នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចែកចាយ​ជំនឿ​របស់​អ្នក

ចែកចាយ​ជំនឿ​របស់​អ្នក

ដោយBill Crowder

March 16, 2024

កិច្ចការ ១៦:១-១០

សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង​។ កិច្ចការ ១៦:៩

កាលពី​ឆ្នាំ១៧០១ ព្រះវិហារ​នៃ​ប្រទេស​អង់គ្លេស បាន​ផ្តល់​ដង្វាយ​ឧបត្ថម្ភ​ដល់​សមាគមន៍​ផ្សព្វផ្សាយ​ដំណឹង​ល្អ ដើម្បី​បញ្ជូន​បេសកជន ឲ្យ​ចេញ​ទៅ​ទូ​ទាំង​ពិភពលោក​។ បាវចនា​ដែល​ពួកគេ​បាន​ជ្រើសរើស​នោះ​គឺ transiens adiuva nos ជា​ភាសាឡាតាំង​មានន័យថា “សូម​ឆ្លង​មក​ជួយ​យើង​ខ្ញុំ​ផង!” នេះ​ជា​ពាក្យ​អំពាវនាវ​របស់​ទូត​ព្រះគ្រីស្ទ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ តាំងពី​សតវត្សរ៍ទី១ ដោយ​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​បាន​នាំ​ព្រះ​រាជសារ​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​របស់​ព្រះអង្គ ទៅ​កាន់​លោកិយ ដែល​កំពុង​ស្រេក​ឃ្លាន​សេចក្តី​សង្គ្រោះ​។

ពាក្យ “សូម​ឆ្លង​មក​ជួយ​យើង​ខ្ញុំ​ផង!” មាន​ប្រភព​មកពី “ការ​អំពាវនាវ​របស់​ពួក​ជំនុំ​នៅ​ស្រុក​ម៉ាសេដូន” ដូច​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក១៦​។ កាល​នោះ សាវ័ក​ប៉ុល និង​ក្រុម​ការងារ​របស់​គាត់​ទើបតែ​ធ្វើ​ដំណើរ​មកដល់​ទីក្រុង​ត្រូអាស នៅ​តាម​បណ្តោយ​ឆ្នេរ​ខាងលិច នៃ​តំបន់​អាស៊ី​តូច(សព្វថ្ងៃ​ជា​ប្រទេស​ទួរគី ខ.៨)។ នៅ​ទីនោះ មាន​យប់​មួយ “ប៉ុល​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង ជា​មនុស្ស​ពី​ស្រុក​ម៉ាសេដូន​ម្នាក់ ឈរ​អង្វរ​គាត់​ថា សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង”(ខ.៩)។ បន្ទាប់​ពី​បាន​ទទួល​ការ​បើក​សម្ដែង​នេះ​ហើយ សាវ័ក​ប៉ុល និង​គូរ​កន​របស់​គាត់​ក៏បាន “រក​ឱកាស​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន​ភ្លាម”​(ខ.១០)។ ពួកគេ​បាន​យល់​អំពី​សារៈសំខាន់​នៃ​ការ​អំពាវនាវ​នោះ​។

មិនមែន​មនុស្ស​ទាំង​អស់​សុទ្ធតែ​បាន​ទទួល​ការ​ត្រាស់ហៅ​ឲ្យ​ឆ្លង​សមុទ្រ​នោះ​ទេ ប៉ុន្តែ យើង​អាច​ជួយ​ទ្រទ្រង់​អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់ហៅ​នោះ ដោយ​ការ​អធិស្ឋាន និង​ដង្វាយ​ឧបត្ថម្ភ​។ ហើយ​យើង​ម្នាក់ៗ​សុទ្ធតែ​អាច​ប្រាប់​អ្នក​ដទៃ អំពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ ទោះ​នៅ​ក្នុង​បន្ទប់ នៅ​តាម​ផ្លូវ ឬ​ក្នុង​សហគមន៍​ណាមួយ​ក៏ដោយ​។ ចូរ​យើង​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ដ៏​ល្អ​របស់​យើង ជួយ​យើង​ឲ្យ​អាច​ឆ្លង​ទៅ​រក​អ្នក​ដទៃ ដើម្បី​ផ្តល់​ជំនួយ​ដ៏​សំខាន់​បំផុត គឺ​ឱកាស​ទទួល​ការ​អត់​ទោស​បាប​ក្នុង​ព្រះ​នាម​ព្រះយេស៊ូវ​។—Bill Crowder

តើ​ព្រះ​ទ្រង់​កំពុង​ត្រាស់ហៅ​អ្នក​ឲ្យ​ចែក​ចាយ​ជំនឿ​របស់​អ្នក នៅ​កន្លែងណា​ខ្លះ? តើ​ព្រះអង្គ​អាច​ប្រទាន​កម្លាំង​ឲ្យ​អ្នក​អាច​ចែក​ចាយ​ជំនឿ នៅ​ថ្ងៃ​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​នៃ​សេចក្តី​ស្រឡាញ់ ព្រះអង្គ​បាន​ចាត់​ព្រះរាជបុត្រា​ព្រះអង្គ ឲ្យ​មក​សង្គ្រោះ និង​អត់​ទោស​បាប​ឲ្យ​យើង​ខ្ញុំ​។ សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ​នូវ​លទ្ធ​ភាព ដើម្បី​ធ្វើ​ជា​អ្នក​នាំ​ដំណឹង​ល្អ​របស់​ព្រះអង្គ ឲ្យ​គេ​ដឹង​ថា ព្រះអង្គ​បាន​ប្រទាន​សេរី​ភាព និង​ការ​អត់​ទោស ដល់​មនុស្ស​ទាំង​អស់​ដែល​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​។

For further study, read Gospel Conversations: Sharing the Story of Jesus at DiscoverySeries.org/HP185.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៨-២៩ និង ម៉ាកុស ១៤:៥៤-៧២

ល្ងាច

Devotional illustration

យុថ្កា​នៃ​ក្តី​អំណរ

ដោយJohn Piper

March 16, 2024

អ្នករាល់គ្នា​មាន​ពរ ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយបង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នករាល់គ្នា ដោយ​ព្រោះ​ខ្ញុំ។ ម៉ាថាយ ៥:១១

កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះចូល​អ្នករាល់គ្នា​នោះ​ឡើយ ត្រូវឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នករាល់គ្នា​បាន​កត់ទុក​នៅ​ស្ថានសួគ៌​វិញ។ លូកា ១០:២០

ព្រះយេស៊ូវ​បាន​បើក​បង្ហាញ​អាថ៌កំបាំង ដែល​ការពារ​សុភមង្គល​របស់​យើង ឲ្យ​រួចផុត​ពី​ការ​គំរាមកំហែង ដែល​កើតឡើង​ពី​​សេចក្តីទុក្ខ និង​ភាព​ជោគជ័យ។ អាថ៌កំបាំង​នោះ​គឺ ៖ យើង​នឹង​ទទួល​រង្វាន់​ដ៏​ប្រសើរ​លើសលប់ នៅ​នគរ​ស្ថានសួគ៌។ ជា​សរុប រង្វាន់​នោះ​គឺជា​ការ​អរសប្បាយ​នឹង​សិរីល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ(យ៉ូហាន ១៧:២៤)។

ព្រះយេស៊ូវ​ការ​ពារ​សុភមង្គល​យើង ឲ្យ​រួចផុត​ពី​ទុក្ខវេទនា គឺ​ដូចដែល​ព្រះអង្គ​មាន​បន្ទូល​ថា ៖

"អ្នករាល់គ្នា​មាន​ពរ ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយបង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នករាល់គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មានចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នករាល់គ្នា​មាន​រង្វាន់​ជាធំ​នៅ​ឯ​ស្ថានសួគ៌ ពីព្រោះ​គេ​ក៏បាន​ធ្វើទុក្ខ​ដល់​ពួក​ហោរា ដែល​នៅមុន​អ្នករាល់គ្នា បែប​ដូច្នោះ​ដែរ​" (ម៉ាថាយ ៥:១១-១២)។

រង្វាន់​ដ៏​ប្រសើរ​លើសលប់​ដែល​យើង​នឹង​ទទួល​នៅ​ស្ថានសួគ៌ ជួយ​ឲ្យ​យើង​នៅតែ​មាន​អំណរ នៅពេល​ដែលគេ​ធ្វើទុក្ខ និង​បៀតបៀន​មក​លើ​យើង។

ព្រះអង្គ​ក៏​ការពារ​ក្តី​អំណរ​របស់​យើង ឲ្យ​រួចផុត​ពី​ផលវិបាក​នៃ​ជ័យជម្នះ គឺ​ដូចដែល​ព្រះអង្គ​មាន​បន្ទូល​ថា

"កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះចូល​អ្នករាល់គ្នា​នោះ​ឡើយ ត្រូវឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នករាល់គ្នា​បាន​កត់ទុក​នៅ​ស្ថានសួគ៌​វិញ​" (លូកា ១០:២០)។

ត្រង់​ចំណុច​នេះ ពួក​សាវ័ក​បាន​ជួប​ការ​ល្បួង ឲ្យ​អរ​សប្បាយ ចំពោះ​ជោគជ័យ​នៃ​ការងារ​បម្រើ​ព្រះ។ "ព្រះអម្ចាស់​អើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះចូល​ចំពោះ​យើង​រាល់គ្នា ដោយ​ព្រះនាម​ទ្រង់​ដែរ "(លូកា ១០:១៧)។ តែ​ការ​នេះ​បាន​កាត់​ផ្តាច់​ក្តី​អំណរ​របស់​ពួក​គេ ចេញ​ពី​យុថ្កា​ដ៏​រឹង​មាំ​តែមួយ​គត់​នៃ​ក្តី​អំណរ។

ដូចនេះ ព្រះយេស៊ូវ​ការ​ពារ​ក្តី​អំណរ​របស់​ពួក​គេ ឲ្យ​រួចផុត​ពី​ការ​គំរាមកំហែង ដែល​កើតឡើង​ពី​ជោគជ័យ ដោយ​ព្រះ​អង្គ​សន្យា​ថា យើង​នឹង​ទទួល​រង្វាន់​ធំ​ជាង​នោះ​ទៀត នៅ​ស្ថានសួគ៌។ ចូរ​យើង​អរ​សប្បាយ ព្រោះ​ឈ្មោះ​យើង បាន​កត់ទុក​នៅ​ស្ថានសួគ៌​ហើយ។ មរតក​របស់​អ្នក​គ្មាន​ដែន​កំណត់ មាន​ភាព​អស់​កល្ប​ជានិច្ច និង​ពិតប្រាកដ។

ក្តី​អំណរ​របស់​យើង​មាន​សុវត្ថិភាព។ គ្មាន​ទុក្ខវេទនា ឬ​ផល​វិបាក​នៃ​ជោគជ័យ​ណា ដែល​អាច​បំផ្លាញ​យុថ្កា​របស់​វា​ឡើយ។ អ្នកមាន​រង្វាន់​ដ៏​ប្រសើរ​លើសលប់ នៅ​ស្ថានសួគ៌។ ឈ្មោះ​អ្នក​បាន​កត់ទុក​នៅ​ទីនោះ​ហើយ។ វា​នឹង​មិន​រលប់​បាត់​ទៅ​ណា​ឡើយ។

ព្រះយេស៊ូវ​បាន​បោះយុថ្កា​នៃ​សុភមង្គល​របស់​ពួក​បរិសុទ្ធ​ដែល​រងទុក្ខ ឲ្យ​ជាប់​នៅក្នុង​រង្វាន់​នៅ​ស្ថានសួគ៌។ ហើយ​ព្រះអង្គ​ក៏​បោះយុថ្កា​នៃ​សុភមង្គល​របស់​ពួក​បរិសុទ្ធ​ដែល​មានជ័យ​ជម្នះ យ៉ាង​ដូច​នេះ​ផង​ដែរ។

ហេតុនេះ​ហើយ ព្រះអង្គ​ក៏បាន​រំដោះ​យើង ឲ្យ​រួចផុត​ពី​ភាព​ផ្តាច់​ការ​នៃ​ការឈឺចាប់ និង​ការ​សប្បាយ​របស់​លោកិយ ដែល​ជា​ទុក្ខវេទនា និង​ជោគជ័យ​របស់​លោកិយ។

ប្រភេទ