មើល​រំលង​ចំណេះ​ដឹង​មូលដ្ឋាន

ម៉ាថាយ ២២:២៣-៣៣

អ្នក​រាល់​គ្នា​ភាន់​ច្រឡំ​ទេ ពីព្រោះ​មិន​យល់​គម្ពីរ ឬ​ព្រះ​ចេ​ស្តា​នៃ​ព្រះ​សោះ​។ ម៉ាថាយ ២២:២៩

ក្រុម​ហ៊ុន​មែកដូណាល់ បាន​កាន់​កាប់​ដំណែង​ជា​ស្តេច​លក់​អាហារ​រហ័ស អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដោយសារ​នំបឺហ្គ័រ​១​ភាគ​៤​របស់​ខ្លួន​។ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០ ក្រុម​ហ៊ុន​អាហារ​រហ័ស​មួយ​ទៀត ដែល​ជា​គូរ​ប្រជែង មាន​គំនិត​ថ្មី​មួយ ដើម្បី​ដណ្តើម​ដំណែង​ពី​ក្រុម​ហ៊ុន​នេះ​។ ក្រុម​ហ៊ុនA&W បាន​ផ្តល់​ឲ្យ​អតិថិជន​នូវ​នំ​បឺហ្គ័រ​១ភាគ៣ ដែល​មាន​ទំហំ​ធំ​ជាង​នំ​បឺហ្គ័រ​របស់​ក្រុម​ហ៊ុមមែកដូណាល់ តែ​លក់​ក្នុង​តម្លៃ​ដូច​គ្នា​។ ជាង​នេះ​ទៅទៀត នំ​បឺហ្គ័រ​របស់​ក្រុម​ហ៊ុនA&W បាន​ឈ្នះ​ការ​ប្រកួត​ភ្លក់​រស់​ជាតិ ដោយ​បិទ​ភ្នែក​ជា​ច្រើន​លើក​ច្រើន​សារ​។ ប៉ុន្តែ ក្រុម​ហ៊ុន​នេះ​បាន​បរាជ័យ ដោយសារ​លក់​នំ​បឺហ្គ័រ​នោះ​មិន​ដាច់​។ ទីបំផុត​គេ​ក៏​បាន​ឈប់​ធ្វើ​នំ​បឺហ្គ័រ​នោះ​លក់​ទៀត​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញថា អតិថិជន​បាន​គិតលេខ​ខុស ដោយ​គិត​ស្មាន​ថា នំបឺហ្គ័រ១ភាគ៣ តូច​ជាងនំបឺហ្គ័រ១ភាគ៤​។ គំនិត​ដ៏​ឆ្លាត​វ័យ​បាន​បរាជ័យ ដោយសារ​មនុស្ស​មាន​ការ​យល់​ច្រឡំ​ ក្នុង​ចំណេះ​ដឹង​មូលដ្ឋាន​។

ព្រះយេស៊ូវ​បាន​ដាស់តឿន​យើង អំពី​ការ​យល់​ច្រឡំ​ដែល​ងាយ​នឹង​កើត​មាន​។ អ្នក​ដឹកនាំ​សាសនា​បាន​រៀប​គម្រោង​ដាក់​អន្ទាក់ ដើម្បី​បង្ខូច​ព្រះ​នាម​ព្រះអង្គ ក្នុង​អំឡុង​សប្តាហ៍​ដែល​ព្រះអង្គ​ត្រូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង​។ ពួកគេ​បាន​លើកយក​រឿង​ដ៏​ចម្លែក​មួយ អំពី​ស្រ្តី​ម្នាក់ ដែល​ក្លាយ​ជា​ស្ត្រី​មេម៉ាយ៧ដង ដោយសារ​ប្តី​របស់​គាត់​ទាំង​អស់​បាន​ស្លាប់​ចោល​គាត់(ម៉ាថាយ ២២:២៣-២៨)។ ព្រះយេស៊ូវ​ក៏​បាន​ឆ្លើយតប ដោយ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា រឿង​នេះ​មិន​ពិបាក​យល់​ទេ​។ ផ្ទុយ​ទៅវិញ បញ្ហា​ស្ថិត​នៅ​ត្រង់ថា ពួកគេ​មិន​យល់​បទ​គម្ពីរ និង​ព្រះ​ចេស្តា​របស់​ព្រះ(ខ.២៩)។ ព្រះអង្គ​មាន​បន្ទូល​ថា គោលបំណង​ជា​ចម្បង​របស់​ព្រះ​គម្ពីរ គឺ​មិនមែន​ដើម្បី​ឆ្លើយតប​សំណួរ ឬ​ប្រស្នា​ដែល​ឡូហ្សិក ឬ​ទស្សន​វិជ្ជា​នោះ​ទេ​ តែ​ដើម្បី​នាំ​យើង​ឲ្យ​ស្គាល់ និង​ស្រឡាញ់​ព្រះយេស៊ូវ ហើយ “មាន​ជីវិត​អស់​កល្ប” ក្នុង​ព្រះអង្គ(យ៉ូហាន ៥:៣៩)។ នេះ​ជា​ចំណេះ​ដឹង​មូលដ្ឋាន​ដែល​អ្នក​ដឹកនាំ​សាសនា​ទាំង​នោះ​មិន​យល់​។

យើង​ក៏​មាន​ការ​យល់​ច្រឡំ​អំពី​ចំណេះ​ដឹង​មូល​ដ្ឋាន​ជា​ញឹក​ញាប់​ផង​ដែរ​។ គោលបំណង​ធំ​បំផុត​របស់​ព្រះ​គម្ពីរ គឺ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​មាន​ការ​ប្រកប​ទាក់ទង​ជាមួយ​ព្រះយេស៊ូវ ជា​ព្រះ​ដ៏​រស់​។ យើង​នឹង​ជួប​រឿង​ដ៏​ឈឺ​ចាប់ បើសិន​ជា​យើង​មើល​រំលង​ចំណុច​នេះ​។—Winn Collier

តើ​អ្នក​មាន​ការ​មើល​រំលង​ចំណេះ​ដឹង​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​វិល​ត្រលប់​មក​ចំណេះ​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ​អំពី​ព្រះយេស៊ូវ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ពេល​ទូល​បង្គំ​មាន​ការ​វង្វេង សូម្បីតែ​នៅ​ក្នុង​រឿង​ដ៏​សាមញ្ញ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មាន​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ២២-២៤ និង លូកា ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles