នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ខ្ញុំ​បាន​ឃើញ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ

ខ្ញុំ​បាន​ឃើញ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ

ដោយLisa Samra

February 11, 2024

២សាំយ៉ូអែល ២២:១-៤,៤៨-៥១

ឱ​ព្រះយេហូវ៉ា​អើយ ទូល​បង្គំ​នឹង​អរ​ព្រះគុណ​ដល់​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​នឹង​ច្រៀង​ទំនុក​សរសើរ​ថ្វាយ​ដល់​ព្រះ​នាម​ទ្រង់​។ ២សាំយ៉ូអែល ២២:៥០

នៅ​ក្នុង​ការ​ដឹកនាំ​ចក្រភព​អង់គ្លេស ក្នុងរយៈ​ពេល៧០ឆ្នាំ ក្សត្រី​អេលី​ហ្សាប៊ែតទី២ បាន​ទទួល​ស្គាល់​សៀវភៅ​ជីវប្រវត្តិ​របស់​ព្រះ​នាង​តែមួយ​ក្បាល​ប៉ុណ្ណោះ​ដែលគេ​បាន​និពន្ធ ដោយ​ព្រះ​នាង​បាន​ដាក់​បញ្ចូល​បុព្វកថា​ដែល​ព្រះ​នាង​បាន​សរសេរ​ផ្ទាល់ដៃ ក្រោម​ចំណង​ជើង​ថា ក្សត្រី​ជា​អ្នក​បម្រើ និង​ក្សត្រ​ដែល​ព្រះ​នាង​បាន​បម្រើ​។ សៀវភៅ​នេះ​បាន​ចេញ​ផ្សាយ នៅ​ក្នុង​ការ​អបអរ​ខួប​កំណើត​របស់​ព្រះ​នាង គម្រប់​ព្រះ​ជន្ម៩០ព្រះ​វស្សា ដោយ​បាន​រំឭក​អំពី​របៀប​ដែល​សេចក្តី​ជំនឿ​របស់​ព្រះ​នាង បាន​ដឹកនាំ​ព្រះ​នាង ខណៈ​ពេល​ដែល​ព្រះ​នាង​ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ​។ ក្នុង​បុព្វកថា​នោះ ក្សត្រី​អេលី​ហ្សាប៊ែត បាន​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ ចំពោះ​មនុស្ស​ទាំង​អស់​ដែល​បាន​អធិស្ឋាន​ឲ្យ​ព្រះ​នាង ហើយ​ព្រះ​នាង​បាន​អរ​ព្រះគុណ​ព្រះ សម្រាប់​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះអង្គ​។ ព្រះ​នាង​បាន​សន្និដ្ឋាន​ថា “ខ្ញុំ​ពិតជា​បាន​ឃើញ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ”។

បន្ទូល​ដ៏​សាមញ្ញ​របស់​ក្សត្រី​អេលី​ហ្សាប៊ែត បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទី​បន្ទាល់​របស់​បុរស និង​ស្រ្តី​ជា​ច្រើន ក្នុង​ប្រវត្តិ​សាស្រ្ត ដែល​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ថែរក្សា​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ ដោយ​ផ្ទាល់ៗ​ខ្លួន ក្នុង​ជីវិត​របស់​ពួកគេ​។ ស្តេច​ដាវីឌ​ក៏​បាន​និពន្ធ​បទ​ចម្រៀង​ដ៏​ពីរោះ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​របស់​ទ្រង់​ផង​ដែរ​។ ក្នុង​បទ​គម្ពីរ២សាំយ៉ូអែល ជំពូក២២ បទចម្រៀង​របស់​ទ្រង់​ក៏​បាន​ចែង​អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ នៅ​ក្នុង​ការ​ការពារ​ស្តេច​ដាវីឌ ផ្គង់​ផ្គង់​ទ្រង់ និង​ថែម​ទាំង​ជួយ​សង្គ្រោះ​ទ្រង់ ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់(ខ.៣-៤,៤៤)។ ស្តេច​ដាវីឌ​ក៏​បាន​ឆ្លើយតប​ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ ដោយ​សរសេរ​ថា ទ្រង់​នឹង​ច្រៀង​ទំនុក​​ដំកើង​ថ្វាយ​ដល់​ព្រះ​នាម​ព្រះអម្ចាស់(ខ.៥០)។

យើង​មាន​ការ​លើក​ទឹក​ចិត្ត​កាន់តែ​ខ្លាំង ពេលណា​យើង​បាន​ដឹង​ថា ព្រះអង្គ​បាន​បង្ហាញ​សេចក្តី​ស្មោះ​ត្រង់ នៅ​ក្នុងរយៈ​ពេល​ដ៏​យូរ ក្នុង​ជីវិត​របស់​នរណា​ម្នាក់ ប៉ុន្តែ យើង​ក៏​អាច​រាប់​ព្រះពរ​របស់​ព្រះអង្គ​ក្នុង​ពេល​សព្វថ្ងៃ ដែល​បាន​បង្ហាញ​តាមរយៈ​ការ​ថែរក្សា​របស់​ព្រះអង្គ។ ការ​អរ​ព្រះគុណ​របស់​យើង​ប្រែ​ក្លាយ​ជា​ការ​សរសើរ​ដំកើង ពេលណា​យើង​ទទួល​ស្គាល់​ថា យើង​មិន​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពេល​ដ៏​ពិបាក​នៃ​ជីវិត​យើង ដោយ​សមត្ថ​ភាព​ខ្លួនឯង​ តែ​ដោយសារ​ការ​ថែរក្សា​ដ៏​ស្មោះ​ត្រង់ នៃ​ព្រះវរបិតា​ដែល​សេចក្តី​ស្រឡាញ់​យើង​។—Lisa M. Samra

តើ​អ្នក​បាន​ឃើញ​ព្រះ​អង្គ​បង្ហាញ​សេចក្តី​ស្មោះ​ត្រង់ យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​បង្ហាញ​ការ​ដឹង​គុណ​ដល់​ព្រះអង្គ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​ក្នុង​រដូវ​កាល​នីមួយៗ​នៃ​ជីវិត ទោះ​នៅពេល​ដែល​មាន​អំណរ ឬ​ទុក្ខ​ព្រួយ ព្រះអង្គ​តែងតែ​បង្ហាញ​សេចក្តី​ស្មោះ​ត្រង់​ជានិច្ច​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ១១-១២ និង ម៉ាថាយ ២៦:១-២៥

ល្ងាច

Devotional illustration

កូនសោ​នៃ​បទពិសោធន៍

ដោយJohn Piper

February 11, 2024

ហើយ​ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចំរើន​ដល់​អ្នករាល់គ្នា ប្រយោជន៍ឲ្យ​មាន​ទាំងអស់​គ្រប់គ្រាន់​ជានិច្ច ដើម្បីឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់ជំពូក។ ២កូរិនថូស ៩:៨

យើង​ដឹង​ថា ការ​មាន​ជំនឿ​ចំពោះ​ព្រះគុណ​របស់​ព្រះ​ដែល​មាន​ក្នុង​ពេល​អនាគត គឺជា​កូនសោ​នៃ​បទពិសោធន៍​របស់​យើង ដែល​នាំឲ្យ​យើង​មានចិត្ត​សប្បុរស ព្រោះ​ក្នុង​បទ​គម្ពីរ ២កូរិនថូស សាវ័ក​ប៉ុល​បាន​បង្ហាញ​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ​យ៉ាងដូច​នេះ​ថា ៖ « ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចំរើន​ដល់​អ្នករាល់គ្នា ប្រយោជន៍ឲ្យ​មាន​ទាំងអស់​គ្រប់គ្រាន់​ជានិច្ច ដើម្បីឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់ជំពូក»(២កូរិនថូស ៩:៨)។

អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា បើ​អ្នក​ចង់​មាន​សេរីភាព​រួចផុត​ពី​ការ​ត្រូវការ​ប្រមូល​ទ្រព្យ​ទុក បើ​អ្នក​ចង់បាន​ព្រះគុណ​ហៀរហូរ សម្រាប់​ធ្វើការល្អ​គ្រប់ជំពូក នោះ​ចូរ​ដាក់​ជំនឿ​របស់​អ្នក មក​លើ​ព្រះគុណ​ដែលនៅតែមានសម្រាប់យើង​ចុះ។ ចូរ​ទុកចិត្ត​ព្រះបន្ទូល​ដែល​បាន​សន្យា​ថា “ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចម្រើន​ដល់​អ្នករាល់គ្នា” ក្នុង​កាលៈទេសៈ​នី​មួយៗ នៅពេលអនាគត ដើម្បី​សម្រេច​គោលបំណង​មួយ​នេះ។

មុន​នេះ ខ្ញុំ​ទើបតែ​បាន​និយាយ​ថា ការ​មាន​ជំនឿ​លើ​ព្រះគុណដែលនៅតែមានសម្រាប់យើង “ជា​កូនសោ​នៃ​បទពិសោធន៍” នាំទៅរក​សេចក្តី​សប្បុរស តែ​ខ្ញុំ​មិនបាន​បដិសេធន៍​ថា យើង​ក៏​មានកូន​សោ​នៃ​ប្រវត្តិ​សាស្រ្ត​ផង​ដែរ។ យើង​មានកូន​សោ​នៃ​បទពិសោធន៍ និង​កូនសោ​នៃ​ប្រវត្តិ​សាស្រ្ត។ កាល​សាវ័ក​ប៉ុល​និយាយ​អំពី​ព្រះគុណ​ដែល​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​ទទួល គាត់​បាន​រំឭក​ពួក​គេ អំពី​កូនសោ​នៃ​ប្រវត្តិ​សាស្រ្ត នៃ​ព្រះគុណ​យ៉ាងដូច​នេះ​ថា “ដ្បិត​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏ដោយ គង់តែ​ទ្រង់​បាន​ត្រឡប់ជា​ក្រ ដោយ​ព្រោះ​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​មាន​ឡើង ដោយសារ​សេចក្តី​កម្រ​របស់​ទ្រង់” (២កូរិនថូស ៨:៩)។

បើ​គ្មាន​ព្រះរាជកិច្ច​នៃ​ព្រះគុណ​ជា​ប្រវត្តិ​សាស្រ្ត​នេះ​ទេ ទ្វារ​នៃ​សេចក្តី​សប្បុរស​ដែល​លើក​ដំកើង​ព្រះគ្រីស្ទ នឹង​នៅតែ​បិទ​ដដែល។ ព្រះគុណ​នៃ​ពេល​អតីតកាល ជា​កូនសោ​មិន​អាច​អត់​បាន ដែល​នាំទៅរក​សេចក្តី​ស្រឡាញ់។

ប៉ុន្តែ ចូរ​យើង​កត់សំគាល់ អំពី​របៀប​ដែល​ព្រះគុណ​នៃ​អតីតកាល​មានដំណើរ​ការ ក្នុង​ខនេះ។ ព្រះ​ទ្រង់​ធ្វើឲ្យ​ព្រះគុណ​នៃ​អតីតកាល ក្លាយជា​គ្រឹះ(ព្រះគ្រីស្ទ​ត្រឡប់ជា​ក្រ) របស់​ព្រះគុណ​ដែលនៅតែមានសម្រាប់យើង(ដើម្បីឲ្យ​យើង​មាន​ឡើង)។ ដូចនេះ កូនសោ​នៃ​ប្រវត្តិ​សាស្រ្ត ដែល​នាំទៅរក​សេចក្តី​សប្បុរស​របស់​យើង មានដំណើរ​ការ ដោយ​ដាក់​គ្រឹះ នៅ​ពីក្រោម កូនសោ​នៃ​បទពិសោធន៍ នៃ​ជំនឿ​ចំពោះ​ព្រះគុណ​ដែលនៅតែមានសម្រាប់យើង។

ដូចនេះ កូនសោ​នៃ​បទពិសោធន៍ បើក​ទៅ​រក​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស គឺ​ន័យ​ថា យើង​ត្រូវ​ដាក់​ជំនឿ​យ៉ាង​មំាំ​មួន ទៅលើ​ព្រះគុណដែលនៅតែមានសម្រាប់យើង ដែល​មានន័យថា “ព្រះ​ទ្រង់​អាច (នៅពេលអនាគត) ធ្វើឲ្យ​ព្រះគុណ(ដែលនៅតែមានសម្រាប់យើង) មាន​ភាព​បរិបូរ សម្រាប់​អ្នក” ដើម្បីឲ្យ​ព្រះ​ទ្រង់​បំពេញ​តម្រូវការ​របស់​អ្នក ហើយ​អ្នក​នឹងអាច​មាន​សេចក្តី​ស្រឡាញ់ នៃ​សេចក្តី​សប្បុរស​យ៉ាង​ហូរហៀរ។

សេរីភាព​រួចផុត​ពី​ភាព​លោភលន់ កើត​ចេញពី​ការ​មាន​ជំនឿ​ដោយចិត្ត​ស្កប់ស្កល់​យ៉ាង​ខ្លាំង មក​លើ​ព្រះគុណ ដែល​ព្រះ​ទ្រង់​នឹង​ប្រទាន​នៅពេលអនាគត។

ប្រភេទ