នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ភាព​ពេញវ័យ​ក្នុង​ព្រះយេស៊ូវ

ភាព​ពេញវ័យ​ក្នុង​ព្រះយេស៊ូវ

ដោយKaren Huang

February 17, 2024

២កូរិនថូស ១២:៦-១០

កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កម្សោយ​។ ២កូរិនថូស ១២:៩

កាលពី​ក្មេង ខ្ញុំ​យល់​ឃើញថា មនុស្ស​ពេញវ័យ​មាន​ប្រាជ្ញា ហើយ​មិន​អាច​ធ្វើ​ខុស​។ ខ្ញុំ​គិតថា ពួកគេ​តែងតែ​ដឹង​ថា ពួកគេ​ត្រូវ​ធ្វើ​អ្វី​។ ថ្ងៃ​មួយ ពេល​ខ្ញុំ​ធំឡើង ខ្ញុំ​ក៏​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​ផង​ដែរ​។ ប៉ុន្តែ ពេល​ខ្ញុំ​ពេញវ័យ កាល​ប៉ុន្មាន​ឆ្នាំ​មុន ថ្ងៃ​មួយ អ្វី​ដែល​ខ្ញុំ​រៀន​បាន​នោះ​គឺ ខ្ញុំ​នៅតែ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ទេ។ នៅពេល​ដែល​ក្រុម​គ្រួសារ​មាន​មនុស្ស​ឈឺ ឬ​ខ្ញុំ​មាន​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ឬ​ក៏​មាន​ការ​ប៉ះ​ទង្គិច​ក្នុង​ទំនាក់​ទំនង ខ្ញុំ​តែងតែ​ខិតខំ​គ្រប់​គ្រង​ស្ថាន​ការណ៍ និង​ស្វែងរក​កម្លាំង ហើយ​ទី​បំផុត​ខ្ញុំ​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បិទ​ភ្នែក ហើយ​និយាយ​ខ្សឹប​ៗ​ថា “ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​។ ទូល​បង្គំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ នៅពេល​នេះ”។

សាវ័ក​ប៉ុល​ក៏​យល់​អំពី​អារម្មណ៍ ដែល​មាន​ភាព​កម្សោយ​ផង​ដែរ​។ “បន្លា” នៅ​ក្នុង​ជីវិត​គាត់ ដែល​អាច​ជា​ជំងឺ​ផ្លូវ​កាយ បាន​បណ្តាល​ឲ្យ​គាត់​មាន​ភាព​នឿយណាយ និង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​។ ទោះជា​យ៉ាងណា​ក៏ដោយ តាមរយៈ​បន្លា​នោះ សាវ័ក​ប៉ុល​បាន​ដក​ពិសោធន៍​ជា​មួយ​នឹង​សេចក្តី​ស្រឡាញ់ ព្រះបន្ទូល​សន្យា និង​ព្រះពរ​របស់​ព្រះ ដែល​មាន​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​គាត់​ស៊ូ​ទ្រាំ និង​ជម្នះ​ទុក្ខ​លំបាក​របស់​គាត់(២កូរិនថូស ១២:៩)។ គាត់​ដឹង​ថា ការ​មាន​ភាព​កម្សោយ​ផ្ទាល់​ខ្លួន មិន​មានន័យថា គាត់​បរាជ័យ​ខាង​វិញ្ញាណ​នោះ​ទេ​។ ពេលណា​យើង​ចុះ​ចូល​នឹង​ព្រះ ដោយ​ទំនុក​ចិត្ត ព្រះអង្គ​នឹង​ប្រើ​ភាព​កម្សោយ​របស់​យើង ជា​ឧបករណ៍ ដើម្បី​ធ្វើ​ការ​នៅ​ក្នុង និង​តាមរយៈ​កាលៈទេសៈ​ទាំង​នោះ(ខ.៩-១០)។

ភាព​ពេញវ័យ​មិន​មានន័យថា យើង​ដឹង​អ្វីៗ​ទាំង​អស់​នោះ​ទេ​។ ជា​ការ​ពិត​ណាស់ យើង​មាន​ប្រាជ្ញា​ជាង​មុន ពេលណា​យើង​មាន​វ័យ​កាន់តែ​ចាស់ ប៉ុន្តែ ជា​ញឹក​ញាប់ ភាព​កម្សោយ​របស់​យើង​ច្រើនតែ​បាន​បង្ហាញថា យើង​មាន​ភាព​កម្សោយ​ប៉ុណ្ណា​។ កម្លាំង​ពិត​ប្រាកដ​របស់​យើង គឺ​មាននៅ​ក្នុង​ព្រះគ្រីស្ទ “ដ្បិត​កាលណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ”(ខ.‌១០)។ ជា​ការ​ពិត​ណាស់ “ភាព​ពេញវ័យ” គឺ​មានន័យថា យើង​ស្គាល់ ទុកចិត្ត និង​ស្តាប់​បង្គាប់​ព្រះអង្គ ហើយ​ទទួលយក​កម្លាំង​ពី​ព្រះអង្គ ពេលណា​យើង​ដឹង​ថា យើង​ត្រូវ​ការ​ជំនួយ​របស់​ព្រះអង្គ​។—Karen Huang

តើមាន​ទុក្ខ​លំបាក​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា អ្នក​មាន​ភាព​ទន់​ខ្សោយ? តើ​អ្នក​អាច​ស្តាប់​បង្គាប់​តាម​ការ​ដឹកនាំ​របស់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ធ្វើ​ជា​ជំនួយ និង​កម្លាំង​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ២១-២២ និង ម៉ាថាយ ២៨

ល្ងាច

Devotional illustration

ការ​បង្គាប់​ដែល​បង្កើត​ឲ្យ​មានជីវិត

ដោយJohn Piper

February 17, 2024

ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ឯង​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះគ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង»។ អេភេសូរ ៥:១៤

កាល​ព្រះយេស៊ូវ​បង្គាប់​លោក​ឡា​សា ឲ្យ​រស់​ឡើងវិញ តើ​គាត់​បាន​ស្តាប់​បង្គាប់​ព្រះអង្គនៅពេល​នោះយ៉ាងដូច​ម្តេច​ខ្លះ? បទ​គម្ពីរ​យ៉ូហាន ១១:៤៣ បាន​ចែងថា ព្រះយេស៊ូវ​ “ក៏​បន្លឺ​វាចា​ថា ឡា​សារ​អើយ ចូរ​ចេញ​មក”។ នោះ​ជា​ការ​បង្គាប់បញ្ជា​ដល់​មនុស្ស​ស្លាប់​ម្នាក់។ ខ​បន្ទាប់​ក៏បាន​ចែងថា «អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់​ស្នប​រុំ​ជាប់​នៅ​ជើងដៃ​ផង ហើយ​មាន​កន្សែង​គ្របមុខ​ដែរ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅចុះ»(យ៉ូហាន ១១:៤៤)។

តើ​លោក​ឡា​សាបាន​ស្តាប់​បង្គាប់​ព្រះអង្គ​យ៉ាងដូច​ម្តេច? តើ​ធ្វើ​ដូចម្តេច ឲ្យ​មនុស្ស​ស្លាប់​អាច​ធ្វើតាម​ការ​បង្គាប់ ឲ្យ​រស់​ឡើងវិញ​បាន? គេ​ហាក់​ដូចជា​អាច​ឆ្លើយ​បាន​ថា ៖ ការ​បង្គាប់​របស់​ព្រះអង្គ​មានអំណាច​បង្កើត​ឲ្យ​មាន​ជីវិត​ថ្មី។ ការ​ធ្វើ​តាម​បង្គាប់​នោះ គឺជា​ការ​ធ្វើអ្វី​ដែល​មនុស្ស​មាន​ជីវិត​អាច​ធ្វើ​បាន។

រឿង​នេះ​សំខាន់​ខ្លាំង​ណាស់។ ការ​បង្គាប់​របស់​ព្រះ “ឲ្យ​រស់​ឡើងវិញ” មាន​អំណាច ដែល​យើង​ចាំបាច់​ត្រូវ​ស្តាប់​បង្គាប់​តាម។ យើង​មិន​ស្តាប់​បង្គាប់​តាម ដោយ​បង្កើត​ជីវិត​នោះ ដោយ​ខ្លួន​ឯង​ឡើយ។ គឺ​ស្តាប់​បង្គាប់​តាម ដោយធ្វើ​អ្វី​ដែល​មនុស្ស​មានជីវិត​អាច​ធ្វើ​បាន គឺ​ដូចដែល​លោក​ឡា​សា​ដើរចេញ​ពី​ផ្នូរ​មក។ គាត់​ងើបឡើង។ គាត់​ដើរចេញ​ពី​ផ្នូរ ទៅ​រក​ព្រះយេស៊ូវ​។ ការ​បង្គាប់​របស់​ព្រះ​បង្កើត​ឲ្យ​មានជីវិត។ និយាយរួម យើង​ឆ្លើយតប ចំពោះ​ការ​បង្គាប់​នោះ ដោយអំណាច​នៃ​ការអ្វី ដែល​ការ​បង្គាប់​នោះ​បាន​បង្កើត​ឲ្យ​មាន​ឡើង។

ក្នុង​បទ​គម្ពីរ​អេភេសូរ ៥:១៤ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “ឯង​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះគ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង”។ តើ​អ្នកធ្វើ​តាមបង្គាប់ ឲ្យ​ក្រោក​ពី​គេង ដោយ​របៀបណា? បើ​ផ្ទះ​របស់​អ្នកមាន​ឧស្ម័នកាបូនិច ដែល​នាំឲ្យ​ពុល​ស្លាប់ ហើយ​មាន​គេ​ស្រែក​ប្រាប់​អ្នក​ថា “ក្រោក​ឡើង! ចេញក្រៅ​ផ្ទះ! ពុល​ស្លាប់​ឥឡូវ​ហើយ!” អ្នក​មិន​ធ្វើតាម​ការ​បង្គាប់​នោះ ដោយ​ដាស់​ខ្លួនឯង​ឲ្យ​ភ្ញាក់​នោះ​ឡើយ។ គឺ​ការ​បង្គាប់​ដែល​មាន​សម្លេង​ឮខ្លាំង និង​មានអំណាច​ទៅវិញ​ទេ ដែល​ធ្វើឲ្យ​អ្នក​ភ្ញាក់​ពី​គេង​នោះ។ អ្នក​ស្តាប់​បង្គាប់​តាម ដោយធ្វើ​អ្វី ដែល​មនុស្ស​​ភ្ញាក់​ដឹងខ្លួន អាច​ធ្វើ​បាន នៅចំពោះមុខ​នៃ​គ្រោះថ្នាក់។ គឺ​អ្នក​ក្រោក​ឡើង ហើយ​ចេញទៅ​ក្រៅ​ផ្ទះ។ ការ​ស្រែកហៅ​នោះ បាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់​ដឹងខ្លួន​ឡើង។ អ្នក​ឆ្លើយ​តប ដោយ​អំណាច​នៃ​ការអ្វី ដែល​ការ​ស្រែកហៅ​នោះ បាន​បង្កើត​ឲ្យ​មាន​ឡើង គឺ​ការ​ភ្ញាក់​ដឹងខ្លួន។

ខ្ញុំ​ជឿ​ថា នេះ​ជា​ការ​ពន្យល់ អំពី​មូលហេតុ​ដែល​ព្រះគម្ពីរ​បាន​ចែង​តាមរបៀប​ដែល​ពិបាក​យល់ អំពី​ការ​កើតជា​ថ្មី ពោល​គឺ​ចែងថា យើង​ត្រូវ​មានចិត្ត​ថ្មី តែ​ព្រះ​ទ្រង់​ជា​អ្នកបង្កើត​ចិត្ត​ថ្មី​នោះ។

ឧទាហរណ៍ ៖

ចោទិយកថា ១០:១៦ ៖ “ចូរ​ឯង​រាល់គ្នា​កាត់​ស្បែក​ចិត្ត​ចេញ”។

ចោទិយកថា ៣០:៦ ៖ “ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាត់​ស្បែក​ចិត្ត​របស់​ឯង”។

អេសេគាល ១៨:៣១ ៖ “ហើយ​ឲ្យ​ខ្លួ​ន​មាន​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី​ចុះ”។

អេសេគាល ១៨:២៦ ៖ “អញ​នឹង​ឲ្យ​ឯង​មានចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅក្នុង​ឯង​ដែរ”។

យ៉ូហាន ៣:៧ ៖ “ត្រូវតែ​កើត​ជា​ថ្មី”។

១ពេត្រុស ១:៣ ៖ “ទ្រង់​បាន​បង្កើត​យើង​ឡើងជា​ថ្មី”។

ដើម្បី​ស្តាប់​តាម​ការ​បង្គាប់ ឲ្យ​ចាប់​កំណើត ជាដំបូង យើង​ត្រូវ​ពិសោធន៍​នឹង​អំណោយ​នៃ​ជីវិត និង​ការ​ដក​ដង្ហើម ដែល​ព្រះ​ប្រទាន ហើយ​បន្ទាប់មក យើង​ត្រូវ​ធ្វើអ្វី ដែល​មនុស្ស​មាន​ជីវិត និង​ដង្ហើម​អាច​ធ្វើ​បាន គឺ ៖ ស្រែក​រក​ព្រះ ដោយ​ជំនឿ និង​ការ​ដឹងគុណ និង​សេចក្តី​ស្រឡាញ់។ ពេល​ដែល​ព្រះ​ទ្រង់​បង្គាប់ ដោយ​មាន​ការ​បង្កើត និង​អំណាច​កែប្រែ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ការ​បង្គាប់​របស់​ព្រះអង្គ​ក៏​បង្កើត​ឲ្យ​មានជីវិត។ ហើយ​យើង​ជឿ និង​អរ​សប្បាយ ហើយ​ស្តាប់​បង្គាប់​ព្រះអង្គ។

ប្រភេទ