នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មាន​គ្នា​ច្រើន ល្អ​ជាង​នៅ​តែឯង

មាន​គ្នា​ច្រើន ល្អ​ជាង​នៅ​តែឯង

ដោយWinn Collier

February 24, 2024

សា​ស្តា ៤:៩-១២

មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង ... ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ​។ សា​ស្តា ៤:៩-១០

លោក​សូរិន សូលឃ័រ(Søren Solkær ) បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ថតរូប​សត្វ​ទៀវ ជា​បក្សី​ដ៏​ស្រស់​ស្អាត និង​ទិដ្ឋភាព​ដែល​ពួកវា​បង្កើត គួរ​ឲ្យ​ពេចពិល​រមិល​មើល ដោយ​បញ្ចេញ​សម្លេង​ដ៏​ពីរោះ ក្នុង​ការហោះហើរ​ផ្លាស់ទី​យ៉ាង​រលូន​ជា​ហ្វូង​មាន​គ្នា​រាប់​សែន​ក្បាល រេរាំ​នៅ​លើមេឃ​។ ការ​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ គឺ​ប្រៀប​ដូចជា​ការ​អង្គុយ​មើល​ផ្ទាំងគំនូរ​ ដែល​មាន​ស្នាម​ជក់​ធំ​មួយ ដែលគេ​គ្រវាស​ទឹក​ខ្មៅ​ចុះ​ឡើង​នៅ​លើមេឃ បង្កើត​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​។ នៅ​ប្រទេស​ដាណឺម៉ាក គេ​បាន​ហៅ​ទស្សនីយភាព​របស់​សត្វ​ទៀវ​ថា ព្រះ​អាទិត្យ​ពណ៌​ខ្មៅ(ដែល​ជា​ចំណង​ជើង​សៀវភៅ​ថតរូប​ដ៏​ល្បី​ល្បាញ​របស់​លោក​សូលឃ័រ)។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំ​គាល់​បំផុត​នោះ គឺ​របៀប​ដែល​សត្វ​ទៀវ​ហោះ​ហើរ​តាម​គ្នា នៅ​កៀក​គ្នា​ខ្លាំង​ណាស់ បើសិន​ជា​សត្វ​ទៀវ​ណា​មួយ​ហើរ​ខុស​ចង្វាក់​តែ​បន្តិច ពួកគេ​នឹង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ធ្ងន់ធ្ងរ​មិនខាន​។ ទោះជា​យ៉ាងណា​ក៏ដោយ សត្វ​ទៀវ​បាន​ប្រើ​ការ​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ការពារ​ខ្លួន​ពួកវា​។ ពេលណា​សត្វ​ស្ទាំងហើរ​ចុះ​មក​រក​ពួកវា សត្វ​បក្សី​តូចៗ​ទាំង​នោះ​បាន​ហើរ​ជា​ក្បួន​យ៉ាង​ណែន ហើយ​ផ្លាស់ទី​ព្រម​គ្នា ដោយ​បណ្តេញ​សត្វ​ប្រមាញ់​នោះ ដែល​ងាយ​នឹង​ចាប់​ពួកវា​ធ្វើ​ជា​ចំណី បើសិន​ជា​ពួកវា​នៅ​តែឯង​។

ការ​នៅ​ជុំ​គ្នា នោះ​ប្រសើរ​ជាង​ការ​នៅ​ម្នាក់ឯង​។ គឺ​ដូច​បទ​គម្ពីរ​សា​ស្តា​បាន​ចែងថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង ... ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នកណា​ដែល​ដួល​ក្នុង​កាលដែល​នៅតែ​ម្នាក់ឯង ឥតមាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ”(៤:៩-១១)។ បើ​យើង​នៅ​តែឯង នោះ​ខ្មាំង​សត្រូវ​ងាយ​នឹង​ឆក់​យក​យើង​។ យើង​ក៏​ខ្វះ​ការ​កម្សាន្ត​ចិត្ត និង​ការពារ​របស់​អ្នក​ដទៃ​។

ប៉ុន្តែ កាលណា​យើង​មាន​គ្នា យើង​អាច​ជួយ​យក​អសារ​គ្នា​ទៅវិញ​ទៅមក​។ គឺ​ដូច​ដែល​បទ​គម្ពីរ​សា​ស្តា​បាន​ចែងថា “បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កំឡាំង​ជាង នោះ២នាក់​នឹង​អាច​ទប់ទល់​បាន ឯពួរ៣ធ្លុង​មិន​ងាយ​ដាច់​ទេ”(ខ.១២)។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ដឹកនាំ​យើង ការ​ដែល​យើង​នៅ​ជុំ​គ្នា​ គឺប្រសើរ​ជាង​នៅ​តែឯង​។—Winn Collier

តើ​ការ​នៅ​ម្នាក់ឯង ងាយ​រង​គ្រោះ​ជាង​ការ​នៅ​ជុំ​គ្នា​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ចូល​ទៅ​ជិត​អ្នក​ដទៃ ដោយ​របៀបណា?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ប្ដេជ្ញា​ចិត្ត ក្នុង​ការ​រស់នៅ​ជា​សហគមន៍ និង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ៩-១១ និង ម៉ាកុស ៥:១-២០

ល្ងាច

Devotional illustration

ភាព​ឥត​គិត​ថ្លៃ នៃ​ព្រះគុណ​ព្រះ

ដោយJohn Piper

February 24, 2024

ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដ៏​លើសលប់ ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មានដល់​យើង​រាល់គ្នា ក្នុង​កាលដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់គ្នា​បាន​រស់ ជាមួយនឹង​ព្រះគ្រីស្ទ គឺ​ដោយ​ព្រះគុណ ដែល​អ្នករាល់គ្នា​បាន​សង្គ្រោះ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើងវិញ ក៏​ឲ្យ​យើង​អង្គុយ​ជាមួយនឹង​ព្រះគ្រីស្ទ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ។ អេភេសូរ ២:៤-៦

ព្រះ​ទ្រង់​បាន​កែប្រែ​ជីវិត​យើង ឲ្យជោគជ័យ ដោយ​ព្រះអង្គ “ប្រោស​ឲ្យ​យើង​បាន​រស់ ជាមួយ​ព្រះគ្រីស្ទ” ក្នុង​កាល​ដែល “យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅឡើយ”។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា កាល​ពីមុន យើង​ស្លាប់​នៅ​ចំពោះ​ព្រះ។ យើង​មិន​អាច​ឆ្លើយតប យើង​មិន​មាន​រស់​ជាតិ ឬ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ពិត​ប្រាកដ យើង​គ្មាន​ភ្នែក​ខាង​វិញ្ញាណ សម្រាប់​មើល​ភាព​ស្រស់​ស្អាត​នៃ​ព្រះគ្រីស្ទ ពោល​គឺ​យើង​គ្រាន់តែ​បាន​ស្លាប់ ខាង​ឯ​សេចក្តី​ដែល​សំខាន់​បំផុត។

បន្ទាប់​មក ព្រះ​ទ្រង់​ក៏បាន​ធ្វើ​កិច្ចការ​ទ្រង់ ដោយ​គ្មាន​លក្ខខ័ណ្ឌ មុន​ពេល​យើង​អាច​ធ្វើអ្វី​មួយ ដើម្បី​ក្លាយ​ជា​ភាជនៈ​ដែល​សក្តិ​សមនឹង​ទទួល​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ព្រះអង្គ​ធ្វើឲ្យ​យើង​មាន​ជីវិត​ឡើង។ ព្រះអង្គ​ដាស់​យើង ដោយ​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ ឲ្យ​យើង​ភ្ញាក់​ឡើង ពី​ការ​លង់លក់​ក្នុង​សេចក្តី​ស្លាប់​ខាងវិញ្ញាណ ឲ្យបាន​ឃើញ​សិរីល្អ​របស់​ព្រះ​គ្រីស្ទ​(២កូរិនថូស ៤:៤)។ ញាណ​ខាងវិញ្ញាណ​ដែល​ស្លាប់​កាលពីមុន ក៏​មានជីវិត​ឡើង ដោយ​ការ​អស្ចារ្យ។

បទ​គម្ពីរ​អេភេសូរ ២:៤ បាន​ចែងថា ព្រះអង្គ​បាន​ធ្វើការ​នេះ ដោយ “សេចក្តី​មេត្តា”។ បាន​សេចក្តី​ថា ព្រះអង្គ​បាន​ទត​ឃើញ​យើង ជាប់​ក្នុង​សភាព​ស្លាប់ ហើយ​អាណិត​យើង។ ព្រះ​ទ្រង់ទត​ឃើញ​ឈ្នួល​ដ៏​គួរឲ្យ​ភ័យខ្លាច​នៃ​អំពើបាប ដែល​នាំទៅរក​សេចក្តី​ស្លាប់ និង​ទុក្ខវេទនា​អស់​កល្ប​ជានិច្ច។ "ព្រះ​ដែល​ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដ៏​លើសលប់ … បាន​ប្រោស​ឲ្យ​យើង​រាល់គ្នា​បាន​រស់”។ ហើយ​ភាព​លើសលប់​នៃ​សេចក្តី​មេត្តា​កុរ​ណា​របស់​ព្រះអង្គ បាន​ហូរហៀរ​មក​លើ​យើង ដើម្បី​បំពេញ​តម្រូវការ​យើង។ ប៉ុន្តែ បទ​គម្ពីរ​នេះ​មាន​លក្ខណៈ​គួរឲ្យ​កត់សំគាល់​ណាស់ នៅត្រង់​ចំណុច​ដែល​សាវ័ក​ប៉ុល​ធ្វើឲ្យ​ប្រយោគ​បាត់​ភាព​រលូន ដោយ​បាន​បញ្ចូល​ឃ្លា "ដោយ​ព្រះគុណ ដែល​អ្នករាល់គ្នា​បាន​សង្គ្រោះ​"។ "ព្រះ​…បាន​ប្រោស​ឲ្យ​យើង​រាល់គ្នា​បាន​រស់ ជា​មួយ​នឹង​ព្រះគ្រីស្ទ គឺ​ដោយ​ព្រះគុណ ដែល​អ្នករាល់គ្នា​បាន​សង្គ្រោះ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើងវិញ​"។

សាវ័ក​ប៉ុល​ប្រើ​ឃ្លា​នេះ​ម្តង​ទៀត ក្នុង​ខ.៨។ ដូចនេះ តើ​ហេតុអ្វី​គាត់​ធ្វើឲ្យ​សំណេរ​របស់​គាត់​បាត់​ភាព​រលូន ដើម្បី​បញ្ចូល​ឃ្លា​មួយ​នេះ? ជាង​នេះ​ទៅទៀត ខ​នេះ​ផ្ដោត​ទៅលើ​សេចក្តី​មេត្តា​របស់​ព្រះ ដែល​ឆ្លើយតប ចំពោះ​ទុក្ខវេទនា​នៃ​សភាព​ស្លាប់​របស់​យើង។ ដូចនេះ ហេតុអ្វី​សាវ័ក​ប៉ុល​ហាក់​ដូចជា​ចាក​ប្រធាន ដោយ​និយាយ​ថា គឺ​ដោយ​ព្រះគុណ ដែល​យើង​បាន​សង្គ្រោះ?

ខ្ញុំ​យល់​ឃើញ​ថា ចម្លើយ​នោះ​គឺ សាវ័ក​ប៉ុល​បាន​ទទួលស្គាល់​ថា បទ​គម្ពីរ​នេះ​បាន​ផ្តល់​ឱកាស​ដ៏​ឥត​ខ្ចោះ ដើម្បី​និយាយ​សង្កត់ធ្ងន់ អំពី​ភាព​ឥត​គិតថ្លៃ​នៃ​ព្រះគុណ​ព្រះ។ គាត់​ដឹង​ថា មនុស្ស​ស្លាប់​មិន​អាច​បំពេញ​លក្ខខ័ណ្ឌ​ទាំងនោះ​បាន​ឡើយ គឺ​ដូចដែល​គាត់​បាន​ពិពណ៌នា អំពី​សភាព​ស្លាប់ ដែល​យើង​មាន មុន​ពេល​យើង​ប្រែចិត្ត​ជឿ​ព្រះ។ បើ​ពួក​គេ​មានជីវិត​រស់ នោះ​គឺ​រស់ ដោយសារ​ព្រះ​ទ្រង់​ធ្វើការ​ជួយ​សង្គ្រោះ​ពួក​គេ ឲ្យ​រួចពី​បាប ដោយ​គ្មាន​លក្ខខ័ណ្ឌ និង​ឥតគិតថ្លៃ​មួយ​រយ​ភាគរយ។ សេរីភាព​នេះ គឺជា​ចំណុច​ស្នូល​នៃ​ព្រះគុណ​ទ្រង់។

តើ​មាន​ទង្វើ​អ្វី​ដែល​អាច​មាន​លក្ខណៈ​ឥត​គិត​ថ្លៃ និង​មិន​អាច​តថ្លៃ​បាន ជាង​ទង្វើ​ដែល​បុគ្គល​ម្នាក់​ប្រោស​បុគ្គល​ម្នាក់​ទៀត ឲ្យ​រួចពី​ស្លាប់? នេះ​ហើយ​ជា​អត្ថន័យ​នៃ​ព្រះគុណ​ព្រះ។

ប្រភេទ