បញ្ញត្តិ​ថ្មី​មួយ ឲ្យ​ស្រឡាញ់

យ៉ូហាន ១៣:៣-៥,១២-១៥,៣១-៣៥

ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត១ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​។ យ៉ូហាន ១៣:៣៤

រាជ​វង្សានុវង្ស​របស់​ចក្រភព​អង់គ្លេស មាន​ប្រពៃណី​ចែក​អំណោយ​ដល់​ប្រជាជន​ក្រីក្រ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម៉ូនឌី នៅមុន​ថ្ងៃ​សុក្រ​ដ៏​ល្អ ក្នុង​រដូវ​កាល​នៃ​ការ​ប្រារព្ធ​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ ប្រពៃណី​នេះ​មាន​ដើម​កំណើត​នៅ​ក្នុង​អត្ថន័យ​របស់​ពាក្យ ម៉ូនឌី ដែល​ប្រែ​មកពី​ពាក្យ​ឡា​តាំង មែនដាទូម(mandatum) ប្រែ​មក​ថា “បញ្ជា”។ នៅ​ពេលយប់​មុន​ពេល​ព្រះអង្គ​សុគត ព្រះអង្គ​បាន​ប្រទាន​ព្រះ​រាជ​បញ្ជា​ថ្មី​មួយ ដល់​ពួក​សាវ័ក​ជា​មិត្តសំឡាញ់​ព្រះអង្គ ដោយ​បន្ទូល​ថា “ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត១ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ”(យ៉ូហាន ១៣:៣៤)។

ព្រះយេស៊ូវ​ជា​អ្នក​ដឹកនាំ ដែល​បាន​បំពេញ​តួនាទី​ជា​អ្នក​បម្រើ ខណៈ​ពេល​ដែល​ព្រះ​អង្គ​លាង​ជើង​ឲ្យ​ពួក​សាវ័ក​ដែល​ជា​មិត្តសំឡាញ់​ព្រះអង្គ(ខ.៥)។ បន្ទាប់មក ព្រះអង្គ​ក៏បាន​ប្រាប់​ពួក​គេ​ឲ្យ​យក​តម្រាប់​តាម​ព្រះអង្គ ដោយ​បន្ទូល​ថា “ខ្ញុំ​បាន​ធ្វើ​ដំរាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ”(ខ.១៥)។ ហើយ​នៅ​ក្នុង​ការ​លះបង់​ដ៏​ធំ​បំផុត​នោះ ព្រះអង្គ​ក៏បាន​លះបង់​ព្រះ​ជន្ម ដោយ​សុគត​នៅ​លើ​ឈើ​ឆ្កាង(១៩:៣០)។ ព្រះអង្គ​បាន​លះបង់​អង្គ​ទ្រង់ ដោយ​សេចក្តី​មេត្តា និង​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​យើង​អាច​អរ​សប្បាយ​នឹង​ជីវិត​ពេញ​បរិបូរ​។

ប្រពៃណី​របស់​រាជ​វង្សានុវង្ស​នៃ​ចក្រភព​អង់គ្លេស ក្នុង​ការ​បម្រើ​អ្នក​ក្រ នៅតែ​បន្ត​ធ្វើ​ជា​និមិត្តរូប​តំណាង​ឲ្យ​ការ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះយេស៊ូវ​។ យើង​ប្រហែល​មិន​បាន​កើត នៅ​កន្លែង​ដែល​មាន​ឯកសិទ្ធិ​ពិសេស តែ​ពេលណា​យើង​ជឿ​ព្រះយេស៊ូវ យើង​ក្លាយ​ជា​សមាជិក​នៃ​មហា​គ្រួសារ​របស់​ព្រះអង្គ​។ ហើយ​យើង​ក៏​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់ ដោយ​ធ្វើ​តាម​បង្គាប់​ព្រះអង្គ​។ ពេលណា​យើង​ពឹង​ផ្អែក​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ ដើម្បី​កែ​ប្រែ​ជីវិត​យើង​ពី​ខាង​ក្នុង យើង​អាច​ឈោង​ទៅ​រក​អ្នក​ដទៃ ដោយ​ការ​យក​ចិត្ត​ទុកដាក់ ការ​បញ្ជាក់ និង​ព្រះគុណ​។—Amy Boucher Pye

តើ​អ្នក​បាន​សង្កេត​មើល ឬ​យក​គំរូ​តាម​ភាពជា​អ្នក​ដឹកនាំ​ដែល​បម្រើ​អ្នក​ដទៃ​ឬ​ទេ? តើ​អ្នក​អាច​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក យ៉ាង​ដូច​ម្តេច​ខ្លះ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះ​អង្គ​សង្គ្រោះ​ដ៏​អស្ចារ្យ ព្រះអង្គ​បាន​ប្រទាន​អំណោយ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ! ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ធ្វើ​ជា​អ្នក​បម្រើ​ដែល​ល្អ​បំផុត ដោយ​លះបង់​ព្រះ​ជន្ម ដើម្បី​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ៤-៦ និង លូកា ៤:៣១-៤៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles