ទ្វារ​ដែល​ព្រះ​អង្គ​បាន​បើក​ហើយ

វិវរណៈ ៣:៧-១១

មើល អញ​បាន​បើក​ទ្វារចំហ​នៅ​មុខ​ឯង គ្មាន​អ្នកណា​នឹង​បិទ​បានទេ​។ វិវរណៈ ៣:៨

កាល​ខ្ញុំ​នៅ​រៀន ក្នុង​សាលា​រៀន នៅ​ក្បែរ​ទីក្រុង​ធំ​មួយ អ្នក​ប្រឹក្សា​ផ្នែក​អប់រំ​បាន​មើល​មុខ​ខ្ញុំ​តែមួយដង ហើយក៏​បាន​ដាក់​ឈ្មោះ​ខ្ញុំ​ក្នុង​ថ្នាក់​រៀន​តែង​និពន្ធ​ភាសា​អង់គ្លេស ដែល​ខ្សោយ​ជាងគេ​ នៅ​សាលា​នោះ។ ខ្ញុំ​បាន​ផ្ទេរ​ពី​សាលា​ក្នុង​ទីក្រុង ដោយ​មាន​ពិន្ទុ​ខ្ពស់ និទ្ទេស​ល្អ​ប្រសើរ ហើយ​ថែម​ទាំង​បាន​ទទួល​រង្វាន់​ពី​នាយក​សាលា​សម្រាប់​ការ​តែង​និពន្ធ​។ ដូច​នេះ គេ​គួរ​តែ​បើក​ទ្វារ​ចំហ ឲ្យ​ខ្ញុំ​បាន​ចូល​រៀន​ថ្នាក់​តែង​និពន្ធ​ដែល​ល្អ​ជាងគេ ក្នុង​សាលា​ថ្មី​នោះ តែ​អ្នក​ប្រឹក្សា​ផ្នែក​អប់រំ​នោះ​គិតថា ខ្ញុំ​មិន​សក្តិ​សម​។

ពួក​ជំនុំ​ភីឡាដិលភា នៅ​សម័យ​ដើម​មុខជា​បាន​យល់ អំពី​ភាព​អយុត្តិធម៌​ដូច​នេះ​។ ពួក​ជំនុំ​ដ៏​តូច​នេះ មាន​ទីតាំង​ក្នុង​ទីក្រុង ដែល​បាន​ជួប​គ្រោះ​រញ្ជួយ​ដី កាល​ប៉ុន្មាន​ឆ្នាំ​មុន ដែល​បណ្តាល​ឲ្យ​មាន​ការខូចខាត​ធ្ងន់ធ្ងរ​។ ជាង​នេះ​ទៅទៀត ពួក​គេ​បាន​ជួប​ការ​វាយ​ប្រហារ​របស់​សាតាំង(វិវរណៈ ៣:៩)។ ពួក​ជំនុំ​ដ៏​តូច​នោះ មាន​កម្លាំង​តិច ដោយ​ព្រះគ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បាន​កត់​សំគាល់​ឃើញថា ពួកគេ​បាន​កាន់​តាម​ពាក្យ​របស់​ព្រះអង្គ ហើយ​មិន​បាន​លះបង់​ព្រះ​នាម​ព្រះអង្គ​(ខ.៨)។ ដូច​នេះ ព្រះ​ទ្រង់​ក៏បាន​ដាក់​ទ្វារចំហ​មួយ នៅ​ពីមុខ​ពួកគេ ដែល​គ្មាន​នរណា​អាច​បិទ​បាន(ខ.៨)។ ជា​ការ​ពិត​ណាស់ “ការ​អ្វី​ក៏ដោយ​ដែល​ព្រះ​អង្គ​បាន​បើក គ្មាន​នរណា​បិទ​បានទេ ហើយ​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​បិទ នោះ​ក៏​គ្មាន​នរណា​អាច​បើក​បាន​ដែរ”(ខ.៧)។

រឿង​នេះ​ក៏​កើត​មាន​ក្នុង​ការងារ ដែល​យើង​ធ្វើ​ថ្វាយ​ព្រះអង្គ​ផង​ដែរ​។ មាន​ទ្វារ​ខ្លះ​មិន​បាន​បើក​ចំហ​ឲ្យ​យើង​។ ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ក្នុង​ការងារ​តែង​និពន្ធ​សៀវភៅ​ថ្វាយ​ព្រះអម្ចាស់ ព្រះអង្គ​ពិត​ជា​បាន​បើក​ទ្វារ​ឲ្យ​ខ្ញុំ ដោយ​បាន​ប្រទាន​ពរ​មនុស្ស​នៅ​ក្នុង​តំបន់​ជា​ច្រើន ក្នុង​ពិភពលោក តាមរយៈ​ការងារ​ខ្ញុំ ទោះ​អ្នក​ប្រឹក្សា​យោបល់​នោះ​មាន​អាកប្ប​កិរិយា​យ៉ាងណា​ក៏ដោយ​។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា បើ​ព្រះ​អង្គ​បាន​បើក​ទ្វារ​ឲ្យ​យើង​ហើយ គ្មាន​នរណា​អាច​បិទ​ទ្វារ​នោះ​បានទេ(យ៉ូហាន ១០:៩)។ ចូរ​យើង​ចូល​តាម​ទ្វារ​ដែល​ព្រះ​អង្គ​បាន​បើក​សម្រាប់​យើង ហើយ​ដើរ​តាម​ព្រះអង្គ​ចុះ​។—Patricia Raybon

តើ​ព្រះ​អម្ចាស់​បាន​បើក​ទ្វារ​ណា​ខ្លះ​សម្រាប់​អ្នក? តើ​ការងារ​ដែល​អ្នក​ធ្វើ​បម្រើ​ព្រះអង្គ និង​ជីវិត​របស់​អ្នក មាន​ការ​រីកចម្រើន​យ៉ាងណា នៅពេល​ដែល​អ្នក​រង់​ចាំ​ព្រះ​អង្គ​បើក​ទ្វារ?

ឱ​ព្រះអម្ចាស់ ពេលណា​ទ្វារ​បិទ ទូល​បង្គំ​ងាក​ទៅ​រក​ព្រះអង្គ ដែល​ជា​ទ្វារ​ដ៏​បរិសុទ្ធ ហើយ​ដើរ​ទៅ​កន្លែងណា ដែល​ព្រះអង្គ​ប្រាប់​ឲ្យ​ទូល​បង្គំ​ទៅ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ១-៣ និង ម៉ាកុស ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles