អេភេសូរ ២:១១-២២
អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ។ អេភេសូរ ២:១៩
លោកដានីយ៉ែល ណាយេរី(Daniel Nayeri) បានពិពណ៌នា អំពីការធ្វើដំណើរដ៏លំបាករបស់គាត់ ជាមួយម្តាយ និងប្អូនស្រីគាត់ រត់គេចពីការបៀតបៀន ដោយឆ្លងកាត់ជំរុំជនភៀសខ្លួន ឆ្ពោះទៅរកកន្លែងមានសុវត្ថិភាព នៅសហរដ្ឋអាមេរិក ជាប្រទេសទី៣។ គាត់ថា រឿងដែលគាត់បានជួប មិនមែនសុទ្ធតែជារឿងសោកសៅទាំងអស់ឡើយ។ ប្តីប្រពន្ធវ័យចំណាស់មួយគូរបានស្ម័គ្រចិត្តធានាពួកគេ ឲ្យមករស់នៅសហរដ្ឋអាមេរិក ទោះពួកគេមិនដែលស្គាល់គ្នាក៏ដោយ។ ប៉ុន្មានឆ្នាំក្រោយមក លោកដានីយ៉ែល នៅតែមិនយល់។ គាត់ក៏បានសរសេរថា “តើអ្នកជឿទេ? ពួកគេបានជួយក្រុមគ្រួសារខ្ញុំ ដោយមិនបានស្គាល់គ្នាសោះ។ ពួកគេមិនដែលបានជួបយើងទេ។ ហើយបើយើងជាមនុស្សអាក្រក់ ពួកគេនឹងមានរឿងធំមិនខាន។ ពួកគេពិតជាក្លាហាន មានចិត្តល្អ និងមិនខ្លាចគ្រោះថ្នាក់ ខុសពីមនុស្សជាច្រើនដែលខ្ញុំធ្លាប់ស្គាល់”។
ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងមានសេចក្តីអាណិតដូចនេះ ដល់អ្នកដែលយើងមិនស្គាល់។ គឺដូចដែលព្រះអង្គបានប្រាប់ពួកអ៊ីស្រាអែល ឲ្យមានចិត្តមេត្តាចំពោះជនបរទេស។ “ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ ដ្បិតឯងរាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ”(លេវីវិន័យ ១៩:៣៤)។ ព្រះអង្គក៏បានរំឭកគ្រីស្ទបរិស័ទជាសាសន៍ដទៃផងដែរថា កាលពីមុន “អ្នករាល់គ្នានៅទីទៃពីព្រះគ្រីស្ទ …ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលទ្រង់បានសន្យាទុក ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ”(អេភេសូរ ២:១២)។ ដូចនេះ ព្រះអង្គក៏បានបង្គាប់យើងរាល់គ្នា ដែលធ្លាប់រស់នៅដាច់ចេញពីព្រះ “កុំឲ្យភ្លេចសេចក្តីចៅរ៉ៅឡើយ”(ហេព្រើរ ១៣:២)។
សព្វថ្ងៃនេះ លោកដានីយ៉ែលបានចម្រើនវ័យធំឡើង មានគ្រួសារផ្ទាល់ខ្លួន ហើយបានសរសើរដំកើងព្រះ ដែលបានប្រើលោកជីម (Jim) និងអ្នកស្រីជីន ដសិន(Jean Dawson) ជាគ្រីស្ទបរិស័ទដ៏ល្អ ឲ្យទទួលគ្រួសាររបស់គាត់ ជាជនភៀសខ្លួន ចូលស្នាក់នៅ រហូតដល់ពេលដែលពួកគេអាចរកបានផ្ទះផ្ទាល់ខ្លួន។
ព្រះអម្ចាស់បានស្វាគមន៍អ្នកប្រទេសក្រៅ ហើយក៏បានជំរុញយើងឲ្យស្វាគមន៍អ្នកដែលយើងមិនស្គាល់ផងដែរ។—Mike Wittmer
តើមាននរណាខ្លះកំពុងរស់នៅ ខាងក្រៅសហគមន៍របស់អ្នក? តើអ្នកអាចឈោងទៅរក និងស្វាគមន៍ពួកគេ ចូលក្នុងសហគមន៍អ្នក យ៉ាងដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យស្រឡាញ់មនុស្សដែលទូលបង្គំមិនស្គាល់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ៧-៨ និង ម៉ាកុស ៤:២១-៤១