នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​កើត​ជាថ្មី​ក្នុង​ព្រះយេស៊ូវ

ការ​កើត​ជាថ្មី​ក្នុង​ព្រះយេស៊ូវ

ដោយTim Gustafson

March 24, 2024

យ៉ូហាន ១២:២៣-២៦

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅតែ១ដដែល តែបើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង​។ យ៉ូហាន ១២:២៤

គេ​បានឮ​ល្បី​ថា លោក​លីអូណាដូ ដា វីន​ស៊ី(Leonardo da Vinci) គឺជា​បុរស​ដែល​នាំ​ឲ្យ​មាន​ការ​រស់​ឡើង​វិញ​នៃ​វិស័យ​សិល្បៈ និង​វិទ្យាសាស្ត្រ​​ជាច្រើន​មុខ​នៅ​អឺរ៉ុប។​ កំរិត​ប្រាជ្ញា​ដ៏​ខ្ពង់ខ្ពស់​របស់​គាត់ បាន​នាំ​ឲ្យ​មាន​ភាព​ជឿនលឿន នៅ​ក្នុង​មុខ​វិជ្ជា​សិក្សា និង​សិល្បៈ​ជា​ច្រើន​។ ប៉ុន្តែ លោក​លីអូណាដូ​បាន​កត់​ត្រា ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​គាត់​អំពី “គ្រា​វេទនា​របស់​យើង” និង​បាន​ពោល​ទំនួញ​ថា មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន កំពុងតែ​ស្លាប់ “ដោយ​មិន​បាន​បន្សល់​ទុក​កេរ​ដំណែល ដែលគេ​នឹង​នៅ​តែ​នឹក​ចាំ"។

គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិតថា ខ្ញុំ​កំពុង​រៀន​អំពី​របៀប​រស់នៅ​។ ខ្ញុំ​ក៏​កំពុង​រៀន​អំពី​របៀប​ស្លាប់”។ គាត់​ប្រហែល​មិន​បាន​ដឹង​ទេ​ថា គាត់​ហៀប​នឹង​រក​ឃើញ​សេចក្តី​ពិត​។ ការ​រៀន​ស្លាប់ គឺជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ជីវិត​។ បន្ទាប់​ពី​ព្រះ​យេស៊ូវ​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​ក្បួន​ដង្ហែ​នៃ​ជ័យ​ជម្នះ(យ៉ូហាន ១២:១២-១៩) ព្រះអង្គ​មាន​បន្ទូល​ថា “បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១ដដែល តែបើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង”(ខ.២៤)។ ត្រង់​ចំណុច​នេះ ព្រះអង្គ​កំពុង​មាន​បន្ទូល​អំពី​ការ​សុគត​របស់​ព្រះអង្គ ហើយក៏​បាន​រាប់​បញ្ចូល​ការ​ស្លាប់​របស់​យើង​ផង​ដែរ​ : “អ្នកណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នកណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ៍​នេះ​វិញ នោះ​នឹង​រក្សា​ជីវិត​ទុក ដរាប​ដល់​អស់​កល្ប​រៀងទៅ”(ខ.២៥)។

សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​ផង​ដែរ​ថា “យើង​បាន​ត្រូវ​កប់​ជាមួយនឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្តី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូចជា​ព្រះគ្រីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដោយសារ​សិរី​ល្អ​នៃ​ព្រះវរបិតា​ដែរ ដ្បិត​បើ​យើង​បាន​ជាប់​ជាមួយនឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្តី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្តី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ”(រ៉ូម ៦:៤-៥)។

តាម​រយៈ​សេចក្តី​ស្លាប់ ព្រះយេស៊ូវ​បាន​ប្រទាន​ការ​កើតជា​ថ្មី ដល់​យើង​រាល់​គ្នា​ជា​អ្នកជឿ​ព្រះអង្គ​។ ព្រះ​អង្គ​បាន​បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច សម្រាប់​ឲ្យ​យើង​រស់នៅ​ជាមួយ​ព្រះវរបិតា​។—Tim Gustafson

តើ​អ្នក​បាន​ឲ្យ​តម្លៃ​មក​លើ​ជីវិត​របស់​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​តម្លៃ​ទាំង​នោះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​អត្ថន័យ និង​គោលបំណង ដល់​ជីវិត​របស់​ទូល​បង្គំ ដែល​គ្មាន​នរណា​ម្នាក់​អាច​ផ្តល់​ឲ្យ​បាន​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១៦-១៨ និង លូកា ២:១-២៤

ល្ងាច

Devotional illustration

ព្រះ​ទ្រង់​បំពេញ​តម្រូវការ ពេល​យើង​បម្រើ​អ្នកដទៃ

ដោយJohn Piper

March 24, 2024

នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើមាន​ចិត្តរឹង​រូស​ឬអី? ម៉ាកុស ៨:១៧

បន្ទាប់ពី​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៥ពាន់​នាក់ និង​មនុស្ស៤ពាន់​នាក់ ដោយ​ប្រើ​តែ​នំប៉័ង និង​ត្រី​តែ​ពីរបី​កន្ទុយ ពួក​សាវ័ក​ក៏បាន​ឡើង​ទូក ដោយ​គ្មាន​នំប៉័ង​គ្រប់គ្រាន់ សម្រាប់​ខ្លួនឯង។

ពេល​ដែល​ពួក​គេ​ចាប់ផ្តើម​ជជែកគ្នា អំពី​ការ​លំបាក​នេះ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា "ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើ​មាន​ចិត្តរឹង​រូស​ឬអី?"(ម៉ាកុស ៨:១៧)។ តើមាន​អ្វី​ដែល​ពួក​គេ​មិន​យល់?

ពួក​គេ​មិន​យល់ អំពី​អត្ថន័យ​នៃ​នំប៉័ង​ដែល​នៅសល់ ពោល​គឺ​មិន​យល់ថា ព្រះយេស៊ូវ​នឹង​មើលថែ​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​មើលថែ​អ្នកដទៃ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖

"ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង៥ឲ្យ​ដល់៥ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក គេ​ទូល​ឆ្លើយ​ថា បាន១២ ហើយ​កាល​កាច់​នំបុ័ង៧ឲ្យ​ដល់៤ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង គេ​ទូល​ឆ្លើយ​ថា បាន៧។ នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នករាល់គ្នា​នៅតែ​មិន​យល់​ទៀត?" (ម៉ាកុស ៨:១៩-២១)។

តើ​ពួកគេ​ត្រូវ​យល់​អំពីអ្វី? គឺ​ត្រូវ​យល់​អំពី​នំប៉័ង​ដែល​នៅសល់។

នំប៉័ង​នៅសល់ គឺ​សម្រាប់​អ្នកបម្រើ​ព្រះ។ តាមពិត ពី​ដំបូង មាន​អ្នក​បម្រើ​១២​នាក់ ដែល​ជា​ពួក​សាវ័ក ហើយ​មាន​នំប៉័ង​នៅសល់១២កន្ត្រក (ម៉ាកុស ៦:៤៣) មាន​ន័យ​ថា អ្នកបម្រើ​ម្នាក់​ៗ មាន​នំប៉័ង​ពេញ១​កន្ត្រក​សម្រាប់​បរិភោគ។ លើក​ទី២ មាន​នំប៉័ង​នៅសល់​១៧​កន្ត្រក ដែល​លេខ​៧ គឺជា​តំណាង​ឲ្យ​ភាព​ពេញលេញ​ជា​បរិបូរ។

តើមាន​អ្វី​ដែល​ពួក​គេ​មិន​យល់? គឺ​មិន​យល់ថា ព្រះយេស៊ូវ​នឹង​មើលថែ​ពួក​គេ។ អ្នក​មិន​អាច​ចែក​អ្វីៗ​ដល់​អ្នកដទៃ ដល់​ថ្នាក់​ព្រះយេស៊ូវ​មិន​អាច​បំពេញ​ការ​ខ្វះខាត​របស់​អ្នកនោះ​ទេ។ ពេល​ណា​អ្នកធ្វើការ​លះបង់​ដើម្បី​អ្នកដទៃ ក្នុង​ការរស់នៅ ព្រះ​ទ្រង់​នឹង​បំពេញ​តម្រូវការ​អ្នកជា​មិនខាន។ គឺ​ដូច​មាន​សេចក្តី​ចែងថា "ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំងអស់ ដែល​អ្នករាល់គ្នា​ត្រូវការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះគ្រីស្ទយេស៊ូវ​"(ភីលីព ៤:១៩)។

ប្រភេទ