នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

នៅ​ក្នុង​ព្រះ​ហស្ត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ

នៅ​ក្នុង​ព្រះ​ហស្ត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ

ដោយXochitl Dixon

February 18, 2024

ទំនុក​ដំកើង ៩០:១-៦

គឺ​មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង ... ចាប់​តាំងពី​អស់​កល្ប រៀងទៅ​ដល់​អស់​កល្ប​ជានិច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ​។ ទំនុក​ដំកើង ៩០:២

បន្ទាប់ពី​សុខ​ភាព​ខ្ញុំ​មាន​ការ​ចុះ​ខ្សោយ​សារ​ជា​ថ្មី ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​រឿង​ដែល​មើល​មិន​ឃើញ និង​មិន​អាច​គ្រប់​គ្រង​បាន​នៅពេល​អនាគត​។ ថ្ងៃ​មួយ នៅពេល​ដែល​ខ្ញុំ​អាន​អត្ថបទ​ទស្សនាវដី្ត​វិទ្យាសាស្ត្រ ខ្ញុំ​រៀន​សូត្រ​បាន​ថា អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​អំពី​ការ​កើន​ឡើង​នៃ​ល្បឿន​របស់ “ផែនដី នៅ​ក្នុង​ការ​វិល​ជុំវិញ​ខ្លួនឯង” ហើយក៏​បាន​ប្រកាស​ថា ផែនដី “មាន​ចលនា​យោល​ចុះ​ឡើងៗ” ហើយ “កំពុង​វិល​កាន់តែ​ញាប់”។ ពួក​គេ​និយាយ​ថា ផែនដី​បាន​វិល​លឿន​ជាង​មុន១វិនាទី ក្នុង​មួយ​ថ្ងៃ បានជា​ពួកគេ​អាច​ស្នើ​ឲ្យ​គេ​ដក​រយៈ​ពេល១វិនាទី​ចេញពី​ម៉ោង​អន្តរជាតិ​។ ការ​បាត់​រយៈ​ពេល១វិនាទី​ស្តាប់​មើលទៅ ដូចជា​មិន​ច្រើន​ទេ តែ​ការ​ដឹង​ថា ការ​វិល​ជុំវិញ​របស់​ផែនដី​អាច​មាន​ការ​ផ្លាស់​ប្តូរ ហាក់​ដូចជា​រឿង​ធំ​ដំ​មួយ​សម្រាប់​ខ្ញុំ​។ បញ្ហា​នេះ​បាន​រំឭក​ខ្ញុំ​ថា អ​ស្ថេរ​ភាព​តែ​បន្តិច​កើត​មាន​ខ្ញុំ​ជីវិត​ខ្ញុំ អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​បាត់​ភាព​នឹងនរ​។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​ដឹង​ថា ព្រះ​ទ្រង់​កំពុង​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ បាន​ជួយ​ឲ្យ​ខ្ញុំ​ទុកចិត្ត​ព្រះអង្គ ទោះ​រឿង​ដែល​មើល​មិន​ឃើញ​មាន​លក្ខណៈ​គួរ​ឲ្យ​ភ័យ​ខ្លាច ឬ​កាលៈទេសៈ​របស់​ខ្ញុំ​ហាក់​ដូចជា​មាន​ភាព​រង្គោះ​រង្គើ​រ​យ៉ាង​ណា​ក៏ដោយ​។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៩០ លោក​ម៉ូសេ​បាន​ពោល​ថា “មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង ក្នុង​កាលដែល​ទ្រង់​មិន​ទាន់​បង្កើត​ផែនដី និង​មនុស្ស​លោក​នៅឡើយ ចាប់​តាំងពី​អស់​កល្ប រៀងទៅ​ដល់​អស់​កល្ប​ជានិច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ”(ខ.២)។ លោក​ម៉ូសេ​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​មាន​ព្រះ​ចេស្តា ការ​គ្រប់​គ្រង និង​អំណាច គ្មាន​ដែន​កំណត់ មក​លើ​ស្នា​ព្រះ​ហស្ត​ទាំង​អស់ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​ប្រកាស​ថា ពេល​វេលា​មិន​មាន​អំណាច​មក​លើ​ព្រះអម្ចាស់​បានទេ(ខ.៣-៦)។

ខណៈ​ពេល​ដែល​យើង​ព្យាយាម​ស្វែង​យល់​អំពី​ព្រះ និង​ពិភពលោក​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​បង្កើត យើង​នឹង​បាន​ដឹង​ថា ព្រះអង្គ​បាន​បន្ត​គ្រប់​គ្រង​យ៉ាង​ឥត​ខ្ចោះ មក​លើ​ពេល​វេលា និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះអង្គ​បាន​បង្កើត​។ យើង​ក៏​អាច​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​គ្រប់​គ្រង​មក​លើ​អ្វីៗ​ដែល​យើង​មើល​មិន​ឃើញ​នៅពេល​អនាគត​ផង​ដែរ​។ ស្នា​ព្រះ​ហស្ត​ទាំង​អស់​របស់​ព្រះអង្គ នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ក្នុង​ព្រះ​ហស្ត​ព្រះអង្គ​។—Xochitl Dixon

តើ​ការ​ដឹង​ថា ព្រះ​ទ្រង់​គ្រប់​គ្រង​ពេល​វេលា និង​អ្វីៗ​ទាំង​អស់ បាន​ជួយ​អ្នក​ឲ្យ​ទុកចិត្ត​ព្រះអង្គ​យ៉ាង​ដូច​ម្តេច​ខ្លះ ពេល​អ្នក​មាន​ការ​ភ័យ​ខ្លាច? តើ​អ្នក​អាច​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ តាមរយៈ​ពេល​វេលា​ដែល​ព្រះអង្គ​ប្រទាន​អ្នក នៅ​ថ្ងៃ​នេះ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអាទិករ ដែល​មិន​ចេះ​ប្រែ​ប្រួល ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​គ្រប់​គ្រង​ពេល​វេលា​របស់​ទូល​បង្គំ​គ្រប់​វិនាទី ក្នុង​ព្រះ​ហស្ត​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ២៣-២៤ និង ម៉ាកុស ១:១-២២

ល្ងាច

Devotional illustration

បង្អួច​នៃ​ចិត្ត​របស់​យើង

ដោយJohn Piper

February 18, 2024

ចូរ​ពិចារណាមើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹងទទែង​នឹង​ទ្រង់​ជា​ខ្លាំង​ម៉្លេះ ក្រែងលោ​អ្នករាល់គ្នា​ត្រូវ​នឿយហត់ ហើយ​រសាយចិត្ត​ចេញ។ ហេព្រើរ ១២:៣

សមត្ថភាព​ដែល​គួរឲ្យ​ចាប់អារម្មណ៍​បំផុត របស់​គំនិត​​មនុស្ស គឺ​វា​អាច​ឲ្យ​ផ្ដោត​ការ​គិត​របស់​វា ទៅ​លើ​អ្វី​ដែល​វា​ជ្រើស​រើស។ យើង​អាច​ឈប់​បង្អង់​សិន ហើយ​និយាយ​ទៅ​កាន់​គំនិត​របស់​យើង​ថា “ចូរ​គិត​ពី​រឿង​នេះ មិន​ត្រូវ​គិត​ពី​រឿង​នោះ​ឡើយ”។ យើង​អាច​ផ្ដោត​ការ​គិត​របស់​យើង ទៅ​លើ​ទស្សនៈ រូបភាព បញ្ហា ឬ​ក្តី​សង្ឃឹម​ណា​មួយ។

វា​ជា​អំណាច​ដ៏​អស្ចារ្យ ដែល​គំនិត​របស់​មនុស្ស​មាន។ ខ្ញុំ​មិន​ជឿ​ថា សត្វ​មាន​សមត្ថភាព​ដូចនេះ​ឡើយ។ ការ​គិត​របស់​ពួក​វា មិន​បាន​ធ្វើឡើង​ដោយ​បញ្ញា​ទេ តែ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​សភាវគតិ​របស់​ពួក​វា។

តើ​អ្នក​បាន​មើល​រំលង​អាវុធ​ដ៏​អស្ចារ្យ​នេះ នៅក្នុង​សង្គ្រាម​ខាងវិញ្ញាណ ប្រឆាំង​នឹង​អំពើបាប​ឬទេ? ព្រះគម្ពីរ​បាន​ត្រាស់​ហៅ​យើង ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ប្រើ​អំណោយទាន​ដែល​គួរឲ្យ​កត់សំគាល់​នេះ។ ចូរ​យើង​ដក​អំណោយទាន​នេះ ចេញ​ពី​ធ្នើរ​សៀវភៅ​ដែល​យើង​បាន​ទុក​ចោល រួច​បោស​សម្អាត​ធូលី​ដី ហើយ​ប្រើ​វា​ចុះ។

ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​នៅក្នុង​បទ​គម្ពីរ រ៉ូម ៨:៥-៦ ថា “ពីព្រោះ​អស់អ្នក​ណា​ដែល​តាម​សាច់ឈាម នោះ​គិតតែ​ខាង​សាច់ឈាម តែ​អស់អ្នក​ណា​ដែល​គិត​តាម​ព្រះវិញ្ញាណ នោះ​គិតតែ​ខាងវិញ្ញាណ​វិញ ដ្បិត​គំនិត​ខាង​សាច់ឈាម នោះ​ជា​សេចក្តី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះវិញ្ញាណ នោះ​ទើប​ជា​ជីវិត និង​សេចក្តី​សុខសាន្ត​វិញ”។

នេះ​ពិតជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ ការអ្វី​ក៏ដោយ​ដែល​គំនិត​របស់​អ្នក​បាន​ផ្ដោត​ទៅលើ គឺជា​កត្តា​កំណត់​ថា បញ្ហា​នោះ នាំទៅរក​ជីវិត ឬ​សេចក្តី​ស្លាប់។

មនុស្សជា​ច្រើន​បាន​ដេញ​តាម​ការ​ផ្លាស់​ប្រែ ភាព​ពេញលេញ និង​សន្តិភាព ដោយ​រំពឹង​ខ្លាំងពេក​ឲ្យ​សេចក្តី​ទាំងនេះ​កើតមាន ដោយសារ​កត្តា​ខាងក្រៅ។ ខ្ញុំ​យល់ឃើញ​ថា នៅក្នុង​សម័យ​ដែល​មនុស្ស​ពឹងផ្អែក​ទៅលើ​ការ​ព្យាបាល​របស់​ពេទ្យ យើង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ផ្នត់គំនិត​ដែល​ចូល​ចិត្ត​ទទួល ដែល​គ្រាន់តែ “ជជែក​អំពី​បញ្ហា​របស់​យើង” ឬ “ប្រឈម​មុខ​ដោះស្រាយ​បញ្ហា​យើង” ឬក៏ “ស្វែងរក​ឫស​គល់​នៃ​ភាព​ប្រេះ​បែក នៅក្នុង​គ្រួសារ​កំណើត​របស់​យើង”។

ប៉ុន្តែ នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ខ្ញុំ​បាន​សង្កេតឃើញ​វិធី​សាស្ត្រ​ដែល​ក្លាហាន​ជាង និង​សកម្ម​ជាង ដើម្បី​ស្វែងរក​ការ​ផ្លាស់​ប្រែ។ គឺ​វិធី​សាស្ត្រ​ផ្ចង់ចិត្ត។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ចូរ​ផ្ចង់ចិត្ត​ទៅ​ឯ​សេចក្តី​ទាំងអស់​ដែល​នៅ​ខាងលើ កុំ​ឲ្យ​ផ្ចង់​ទៅ​ឯ​សេចក្តី​ទាំងប៉ុន្មាន ដែល​នៅ​ផែនដី​ឡើយ”(កូល៉ុស ៣:២)។

អារម្មណ៍​របស់​យើង ភាគច្រើន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ការអ្វី​ដែល​យើង​ពិចារណា អ្វី​ដែល​យើង​ផ្ចង់ចិត្ត​ទៅ​រក។ ឧទាហរណ៍ ព្រះយេស៊ូវ​បាន​ប្រាប់​យើង ឲ្យ​ជម្នះ​ការ​ថប់បារម្ភ ដោយ​ការអ្វី​ដែល​យើង​ពិចារណា ៖ ឧទាហរណ៍ “ចូរ​ពិចារណា​ពី​ក្អែក … ចូរ​ពិចារណា​ពី​ផ្កាឈូក​ដែរ”(លូកា ១២:២៤,២៧)។

គំនិត​របស់​យើង​គឺជា​បង្អួច​របស់​ចិត្ត​យើង។ បើ​យើង​បណ្តោយ​ឲ្យ​គំនិត​យើង​នៅក្នុង​ភាព​ងងឹត ជាប់​ជានិច្ច នោះ​ចិត្ត​យើង​នឹង​មាន​ភាព​ងងឹត។ តែបើ​យើង​បើក​បង្អួច​នៃ​ចិត្ត​យើង​ទៅ​រក​ពន្លឺ នោះ​ចិត្ត​យើង​នឹង​មាន​ពន្លឺ។

ដែល​សំខាន់​បំផុត​នោះ សមត្ថភាព​ដ៏​អស្ចារ្យ​នៃ​គំនិត​យើង ដែល​អាច​ផ្ដោត និង​ពិចារណា គឺ​សម្រាប់​ឲ្យ​យើង​ពិចារណា​អំពី​ព្រះយេស៊ូវ​ (ហេព្រើរ ១២:៣)។ ដូចនេះ ចូរ​យើង “ពិចារណា​មើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹងទទែង​នឹង​ទ្រង់​ជា​ខ្លាំង​ម៉្លេះ ក្រែងលោ​អ្នករាល់គ្នា​ត្រូវ​នឿយហត់ ហើយ​រសាយចិត្ត​ចេញ”។

ប្រភេទ