នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

អ្នក​ដឹកនាំ​ដែល​រួបរួម​គ្នា ដើម្បី​នគរ​ព្រះ

អ្នក​ដឹកនាំ​ដែល​រួបរួម​គ្នា ដើម្បី​នគរ​ព្រះ

ដោយXochitl Dixon

March 17, 2024

ជន​គណនា ១១:១៦-១៧,២៧-២៩

អញ​សុខ​ចិត្ត​ឲ្យ​បណ្តាជន​ទាំងឡាយ​របស់​ព្រះយេហូវ៉ា ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះយេហូវ៉ា​បាន​ដាក់​ព្រះ​វិញ្ញាណ​ទ្រង់ លើ​គេ​គ្រប់​គ្នា​ចុះ​។ ជន​គណនា ១១:២៩

កាល​ខ្ញុំ​បាន​ចូល​រួម​ក្រុម​អ្នក​និពន្ធ​សៀវភៅ​កុមារ​គ្រីស្ទបរិស័ទ យើង​បាន​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក ហើយ​ជួយ​ផ្សព្វផ្សាយ​សៀវភៅ​ឲ្យ​គ្នា​ទៅ​វិញ​មក​។ អ្នក​ខ្លះ​និយាយ​ថា យើង​មាន​ភាព​ល្ងង់​ខ្លៅ​ណាស់ ដែល​យើង​មាន​ការ​រួបរួម​ជា​មួយ​គូរ​ប្រជែង​ក្នុង​ការ​លក់​សៀវភៅ​។ ប៉ុន្តែ ក្រុម​របស់​យើង​ជា​ក្រុម​អ្នក​ដឹកនាំ​ដែល​ផ្ដោត​ចិត្ត​ទៅ​លើ​នគរ​ព្រះ និង​លើក​កម្ពស់​សហគមន៍ មិនមែន​ប្រកួត​គ្នា​នោះ​ទេ​។ យើង​មាន​គោលដៅ​ដូច​គ្នា គឺ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​។ យើង​បម្រើ​មហាក្សត្រ​តែមួយ គឺ​ព្រះយេស៊ូវ​។ យើង​បាន​រួបរួម​គ្នា ដើម្បី​ឈោង​ចាប់​មនុស្ស​កាន់តែ​ច្រើន ដោយ​ការ​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះគ្រីស្ទ​។

កាល​ព្រះអម្ចាស់​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ជ្រើសរើស​ពួក​ចាស់​ទុំ​៧០​នាក់ ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​ដឹកនាំ ព្រះអង្គ​មាន​បន្ទូល​ថា “អញ​នឹង​ចុះ​មក​និយាយ​នឹង​ឯង ហើយ​នឹង​ចែក​ព្រះ​វិញ្ញាណ ដែល​សណ្ឋិត​លើ​ឯង ទៅ​ដាក់លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តាជន​នេះ​ជា​មួយ​នឹង​ឯង ដើម្បី​កុំ​ឲ្យ​ឯង​ត្រូវ​ផ្ទុក​តែ​ម្នាក់ឯង​ឡើយ”(ជន​គណនា ១១:១៦-១៧)។ ក្រោយមក លោក​យ៉ូស្វេ​បាន​ឃើញ​ពួក​ចាស់ទុំ​ពីរ​នាក់​កំពុង​ថ្លែង​ទំនាយ ហើយក៏​បាន​ប្រាប់​លោក​ម៉ូសេ​ឲ្យ​ឃាត់​ឃាំង​ពួកគេ​។ លោក​ម៉ូសេ​ក៏បាន​មាន​ប្រសាសន៍​ថា “តើ​ឯង​ច្រណែន​ជំនួស​អញ​ឬអី អញ​សុខ​ចិត្ត​ឲ្យ​បណ្តាជន​ទាំងឡាយ​របស់​ព្រះយេហូវ៉ា ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះយេហូវ៉ា​បាន​ដាក់​ព្រះ​វិញ្ញាណ​ទ្រង់ លើ​គេ​គ្រប់​គ្នា​ចុះ”(ខ.២៩)។

ព្រះវិញ្ញាណបរិសុទ្ធ​អាច​ប្រទាន​កម្លាំង​យើង ឲ្យ​ជម្នះ​ការ​ល្បួង ដែល​នាំ​ចិត្ត​យើង​ឲ្យ​ផ្ដោត​ទៅ​លើ​ការ​ប្រកួត​ប្រជែង​គ្នា ឬ​ការ​ប្រៀបធៀប​គ្នា ដែល​រារាំង​យើង​មិន​ឲ្យ​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ​។ ពេលណា​យើង​ទូល​សូម​ព្រះអង្គ​ប្រទាន​ភាពជា​អ្នក​ដឹកនាំ​ដែល​ផ្តោត​ចិត្ត​ទៅ​លើ​នគរ​ព្រះអង្គ ព្រះអង្គ​នឹង​ប្រើ​យើង​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ថែម​ទាំង​អាច​សម្រាល​បន្ទុក​របស់​យើង ខណៈ​ពេល​ដែល​យើង​បម្រើ​ព្រះអង្គ​ជាមួយ​គ្នា​។—Xochitl Dixon

តើ​អ្នក​បាន​រួបរួម​ជាមួយ​អ្នក​ដទៃ​ដូច​ម្តេច​ខ្លះ ដើម្បី​បម្រើ​ព្រះអង្គ? តើ​អ្នក​អាច​ជួយ​ទ្រទ្រង់​នរណា​ខ្លះ ខណៈ​ពេល​ដែល​ពួកគេ​បម្រើ​ព្រះអង្គ ដោយ​អំណោយ​ទាន​របស់​ពួកគេ?

ឱ​ព្រះវិញ្ញាណបរិសុទ្ធ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មាន​ភាពជា​អ្នក​ដឹកនាំ​ដែល​ផ្ដោត​ចិត្ត​ទៅ​លើ​នគរ​ព្រះអង្គ ហើយ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ ដើម្បី​ឈោង​ចាប់​មនុស្ស​កាន់តែ​ច្រើន ដោយ​ព្រះរាជសារ​នៃ​ដំណឹង​ល្អ​ដែល​សង្គ្រោះ​ជីវិត​ឲ្យ​រួច​ពី​បាប​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣០-៣១ និង ម៉ាកុស ១៥:១-២៥

ល្ងាច

Devotional illustration

យើង​នឹង​បាន​គ្រប់គ្រង​លើ​អ្វី​ៗ​ទាំង​អស់

ដោយJohn Piper

March 17, 2024

ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជាមួយនឹង​អញ ដូចជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជាមួយនឹង​ព្រះវរបិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ។ វិវរណៈ ៣:២១

ក្នុង​បទ​គម្ពីរ​នេះ ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅកាន់​ពួក​ជំនុំ នៅ​ក្រុង​ឡៅឌីសេ។ តើ​ព្រះបន្ទូល​នេះ មានន័យ​ដូចម្តេច?

តើ​យើង​នឹង​បាន​អង្គុយ​នៅ​លើ​បល្ល័ង្ក​ជាមួយ​ព្រះអង្គ​មែនទេ?

នេះ​ជា​ព្រះបន្ទូល​សន្យា ដល់​អស់អ្នក​ដែល​បាន​ឈ្នះ គឺ​អ្នក​ដែល​ខំ​មមុល​ទៅមុខ ដោយ​ជំនឿ ដល់ទី​បញ្ចប់(១យ៉ូហាន ៥:៤) ទោះជា​មាន​ការ​គំរាមកំហែង ពី​ការឈឺចាប់ និង​ការ​ល្បួង​ឲ្យ​សប្បាយ​ក្នុង​អំពើបាប។ ដូចនេះ បើ​អ្នកជា​អ្នកជឿ​ព្រះយេស៊ូវ​ ពិតប្រាកដ អ្នក​នឹង​បាន​អង្គុយ​នៅ​លើ​បល្ល័ង្ក​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​គង់នៅ​លើ​បល្ល័ង្ក​នៃ​ព្រះវរបិតា។

ខ្ញុំ​ជឿ​ថា ពាក្យ "បល្ល័ង្ក​របស់​ព្រះ​" ជា​សញ្ញា​បង្ហាញ​អំពី​សិទ្ធិ និង​អំណាច​សម្រាប់​គ្រប់គ្រង​ចក្រវាល។ ព្រះយេស៊ូវ​គង់នៅ​លើ​បល្ល័ង្ក​នេះឯង។ សាវ័ក​ប៉ុល​មានប្រសាសន៍​ថា " ដ្បិត​គួរឲ្យ​ទ្រង់​បាន​សោយរាជ្យ ទាស់​តែ​ដាក់​អស់ទាំង​ខ្មាំងសត្រូវ​នៅ​ក្រោមព្រះបាទ​ទ្រង់ "(១កូរិនថូស ១៥:២៥)។ ដូចនេះ ពេល​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា ព្រះអង្គ​នឹង​ឲ្យ​យើង​អង្គុយ​ជាមួយ​ព្រះអង្គ នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ គឺ​ព្រះ​កំពុង​សន្យា​ថា យើង​នឹង​មាន​ចំណែក នៅក្នុង​ការគ្រប់គ្រង​មក​លើ​អ្វីៗ​គ្រប់​យ៉ាង។

តើ​នេះ​មិនមែន​ជា​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​គិតដល់ ក្នុង​បទ​គម្ពីរ អេភេសូរ ១:២២-២៣ ដែល​ចែងថា "​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំងអស់ នៅ​ក្រោមព្រះបាទ​នៃ​ព្រះរាជបុត្រា ទាំង​ប្រទាន​ទ្រង់​មក​ធ្វើជា​សិរសា​លើ​គ្រប់​ទាំងអស់ ដល់​ពួក​ជំនុំ ដែល​ជា​រូបកាយ​ទ្រង់ គឺជា​សេចក្តី​ពោរពេញ​របស់​ព្រះអង្គ ដែល​បំពេញ​គ្រប់​ទាំងអស់ ក្នុង​ទាំងអស់​"។

យើង​ដែល​ជា​ពួក​ជំនុំ "ជា​សេចក្តី​ពោរពេញ​របស់​ព្រះអង្គ ដែល​បំពេញ​គ្រប់​ទាំងអស់​"។ តើ​ឃ្លា​នេះ​មានន័យ​ដូចម្តេច? ខ្ញុំ​យល់ថា ឃ្លា​នេះ​មាន​ន័យ​ថា ចក្រវាល​នឹង​ពេញដោយ​សិរីល្អ​នៃ​ព្រះអម្ចាស់(ជនគណនា ១៤:២១)។ ហើយ​លក្ខណៈ​មួយ​នៃ​សិរីល្អ​នោះ គឺជា​ការពង្រីក​ដ៏​ពេញលេញ នៃ​ការ​គ្រប់គ្រង​របស់​ព្រះអង្គ​នៅ​គ្រប់​ទីកន្លែង ដែល​មិន​អាច​បដិសេធន៍​បាន​។

ដូចនេះ បទ​គម្ពីរ​អេភេសូរ ១:២៣ មាន​ន័យ​ថា ព្រះយេស៊ូវ​បំពេញ​ចក្រវាល​ទាំងមូល ដោយ​ការគ្រប់គ្រង​ដ៏​រុងរឿង​របស់​ព្រះអង្គ តាមរយៈ​យើង។ បាន​សេចក្តី​ថា យើង​អង្គុយ​ជាមួយ​ព្រះអង្គ នៅ​លើ​បល្ល័ង្ក​ព្រះអង្គ។

គ្មាន​នរណា​ម្នាក់​យល់​រឿង​នេះ​បាន​ច្បាស់​លាស់​ទេ។ រឿង​នេះ​ល្អ ហើយ​អស្ចារ្យ​ពេក។ ហេតុនេះ​ហើយ​សាវ័ក​ប៉ុល​បាន​អធិស្ឋាន​សូម​ព្រះអម្ចាស់​ជួយ ឲ្យភ្នែក​ចិត្ត​របស់​យើង បាន​ភ្លឺឡើង​ប្រយោជន៍ឲ្យ​បានដឹង​ថា ដែល​ទ្រង់​ហៅ​យើង​រាល់គ្នា នោះ​មាន​សេចក្តី​សង្ឃឹម​ជា​យ៉ាងណា(អេភេសូរ ១:១៨)។

បើ​គ្មាន​ជំនួយ​ពី​ព្រះ​ដែល​មាន​គ្រប់​ចេស្ដា​ទេ យើង​មិន​អាច​ស្គាល់​ភាព​អស្ចារ្យ​នៃ​ការ​ផ្លាស់​ប្រែ​ដែល​ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​មាន​នោះ​ឡើយ។ ប៉ុន្តែ បើ​ព្រះអង្គ​ឲ្យ​យើង​ស្គាល់​ភាព​អស្ចារ្យ​នោះ ពិតប្រាកដ​មែន នោះ​អារម្មណ៍​ដែល​យើង​មាន ចំពោះ​លោកិយ​នេះ នឹង​មានការ​ផ្លាស់​ប្តូរ។ ព្រះរាជ​បញ្ជា​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ដែល​ចម្លែក និង​សំខាន់ នឹង​មិន​ចម្លែក ដូចដែល​គេ​ធ្លាប់​គិតឃើញ​នោះ​ឡើយ។

ប្រភេទ