នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សេចក្តី​ស្រឡាញ់ ដែល​នាំ​ឲ្យ​គេ​សរសើរ​ដំកើង​ព្រះ

សេចក្តី​ស្រឡាញ់ ដែល​នាំ​ឲ្យ​គេ​សរសើរ​ដំកើង​ព្រះ

ដោយMike Wittmer

March 23, 2024

១ពេត្រុស ២:១១-១២

ទាំង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ... នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក​ប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ​។ ១ពេត្រុស ២:១២

ស្ត្រី​ម្នាក់​ដែល​អង្គុយ​នៅ​លើ​កៅ​អី​ជាប់​ខ្ញុំ ក្នុង​យន្តហោះ បាន​ប្រាប់​ខ្ញុំ​ថា នាងមិន​ជឿ​ព្រះ ហើយ​គាត់​ក៏​គ្មាន​ជំនឿ​សាសនា​ដែរ​។ គាត់​បាន​ផ្លាស់ទី​លំនៅ​ទៅ​ទីក្រុង​មួយ ដែល​មាន​គ្រីស្ទបរិស័ទ​ជា​ច្រើន​រស់នៅ​។ នៅពេល​ដែល​គាត់​បាន​លើក​ឡើង​ថា ភាគ​ច្រើន​នៃ​អ្នក​ជិត​ខាង​របស់​គាត់​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អា​ទិត្យ ខ្ញុំ​ក៏បាន​សួរ​គាត់​អំពី​បទ​ពិសោធន៍​របស់​គាត់ នៅ​ក្នុង​ការ​រស់នៅ​ទីនោះ​។ គាត់​ថា គាត់​មិន​ដឹង​ថា គាត់​អាច​សងគុណ​ពួកគេ​វិញ​ដោយ​របៀបណា​ទេ​។ នៅពេល​ដែល​​គាត់​នាំ​ឪពុក​របស់​គាត់​ជា​ជន​ពិការ ទៅ​រស់នៅ​ជាមួយ​គាត់ ក្នុង​ប្រទេស​នោះ អ្នក​ជិត​ខាង​របស់គាត់​បាន​សង់​ផ្លូវ​សម្រាប់​ឲ្យ​ឪពុក​គាត់​អាច​ជិះ​រទេះរុញ​ចេញ​ចូល​ផ្ទះ​របស់​គាត់ ហើយ​ក៏​បាន​បរិច្ចាគ​គ្រែ​ពេទ្យ​មួយ​គ្រឿង និង​ថ្នាំ​ពេទ្យ​ដល់​ឪពុក​គាត់។ គាត់​ក៏​បាន​និយាយ​ថា “បើសិន​ជា​ការ​រស់នៅ​ជា​គ្រីស្ទបរិស័ទ​ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​សប្បុរស នោះ​មនុស្ស​គ្រប់​គ្នា​គួរតែ​ក្លាយ​ជា​គ្រីស្ទបរិស័ទ”។

នេះ​ជា​អ្វី​ដែល​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​គាត់និយាយ! ព្រោះ​ព្រះអង្គ​បាន​ប្រាប់​សិស្ស​ព្រះ​អង្គ​ថា “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅមុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថាន​សួគ៌”(ម៉ាថាយ ៥:‌១៦)។ លោក​ពេត្រុស​បានឮ​ព្រះ​រាជ​បញ្ជា​របស់​ព្រះគ្រីស្ទ បានជា​គាត់​បង្រៀន​គ្រីស្ទបរិស័ទ​ឲ្យ “ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែងណា ដែលគេ​និយាយ​ដើម​ពី​អ្នក​រាល់​គ្នា ទុក​ដូចជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក​ប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ”(១ពេត្រុស ២:១២)។

អ្នក​ជិត​ខាង​យើង​ដែល​មិន​ជឿ​ព្រះយេស៊ូវ ប្រហែល​មិន​យល់​អំពី​ជំនឿ និង​មូល​ហេតុ​ដែល​យើង​ជឿ​ទេ​។ តែ​កុំ​បារម្ភ​អំពី​បញ្ហា​នេះ​ឡើយ ដរាប​ណា​យើង​នៅ​មាន​ឱកាស​បង្ហាញ​សេចក្តី​ស្រឡាញ់ តាមរយៈ​ការ​ប្រព្រឹត្ត​របស់​យើង​។ ស្ត្រី​ដែល​អង្គុយ​នៅ​កៅអី​ជាប់​ខ្ញុំ​ក្នុង​យន្តហោះ​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​អ្នក​ជិត​ខាង​របស់​នាង ដែល​នៅតែ​បន្ត​យក​ចិត្ត​ទុកដាក់​ចំពោះ​នាង ទោះ​នាង​មិន​បាន​ខ្វល់​ពី​គេ​ក៏ដោយ​។ នាង​ដឹង​ថា ពួក​គេ​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​នាង ដោយសារ​ព្រះយេស៊ូវ ហើយ​នាង​ក៏​បាន​អរ​ព្រះគុណ​ព្រះអង្គ​។ នាង​ប្រហែល​មិន​ទាន់​បាន​ជឿ​ព្រះអង្គ​ទេ តែ​ការ​ល្អ​ដែល​នាង​បាន​​បើក​ចំហ​ចិត្ត​ ហើយ​នាង​អរ​ព្រះ​គុណ​ព្រះអង្គ ដែលអ្នក​​ដទៃ​ទទួល​ជឿ​ព្រះអង្គ​។—Mike Wittmer

តើ​ក្នុង​ចំណោម​មនុស្ស​ដែល​អ្នក​ស្គាល់ មាន​នរណា​ខ្លះ ដែល​ត្រូវ​ការ​ព្រះយេស៊ូវ? តើ​អ្នក​អាច​ស្រឡាញ់​ពួកគេ​យ៉ាង​ដូច​ម្តេច​ខ្លះ ដោយ​យល់​ដល់​ព្រះអង្គ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ពន្លឺ​ព្រះ​អង្គ​ចែងចាំង​តាម​រយៈ​ទូល​បង្គំ​។

For further study, read Pray First: The Power of Prayer in Sharing the Gospel at DiscoverySeries.org/Q0219.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១៣-១៥ និង លូកា ១:៥៧-៨០

ល្ងាច

Devotional illustration

ចូរ​យើង​ចូល​ទៅ​រក​ព្រះ ដោយ​ផ្ទាល់

ដោយJohn Piper

March 23, 2024

នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​សូម​ដោយនូវ​ឈ្មោះខ្ញុំ ហើយ​ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ ដ្បិត​ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ ដោយ​ព្រោះ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ហើយក៏​ជឿ​ថា ខ្ញុំ​បាន​ចេញពី​ព្រះ​មក។ យ៉ូហាន ១៦:២៦-២៧

ចូរ​យើង​កុំ​រំពឹង​ចង់​ឲ្យ​ព្រះរាជបុត្រា​នៃ​ព្រះ ធ្វើ​លើស​ពី​ភារកិច្ច​របស់​ព្រះអង្គ ជា​អង្គ​បុគ្គល​ដែល​នៅ​កណ្តាល​យើង និង​ព្រះ​នោះ​ឡើយ។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា "ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ​"។ បាន​សេចក្តី​ថា ព្រះអង្គ​នឹង​មិន​នៅ​កណ្តាល​យើង និង​ព្រះវរបិតា ដោយ​ហាក់ដូចជា យើង​មិន​អាច​ចូល​ទៅ​រក​ព្រះ ដោយ​ផ្ទាល់​នោះ​ឡើយ។ តើ​ហេតុអ្វី? ព្រោះ​ព្រះវរបិតា​ស្រឡាញ់​យើង​រាល់គ្នា។

នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​កំពុង​ដាស់តឿន​យើង កុំ​ឲ្យ​គិតថា ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា មិន​សព្វព្រះទ័យ​នឹង​ទទួល​យើង​ដោយ​ផ្ទាល់ ចូលក្នុង​ព្រះ​វត្ត​មានព្រះអង្គ​នោះ​ឡើយ។ ខ្ញុំ​ប្រើ​ពាក្យ "ដោយ​ផ្ទាល់​" សំដៅ​ទៅលើ​អ្វី​ដែល​ព្រះយេស៊ូវ​ចង់​មានន័យ ពេល​ព្រះអង្គ​មាន​បន្ទូល​ថា "ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ ដ្បិត​ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ ដោយ​ព្រោះ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ហើយក៏​ជឿ​ថា ខ្ញុំ​បាន​ចេញពី​ព្រះ​មក​"។

ជា​ការពិត​ណាស់ គ្មាន​មនុស្ស​មាន​បាប​ណា ដែល​អាច​ចូល​ទៅ​រក​ព្រះវរបិតា​បាន​ឡើយ បើ​មិន​ពឹង​ព្រះ​លោហិត​ព្រះយេស៊ូវ​ទេ​នោះ(ហេព្រើរ ១០:១៩-២០)។ ព្រះអង្គ​ទូល​អង្វរ​ជំនួស​យើង នៅពេល​សព្វថ្ងៃ​នេះ(រ៉ូម ៨:៣៤ ហេព្រើរ ៧:២៥)។ ព្រះអង្គ​ជា​អង្គ​ដ៏​ជា​ជំនួយ ដែល​គង់នៅ​ចំពោះ​ព្រះវរបិតា(១យ៉ូហាន ២:១)។ ព្រះអង្គ​ក៏​ជាស​ម្តេច​សង្ឃ នៅពីមុខ​បល្ល័ង្ក​របស់​ព្រះ(ហេព្រើរ ៤:១៥-១៦)។ ព្រះអង្គ​មាន​បន្ទូល​ថា "បើ​មិន​មក​តាមខ្ញុំ នោះ​គ្មាន​អ្នកណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ​"(យ៉ូហាន ១៤:៦)។

ប៉ុន្តែ ព្រះយេស៊ូវ​កំពុង​ការពារ​យើង កុំ​ឲ្យ​មានការ​យល់​ខុស អំពី​ការ​ទូល​អង្វរ​របស់​ព្រះអង្គ នៅ​ចំពោះ​ព្រះវរបិតា។ ព្រះអង្គ​មាន​បន្ទូល​ថា "ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ​"។ ព្រះអង្គ​គង់នៅ​ក្បែរ​ព្រះវរបិតា​ស្រាប់ហើយ។ ព្រះអង្គ​ជា​ស្មរបន្ទាល់ ដែល​តែងតែមាន​ព្រះ​វត្ត​មាន និង​មាន​ព្រះជន្ម​គង់នៅ​ជានិច្ច ដើម្បី​ដក​សេចក្តី​ក្រោធ​របស់​ព្រះវរបិតា ចេញពី​យើង​រាល់គ្នា។

តែ​ព្រះអង្គ​មិន​គង់នៅ​ទីនោះ ដើម្បី​និយាយ​ជំនួស​យើង ឬ​មិន​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះវរបិតា ឬ​ដើម្បី​បង្ហាញថា ព្រះទ័យ​ព្រះវរបិតា​បាន​បិទ​មិន​ទទួល​យើង ឬ​មិន​សព្វព្រះទ័យ​នឹង​ជួប​យើង​នោះ​ឡើយ ហេតុនេះ​ហើយ​ព្រះអង្គ​បាន​មាន​បន្ទូល​ថា "ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ​"។

ដូចនេះ ចូរ​យើង​ចូល​មក​រក​ព្រះអង្គ ដោយចិត្ត​ក្លាហាន(ហេព្រើរ ៤:១៦) ដោយ​ការ​រំពឹង​ចង់បាន ដោយ​រំពឹង​ថា ព្រះអង្គ​នឹង​ញញឹមដាក់​យើង។ ចូរ​យើង​ចូល​មក​រក​ព្រះអង្គ ដោយ​ញាប់ញ័រ ដោយ​អំណរ មិនមែន​ដោយ​ការ​ភ័យ​ខ្លាច​នោះ​ឡើយ។

និយាយរួម ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ថា ព្រះអង្គ​បាន​បើកផ្លូវ​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះ ដោយ​ផ្ទាល់ ដូចនេះ ព្រះអង្គ​នឹង​មិន​រាំងផ្លូវ​យើង​នោះ​ឡើយ។ ចូរ​យើង​ចូល​មករ​ក​ព្រះអង្គ​ចុះ។

ប្រភេទ