ទីតុស ៣:៤-៨
ចូររំឭកគេ ឲ្យចុះចូលនឹងពួកនាម៉ឺន ហើយនិងពួកមានអំណាចទាំងអស់ ព្រមទាំងស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ។ ទីតុស ៣:១
តាមធម្មតា លោកផាទ្រីក(Patrick) មិនដាក់លុយជាប់ខ្លួនច្រើនទេ តែថ្ងៃមួយ គាត់ក៏មានអារម្មណ៍ថា គាត់គួរតែដាក់លុយ៥ដុល្លាក្នុងហោប៉ៅគាត់ មុនពេលចាកចេញពីផ្ទះ។ ក្នុងអំឡុងពេលអាហារថ្ងៃត្រង់ នៅសាលារៀនដែលគាត់ធ្វើការ គាត់ក៏បានដឹងថា ព្រះទ្រង់បានរៀបចំខ្លួនគាត់ ដើម្បីបំពេញតម្រូវការបន្ទាន់របស់មនុស្សម្នាក់។ នៅពេលអាហារថ្ងៃត្រង់ នៅកន្លែងលក់អាហារ គាត់ក៏បានឮគេនិយាយគ្នាថា ក្មេងប្រុសម្នាក់ឈ្នះស្កត់ធី(Scotty) កំពុងត្រូវការលុយ៥ដុល្លា ដើម្បីបង់ថ្លៃអាហារ ដើម្បីឲ្យអាចញាំអាហារថ្ងៃត្រង់បានពេញមួយសប្តាហ៍។ សូមយើងស្រមៃថា លោកផាទ្រីកមានអារម្មណ៍យ៉ាងណា នៅពេលដែលគាត់បានឲ្យលុយគាត់ ទៅស្កត់ធី!
ក្នុងកណ្ឌគម្ពីរទីតុស សាវ័កប៉ុលបានរំឭកអ្នកជឿព្រះយេស៊ូវថា ពួកគេបានសង្រ្គោះ មិនមែនដោយសារការល្អ ដែលពួកគេបានធ្វើ (៣:៥) តែពួកគេគួរតែ “ប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ”(ខ.៨ ខ.១៤)។ ជីវិតរបស់យើងអាចមានពេញដោយការជាប់រវល់ និងភាពប្រញាប់ប្រញាល់។ ពេលខ្លះយើងប្រហែលមានអារម្មណ៍ពិបាកខ្លាំងពេក ក្នុងការព្យាយាមបំពេញតម្រូវការខ្លួនឯង។ ប៉ុន្តែ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បី “ធ្វើការល្អ”។ យើងមិនត្រូវមានអារម្មណ៍ពិបាកពេក ដោយសារការអ្វីដែលយើងមិនមាន ឬមិនអាចធ្វើបាន តែចូរយើងគិតអំពីការអ្វីដែលយើងពិតជាមាន និងអាចធ្វើបាន ដោយជំនួយមកពីព្រះអង្គ។ ពេលណាយើងមានផ្នត់គំនិតដូចនេះ យើងអាចជួយបំពេញតម្រូវការអ្នកដទៃ ហើយថ្វាយសិរីល្អដល់ព្រះអង្គ។ “ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។—Arthur Jackson
តើមានអ្វីអាចរារាំងមិនឲ្យអ្នកត្រៀមខ្លួន ធ្វើការល្អក្នុងជីវិតអ្នក? តើអ្នកអាចរៀបចំជីវិតអ្នកឡើងវិញយ៉ាងដូចម្តេច ដើម្បីឲ្យអ្នកអាចត្រៀមខ្លួនជួយអ្នកដទៃ ដែលកំពុងខ្វះខាត?
ឱព្រះវរបិតា សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ នៅពេលណាទូលបង្គំព្រងើយកន្តើយចំពោះឱកាស ដើម្បីធ្វើការល្អ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យត្រៀមខ្លួនជួយអ្នកដទៃ ឲ្យកាន់តែច្រើន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១-២ និង ម៉ាកុស ១០:១-៣១