លោកុប្បត្តិ ២២:១-៣,៦-១២
អ័ប្រាហាំហៅកន្លែងនោះថា «យេហូវ៉ា-យីរេ» ដូចជាគេក៏និយាយដរាបដល់សព្វថ្ងៃនេះដែរ ថានៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់ឲ្យ។ លោកុប្បត្តិ ២២:១៤
លោកចាត់សិន វែន ដេវែនទ័រ(Judson Van DeVenter) បានរៀនគូរគំនូរប្រេង និងបានរៀនសិល្បៈ ព្រមទាំងបានក្លាយជាគ្រូសិល្បៈ។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់មានផែនការខុសពីគោលដៅរបស់គាត់។ មិត្តភក្តិរបស់គាត់បានឲ្យតម្លៃមកលើការងារដែលគាត់ធ្វើក្នុងព្រះវិហារ ហើយក៏បានជំរុញគាត់ឲ្យទៅផ្សាយដំណឹងល្អ។ លោកចាត់សិនក៏មានអារម្មណ៍ថា ព្រះអម្ចាស់កំពុងត្រាស់ហៅគាត់ផងដែរ តែគាត់ពិបាកលះបង់សេចក្តីស្រឡាញ់ ដែលគាត់មានចំពោះការបង្រៀនសិល្បៈ។ គាត់ក៏បានព្យាយាមបដិសេធន៍ការត្រាស់ហៅនេះ តែក្រោយមក គាត់ក៏បានសារភាពថា ពេលដ៏សំខាន់បំផុតនៃជីវិតគាត់បានមកដល់ ហើយគាត់ក៏បានចុះចូលបំណងព្រះទ័យព្រះអង្គទាំងស្រុង។
យើងមិនដឹងថា លោកអ័ប្រាហាំមានការឈឺចាប់ក្នុងចិត្តខ្លាំងប៉ុណ្ណាទេ នៅពេលដែលព្រះទ្រង់ត្រាស់ហៅគាត់ ឲ្យលះបង់អ៊ីសាក់ ជាកូនប្រុសគាត់។ នៅពេលដែលយើងបានដឹងថា ព្រះអង្គបានត្រាស់បង្គាប់លោកអ័ប្រាហាំឲ្យយកកូនប្រុសទៅធ្វើយញ្ញបូជាថ្វាយព្រះអង្គ(លោកុប្បត្តិ ២២:២) យើងអាចសួរខ្លួនឯងថា តើព្រះអង្គសព្វព្រះទ័យឲ្យយើងលះបង់អ្វីខ្លះដែលមានតម្លៃចំពោះយើង? យើងដឹងថា នៅទីបំផុតព្រះអង្គក៏បានទុកជីវិតឲ្យអ៊ីសាក់(ខ.១២) ហើយរឿងនេះបានបង្រៀនយើងថា លោកអ័ប្រាហាំបានស្ម័គ្រចិត្តលះបង់អ្វីៗដែលមានតម្លៃបំផុតចំពោះគាត់។ គាត់បានទុកចិត្តថា ព្រះអង្គនឹងផ្គត់ផ្គង់គាត់ ក្នុងពេលដែលគាត់ធ្វើតាមការត្រាស់ហៅដ៏ពិបាករបស់ព្រះអង្គ។
បើយើងនិយាយថា យើងស្រឡាញ់ព្រះ តើយើងស្ម័គ្រចិត្តលះបង់របស់អ្វីដែលមានតម្លៃបំផុតចំពោះយើងទេ? លោកចាត់សិន វែន ដឺវែនទ័រ បានទៅតាមការត្រាស់ហៅរបស់ព្រះអង្គ ឲ្យទៅផ្សាយដំណឹងល្អ ហើយក្រោយមក គាត់ក៏បាននិពន្ធបទចម្រៀងទំនុកសកល មានចំណងជើងថា “គ្រប់ទាំងអស់ ខ្ញុំថ្វាយព្រះយេស៊ូវ”។ ក្រោយមក ព្រះទ្រង់ក៏បានត្រាស់ហៅលោកចាត់សិន ឲ្យត្រឡប់មករកការងារបង្រៀនវិញ។ កាលនោះ យុវជនឈ្មោះ ប៊ីលី ក្រាហាំ(Billy Graham) ស្ថិតក្នុងចំណោមសិស្សរបស់គាត់ផងដែរ។
ពេលខ្លះ ព្រះទ្រង់មានផែនការសម្រាប់ជីវិតយើង ដែលយើងមិនយល់។ តែព្រះអង្គសព្វព្រះទ័យឲ្យយើងស្ម័គ្រចិត្តថ្វាយរបស់អ្វី ដែលយើងស្រឡាញ់បំផុត។ ការលះបង់នេះអាចបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ចូរយើងចាំថា ព្រះអង្គបានលះបង់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ។—Kenneth Petersen
តើព្រះទ្រង់បានត្រាស់ហៅអ្នក ឲ្យធ្វើអ្វីខ្លះ? តើអ្នកចាំបាច់ត្រូវលះបង់អ្វីខ្លះថ្វាយព្រះអង្គ ដើម្បីស្តាប់បង្គាប់ព្រះអង្គ?
ឱព្រះអម្ចាស់ ទូលបង្គំពិបាកថ្វាយជីវិតទូលបង្គំទាំងស្រុង ដល់ព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យទុកចិត្តព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ ៈ និក្ខមនំ ៣៩-៤០ និង ម៉ាថាយ ២៣:២៣-៣៩