ព្រឹក

ការលះបង់របស់ព្រះគ្រីស្ទ
ដោយAlyson Kieda
March 29, 2024
អេសាយ ៥៣:៤-៧,១០-១២
ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ អេសាយ ៥៣:៥
មុនពេលលោកជីម ខាវីហ្សែល(Jim Caviezel) ដើរតួសម្ដែងជាព្រះយេស៊ូវ ក្នុងខ្សែភាពយន្តរឿង ការលះបង់របស់ព្រះគ្រីស្ទ លោកមែល គីបសិន(Mel Gibson) បានដាស់តឿនគាត់ថា ការដើរតួសម្ដែងនេះនឹងមានការពិបាកយ៉ាងខ្លាំង ហើយអាចមានផលប៉ះពាល់អវិជ្ជមានមកលើអាជីពរបស់គាត់ នៅក្នុងហូលីវូឌ។ លោកជីមក៏បានទទួលយកការដើរតួសម្តែងនេះ ដោយនិយាយថា គាត់ត្រូវតែដើរតួសម្ដែងក្នុងរឿងនេះ ទោះពិបាកយ៉ាងណាក៏ដោយ។
ក្នុងអំឡុងពេលថតរឿងនោះ លោកជីមត្រូវរន្ទះបាញ់មួយដង គាត់បានស្រកគីឡូអស់២៣គីឡូ ហើយត្រូវគេវាយជ្រុលដៃ បណ្តាលឲ្យរបួសនៅក្នុងឈុតធ្វើទារុណកម្មព្រះយេស៊ូវ។ ក្រោយមក គាត់ក៏បានលើកឡើងថា “ខ្ញុំមិនចង់ឲ្យគេមើលឃើញខ្ញុំទេ តែចង់ឲ្យគេមើលឃើញព្រះយេស៊ូវវិញ។ ការប្រែចិត្តអាចកើតមាន តាមរយៈខ្សែភាពយន្តនេះ”។ ខ្សែភាពយន្តនេះប៉ះពាល់ចិត្តលោកជីម និងមនុស្សជាច្រើន នៅកន្លែងថតកុន ហើយមានតែព្រះអម្ចាស់ទេ ដែលបានជ្រាបថា មានមនុស្សប៉ុន្មានលាននាក់ ដែលបានទស្សនារឿងនេះ ហើយមានការផ្លាស់ប្តូរនៅក្នុងជីវិត។
ខ្សែភាពយន្តរឿង ការលះបង់របស់ព្រះគ្រីស្ទ បានឆ្លុះបញ្ចាំងអំពីពេលដែលព្រះយេស៊ូវបានទទួលរកទុក្ខវេទនាជាទីបំផុត ចាប់តាំងពីពេលដែលព្រះអង្គយាងចូលក្នុងទីក្រុងយេរូសាឡិម ដោយការដង្ហែនៃជ័យជម្នះ និងបានរាប់បញ្ចូលការក្បត់របស់មិត្តសំឡាញ់ ការចំអក ការវាយដំ និងការឆ្កាងអង្គទ្រង់។ រឿងនេះសុទ្ធតែបានចែងក្នុងដំណឹងល្អទាំងបួន។
បទគម្ពីរអេសាយ ជំពូក៥៣ បានថ្លែងទំនាយទុកជាមុន អំពីការរងទុក្ខ និងលទ្ធផលនៃការសុគតរបស់ព្រះអង្គ។ គឺដូចមានសេចក្តីចែងមកថា “ទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់”(ខ.៥)។ យើងម្នាក់ៗ “យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន”(ខ.៦)។ ប៉ុន្តែ ដោយសារការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ យើងអាចមានសន្តិភាពជាមួយព្រះ។ ការរងទុក្ខ និងការសុគតរបស់ព្រះអង្គ បានបើកផ្លូវឲ្យយើងចូលទៅប្រកបទាក់ទងជាមួយព្រះអង្គ។—Alyson Kieda
តើអ្នកមានការប៉ះពាល់ចិត្តបំផុត មកលើផ្នែកណាខ្លះនៃព្រះជន្មរបស់ព្រះគ្រីស្ទ? តើការរងទុក្ខរបស់ព្រះអង្គ បាននាំមកនូវសេចក្តីល្អអ្វីខ្លះសម្រាប់អ្នក?
ឱព្រះអង្គសង្រ្គោះ ទូលបង្គំមិនអាចថ្លែងឲ្យអស់សេចក្តីថា ទូលបង្គំមានការដឹងគុណយ៉ាងណាចំពោះការរងទុក្ខ ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ។
For further study, read I am the Way: The Amazing Claims of Jesus at DiscoverySeries.org/Q0221.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ៩-១០ និង លូកា ៥:១៧-៣៩
ប្រភេទ
ល្ងាច

ការរំដោះដែលបានពន្យារពេល
ដោយJohn Piper
March 29, 2024
នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាម ខ្នោះក៏រហើបចេញទាំងអស់ទៅ។ កិច្ចការ ១៦:២៦
នៅសម័យនេះ ព្រះទ្រង់សង្គ្រោះរាស្ត្រព្រះអង្គ ឲ្យរួចផុតពីបញ្ហាមួយចំនួន។ តែមិនមែនរួចពីបញ្ហាទាំងអស់ឡើយ។ យើងមានការកម្សាន្តចិត្ត ពេលដែលបានដឹងអំពីរឿងនេះ ពុំនោះទេ ពេលយើងមានបញ្ហា យើងប្រហែលសន្និដ្ឋាន ព្រះអង្គបានភ្លេចយើង ឬបដិសេធន៍យើងហើយ។
ដូចនេះ ចូរយើងមានការកម្សាន្តចិត្ត ដោយការរំឭកដ៏សាមញ្ញថា ក្នុងបទគម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះទ្រង់មិនបានរំដោះសាវ័កប៉ុល និងលោកស៊ីឡាសឲ្យរួចឡើយ តែក្នុងខ.២៥-២៦ ព្រះអង្គក៏បានរំដោះពួកគេ។
ពីដំបូង ពួកគេមិនបានទទួលការជួយរំដោះ ៖ "គេក៏ចាប់ប៉ុល និងស៊ីឡាស ដោយកន្ត្រាក់កន្ត្រែងនាំទៅឯទីផ្សារ នៅចំពោះមុខមេនគរបាល"(ខ.១៩)។
"មេនគរបាលបានកន្ត្រាក់ហែកអាវគេចេញ ហើយបង្គាប់ឲ្យវាយនឹងរំពាត់"(ខ.២២)។
"ក្រោយដែលវាយ មានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុក"(ខ.២៣)។
"មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះហើយ ក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផង"(ខ.២៤)។
តែបន្ទាប់មក ព្រះអង្គក៏បានរំដោះពួកគេ ៖
លុះពេលប្រហែលជាកណ្តាលអធ្រាត្រ ប៉ុល និងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ ឯពួកអ្នកទោសក៏ស្តាប់ដែរ នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាម ខ្នោះក៏រហើបចេញទាំងអស់ទៅ(ខ.២៥-២៦)។
ព្រះទ្រង់អាចជួយពួកគេ ឲ្យបានឆាប់ជាងនេះ។ តែព្រះអង្គបានពន្យារពេល គឺដោយសារព្រះអង្គស្រឡាញ់សាវ័កប៉ុល និងលោកស៊ីឡាស។
ខ្ញុំសូមសួរអ្នកថា ៖ ឧបមាថា ជីវិតរបស់អ្នកកំពុងតែជួបរឿងជាបន្តបន្ទាប់ ដូចសាវ័កប៉ុល ដែលមានទុក្ខវេទនាជាមុនសិន ហើយក្រោយមក ក៏ព្រះទ្រង់ក៏បានដោះឲ្យរួច។ តើអ្នកកំពុងស្ថិតនៅក្នុងដំណាក់កាលមួយណា? តើអ្នកកំពុងស្ថិតក្នុងវគ្គត្រូវគេវាយដុំ ឬវគ្គរួចពីចំណង?
ដំណាក់កាលទាំងពីរ សុទ្ធតែជាដំណាក់កាលដែលព្រះទ្រង់បានថែរក្សាអ្នក។ ព្រះអង្គមិនបានបោះបង់ចោលអ្នក ឬចាកចេញពីអ្នកឡើយ(ហេព្រើរ ១៣:៥)។
បើអ្នកកំពុងស្ថិតក្នុងដំណាក់កាលជាប់ចំណង ចូរកុំអស់សង្ឃឹមឡើយ។ ចូរច្រៀងសរសើរព្រះ។ អ្នកនឹងមានសេរីភាព។ ព្រះអង្គនឹងរំដោះអ្នក តាមពេលវេលារបស់ព្រះអង្គ។ ទោះជាត្រូវរំដោះអ្នក តាមរយៈសេចក្តីស្លាប់ក៏ដោយ។ "ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង"(វិវរណៈ ២:១០)។