ​យើង​រងទុក្ខ លើស​រយៈពេល​ដែល​យើង​អាច​អត់ទ្រាំ ហើយក៏​ធានា​ថា ព្រះអង្គ​នឹង​លប់​បំបាត់​ភាព​ខ្វះចន្លោះ ដែល​ធ្វើឲ្យ​យើង​សោកសៅ ហើយ​ព្រះអង្គ​នឹង​តាំង​ឲ្យ​រឹងមាំ​ជា​រៀង​រហូត ចំពោះ​អ្វី​ដែល​មានដំណើរ​ទ្រេតទ្រោត​ជាយូរមកហើយ។

ព្រះ​ទ្រង់​មិនមែន​ជា​ព្រះ​ដែល​មាន​តែ​ព្រះគុណ​ខ្លះ ដូច​ព្រះគុណ​ដែល​មានតែ​ក្នុង​ពេល​អតីតកាល​នោះ​ឡើយ។ ព្រះអង្គ​ជា “ព្រះ​ដ៏​មាន​ព្រះគុណ​សព្វគ្រប់” ដែល​រាប់បញ្ចូល​ទាំង​ព្រះគុណ​​នៃ​អនាគត​កាល ដែល​គ្មាន​កំណត់ មិន​ចេះ​រីងស្ងួត ដែល​យើង​ត្រូវការ ដើម្បី​ទ្រាំអត់​ដល់ទី​បញ្ចប់។

ការ​មាន​ជំនឿ​ចំពោះ​ព្រះគុណ​​នៃ​អនាគត​កាល ដោយមាន​ភាពរឹងមាំ​ឡើង ដោយសារ​ការ​នឹក​ចាំ អំពី​ព្រះគុណ​នៅពេល​អតីតកាល​គឺជា​គន្លឹះ ដើម្បីឲ្យ​យើង​ទ្រាំអត់ នៅក្នុង​ការ​ធ្វើដំណើរ​តាម​ផ្លូវ​ដ៏​តូច​ចង្អៀត និង​ពិបាក ឆ្ពោះ​ទៅ​រក​ជីវិត។

ប្រភេទ