លេវីវិន័យ ១៣:១-៨
ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធដល់អញ ដ្បិតអញនេះ គឺព្រះយេហូវ៉ា អញបរិសុទ្ធ។ លេវីវិន័យ ២០:២៦
កាលពីមុន ខ្ញុំបានចូលរួមក្រុមសិក្សាព្រះគម្ពីរមួយ។ មានពេលមួយ ខ្ញុំសារភាពប្រាប់ពួកគេថា ខ្ញុំបានអានរំលងខគម្ពីរជាច្រើន ក្នុងកណ្ឌគម្ពីរលេវីវិន័យ ព្រោះខ្ញុំមិនចង់អានចំណុចដែលនិយាយអំពីជំងឺសើស្បែកម្តងទៀត។ ពេលនោះ លោកដេវ(Dave) ជាមិត្តភក្តិខ្ញុំក៏បានចែកចាយថា គាត់ស្គាល់បុរសម្នាក់ ដែលបានទទួលជឿព្រះយេស៊ូវ ដោយសារបទគម្ពីរនោះ។ គាត់ក៏បានពន្យល់ថា មិត្តភក្តិរបស់គាត់ជាវេជ្ជបណ្ឌិត ដែលមិនជឿថាព្រះពិតជាមានមែន។ មិត្តភក្តិគាត់ម្នាក់នោះបានសម្រេចចិត្តថា មុនពេលគាត់បដិសេធន៍មិនជឿព្រះគម្ពីរប៊ីបទាំងស្រុង យកល្អគាត់គួរតែអានព្រះគម្ពីរប៊ីបជាមុនសិន។ ខគម្ពីរដែលបានចែងអំពីជំងឺសើស្បែក ក្នុងកណ្ឌគម្ពីរលេវីវិន័យ បានធ្វើឲ្យគាត់ប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ខគម្ពីរនោះមានការបកស្រាយដ៏គួរឲ្យភ្ញាក់ផ្អើល អំពីដំបៅដែលឆ្លង និងដំបៅដែលមិនឆ្លង(១៣:១-៤៦) និងអំពីរបៀបព្យាបាលដំបៅទាំងនោះ(១៤:៨-៩)។
គាត់ដឹងថា ការព្យាបាល និងថែទាំជំងឺដែលមានចែងក្នុងកណ្ឌគម្ពីរលេវីវិន័យ មានភាពជឿលឿនលើសចំណេះដឹងផ្នែកវេជ្ជសាស្រ្តរបស់មនុស្សនៅសម័យនោះ។ គាត់គិតថា លោកម៉ូសេមិនអាចមានសមត្ថភាពយល់ដឹងច្រើនយ៉ាងនេះបានទេ។ គាត់ក៏បានចាប់ផ្តើមពិចារណា អំពីការដែលលោកម៉ូសេពិតជាបានទទួលចំណេះដឹងទាំងអស់នេះពីព្រះអម្ចាស់។ ទីបំផុត គាត់ក៏បានទទួលជឿព្រះយេស៊ូវ។
បើអ្នកមានអារម្មណ៍ធុញទ្រាន់នឹងខគម្ពីរណាមួយក្នុងព្រះគម្ពីរប៊ីប នោះមិនមែនមានតែអ្នកទេ ដែលមានបញ្ហានេះ។ ប៉ុន្តែ អ្វីៗទាំងអស់ដែលមានចែងក្នុងព្រះគម្ពីរប៊ីប សុទ្ធតែមានមូលហេតុ និងមានប្រយោជន៍។ កណ្ឌគម្ពីរលេវីវិន័យត្រូវបាននិពន្ធឡើង ដើម្បីឲ្យពួកអ៊ីស្រាអែលបានដឹង អំពីរបៀបរស់នៅថ្វាយព្រះ និងជាមួយព្រះអង្គ។ ខណៈពេលដែលយើងស្វែងយល់បន្ថែមទៀត អំពីទំនាក់ទំនងរវាងព្រះអម្ចាស់ ជាមួយរាស្រ្តព្រះអង្គ នោះយើងក៏បានរៀនសូត្រអំពីព្រះអង្គផងដែរ។
គឺដូចដែលសាវ័កប៉ុលបានបង្រៀនថា “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត”(២ធីម៉ូថេ ៣:១៦)។ ចូរយើងបន្តអានព្រះគម្ពីរប៊ីប ដោយរាប់បញ្ចូលទាំងកណ្ឌគម្ពីរលេវីវិន័យផងដែរ។—Tim Gustafson
តើមានផ្នែកណាខ្លះ ក្នុងព្រះគម្ពីរដែលធ្វើឲ្យអ្នកធុញទ្រាន់ ឬហាក់ដូចជាមិនសំខាន់សម្រាប់អ្នក? តើអ្នកអាចរៀនទទួលស្គាល់តម្លៃនៃខគម្ពីរទាំងអស់ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គបង្រៀនទូលបង្គំ ឲ្យចេះឲ្យតម្លៃព្រះគម្ពីរ។ សូមព្រះអង្គមានបន្ទូលមកកាន់ទូលបង្គំ តាមរយៈខគម្ពីរនីមួយៗ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ១៣:១-៨