អ្នកជឿ​ដែល​មានផល​ផ្លែ

ម៉ាកុស ១១:១២-២០

ទ្រង់ទត​ឃើញ​ដើម​ល្វា១ពី​ចំងាយ ដែល​មាន​សន្លឹក រួច​ទ្រង់​យាង​ទៅ​មើល ក្រែង​រកបាន​ផ្លែ​ខ្លះ​។ ម៉ាកុស ១១:១៣

ស៊ីនឌី(Cindy) មាន​ចិត្ត​រំភើប​រីករាយ ចំពោះ​ការងារ​ដែល​គាត់​ទើបតែ​ទទួល​បាន ក្នុង​ក្រុម​ហ៊ុន​មិន​យក​ប្រាក់​ចំណេញ​មួយ​។ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម! មិន​យូរ​ប៉ុន្មាន​គាត់​ក៏​បាន​ដឹង​ថា មិត្ត​រួម​ការងារ​គាត់​មិន​មាន​ចិត្ត​ក្លៀវក្លា​ដូច​គាត់​​។ ពួក​គេ​បាន​សើច​ចំអក​ឲ្យ​បេសកកម្ម​របស់​ក្រុម​ហ៊ុន​នោះ ហើយ​ពួកគេ​តែងតែ​មាន​ការ​ដោះសា នៅ​ពេលណា​ពួកគេ​ធ្វើ​ការ​មិន​បាន​ល្អ ហើយ​ទន្ទឹម​នឹង​នោះ ពួកគេ​កំពុង​ស្វែងរក​មុខ​តំណែង​ដែល​មាន​ប្រាក់ខែ​ច្រើន​ជាង នៅ​កន្លែង​ផ្សេង​។ ស៊ីនឌី​ក៏​មាន​ការ​ស្តាយ​ក្រោយ ដែល​បាន​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​នៅ​កន្លែង​នោះ​។ កាល​នាង​មើល​ពី​ចម្ងាយ នាង​គិត​ស្មាន​ថា កន្លែង​ធ្វើ​ការ​នោះ​ល្អ​អស្ចារ្យ​ណាស់ តែ​ពេល​នាង​មើល​ឲ្យ​ជិត នាង​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​។

នេះ​ជា​បញ្ហា​ដែល​ព្រះ​យេស៊ូវ​បាន​ជួប ជាមួយ​ដើម​ល្វា ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​នេះ(ម៉ាកុស ១១:‌១៣)។ ដើម​ល្វា​នោះ​មាន​ស្លឹក​ដែល​ជា​សញ្ញា​បង្ហាញថា វា​នឹង​ឆាប់​មាន​ផ្លែ មុន​រដូវ​។ តែ​វា​មិន​បាន​ចេញ​ផ្លែ​សោះ​។ ព្រះយេស៊ូវ​ក៏បាន​ដាក់​បណ្តាសា​ឲ្យ​ដើម​ល្វា​នោះ​ថា “កុំ​ឲ្យ​អ្នកណា​ស៊ី​ផ្លែ​ឯង​ទៀត​ជា​រៀងរាប​ដរាប​ទៅ”(ខ.‌១៤)។ នៅពេល​ព្រឹក​ស្អែក​ដើមឈើ​នោះ​ក៏បាន​ក្រៀម​ស្វិត​អស់(ខ.២០)។

ព្រះគ្រីស្ទ​ធ្លាប់​បាន​អធិស្ឋានតម៤០ថ្ងៃ ដូច​នេះ ព្រះអង្គ​អាច​ទ្រាំ​នឹង​ការ​អត់​អាហារ​បាន​។ ការ​ដាក់​បណ្តាសា​ឲ្យ​ដើម​ល្វា​នោះ មិន​មាន​ទាក់ទង​អ្វី​នឹង​ការ​ឃ្លាន​អាហារ​របស់​ព្រះអង្គ​ទេ តែ​ព្រះអង្គ​កំពុង​បង្រៀន​យើង​នូវ​មេរៀន​មួយ​។ ដើមឈើ​នោះ​ជា​តំណាង​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល ដែល​​ធ្លាប់​បាន​ដើរ​តាម​ជំនឿ​ត្រឹម​ត្រូវ តែ​ពួកគេ​បាន​វង្វេង​ចេញ​វិញ​។ ពួកគេ​ហៀបនឹង​ធ្វើ​គុត​ព្រះ​មែស៊ី​របស់​ពួកគេ ដែល​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​។ តើ​ពួកគេ​នឹង​កាន់​តែ​មាន​ភាព​ក្រៀម​ក្រោះ​ប៉ុណ្ណា​ទៀត?

យើង​ប្រហែល​ចូល​ចិត្ត​មើល​ពី​ចម្ងាយ តែ​ព្រះ​យេស៊ូវ​យាង​ចូល​មក​ជិត រក​មើល​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ក្នុង​ជីវិត​យើង​។ ផល​ផ្លែ​របស់​យើង​មិនមែន​សម្រាប់​ឲ្យ​គេ​កោត​ស្ញែង​យើង​ទេ​។ ប៉ុន្តែ ផល​ផ្លែ​យើង​ត្រូវតែ​មាន​លក្ខណៈ​ពិសេស នៅ​ត្រង់​ចំណុច​ដែល​ថា យើង​នៅតែ​មាន​ក្តី​ស្រឡាញ់ ក្តី​អំណរ និង​សន្តិភាព​ក្នុង​ពេល​ដ៏​ពិបាក(កាឡាទី ៥:២២)។ យើង​អាច​បង្កើត​ផល​ផ្លែ​ថ្វាយ​ព្រះយេស៊ូវ ដោយ​ពឹង​ផ្អែកលើ​ព្រះវិញ្ញាណបរិសុទ្ធ​។—Mike Wittmer

តើ​អ្នក​ដទៃ​មើល​ឃើញ​ផល​ផ្លែ​អ្វី​ខ្លះ​ក្នុង​ជីវិត​អ្នក? តើ​អ្នក​អាច​មានផល​ផ្លែ​កាន់តែ​ច្រើន ដោយ​របៀបណា?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​លោះ​មែក​ទូល​បង្គំ ដើម្បី​ឲ្យ​ទូល​បង្គំ​បង្កើត​ផល​ផ្លែ​កាន់តែ​ច្រើន​ឡើង​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ១-៣ និង លូកា ៤:១-៣០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles