នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចិត្ត​ដែល​ស្រឡាញ់​ព្រះគ្រីស្ទ

ចិត្ត​ដែល​ស្រឡាញ់​ព្រះគ្រីស្ទ

ដោយKaren Huang

March 3, 2024

ម៉ាថាយ ១៥:៧-២០

ដ្បិត​គឺពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ ... សេចក្តី​ទាំង​នោះ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ស្មោក​គ្រោកមែន​។ ម៉ាថាយ ១៥:១៩-២០

ខ្ញុំ​ធ្លាប់​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ដរាបណា​ខ្ញុំ​បិទ​មាត់​មិន​និយាយ​អ្វី​សោះ ខ្ញុំ​នឹង​មិន​ធ្វើ​អ្វី​ខុស​ឡើយ​។ កាល​នោះ ខ្ញុំ​កំពុង​តែ​ទប់​កំហឹង ចំពោះ​មិត្ត​រួម​ការងារ​ម្នាក់ បន្ទាប់ពី​ខ្ញុំ​មាន​ការ​យល់​ច្រឡំ​ចំពោះ​ពាក្យ​សម្តី​របស់​គាត់​។ ដោយសារ​យើង​ត្រូវ​ជួប​គ្នា​ជា​រៀង​រាល់​ថ្ងៃ នៅ​កន្លែង​ធ្វើ​ការ ខ្ញុំ​ក៏បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​នឹង​កាត់​បន្ថយ​ការ​និយាយ​ស្តី ដោយ​និយាយ​តែ​ពេល​ដែល​ចាំបាច់​ប៉ុណ្ណោះ( ដើម្បី​សងសឹក ដោយ​ការ​មិន​និយាយរក​គាត់)។ តើ​ការ​បង្ហាញ​ចេញ​អាកប្ប​កិរិយា​ដ៏​ស្ងាត់​ស្ងៀម​ដូច​នេះ ជា​ទង្វើ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ?

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា អំពើ​បាប​កើត​ចេញពី​ចិត្ត​របស់​យើង(ម៉ាថាយ ១៥:១៩-២០)។ ការ​ស្ងាត់​ស្ងៀម​របស់​ខ្ញុំ​អាច​កុហក​អ្នក​ដទៃ ឲ្យ​គិតថា ខ្ញុំ​មិន​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ ខ្ញុំ​មិន​អាច​កុហក​ព្រះ​បាន​ឡើយ​។ ព្រះ​អង្គ​ជ្រាប​ថា ខ្ញុំ​កំពុង​លាក់​កំហឹង​នៅ​ក្នុង​ចិត្ត​ខ្ញុំ​។ ខ្ញុំ​ប្រៀប​ដូច​ជា​ពួក​ផារិ​ស៊ី ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអម្ចាស់ តែ​បបូរ​មាត់ តែ​មិន​បាន​គោរព​ប្រតិបត្តិ​ព្រះអង្គ​នៅ​ក្នុង​ចិត្ត​ទេ(ខ.៨)។ ទោះ​សប្ប​ក​ក្រៅ​របស់​ខ្ញុំ​មិន​បាន​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្ញុំ​ក៏ដោយ ក៏​ភាព​ជូរ​ល្វីង​កំពុង​តែ​រីក​ធំ​ឡើង ក្នុង​ចិត្ត​ខ្ញុំ​។ ក្តី​អំណរ និង​ភាព​ជិត​ស្និទ្ធ​ដែល​ខ្ញុំ​មាន​ជាមួយ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ក៏បាន​រលាយ​បាត់​អស់​។ នេះ​ជា​ផល​វិបាក​នៃ​ការ​ចិញ្ចឹម​ចិត្ត និង​ការ​លាក់​បាំង​អំពើបាប​នៃ​ការ​មិន​អត់​ទោស​ឲ្យ​គេ​។

ដោយសារ​ព្រះគុណ​ព្រះ ខ្ញុំ​ក៏បាន​ប្រាប់​មិត្ត​រួម​ការងារ​ខ្ញុំ អំពី​អារម្មណ៍​របស់​ខ្ញុំ ហើយ​ក៏​បាន​សុំ​ទោស​គាត់​។ គាត់​ក៏​បាន​អត់​ទោស​ឲ្យ​ខ្ញុំ ហើយ​ទី​បំផុត​យើង​ក៏បាន​ក្លាយ​ជា​មិត្ត​ល្អ​។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា “ដ្បិត​គឺពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់”(ខ.១៩)។ ភាព​ជ្រះ​ស្រឡះ​ក្នុង​ចិត្ត​យើង​ពិតជា​សំខាន់ ព្រោះ​ការ​អាក្រក់​ដែល​លាក់​នៅ​ក្នុង​ចិត្ត​យើង អាច​ហៀ​ហូរ​ចេញ​មក ក្នុង​ការ​រស់នៅ​របស់​យើង​។ ទាំង​ក្នុង​ចិត្ត និង​សម្បក​ក្រៅ​របស់​យើង គឺ​សុទ្ធតែ​សំខាន់​។—Karen Huang

ព្រះយេស៊ូវ​មាន​បន្ទូល​ថា បាប​នៅ​ក្នុង​ចិត្ត​យើង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្មោកគ្រោក​។ តើមាន​គំនិត​អាក្រក់​អ្វី​ខ្លះ ដែល​អាច​ធ្វើ​ឲ្យ​ចិត្ត​អ្នក​មាន​បាប? តើ​អ្នក​អាច​អធិស្ឋាន​ដូច​ម្តេច​ខ្លះ អំពី​បញ្ហា​នេះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ចំពោះ​បាប​ដែល​ទូល​បង្គំ​កំពុង​ចិញ្ចឹម​ក្នុង​ចិត្ត​ទូល​បង្គំ​។ ទូល​បង្គំ​ចង់​ឲ្យ​ចិត្ត​ទូល​បង្គំ​បាន​ស​ស្អាត គាប់​ព្រះទ័យ​ព្រះអង្គ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មាន​ការ​ផ្លាស់​ប្រែ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ២៨-៣០ និង ម៉ាកុស ៨:២២-៣៨

ល្ងាច

Devotional illustration

ថ្នាំ​សម្រាប់​ព្យាបាល​អំ​ណួ​ត

ដោយJohn Piper

March 3, 2024

ឥឡូវនេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃនេះ ឬថ្ងៃស្អែក​យើង​នឹង​ទៅ​ឯក្រុង​ណាមួយ ហើយនិង​នៅ​ស្រុក​នោះ​អស់១ឆ្នាំ ដើម្បីនឹង​រកស៊ី​ឲ្យបាន​ចំណេញ អ្នករាល់គ្នា​មិនដឹងជា​នឹង​កើតមាន​យ៉ាងណា​ដល់​ថ្ងៃស្អែក​ទេ ដ្បិត​ជីវិត​អ្នករាល់គ្នា​ជា​អ្វី គឺជា​ចំហាយទឹក​ទេតើ ដែល​ឃើញ​តែ១ភ្លែត រួច​បាត់​ទៅ គួរតែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើការ​នេះ ឬការនោះ តែ​ឥឡូវនេះ អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់។ យ៉ាកុប ៤:១៣-១៦

ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ លោក​យ៉ាកុប​កំពុង​និយាយ អំពី​អំនួត និង​ភាព​ក្រអឺតក្រទម និង​ការដែល​គេ​បង្ហាញ​ពួក​វា​ចេញ​មក តាមរបៀប​ដ៏​ប៉ិនប្រសប់។ គឺ​ដូចដែល​គាត់​បាន​មានប្រសាសន៍​ថា "អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់​"។

ពេល​ដែល​អ្នក​គិត​អំពី​ប្រភេទ​ទាំង៣នៃ​ការ​ល្បួង​ដែល​នាំឲ្យ​ពឹង​ខ្លួនឯង ដែល​មាន​ដូចជា ការ​ល្បួង​ឲ្យ​ចង់បាន​ប្រាជ្ញា ការ​ល្បួង​ឲ្យ​ចង់បាន​អំណាច និង​ការ​ល្បួង​ឲ្យ​ចង់បាន​ទ្រព្យសម្បត្តិ អ្នក​នឹង​ឃើញថា ការ​ល្បួង​ទាំងនោះ​បង្កើត​ឲ្យ​មានការ​ទាក់ទាញ​ដ៏​មានអំណាច ទៅ​រក​ទម្រង់​នៃ​អំនួត​ដ៏​ខ្ពស់​បំផុត ដែល​ជា​ការ​មិន​ជឿ​ថា ព្រះ​មាន​ពិតមែន។ វិធី​ដែល​មានប្រសិទ្ធភាព​បំផុត​ដើម្បីឲ្យ​យើង​អាច​បន្ត​ប្រកាន់យក​គំនិត​ខ្លួនឯង​ជាទី​មួយ គឺ​ត្រូវ​បដិសេធន៍​អ្វី​ដែល​ខ្ពស់​ជាង​យើង។

ហេតុនេះ​ហើយ មនុស្ស​អួត​ចូលចិត្ត​មើលងាយ​អ្នកដទៃ។ គឺ​ដូចដែល​លោក​ស៊ី អេស លូ​អ៊ី​សបាន​មានប្រសាសន៍​ថា "មនុស្ស​អួត​តែងតែ​មើល​ងាយ​អ្វីៗទាំងឡាយ និង​មើលងាយ​អ្នកដទៃ ហើយ​ជា​ការពិត​ណាស់ ដរាបណា​អ្នកមើល​ងាយ នោះ​អ្នក​មិន​អាច​មើលឃើញ​អ្វី​ដែល​ខ្ពស់​ជាង​អ្នក​ឡើយ​"(ដកស្រង់​ពី​សៀវភៅ ជំនឿ​គ្រីស្ទបរិស័ទ​ធម្មតា)។

ប៉ុន្តែ ដើម្បី​រក្សា​សេចក្តី​អំនួត យើង​ប្រហែលជា​គ្រាន់​តែ​ប្រកាស់​ថា គ្មានអ្វី​ខ្ពស់​ជាង​យើង សម្រាប់​ឲ្យ​យើង​មើល​ឡើយ។ "មនុស្ស​អាក្រក់​ពោល​ដោយ​ឫក​អំនួត​របស់​ខ្លួន​គេ​ថា ព្រះ​ទ្រង់​នឹង​មិន​ធ្វើទោស​ទេ ឯអស់ទាំង​គំនិត​របស់​គេ នោះ​តែង​គិតថា

គ្មាន​ព្រះ​ណា​សោះ​"(ទំនុកដំកើង ១០:៤)។ សរុប​មក មនុស្ស​អួត​ត្រូវ​បញ្ចុះបញ្ចូល​ខ្លួនឯង ឲ្យ​ជឿ​ថា ព្រះ​មិន​ពិតជា​មាន​មែន ឡើយ។ មូលហេតុ​គឺ​ដោយសារ​ការពិត​របស់​ព្រះ បាន​ជ្រាបចូល​យ៉ាង​លើសលប់ ទៅ​ក្នុង​ភាព​លម្អិត​ទំាង​អស់​នៃ​ជីវិត​មនុស្ស។ អំ​ណួ​តមិន​អាច​ទទួលស្គាល់​ថា ព្រះ​ទ្រង់​កំពុង​គ្រប់គ្រង​ចក្រវាល ដោយ​ការចូលរួម​ដ៏​ស្និទ្ធស្នាល កុំថាឡើយ គ្រប់គ្រង​ផ្នែក​លម្អិត និង​រឿង​ដ៏​សាមញ្ញនៃ​ជីវិត​យើង។

អំ​ណួ​តមិន​ចូលចិត្ត​អធិ​ប្ប​តេយ្យ​ភាព​របស់​ព្រះ​ទេ។ ដូចនេះ អំ​ណួ​តមិន​ចូលចិត្ត​ជឿ​ថា ព្រះ​ពិតជា​មាន​មែន ព្រោះ​ព្រះ​មាន​អធិ​ប្ប​តេយ្យ​ភាព។ អំ​ណួ​តប្រហែល​បង្ហាញ​ចេញ​មក ដោយ​និយាយ​ថា "ព្រះ​មិន​ពិតជា​មាន​មែន​ឡើយ​"។ ឬបង្ហាញ​ចេញ​មក ដោយ​និយាយ​ថា "ខ្ញុំ​កំពុង​បើកឡាន​ទៅ​រដ្ឋ​អា​ត្លាន​តា ដើម្បី​ប្រារព្ធ​ធ្វើ​ណូអែល​"។

កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ប្រាប់​យើង មិន​ឲ្យ​តាំងខ្លួនជា​អ្នកដឹង​ច្បាស់​ពី​ពេល​អនាគត​ឡើយ។ ផ្ទុយទៅវិញ អ្នក​ត្រូវ​និយាយ​ថា "បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ទៅ​រដ្ឋ​អា​ត្លាន​តា ដើម្បី​ប្រារព្ធ​ធ្វើបុណ្យ​ណូអែល​"។

ត្រង់​ចំណុច​នេះ កណ្ឌ​គម្ពីរ​យ៉ាកុប​កំពុង​បង្រៀន​យើង​ថា ព្រះ​ទ្រង់​ជា​អ្នក​សម្រេច​ថា អ្នក​នឹង​បាន​ទៅ​រដ្ឋ​អា​ត្លាន​តា​ឬអត់ ហើយ​អ្នក​នឹង​រស់ រហូតដល់​អាន​សៀវភៅ​នេះ​ចប់​ឬអត់។ ការ​នេះ​បាន​វាយប្រហារ​យ៉ាង​ខ្លាំង​មក​លើ អំ​ណួ​តដែល​គិតថា​ខ្លួន​មិន​ត្រូវការ​ព្រះ គឺ​អំ​ណួ​តដែល​មិនទាំង​អាច​កំណត់​ថា ខ្លួនឯង​នឹង​បាន​អាន​សៀវភៅ​នេះ​ដល់​ចប់ ដោយ​មិន​ដាច់​សរសៃឈាម​ខួរក្បាល​ស្លាប់​ផង។

កណ្ឌ​គម្ពីរ​យ៉ាកុប​កំពុង​បង្រៀន​យើង​ថា ការ​មិន​ជឿ​លើ​សិទ្ធិ​នៃ​អធិ​ប្ប​តេយ្យ​ភាព​របស់​ព្រះ ដែល​គ្រប់គ្រង​លើ​ភាព​លម្អិត​នៃ​អនាគត​របស់​អ្នក គឺជា​ភាព​ក្រអឺតក្រទម។

ដើម្បី​តយុទ្ធ​នឹង​ភាព​ក្រអឺតក្រទម​នេះ យើង​ត្រូវ​ចុះចូល​នឹង​អធិ​ប្ប​តេយ្យ​ភាព​របស់​ព្រះ ក្នុង​គ្រប់​ផ្នែក​លម្អិត​ទាំងអស់​នៃ​ជីវិត​យើង ហើយ​ទុកចិត្ត​លើ​ព្រះបន្ទូល​ដែល​មិន​ចេះ​ប្រែប្រួល​របស់​ព្រះអង្គ ដែល​សន្យា​ថា នឹង​បង្ហាញ​ព្រះអង្គ​ទ្រង់ ដោយអំណាច​ចេស្តា ជំនួស​យើង(២របាក្សត្រ ១៦:៩) នឹង​ដេញ​តាមយើង ដោយ​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​ជា​រៀងរាល់ថ្ងៃ(ទំនុកដំកើង ២៣:៦) និង​ធ្វើការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់(អេសាយ ៦៤:៤) ហើយនឹង​ប្រទាន​យើង​នូវ​អ្វី​ទាំងអស់​ដែល​យើង​ត្រូវការ ដើម្បី​រស់នៅ​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ(ហេព្រើរ ១៣:២១)។

អាច​និយាយ​ម្យ៉ាងទៀត​ថា ដើម្បី​ជម្នះ​សេចក្តី​អំ​ណួ​ត យើង​ត្រូវ​មាន​ជំនឿ​ដោយ​មិន​ងាករេ មក​លើ​ព្រះគុណ ដែល​ព្រះ​ទ្រង់​នឹង​ប្រទាន​នៅពេលអនាគត ដោយ​អធិ​ប្ប​តេយ្យ​ភាព​របស់​ព្រះអង្គ។

ប្រភេទ