សូម​ព្រះ​អង្គ​ជួយ​ឲ្យ​យើង​ជឿ

ម៉ាកុស ៩:១៤-២៤

ស្រាប់តែ​ឪពុក​របស់​កូន​នោះ ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹក​ភ្នែក​ថា ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង​។ ម៉ាកុស ៩:២៤

“តើ​ឯណា​សេចក្តី​ជំនឿ​របស់​ខ្ញុំ? សូម្បីតែ​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ ក៏​ខ្ញុំ​មិន​អាច​រក​ឃើញ​អ្វី ក្រៅ​ពី​ភាព​ចន្លោះ​ប្រហោង និង​ភាព​ងងឹត… បើ​ព្រះ​ទ្រង់​ពិត​ជា​មាន​មែន សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ​ផង”។

អ្នក​ប្រហែល​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា អ្នក​ម្តាយ ថេរីសា (Mother Teresa) គឺជា​អ្នក​សរសេរ​ពាក្យ​ពេចន៍​ទាំង​អស់​នេះ​។ គាត់​ជា​អ្នក​បម្រើ​ព្រះ​ដ៏​ល្បី​ល្បាញ និង​គ្មាន​ការ​ហត់នឿយ សម្រាប់​អ្នកក្រ នៅ​ទីក្រុង​កាល់គុត្តា ប្រទេស​ឥណ្ឌា​។ តែ​មនុស្ស​ជា​ច្រើន​មិន​ដឹង​ទេ​ថា គាត់​បាន​ត​យុទ្ធ​នឹង​សង្គ្រាម​ខាង​សេចក្តី​ជំនឿ ដោយ​ការ​លំបាក​ជា​ខ្លាំង អស់​រយៈ​ពេល​ជាង៥ទសវត្សរ៍​។ បន្ទាប់ពី​គាត់​បាន​លាចាក​លោក ក្នុង​ឆ្នាំ១៩៩៧ គេ​ក៏បាន​ដឹង​អំពី​ការ​តស៊ូ​នេះ នៅពេល​ដែល​គេ​យក​សៀវភៅ​កំណត់​ត្រា​របស់​គាត់​មួយ​ផ្នែក មក​បោះពុម្ព​ផ្សាយ ក្នុង​សៀវភៅ​មាន​ចំណង​ជើង​ថា សូម​ព្រះអង្គ​ធ្វើ​ជា​ពន្លឺ​របស់​ទូល​បង្គំ​។

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ពេល​យើង​មាន​ការ​សង្ស័យ ឬ​មាន​អារម្មណ៍​ថា ព្រះអង្គ​មិន​គង់នៅ​ក្បែរ​យើង? អ្នកជឿ​ខ្លះ​មាន​បញ្ហា​នេះ​ញឹក​ញាប់​ជាង​អ្នកជឿ​ដទៃ​ទៀត​។ ប៉ុន្តែ អ្នកជឿ​ព្រះយេស៊ូវ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​បាន​ដក​ពិសោធន៍​ជាមួយនឹង​ពេល ឬ​រដូវ​កាល​នៃ​ការ​សង្ស័យ ក្នុង​ចំណុច​ណាមួយ​នៃ​ជីវិត​របស់​ពួកគេ​។

ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​លំនាំ​នៃ​ការ​អធិស្ឋាន​ដ៏​មានន័យ ដែល​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ និង​ការ​ខ្វះ​ជំនឿ​។ ក្នុង​បទ​គម្ពីរ​ម៉ាកុស ជំពូក៩ ព្រះ​យេស៊ូវ​បាន​ជួប​បុរស​ម្នាក់ ដែល​កូន​របស់​គាត់​ត្រូវ​អារក្ស​ចូល តាំងពី​ក្មេង(ខ.២១)។ នៅពេល​ដែល​ព្រះយេស៊ូវ​ប្រាប់​គាត់​ថា គាត់​ត្រូវ​មាន​សេចក្តី​ជំនឿ(ព្រោះ​ការ​ទាំង​អស់​នឹង​សំរេច​បាន ដល់​អ្នកណា​ដែល​ជឿ, ខ.២៣) បុរស​នោះ​ក៏​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង!”(ខ.២៤)។

គំរូ​នៃ​ការ​ទូល​អង្វរ​ដ៏​ស្មោះ​ត្រង់ និង​អស់ពី​ចិត្ត​នេះ ក៏បាន​លើក​ទឹក​ចិត្ត​អ្នក​ដែល​ព្យាយាម​ជម្នះ​ការ​សង្ស័យ ឲ្យ​សូម​ព្រះ​អង្គ​ជួយ​ដក​ការ​សង្ស័យ​ចេញពី​យើង ដោយ​ទុក​ចិត្ត​ថា ព្រះអង្គ​អាច​ការពារ​ជំនឿ​យើង ហើយ​កាន់ដៃ​យើង​ជាប់ ក្នុង​ជ្រលង​ជ្រៅ និង​ងងឹត​បំផុត ដែល​យើង​ត្រូវ​ឆ្លង​កាត់​។—Adam R. Holz

តើ​អ្នក​មាន​ការ​ត​យុទ្ធ​នឹង​ការ​សង្ស័យ ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ នៅ​ពេលណា​ខ្លះ? តើមាន​ធនធាន​ខាង​វិញ្ញាណ​អ្វី​ខ្លះ ដែល​ជួយ​ឲ្យ​អ្នក​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ជំនឿ​របស់​អ្នក?

ឱ​ព្រះវរបិតា ជួនកាល ទូល​បង្គំ​មាន​ការ​សង្ស័យ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ពេល​ណា​ទូល​បង្គំ​មាន​អារម្មណ៍​សង្ស័យ ចំពោះ​ព្រះ​វត្ត​មាន​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ២០-២២ និង ម៉ាកុស ៧:១-១៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles