ម៉ាកុស ១១:១២-២០
ទ្រង់ទតឃើញដើមល្វា១ពីចំងាយ ដែលមានសន្លឹក រួចទ្រង់យាងទៅមើល ក្រែងរកបានផ្លែខ្លះ។ ម៉ាកុស ១១:១៣
ស៊ីនឌី(Cindy) មានចិត្តរំភើបរីករាយ ចំពោះការងារដែលគាត់ទើបតែទទួលបាន ក្នុងក្រុមហ៊ុនមិនយកប្រាក់ចំណេញមួយ។ នេះជាឱកាសដ៏ល្អសម្រាប់នាំមកនូវការផ្លាស់ប្តូរក្នុងសង្គម! មិនយូរប៉ុន្មានគាត់ក៏បានដឹងថា មិត្តរួមការងារគាត់មិនមានចិត្តក្លៀវក្លាដូចគាត់។ ពួកគេបានសើចចំអកឲ្យបេសកកម្មរបស់ក្រុមហ៊ុននោះ ហើយពួកគេតែងតែមានការដោះសា នៅពេលណាពួកគេធ្វើការមិនបានល្អ ហើយទន្ទឹមនឹងនោះ ពួកគេកំពុងស្វែងរកមុខតំណែងដែលមានប្រាក់ខែច្រើនជាង នៅកន្លែងផ្សេង។ ស៊ីនឌីក៏មានការស្តាយក្រោយ ដែលបានដាក់ពាក្យចូលធ្វើការនៅកន្លែងនោះ។ កាលនាងមើលពីចម្ងាយ នាងគិតស្មានថា កន្លែងធ្វើការនោះល្អអស្ចារ្យណាស់ តែពេលនាងមើលឲ្យជិត នាងមានការខកចិត្តយ៉ាងខ្លាំង។
នេះជាបញ្ហាដែលព្រះយេស៊ូវបានជួប ជាមួយដើមល្វា ដូចមានចែងក្នុងបទគម្ពីរប្រចាំថ្ងៃនេះ(ម៉ាកុស ១១:១៣)។ ដើមល្វានោះមានស្លឹកដែលជាសញ្ញាបង្ហាញថា វានឹងឆាប់មានផ្លែ មុនរដូវ។ តែវាមិនបានចេញផ្លែសោះ។ ព្រះយេស៊ូវក៏បានដាក់បណ្តាសាឲ្យដើមល្វានោះថា “កុំឲ្យអ្នកណាស៊ីផ្លែឯងទៀតជារៀងរាបដរាបទៅ”(ខ.១៤)។ នៅពេលព្រឹកស្អែកដើមឈើនោះក៏បានក្រៀមស្វិតអស់(ខ.២០)។
ព្រះគ្រីស្ទធ្លាប់បានអធិស្ឋានតម៤០ថ្ងៃ ដូចនេះ ព្រះអង្គអាចទ្រាំនឹងការអត់អាហារបាន។ ការដាក់បណ្តាសាឲ្យដើមល្វានោះ មិនមានទាក់ទងអ្វីនឹងការឃ្លានអាហាររបស់ព្រះអង្គទេ តែព្រះអង្គកំពុងបង្រៀនយើងនូវមេរៀនមួយ។ ដើមឈើនោះជាតំណាងឲ្យប្រជាជាតិអ៊ីស្រាអែល ដែលធ្លាប់បានដើរតាមជំនឿត្រឹមត្រូវ តែពួកគេបានវង្វេងចេញវិញ។ ពួកគេហៀបនឹងធ្វើគុតព្រះមែស៊ីរបស់ពួកគេ ដែលជាព្រះរាជបុត្រានៃព្រះ។ តើពួកគេនឹងកាន់តែមានភាពក្រៀមក្រោះប៉ុណ្ណាទៀត?
យើងប្រហែលចូលចិត្តមើលពីចម្ងាយ តែព្រះយេស៊ូវយាងចូលមកជិត រកមើលផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតយើង។ ផលផ្លែរបស់យើងមិនមែនសម្រាប់ឲ្យគេកោតស្ញែងយើងទេ។ ប៉ុន្តែ ផលផ្លែយើងត្រូវតែមានលក្ខណៈពិសេស នៅត្រង់ចំណុចដែលថា យើងនៅតែមានក្តីស្រឡាញ់ ក្តីអំណរ និងសន្តិភាពក្នុងពេលដ៏ពិបាក(កាឡាទី ៥:២២)។ យើងអាចបង្កើតផលផ្លែថ្វាយព្រះយេស៊ូវ ដោយពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ។—Mike Wittmer
តើអ្នកដទៃមើលឃើញផលផ្លែអ្វីខ្លះក្នុងជីវិតអ្នក? តើអ្នកអាចមានផលផ្លែកាន់តែច្រើន ដោយរបៀបណា?
ឱព្រះអម្ចាស់ សូមព្រះវិញ្ញាណព្រះអង្គលោះមែកទូលបង្គំ ដើម្បីឲ្យទូលបង្គំបង្កើតផលផ្លែកាន់តែច្រើនឡើង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ១-៣ និង លូកា ៤:១-៣០