ម៉ាថាយ ៥:៤៣-៤៨
ប៉ុន្តែ ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ …ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ។ ម៉ាថាយ ៥:៤៤
សង្គ្រាមស៊ីវិលអាមេរិកបានបណ្តាលឲ្យប្រជាជនមានចិត្តជូរល្វីងចំពោះគ្នាទៅវិញទៅមក។ លោកប្រធានធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) បានយល់ឃើញថា គាត់គួរតែនិយាយពាក្យសម្តីល្អៗ ទៅកាន់ពួកខ្មាំងសត្រូវ នៅក្នុងភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ ស្រ្តីម្នាក់ដែលមានការភ្ញាក់ផ្អើលក៏បានសួរគាត់ថា ហេតុអ្វីគាត់និយាយពាក្យល្អៗទៅកាន់សត្រូវយ៉ាងដូចនេះ។ គាត់ក៏បានឆ្លើយតបថា “លោកស្រី ពេលដែលខ្ញុំធ្វើឲ្យសត្រូវក្លាយជាមិត្ត តើខ្ញុំមិនបានឈ្នះពួកគេទេឬ?” ប៉ុន្មានសតវត្សរ៍ក្រោយមក លោកគ្រូ ម៉ាទីន លូស័រ ឃីង(Martin Luther King Jr) បាននឹកចាំអំពីពាក្យសម្តីដ៏មានន័យនេះ ហើយក៏បានមានប្រសាសន៍ថា “នេះជាអំណាចនៃសេចក្តីស្រឡាញ់ដែលប្រោសលោះ”។
នៅក្នុងការអំពាវនាវឲ្យអ្នកជឿព្រះគ្រីស្ទស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន លោកឃីងក៏បានមើលទៅការបង្រៀនរបស់ព្រះអង្គ។ គាត់បានកត់សំគាល់ឃើញថា អ្នកជឿប្រហែលពិបាកស្រឡាញ់អ្នកដែលបៀតបៀនពួកគេ តែសេចក្តីស្រឡាញ់នេះកើតចេញពី “ការចុះចូលបំណងព្រះទ័យព្រះ ទាំងស្រុង និងជាប់លាប់។
លោកឃីង ក៏បានលើកយកសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ នៅលើភ្នំមកចែកចាយ ដែលក្នុងនោះ ព្រះអង្គមានបន្ទូលថា “ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ … ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:៤៤-៤៥)។ ព្រះយេស៊ូវបានបង្រៀនផ្ទុយនឹងការបង្រៀនរបស់មនុស្សនៅសម័យនោះ ដែលឲ្យស្រឡាញ់តែអ្នកជិតខាង ហើយស្អប់ខ្មាំងសត្រូវ។ ផ្ទុយទៅវិញ ព្រះវរបិតាប្រទានកម្លាំងដល់កូនព្រះអង្គ ឲ្យអាចស្រឡាញ់អ្នកដែលទាស់ប្រឆាំងពួកគេ។
យើងប្រហែលមានអារម្មណ៍ថា យើងមិនអាចស្រឡាញ់សត្រូវរបស់យើងបានទេ តែពេលណាយើងទូលសូមព្រះអង្គជួយយើង ព្រះអង្គនឹងឆ្លើយតបការអធិស្ឋានរបស់យើង។ ព្រះអង្គប្រទានសេចក្តីក្លាហាន ឲ្យយើងឱបក្រសោបយកការបង្រៀននេះ ដ្បិតព្រះយេស៊ូវមានបន្ទូលថា “ព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់”(១៩:២៦)។—Amy Boucher Pye
តើនរណាជាខ្មាំងសត្រូវរបស់អ្នក? បើអ្នកមានអារម្មណ៍ពិបាកស្រឡាញ់មនុស្សដែលទាស់ប្រឆាំងអ្នក តើអ្នកអាចថ្វាយអារម្មណ៍នេះ ដល់ព្រះអង្គយ៉ាងដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ព្រះអង្គបានបង្កើតទូលបង្គំ ក៏ដូចជាអ្នកដែលធ្វើឲ្យទូលបង្គំឈឺចាប់ ឲ្យដូចរូបអង្គទ្រង់។ សូមព្រះអង្គជួយទូលបង្គំ ឲ្យមានទឹកចិត្តចំពោះពួកគេ ដូចព្រះអង្គផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ១៣ និង ម៉ាថាយ ២៦:២៦-៥០