ទំនុកដំកើង ៤០:១-៥
មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ាជាទីពឹង។ ទំនុកដំកើង ៤០:៤
លីនដា(Linda) បានជួយសង្រ្គោះសត្វឆ្កែមួយក្បាលឈ្មោះ រូឌី(Rudy) ដើម្បីកុំឲ្យគេចាក់ថ្នាំសម្លាប់វា នៅកន្លែងសង្គ្រោះសត្វចិញ្ចឹម ហើយសត្វឆ្កែនោះក៏បានរស់នៅជាមួយនាងជារៀងរហូត។ រូឌីតែងតែដេកនៅក្បែរគ្រែគេងរបស់លីនដា យ៉ាងស្ងាត់ស្ងៀមអស់ អស់រយៈពេល១០ឆ្នាំ ប៉ុន្តែ ក្រោយមក វាស្រាប់តែចាប់ផ្តើមលោតឡើងទៅអង្គុយក្បែរនាង ហើយលិតមុខនាង។ លីនដាក៏បានស្តីបន្ទោសឲ្យវា តែជារៀងរាល់ថ្ងៃ រូឌីនៅតែមានអាកប្បកិរិយាដូចនេះ។ លីនដាក៏បាននិយាយថា “វាតែងតែលោតឡើងអង្គុយនៅលើភ្លៅខ្ញុំ ហើយលិតមុខខ្ញុំ រៀងរាល់ពេលខ្ញុំអង្គុយចុះ”។
ខណៈពេលដែលលីដាមានគម្រោងយករូឌីទៅសាលាបង្រៀនឆ្កែឲ្យស្តាប់បង្គាប់ម្ចាស់ នាងក៏បានចាប់ផ្តើមឆ្ងល់ថា ហេតុអ្វីរូឌីតែងតែលិតមុខនាង នៅត្រង់ចំណុចតែមួយ នៅត្រង់ថ្គាមរបស់នាង។ លីនដាក៏មានការសង្ស័យ ហើយក៏បានទៅជួបពេទ្យ។ ពេទ្យក៏បានរកឃើញថា នាងមានដុំសាច់តូចល្អិតនៅក្នុងឆ្អឹងថ្គាមរបស់នាង ដែលជាមហារីកឆ្អឹង។ គ្រូពេទ្យក៏បានប្រាប់នាងថា បើសិនជាមិនបានមកពិនិត្យឲ្យទាន់ពេលវេលាទេ នាងមុខជាស្លាប់មិនខាន។ លីនដាបានទុកចិត្តលើសភាវគតិរបស់រូឌី ហើយនាងមានការសប្បាយចិត្ត ដែលការទុកចិត្តនេះបានជួយឲ្យនាងរួចផុតពីសេចក្តីស្លាប់។
ការទុកចិត្តដ៏ត្រឹមត្រូវពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ព្រះគម្ពីរបានបង្រៀនយើងជាញឹកញាប់ថា មានតែព្រះទេ ដែលយើងអាចទុកចិត្តបានទាំងស្រុង ដោយគ្មានការសង្ស័យ ហើយការទុកចិត្តព្រះអង្គថែមទាំងនាំទៅរកជីវិត និងក្តីអំណរ។ គឺដូចបទគម្ពីរទំនុកដំកើង ៤០:៤ បានចែងថា “មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ាជាទីពឹង”។ ពាក្យមានពរ ក្នុងបទគម្ពីរទំនុកដំកើង គឺមានអត្ថន័យសំដៅទៅលើក្តីអំណរដ៏ពោរពេញ ដែលកើតមានភ្លាមៗ និងមានភាពស្កប់ស្កល់។
ពេលណាយើងទុកចិត្តព្រះអង្គ យើងនឹងទទួលបានព្រះពរ ដែលជាសុភមង្គលដ៏ជ្រាលជ្រៅ និងពិតប្រាកដ។ យើងប្រហែលពិបាកទុកចិត្តព្រះអង្គនៅពេលខ្លះ ហើយលទ្ធផលដែលយើងទទួលបានក៏មិនមែនជាអ្វីដែលយើងបាននឹកស្មានដែរ។ ប៉ុន្តែ បើយើងទុកចិត្តព្រះអង្គ យើងនឹងក្លាយជាមនុស្សមានពរពិត។—Winn Collier
តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យអ្នកពិបាកទុកចិត្តព្រះ? តើអ្នកនឹងមានការផ្លាស់ប្តូរដូចម្តេចខ្លះ ពេលដែលអ្នកពិតជាជឿថា ការទុកចិត្តព្រះអង្គនាំឲ្យអ្នកមានក្តីអំណរ?
ឱព្រះអម្ចាស់ ទូលបង្គំចង់បានសុភមង្គល ដែលមានតែព្រះអង្គទេដែលអាចប្រទានឲ្យបាន។ តែទូលបង្គំពិបាកទុកចិត្តព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ៤-៦ និង លូកា ១:១-២០