នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មិនមែន​មាន​សំណាង តែ​ដោយសារ​ព្រះយេស៊ូវ

មិនមែន​មាន​សំណាង តែ​ដោយសារ​ព្រះយេស៊ូវ

ដោយMarvin Williams

February 25, 2024

កូល៉ុស ១:១៥-២០

ទ្រង់​គង់នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​ស្ថិត​ស្ថេរ ដោយសារ​ទ្រង់​។ កូល៉ុស ១:១៧

ទស្សនាវដី្ត​ការ​រុករក​ឃើញ បាន​លើក​ឡើង​ថា ក្នុង​ចក្រវាល​របស់​យើង មាន​ភព​ចំនួន​ប្រហែល ៧00 គ្វីនទ្រីលាន(គឺ​ចំនួន​ចាប់​ផ្តើម​ដោយ​លេខ ៧ មាន​លេខ​សូន្យ២០ខ្ទង់​ខាង​ក្រោយ)។ ប៉ុន្តែ មាន​តែ​ភព​មួយ​ទេ ដែល​មាន​លក្ខណៈ​ដូច​ផែនដី​។ លោក​អេរិក ហ្សាគ្រីសិន(Erik Zackrisson) ជា​អ្នក​ប្រាជ្ញ​រូប​វិទ្យា​ផ្នែក​អវកាស បាន​មាន​ប្រសាសន៍​ថា លក្ខ​ខណ្ឌ​មួយ ដែល​តម្រូវ​ឲ្យ​ភព​មួយ អាច​ទ្រទ្រង់​ជីវិត​បាន គឺ​ភព​នោះ​ត្រូវតែ​ស្ថិត​នៅ​លើ​គន្លង ដែល​មិន​ឆ្ងាយ​ពេក ហើយក៏​មិន​ជិត​ពេក​ពី​ព្រះ​អា​ទិត្យ គឺ​ក្នុង​តំបន់​ដែល​មាន​សីតុណ្ហភាព​ល្អ ល្មម​នឹង​អាច​មាន​ទឹក​បាន​។ ក្នុង​ចំណោម​ភាព៧០០គ្វីនទ្រីលាន ហាក់​ដូចជា​មានតែ​ភព​ផែន​ដី​ទេ ដែល​អាច​បំពេញ​តាម​លក្ខ​ខណ្ឌ​នេះ​បាន​ត្រឹម​ត្រូវ​។ លោក​ហ្សាគ្រីសិន​ក៏​បាន​សន្និដ្ឋាន​ថា ផែនដី​ពិតជា​មាន​សំណាង​ណាស់​។

សាវ័ក​ប៉ុល​បាន​បញ្ជាក់​ដល់​ពួក​ជំនុំ​នៅ​ទីក្រុង​កូល៉ុស​ថា ចក្រវាល​ពិត​ជា​មាន​មែន តែ​មិនមែន​ដោយសារ​ចក្រ​វាល​មាន​សំណាង​នោះ​ទេ ផ្ទុយ​ទៅវិញ គឺ​ដោយសារ​ការ​រៀបចំ​របស់​ព្រះយេស៊ូវ​។ សាវ័ក​ប៉ុល​បាន​ហៅ​ព្រះគ្រីស្ទ​ថា ព្រះអាទិករ​ដែល​បាន​បង្កើត​ពិភពលោក​។ គឺ​ដូច​គាត់​បាន​បង្រៀន​ថា “ដ្បិត​គឺ​ទ្រង់​ហើយ ដែល​បង្កើត​គ្រប់​ទាំង​អស់”(កូល៉ុស ១:១៦)។ ព្រះយេស៊ូវ​មិន​គ្រាន់តែ​ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី ដោយ​ព្រះ​ចេស្តា តែ​ព្រះ​អង្គ​ថែម​ទាំង​បាន​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ឲ្យ​ស្ថិត​ស្ថេរ(ខ.១៧) ក្នុង​ផែនដី​ដែល​មិន​ក្តៅ​ពេក និង​មិន​ត្រជាក់​ពេក តែ​មាន​អាកាស​ធាតុ​ល្មម​នឹង​អាច​ឲ្យ​មនុស្ស​រស់នៅ​បាន​។ អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្កើត នោះ​ព្រះអង្គ​ក៏បាន​ទ្រទ្រង់ ដោយ​ប្រាជ្ញា​ដ៏​ល្អ​ឥត​ខ្ចោះ និង​ព្រះ​ចេស្តា​ដ៏​ស្ថិត​ស្ថេរ​។

ខណៈ​ពេល​ដែល​យើង​ចូល​រួម និង​អរ​សប្បាយ​នឹង​សម្រស់​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ ចូរ​យើង​ងាក​ចេញពី​ការ​បង្រៀន​ថា អ្វីៗ​កើត​មាន​ដោយ​ចៃដន្យ ឬ​ដោយសារ​មាន​សំណាង​ តែ​ចូរ​បែរ​ទៅ​រក​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ដែល​មាន​ព្រះ​ចេស្តា មាន​អធិបតេយ្យ​ភាព និង​មាន​គោលបំណង ដែល​មាន​ភាព​ពេញលេញ​ជា​ព្រះ(ខ.‌១៩)។—Marvin Williams

តើ​ការ​ដឹង​ថា ព្រះយេស៊ូវ​គ្រប់​គ្រង​អ្វីៗ​ទាំង​អស់ ក្នុង​ពិភព​ធម្មជាតិ និង​ជីវិត​អ្នក មានន័យ​ដូច​ម្តេច​សម្រាប់​អ្នក? តើ​អ្នក​អាច​បង្ហាញ​ការ​ពឹង​ផ្អែកលើ​ព្រះអង្គ នៅ​ថ្ងៃ​នេះ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​បង្កើត និង​ទ្រទ្រង់​ស្នា​ព្រះ​ហស្ត​ព្រះអង្គ ដោយ​ព្រះគុណ និង​គោលបំណង​របស់​ព្រះអង្គ​។

For further study, read Living in Love—How the Trinity Changes Everything at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ១២-១៤ និង ម៉ាកុស ៥:២១-៤៣

ល្ងាច

Devotional illustration

ពាក្យ​សម្ដី​សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់

ដោយJohn Piper

February 25, 2024

ដែល​ឃើញថា ពាក្យ​របស់​មនុស្ស​ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ នោះ​តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យសំដី​ឬអី? យ៉ូប ៦:២៦

នៅពេល​ដែល​មានការ​សោក​សង្រេង ការឈឺចាប់ និង​ភាព​អស់សង្ឃឹម មនុស្ស​ច្រើនតែ​និយាយ​នូវ​ពាក្យ ដែល​តាម​ធម្មតា ខ្លួន​មិន​ចង់​និយាយ​ពាក្យ​នោះ​ឡើយ។ ពួក​គេ​បន្ថែម​ពណ៌ខ្មៅ​ងងឹត មក​លើ​ការពិត គឺ​ពណ៌ខ្មៅ​ងងឹត​ជាង​ពណ៌​ដែល​ពួក​គេ​នឹង​គូស​ពីលើ នៅ​ថ្ងៃស្អែក ពេល​ដែល​ថ្ងៃរះ​ឡើង។ ពួក​គេ​ច្រៀង​ដោយ​តុង​ដែល​តឹង​ខ្លាំង ហើយ​និយាយ​ចេញ​មក ធ្វើ​មើលតែ​ភ្លេង​មានតែ​តុង​មួយ​នេះ។ ពួក​គេ​មើលឃើញ​តែ​ពពក ហើយ​និយាយ ធ្វើ​មើលតែ​ទីក្រុង​គ្មាន​មេឃ។

ពួក​គេ​និយាយ​ថា "ព្រះ​នៅ​ទីណា?" ឬ "ការ​បន្ត​ទៅមុខ​ទៀត គ្មាន​ប្រយោជន៍អ្វី​ទេ​" ឬក៏ "ខ្ញុំ​គិត​លែង​យល់​អ្វី​ទាំងអស់​" ឬមួយ "ខ្ញុំ​គ្មាន​សង្ឃឹម​ទេ​" ពុំ​នោះ​ទេ "បើ​ព្រះ​ពិតជា​ល្អ​មែន រឿង​នេះ​មិន​អាច​កើតឡើង​បាន​ឡើយ​"។

តើ​យើង​ត្រូវ​ឆ្លើយតប ដូចម្តេចចំពោះ​ពាក្យ​សម្ដី​ទាំងនេះ?

លោក​យ៉ូប​មានប្រសាសន៍​ថា យើង​មិន​ចាំបាច់​ត្រូវ​ស្តី​បន្ទោស​ឲ្យ​ពាក្យ​សម្ដី​ទាំងនោះ​ឡើយ។ ពាក្យ​សម្ដី​ទាំងនេះ​គឺជា​ខ្យល់ ឬ​តាមន័យ​ត្រង់​គឺ "សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់​ទៅ​"។ ពាក្យ​សម្ដី​ទាំងនោះ​នឹង​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅបាត់។ កាលៈទេសៈ​នឹង​មានការ​ផ្លាស់​ប្តូរ ហើយ​មនុស្ស​អស់សង្ឃឹម​នោះ នឹង​ភ្ញាក់​ដឹងខ្លួន​ចេញពី​យប់​ងងឹត​នោះ ហើយក៏​នឹក​ស្តាយ​ពាក្យ​សម្ដី​ដែល​បាន​និយាយ​ចេញ​មក​លឿន​ពេក។

ដូចនេះ ចូរ​យើង​កុំ​ចំណាយពេល និង​កម្លាំង ដើម្បី​ស្តី​បន្ទោស​ឲ្យ​ពាក្យ​សម្ដី​ទាំងនោះ​ឡើយ។ ពួក​វា​នឹង​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅបាត់។ យើង​មិន​ចាំបាច់​ត្រូវ​ជម្រុះ​ស្លឹកឈើ​ចេញពី​ដើម នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឡើយ។ វា​ជា​ការ​ប្រឹងប្រែង​ដែល​ឥតប្រយោជន៍។ មិនយូរ​ប៉ុន្មាន​ស្លឹក​ឈើ​ទាំង​នោះ​នឹង​ជ្រុះ​ដោយឯកឯង។

យើង​ពិតជា​ប្រញាប់​ការពារ​ព្រះ ឬ​ជួនកាល ប្រញាប់​ការពារ​សេចក្តី​ពិត ប្រឆាំង​នឹង​ពាក្យ​សម្ដី​ដែល​សម្រាប់​តែ​ឲ្យ​ខ្យល់បក់​ផាត់​ទៅ​ឆ្ងាយ។ បើ​យើង​មាន​ប្រាជ្ញា នោះ​យើង​អាច​ដឹង​អំពី​ភាព​ខុសគ្នា រវាង​ពាក្យ​សម្ដី​ដែល​បាន​ចាក់ឫស និង​ពាក្យ​សម្ដី​ដែល​ត្រូវ​ខ្យល់បក់​ផាត់។

មាន​ពាក្យ​សម្ដី​ដែល​ចាក់ឫស​ចូលក្នុង​សេចក្តី​កំហុស និង​សេចក្តី​អាក្រក់​ដ៏​សែន​ជ្រៅ។ ប៉ុន្តែ មិនមែន​ពាក្យ​សម្ដី​ពណ៌ប្រផេះ​ទាំងអស់ សុទ្ធតែ​ទទួល​បាន​ពណ៌ ពីចិត្ត​ដ៏​ខ្មៅ​ងងឹត​នោះ​ឡើយ។ ខ្លះ​បាន​ទទួល​ពណ៌ខ្មៅ​ភាគច្រើន ពី​ការឈឺចាប់ និង​ភាព​អស់សង្ឃឹម។ អ្វី​ដែល​អ្នក​បានឮ គឺ​មិនបាន​ចេញពី​ជម្រៅ​ចិត្ត​ដ៏​ជ្រៅ​បំផុត​នោះ​ឡើយ។ ពាក្យ​សម្ដី​ទាំងនោះ​ចេញពី​អ្វី​ដែល​ងងឹត និង​ពិតជា​មាន​មែន ដែល​កប់​ជាប់​ក្នុងចិត្ត។ តែ​វា​មាន​លក្ខណៈ​បណ្ដោះអាសន្ន ពិត និង​ឈឺចាប់ ដូចជា​ជម្ងឺឆ្លង​ដែល​ត្រូវ​បាត់​ទៅវិញ តែ​វា​មិនមែន​ជា​លក្ខណៈ​ពិត​របស់​បុគ្គល​នោះ​ទេ។

ដូចនេះ ចូរ​យើង​រៀន​សង្កេតមើល​ថា ពាក្យ​សម្ដី​ដែល​ទាស់​ប្រឆាំង​យើង ឬប្រឆាំង​ព្រះ ឬក៏​ប្រឆាំង​សេចក្តី​ពិត គឺ​គ្រាន់តែ​សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់ ពោល​គឺ​មិនមែន​និយាយ​ចេញពី​វិញ្ញាណ តែ​ចេញពី​ការឈឺចាប់​វិញ។ បើ​ពាក្យ​សម្ដី​ទាំងនោះ​សម្រាប់​តែ​ឲ្យ​ខ្យល់បក់​ផាត់ ចូរ​យើង​រង់ចាំ យ៉ាង​ស្ងៀមស្ងាត់ ហើយ​មិន​ត្រូវ​ស្តី​បន្ទោស​នោះ​ឡើយ។ ការ​ស្អាង​វិញ្ញាណ​ឡើង ដោយ​មិន​ស្តី​បន្ទោស​ឲ្យ​ការឈឺចាប់ គឺជា​គោលដៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង។    

ប្រភេទ