នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះបន្ទូល​របស់​ព្រះ​កែ​ប្រែ​ជីវិត

ព្រះបន្ទូល​របស់​ព្រះ​កែ​ប្រែ​ជីវិត

ដោយAmy Boucher Pye

February 10, 2024

២ធីម៉ូថេ ៣:១០-១៧

តាំងពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់ទី​សង្គ្រោះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ​យេស៊ូវ​ផង​។ ​២ធីម៉ូថេ ៣:១៥

កាល​អ្នក​ស្រី​គ្រីស្ទីន(Kr​istin) ចង់​ទិញ​សៀវភៅ​ពិសេស​មួយ​ក្បាល ធ្វើ​ជា​អំណោយ​សម្រាប់​លោក​ហ្សូ ហ៊ូ(Xio-Hu) ជា​ស្វាមី​ជនជាតិ​ចិន គាត់​ក៏​បាន​ដើរ​ទិញ​សៀវភៅ​ភាសា​ចិន តែ​នៅ​កន្លែង​លក់​សៀវភៅ មានតែ​ព្រះ​គម្ពីរប៊ីប​ទេ ដែល​មាន​ភាសា​ចិន​។ ទោះ​អ្នក​ទាំង​ពីរ​មិនមែន​ជា​អ្នកជឿ​ព្រះគ្រីស្ទ គាត់​សង្ឃឹមថា ស្វាមី​គាត់​នឹង​ពេញ​ចិត្ត​នឹង​អំណោយ​មួយ​នេះ​។ ពេល​ស្វាមី​គាត់​ឃើញ​ព្រះ​គម្ពីរប៊ីប​ជា​លើក​ដំបូង ស្វាមី​គាត់​ក៏​បាន​ខឹង​ តែ​ទី​បំផុត គាត់​ក៏​បាន​យក​ព្រះ​គម្ពីរ​នោះ​មក​អាន​។ ពេល​គាត់​អាន គាត់​ក៏បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត ដោយ​សេចក្តី​ពិត​ក្នុង​ទំព័រ​ព្រះ​គម្ពីរ​។ អ្នក​ស្រី​គ្រីស្ទីន​មិន​សប្បាយ​ចិត្ត​ពេល​ដែល​បាន​ឃើញ​ស្វាមី​ខ្លួន​មាន​ការ​ផ្លាស់​ប្តូរ​ដូច​នេះ ហើយក៏​បាន​ចាប់​ផ្តើម​អាន​ព្រះ​គម្ពីរ​ដែរ ដើម្បី​ស្វែងរក​កំហុស​ក្នុង​ព្រះ​គម្ពីរ​។ តែ​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​គាត់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ តាមរយៈ​ការ​អាន​ព្រះ​គម្ពីរ​ផង​ដែរ​។

សាវ័ក​ប៉ុល​បាន​ស្គាល់​អំណាច​នៃ​ព្រះ​គម្ពីរ ដែល​កែ​ប្រែ​ជីវិត​មនុស្ស​។ កាល​គាត់​សរសេរ​សំបុត្រ​ពី​ក្នុង​គុក នៅ​ទីក្រុង​រ៉ូម គាត់​បាន​ជំរុញ​លោក​ធីម៉ូថេ ជា​សិស្ស ឲ្យ​នៅ​ជាប់​ក្នុង​សេចក្តី​ដែល​គាត់​បាន​រៀន​ពី​បទ​គម្ពីរ​ទាំង​ប៉ុន្មាន តាំង​ពី​តូច​មក (២ធីម៉ូថេ ៣:១៤-១៥)។ សាវ័ក​ប៉ុល​ដឹង​ថា លោក​ធីម៉ូថេ​នឹង​ជួប​ការ​ទាស់​ប្រឆាំង និង​ការ​បៀតបៀន បានជា​គាត់​ចង់​ឲ្យ​លោក​ធីម៉ូថេ​កាន់​ខ្ជាប់​តាម​ព្រះបន្ទូល ដើម្បី​ឲ្យ​អាច​ជម្នះ​បញ្ហា​ប្រឈម ដោយ​រក​ឃើញ​កម្លាំង និង​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ ខណៈ​ពេល​ដែល​គាត់​ចំណាយ​ពេល​ជញ្ជឹង​គិត​អំពី​សេចក្តី​ពិត​ក្នុង​ព្រះបន្ទូល​។

ព្រះ​ទ្រង់​បាន​បញ្ចេញ​អំណាច​ក្នុង​ព្រះ​គម្ពីរ​ដល់​យើង តាមរយៈ​ព្រះ​វិញ្ញាណ​ព្រះអង្គ​។ ពេលណា​យើង​នៅ​ជាប់​នឹង​ព្រះបន្ទូល ព្រះ​អង្គ​នឹង​កែ​ប្រែ​យើង​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ដូច​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​កែ​ប្រែ​លោក​ហ្សូ ហ៊ូ និង​អ្នក​ស្រី​គ្រីស្ទីន​ផង​ដែរ​។—Amy Boucher Pye

តើ​អ្នក​មាន​ការ​ផ្លាស់​ប្រែ​ដូច​ម្តេច​ខ្លះ តាមរយៈ​ការ​ចំណាយ​ពេល​អាន និង​ជញ្ជឹង​គិត​ព្រះបន្ទូល ក្នុង​ព្រះ​គម្ពីរ?

តើ​អ្នក​បាន​ដក​ពិសោធន៍​នឹង​អំណាច​នៃ​ព្រះបន្ទូល នៅ​ពេលណា?

ឱ​ព្រះ​ដែល​បាន​បង្កើត​ជីវិត​មនុស្ស​ទាំង​អស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ព្រះ​គម្ពីរប៊ីប ធ្វើ​ជា​សៀវភៅ​ដែល​នាំមក​នូវ​ជីវិត​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ចុះ​ចូល​ព្រះអង្គ ខណៈ​ពេល​ដែល​ទូល​បង្គំ​អាន​ព្រះ​គម្ពីរ​។

To learn more about how to effectively study the Bible, visit ODBU.org/lessons/SF106-01.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ ៈ លេវី​វិន័យ ៨-១០ និង ម៉ាថាយ ២៥:៣១-៤៦

ល្ងាច

Devotional illustration

មានចិត្ត​ឆេះឆួល​ចំពោះ​ព្រះ និង​សេចក្តី​ពិត

ដោយJohn Piper

February 10, 2024

តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ​ចុះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាលដែល​ទ្រង់​មាន​ព្រះបន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាលដែល​គេ​ជំនុំជំរះ​ទ្រង់»។ រ៉ូម ៣:៣-៤

ការដែល​យើង​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​បង្ហាញ​ចេញ​ដោយ​ជៀស​មិន​រួច​ថា យើង​បាន​ជញ្ជឹង​គិត​អំពី​ព្រះ។ ព្រះ​ពិតជា​មាន​មែន ដូច​នេះ​ព្រះអង្គ​ជាខ្នាត​គំរូ​សម្រាប់​វាស់​ស្ទង់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ការ​គិត​របស់​ព្រះអង្គ អំពី​អ្វីៗ​គ្រប់​យ៉ាង គឺជា​ខ្នាត​គំរូ​ដែល​គួរឲ្យ​យើង​គិត​តាម។

ការ​មិន​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​មិន​ខ្វល់​អំពី​ព្រះ។ ដើម្បី​ស្រឡាញ់​ព្រះ​ដោយចិត្ត​ឆេះឆួល យើង​ត្រូវ​ស្រឡាញ់​សេចក្តី​ពិត ដោយចិត្ត​ឆេះឆួល។ ការ​ទទួលយក​ព្រះ​ធ្វើជា​ចំណុច​កណ្តាល​នៃ​ជីវិត គឺ​មានន័យថា យើង​បាន​ទទួលការ​ជំរុញចិត្ត ដោយ​សេចក្តី​ពិត នៅក្នុង​ការ​ធ្វើការ​បម្រើ​ព្រះ។ ការអ្វី​ដែល​មិន​ពិត គឺ​មិនមែន​មក​ពី​ព្រះ​នោះ​ទេ។

សូម​ចំណាយពេល​ជញ្ជឹងគិត អំពី​បទ​គម្ពីរ ដែល​បាន​ចែង​អំពី​ព្រះ និង​សេចក្តី​ពិត ដែល​មាន​ដូចតទៅ ៖

១) ព្រះ​ទ្រង់​ជា​សេចក្តី​ពិត

រ៉ូម ៣:៣-៤ (ព្រះវរបិតា) ៖ “តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ”។

យ៉ូហាន ១៤:៦(ព្រះរាជបុត្រា) ៖ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាមខ្ញុំ នោះ​គ្មាន​អ្នកណា​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ” ។

យ៉ូហាន ១៥:២៦ (ព្រះវិញ្ញាណ​បរិសុទ្ធ) ៖ “កាលណា​ព្រះ​ដ៏​ជា​ជំនួយ​ទ្រង់​យាង​មក ដែល​ខ្ញុំ​នឹង​ចាត់​មក​ពី​ព្រះវរបិតា គឺជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​ចេញពី​ព្រះវរបិតា​មក ព្រះអង្គ​នោះ ទ្រង់​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ”។

២) ការ​មិន​ស្រឡាញ់​សេចក្តី​ពិត នាំមក​នូវ​សេចក្តី​ហិន​វិនាស​អស់​កល្ប​ជានិច្ច

២​ថែស្សាឡូនីច ២:១០ ៖ ហើយដោយ​គ្រប់​ទាំង​សេចក្តី​ឆបោក​របស់​សេចក្តី​ទុច្ចរិត ក្នុង​ពួក​អ្នក​ដែល​ត្រូវ​វិនាស “ដោយ​ព្រោះ​គេ​មិនព្រម​ស្រឡាញ់​ដល់​សេចក្តី​ពិត ដើម្បីឲ្យ​គេ​បាន​សង្គ្រោះ​នោះ​ទេ”។

៣) ការរស់នៅ​របស់​គ្រីស្ទបរិស័ទ ត្រូវ​ផ្អែក​ទៅលើ​ការ​ស្គាល់​សេចក្តី​ពិត

១កូរិនថូស ៦:១៥-១៦ ៖ “តែ​មិនដឹង​ថា រូបកាយ​អ្នករាល់គ្នា ជា​អវយវៈ​របស់​ព្រះ​ទេ​ឬអី ដូច្នេះ តើ​ខ្ញុំ​នឹង​យក​អវយវៈ​របស់​ព្រះគ្រីស្ទ ឲ្យ​ទៅ​ធ្វើជា​អវយវៈ​របស់​ស្រីសំផឹង​វិញ​ឬ ទេ មិន​ត្រូវ​ឡើយ ចុះ​តើ​អ្នករាល់គ្នា​មិនដឹង​ទេ​ឬអី​ថា អ្នកណា​ដែល​ទៅ​សេព​សម្ភព​នឹង​ស្រីសំផឹង នោះ​ជា​រូប​សាច់​តែ១ផងគ្នា?”

៤) រូបកាយ​ព្រះគ្រីស្ទ​បាន​ស្អាង​ឡើង ដោយ​សេចក្តី​ពិត ក្នុង​សេចក្តី​ស្រឡាញ់

កូល៉ុស ១:២៨ ៖ “យើងខ្ញុំ​ប្រកាសប្រាប់​ពី​ទ្រង់ ទាំង​ទូន្មាន​ដល់​គ្រប់​មនុស្ស ហើយ​ទាំង​បង្រៀន​ដល់​គ្រប់​មនុស្ស ដោយ​គ្រប់​ទាំង​ប្រាជ្ញា ដើម្បីឲ្យ​បាន​ថ្វាយ​គ្រប់​មនុស្ស ជា​ដង្វាយ​គ្រប់លក្ខណ៍​ក្នុង​ព្រះគ្រីស្ទ”។

សូម​ព្រះ​ទ្រង់​ជួយ​យើង​ឲ្យ​មានចិត្ត​ឆេះឆួល ចំពោះ​ព្រះអង្គ និង​ចំពោះ​សេចក្តី​ពិត។

ប្រភេទ