១យ៉ូហាន ៣:១៦-១៨
ពួកកូនតូចៗ អើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសំដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្តីពិតវិញ។ ១យ៉ូហាន ៣:១៨
តើមានកត្តាអ្វីដែលបណ្តាលឲ្យនរណាម្នាក់ ជួយគូរប្រជែងរបស់ខ្លួន? សម្រាប់ម្ចាស់ភោជនីយដ្ឋាន គឺលោកអាដូលហ្វូ(Adolfo) ក្នុងរដ្ឋវីនខុនស៊ីន គាត់បានឆក់ឱកាសលើកទឹកចិត្តម្ចាស់ភោជនីយដ្ឋានដទៃទៀត ក្នុងតំបន់ ឲ្យចេះសម្របខ្លួននឹងបទបញ្ជាអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ។ លោកអាដូលហ្វូបានដឹងជាមុន អំពីបញ្ហាប្រឈម ក្នុងការបន្តបើកភោជនីយដ្ឋាន ក្នុងសម័យជំងឺកូវីដកំពុងរីករាលដាល។ បន្ទាប់ពីគាត់បានទទួលការលើកទឹកចិត្តពីអំពើសប្បុរសធម៌របស់ម្ចាស់អាជីវកម្មដទៃទៀត គាត់ក៏បានចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីទិញគូប៉ុនដែលមានតម្លៃសរុបជាង២ពាន់ដុល្លា ចែកឲ្យអតិថិជនរបស់គាត់ដោយឥតគិតថ្លៃ ដើម្បីឲ្យពួកគេប្រើគូប៉ុននោះ ទៅទិញអាហារនៅភោជនីយដ្ឋានដទៃទៀត ក្នុងតំបន់ដែលគាត់រស់នៅ។ នេះជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់ ដែលមិនមែនតាមរយៈពាក្យសម្តីតែម្យ៉ាង តែតាមរយៈការប្រព្រឹត្តផងដែរ។
កណ្ឌគម្ពីរយ៉ូហានបានលើកទឹកចិត្តគ្រីស្ទបរិស័ទទាំងអស់ឲ្យបង្ហាញចេញនូវសេចក្តីស្រឡាញ់ ក្នុងការប្រព្រឹត្ត ផ្អែកទៅលើគំរូនៃសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានបង្ហាញ ដោយស្ម័គ្រព្រះទ័យលះបង់ព្រះជន្ម ដើម្បីសង្គ្រោះមនុស្សជាតិ(១យ៉ូហាន ៣:១៦)។ តាមបទគម្ពីរនេះ ការលះបង់ជីវិតដើម្បីបងប្អូនខ្លួន(ខ.១៦) គឺជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់ តាមគំរូព្រះយេស៊ូវ ដែលរាប់បញ្ចូលការប្រព្រឹត្តជាក់ស្តែងជារៀងរាល់ថ្ងៃ ដែលមានដូចជាការចែករំលែករបស់ទ្រព្យជាដើម។ ការស្រឡាញ់តែពាក្យសម្តីមិនទាន់គ្រប់គ្រាន់ទេ សេចក្តីស្រឡាញ់តម្រូវឲ្យមានការប្រព្រឹត្តដោយចិត្តស្មោះត្រង់ និងមានន័យ(ខ.១៨)។
ការបង្ហាញសេចក្តីស្រឡាញ់ក្នុងការប្រព្រឹត្តអាចមានការពិបាក ព្រោះវាច្រើនតែតម្រូវឲ្យមានការលះបង់ផ្ទាល់ខ្លួន ឬការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍អ្នកដទៃ។ យើងអាចបោះជំហានទៅមុខ ដោយសេចក្តីស្រឡាញ់ ដោយជំនួយពីព្រះវិញ្ញាណរបស់ព្រះ និងនឹកចាំសេចក្តីស្រឡាញ់ដ៏ហូរហៀរដែលព្រះអង្គមានសម្រាប់យើង។—Lisa M. Samra
តើអ្នកបានដកពិសោធន៍នឹងសេចក្តីស្រឡាញ់ តាមរយៈការប្រព្រឹត្តដូចម្តេចខ្លះ? តើអ្នកអាចបោះជំហានទៅមុខ ដោយសេចក្តីស្រឡាញ់ចំពោះនរណាម្នាក់ តាមការប្រព្រឹត្តដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យយកគំរូតាមព្រះអង្គ ហើយបោះជំហានទៅមុខ ដោយបង្ហាញសេចក្តីស្រឡាញ់ពិតប្រាកដ តាមរយៈការប្រព្រឹត្តរបស់ទូលបង្គំនៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១០-១២ និង លូកា ១:៣៩-៥៦