យើង​មាន​ចៅហ្វាយ១នៅ​ស្ថាន​សួគ៌

កូល៉ុស ៣:២២-៤:១

ពួក​ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​បើក​ឲ្យ​ដល់​អ្នក​បំរើ​របស់​អ្នក តាម​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅហ្វាយ១នៅ​ស្ថាន​សួគ៌​ដែរ​។ កូល៉ុស ៤:១

ក្រសួង​ការងារ​នៃ​ប្រទេស​សិង្ហបុរី បាន​ប្រកាស​កាលពី​ឆ្នាំ​២០២២​ថា កម្មករ​អន្តោ​ប្រវេសន៍​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​សិង្ហបុរី ត្រូវតែ​ទទួល​បាន​ថ្ងៃ​ឈប់​សម្រាក យ៉ាង​ហោច​ណាស់ ១ថ្ងៃ ជា​រៀង​រាល់​ខែ ដែល​ថៅកែ​របស់​ខ្លួន​មិន​អាច​បដិសេធន៍ ឬ​មិន​អាច​បង់លុយ​ឲ្យ​ពួកគេ​ធ្វើ​ការ​នៅ​ថ្ងៃឈប់សម្រាក១ថ្ងៃ​នោះ​ឡើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ កម្មករ​ទាំងឡាយ​មាន​ការ​ព្រួយ​បារម្ភ​ថា ពួកគេ​មិន​មាន​នរណា​ម្នាក់​មើលថែ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន នៅ​ថ្ងៃ​នោះ​។ ពួកគេ​អាច​ប្រើ​ជម្រើស​ផ្សេង ដើម្បី​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​បាន​ទទួល​ការ​មើលថែ នៅ​ថ្ងៃ​នោះ តែ​គេ​ពិបាក​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ថៅកែ ដែល​មិន​បាន​ឲ្យ​តម្លៃ​មក​លើ​តម្រូវការ​នៃ​ការ​សម្រាក​របស់​កម្មករ​។

ការ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​ការ​យោគ​យល់ មិនមែន​ជា​រឿង​ថ្មី​ទេ​។ សាវ័ក​ប៉ុល​បាន​រស់នៅ​ក្នុង​សម័យ​ដែល​អ្នក​បម្រើ ត្រូវ​គេ​ចាត់​ទុកជា​កម្មសិទ្ធិ​របស់​ចៅហ្វាយ​ខ្លួន​។ តែ​នៅ​ក្នុង​បន្ទាត់​ចុង​ក្រោយ​នៃ​ការ​បង្រៀន​របស់​គាត់ ទៅ​កាន់​ពួក​ជំនុំ អំពី​គ្រួសារ​របស់​គ្រីស្ទបរិស័ទ​ដែល​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ គាត់​មាន​ប្រសាសន៍​ថា ចៅហ្វាយ​ទាំងឡាយ​ត្រូវតែ​ប្រព្រឹត្តិ​ចំពោះ​អ្នក​បម្រើ​ខ្លួន “ដោយ​យុត្តិ​ធម៌”(កូល៉ុស ៤:១)។

ដូច​ដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ “ទុក​ដូចជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិនមែន​ដល់​មនុស្ស”(៣:២៣) នោះ​គាត់​ក៏បាន​ក្រើន​រំឭក​ចៅហ្វាយ​ទាំង​ឡាយ​ថា ពួកគេ​ក៏​មាន​ចៅហ្វាយ១នៅ​ស្ថាន​សួគ៌​ផង​ដែរ(៤:១)។ គោលបំណង​របស់​គាត់ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នកជឿ​ព្រះ​នៅ​ទីក្រុង​កូល៉ុស​ឲ្យ​រស់នៅ ដោយ​ការ​ចុះ​ចូល​ព្រះគ្រីស្ទ ធ្វើ​ជា​ព្រះអម្ចាស់​របស់​ពួកគេ​។ ក្នុង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​អ្នក​ដទៃ ទោះ​យើង​ជា​ចៅហ្វាយ​នាយ និយោជក ក្នុង​ផ្ទះ ឬ​ក្នុង​សហគមន៍​ក្តី យើង​អាច​ទូល​សូម​ព្រះ​អម្ចាស់​ជួយ​យើង ធ្វើ​ការ​អ្វី​ដែល​ត្រឹម​ត្រូវ និង​យុត្តិ​ធម៌(ខ.១)។—Jasmine Goh

តើ​អ្នក​មិន​បាន​ប្រព្រឹត្ត​ចំពោះ​នរណា​ម្នាក់ ដោយ​យុត្តិ​ធម៌ នៅ​ពេលណា? ក្នុង​កន្លែង​ធ្វើ​ការ ឬ​នៅ​ផ្ទះ អ្នក​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ខ្លះ ដើម្បី​ឲ្យ​អ្នក​អាច​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​ចិត្ត​មេត្តា?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ពេល​ណា​ទូល​បង្គំ​មិន​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​យុត្តិធម៌​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ចុះ​ចូល​ព្រះអង្គ ធ្វើ​ជា​ព្រះអម្ចាស់​នៃ​ជីវិត​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១-៣ និង ម៉ាកុស ១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles