ព្រឹក

ចិត្តដែលស្រឡាញ់ព្រះគ្រីស្ទ
ដោយKaren Huang
March 2, 2024
ម៉ាថាយ ១៥:៧-២០
ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ ... សេចក្តីទាំងនោះទើបធ្វើឲ្យមនុស្សស្មោកគ្រោកមែន។ ម៉ាថាយ ១៥:១៩-២០
ខ្ញុំធ្លាប់និយាយប្រាប់ខ្លួនឯងថា ដរាបណាខ្ញុំបិទមាត់មិននិយាយអ្វីសោះ ខ្ញុំនឹងមិនធ្វើអ្វីខុសឡើយ។ កាលនោះ ខ្ញុំកំពុងតែទប់កំហឹង ចំពោះមិត្តរួមការងារម្នាក់ បន្ទាប់ពីខ្ញុំមានការយល់ច្រឡំចំពោះពាក្យសម្តីរបស់គាត់។ ដោយសារយើងត្រូវជួបគ្នាជារៀងរាល់ថ្ងៃ នៅកន្លែងធ្វើការ ខ្ញុំក៏បានសម្រេចចិត្តថា ខ្ញុំនឹងកាត់បន្ថយការនិយាយស្តី ដោយនិយាយតែពេលដែលចាំបាច់ប៉ុណ្ណោះ( ដើម្បីសងសឹក ដោយការមិននិយាយរកគាត់)។ តើការបង្ហាញចេញអាកប្បកិរិយាដ៏ស្ងាត់ស្ងៀមដូចនេះ ជាទង្វើត្រឹមត្រូវដែរឬទេ?
ព្រះយេស៊ូវបានមានបន្ទូលថា អំពើបាបកើតចេញពីចិត្តរបស់យើង(ម៉ាថាយ ១៥:១៩-២០)។ ការស្ងាត់ស្ងៀមរបស់ខ្ញុំអាចកុហកអ្នកដទៃ ឲ្យគិតថា ខ្ញុំមិនមានបញ្ហាអ្វីទេ ប៉ុន្តែ ខ្ញុំមិនអាចកុហកព្រះបានឡើយ។ ព្រះអង្គជ្រាបថា ខ្ញុំកំពុងលាក់កំហឹងនៅក្នុងចិត្តខ្ញុំ។ ខ្ញុំប្រៀបដូចជាពួកផារិស៊ី ដែលថ្វាយព្រះកិត្តិនាមដល់ព្រះអម្ចាស់ តែបបូរមាត់ តែមិនបានគោរពប្រតិបត្តិព្រះអង្គនៅក្នុងចិត្តទេ(ខ.៨)។ ទោះសប្បកក្រៅរបស់ខ្ញុំមិនបានបង្ហាញអារម្មណ៍ពិតរបស់ខ្ញុំក៏ដោយ ក៏ភាពជូរល្វីងកំពុងតែរីកធំឡើង ក្នុងចិត្តខ្ញុំ។ ក្តីអំណរ និងភាពជិតស្និទ្ធដែលខ្ញុំមានជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ក៏បានរលាយបាត់អស់។ នេះជាផលវិបាកនៃការចិញ្ចឹមចិត្ត និងការលាក់បាំងអំពើបាបនៃការមិនអត់ទោសឲ្យគេ។
ដោយសារព្រះគុណព្រះ ខ្ញុំក៏បានប្រាប់មិត្តរួមការងារខ្ញុំ អំពីអារម្មណ៍របស់ខ្ញុំ ហើយក៏បានសុំទោសគាត់។ គាត់ក៏បានអត់ទោសឲ្យខ្ញុំ ហើយទីបំផុតយើងក៏បានក្លាយជាមិត្តល្អ។ ព្រះយេស៊ូវបានមានបន្ទូលថា “ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់”(ខ.១៩)។ ភាពជ្រះស្រឡះក្នុងចិត្តយើងពិតជាសំខាន់ ព្រោះការអាក្រក់ដែលលាក់នៅក្នុងចិត្តយើង អាចហៀហូរចេញមក ក្នុងការរស់នៅរបស់យើង។ ទាំងក្នុងចិត្ត និងសម្បកក្រៅរបស់យើង គឺសុទ្ធតែសំខាន់។—Karen Huang
ព្រះយេស៊ូវមានបន្ទូលថា បាបនៅក្នុងចិត្តយើងធ្វើឲ្យយើងមានភាពស្មោកគ្រោក។ តើមានគំនិតអាក្រក់អ្វីខ្លះ ដែលអាចធ្វើឲ្យចិត្តអ្នកមានបាប? តើអ្នកអាចអធិស្ឋានដូចម្តេចខ្លះ អំពីបញ្ហានេះ?
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ចំពោះបាបដែលទូលបង្គំកំពុងចិញ្ចឹមក្នុងចិត្តទូលបង្គំ។ ទូលបង្គំចង់ឲ្យចិត្តទូលបង្គំបានសស្អាត គាប់ព្រះទ័យព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំឲ្យមានការផ្លាស់ប្រែ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ២៨-៣០ និង ម៉ាកុស ៨:២២-៣៨
ប្រភេទ
ល្ងាច

ថ្នាំសម្រាប់ព្យាបាលអំណួត
ដោយJohn Piper
March 2, 2024
ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ តែឥឡូវនេះ អ្នករាល់គ្នាមានសេចក្តីអំនួត អំពីពាក្យអួតអាងរបស់ខ្លួនដូច្នោះ ហើយគ្រប់ទាំងសេចក្តីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់។ យ៉ាកុប ៤:១៣-១៦
ក្នុងបទគម្ពីរខាងលើនេះ លោកយ៉ាកុបកំពុងនិយាយ អំពីអំនួត និងភាពក្រអឺតក្រទម និងការដែលគេបង្ហាញពួកវាចេញមក តាមរបៀបដ៏ប៉ិនប្រសប់។ គឺដូចដែលគាត់បានមានប្រសាសន៍ថា "អ្នករាល់គ្នាមានសេចក្តីអំនួត អំពីពាក្យអួតអាងរបស់ខ្លួនដូច្នោះ ហើយគ្រប់ទាំងសេចក្តីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់"។
ពេលដែលអ្នកគិតអំពីប្រភេទទាំង៣នៃការល្បួងដែលនាំឲ្យពឹងខ្លួនឯង ដែលមានដូចជា ការល្បួងឲ្យចង់បានប្រាជ្ញា ការល្បួងឲ្យចង់បានអំណាច និងការល្បួងឲ្យចង់បានទ្រព្យសម្បត្តិ អ្នកនឹងឃើញថា ការល្បួងទាំងនោះបង្កើតឲ្យមានការទាក់ទាញដ៏មានអំណាច ទៅរកទម្រង់នៃអំនួតដ៏ខ្ពស់បំផុត ដែលជាការមិនជឿថា ព្រះមានពិតមែន។ វិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីឲ្យយើងអាចបន្តប្រកាន់យកគំនិតខ្លួនឯងជាទីមួយ គឺត្រូវបដិសេធន៍អ្វីដែលខ្ពស់ជាងយើង។
ហេតុនេះហើយ មនុស្សអួតចូលចិត្តមើលងាយអ្នកដទៃ។ គឺដូចដែលលោកស៊ី អេស លូអ៊ីសបានមានប្រសាសន៍ថា "មនុស្សអួតតែងតែមើលងាយអ្វីៗទាំងឡាយ និងមើលងាយអ្នកដទៃ ហើយជាការពិតណាស់ ដរាបណាអ្នកមើលងាយ នោះអ្នកមិនអាចមើលឃើញអ្វីដែលខ្ពស់ជាងអ្នកឡើយ"(ដកស្រង់ពីសៀវភៅ ជំនឿគ្រីស្ទបរិស័ទធម្មតា)។
ប៉ុន្តែ ដើម្បីរក្សាសេចក្តីអំនួត យើងប្រហែលជាគ្រាន់តែប្រកាស់ថា គ្មានអ្វីខ្ពស់ជាងយើង សម្រាប់ឲ្យយើងមើលឡើយ។ "មនុស្សអាក្រក់ពោលដោយឫកអំនួតរបស់ខ្លួនគេថា ព្រះទ្រង់នឹងមិនធ្វើទោសទេ ឯអស់ទាំងគំនិតរបស់គេ នោះតែងគិតថា
គ្មានព្រះណាសោះ"(ទំនុកដំកើង ១០:៤)។ សរុបមក មនុស្សអួតត្រូវបញ្ចុះបញ្ចូលខ្លួនឯង ឲ្យជឿថា ព្រះមិនពិតជាមានមែន ឡើយ។ មូលហេតុគឺដោយសារការពិតរបស់ព្រះ បានជ្រាបចូលយ៉ាងលើសលប់ ទៅក្នុងភាពលម្អិតទំាងអស់នៃជីវិតមនុស្ស។ អំណួតមិនអាចទទួលស្គាល់ថា ព្រះទ្រង់កំពុងគ្រប់គ្រងចក្រវាល ដោយការចូលរួមដ៏ស្និទ្ធស្នាល កុំថាឡើយ គ្រប់គ្រងផ្នែកលម្អិត និងរឿងដ៏សាមញ្ញនៃជីវិតយើង។
អំណួតមិនចូលចិត្តអធិប្បតេយ្យភាពរបស់ព្រះទេ។ ដូចនេះ អំណួតមិនចូលចិត្តជឿថា ព្រះពិតជាមានមែន ព្រោះព្រះមានអធិប្បតេយ្យភាព។ អំណួតប្រហែលបង្ហាញចេញមក ដោយនិយាយថា "ព្រះមិនពិតជាមានមែនឡើយ"។ ឬបង្ហាញចេញមក ដោយនិយាយថា "ខ្ញុំកំពុងបើកឡានទៅរដ្ឋអាត្លានតា ដើម្បីប្រារព្ធធ្វើណូអែល"។
កណ្ឌគម្ពីរយ៉ាកុបបានប្រាប់យើង មិនឲ្យតាំងខ្លួនជាអ្នកដឹងច្បាស់ពីពេលអនាគតឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវនិយាយថា "បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងទៅរដ្ឋអាត្លានតា ដើម្បីប្រារព្ធធ្វើបុណ្យណូអែល"។
ត្រង់ចំណុចនេះ កណ្ឌគម្ពីរយ៉ាកុបកំពុងបង្រៀនយើងថា ព្រះទ្រង់ជាអ្នកសម្រេចថា អ្នកនឹងបានទៅរដ្ឋអាត្លានតាឬអត់ ហើយអ្នកនឹងរស់ រហូតដល់អានសៀវភៅនេះចប់ឬអត់។ ការនេះបានវាយប្រហារយ៉ាងខ្លាំងមកលើ អំណួតដែលគិតថាខ្លួនមិនត្រូវការព្រះ គឺអំណួតដែលមិនទាំងអាចកំណត់ថា ខ្លួនឯងនឹងបានអានសៀវភៅនេះដល់ចប់ ដោយមិនដាច់សរសៃឈាមខួរក្បាលស្លាប់ផង។
កណ្ឌគម្ពីរយ៉ាកុបកំពុងបង្រៀនយើងថា ការមិនជឿលើសិទ្ធិនៃអធិប្បតេយ្យភាពរបស់ព្រះ ដែលគ្រប់គ្រងលើភាពលម្អិតនៃអនាគតរបស់អ្នក គឺជាភាពក្រអឺតក្រទម។
ដើម្បីតយុទ្ធនឹងភាពក្រអឺតក្រទមនេះ យើងត្រូវចុះចូលនឹងអធិប្បតេយ្យភាពរបស់ព្រះ ក្នុងគ្រប់ផ្នែកលម្អិតទាំងអស់នៃជីវិតយើង ហើយទុកចិត្តលើព្រះបន្ទូលដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ដែលសន្យាថា នឹងបង្ហាញព្រះអង្គទ្រង់ ដោយអំណាចចេស្តា ជំនួសយើង(២របាក្សត្រ ១៦:៩) នឹងដេញតាមយើង ដោយសេចក្តីសប្បុរស និងសេចក្តីមេត្តាជារៀងរាល់ថ្ងៃ(ទំនុកដំកើង ២៣:៦) និងធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់(អេសាយ ៦៤:៤) ហើយនឹងប្រទានយើងនូវអ្វីទាំងអស់ដែលយើងត្រូវការ ដើម្បីរស់នៅថ្វាយសិរីល្អដល់ព្រះអង្គ(ហេព្រើរ ១៣:២១)។
អាចនិយាយម្យ៉ាងទៀតថា ដើម្បីជម្នះសេចក្តីអំណួត យើងត្រូវមានជំនឿដោយមិនងាករេ មកលើព្រះគុណ ដែលព្រះទ្រង់នឹងប្រទាននៅពេលអនាគត ដោយអធិប្បតេយ្យភាពរបស់ព្រះអង្គ។