នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​លះបង់​របស់​ព្រះគ្រីស្ទ

ការ​លះបង់​របស់​ព្រះគ្រីស្ទ

ដោយAlyson Kieda

March 30, 2024

អេសាយ ៥៣:៤-៧,១០-១២

ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បានជា​មេ​ត្រី នោះ​បាន​ធ្លាក់​ទៅលើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់​។ អេសាយ ៥៣:៥

មុន​ពេល​លោក​ជីម ខាវីហ្សែល(Jim Caviezel) ដើរតួ​សម្ដែង​ជា​ព្រះយេស៊ូវ ក្នុង​ខ្សែ​ភាពយន្ត​រឿង ការ​លះបង់​របស់​ព្រះគ្រីស្ទ លោក​មែល គីបសិន(Mel Gibson) បាន​ដាស់តឿន​គាត់​ថា ការ​ដើរតួ​សម្ដែង​នេះ​នឹង​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង ហើយ​អាច​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​មក​លើ​អាជីព​របស់​គាត់ នៅ​ក្នុង​ហូលីវូឌ​។ លោក​ជីម​ក៏​បាន​ទទួលយក​ការ​ដើរ​តួ​សម្តែង​នេះ ដោយ​និយាយ​ថា គាត់​ត្រូវតែ​ដើរ​​តួ​សម្ដែង​ក្នុង​រឿង​នេះ ទោះ​ពិបាក​យ៉ាងណា​ក៏ដោយ។

ក្នុង​អំឡុង​ពេល​ថត​រឿង​នោះ លោក​ជីម​ត្រូវ​រន្ទះ​បាញ់​មួយ​ដង គាត់​បាន​ស្រក​គីឡូ​អស់២៣គីឡូ ហើយ​ត្រូវ​គេ​វាយ​ជ្រុលដៃ បណ្តាល​ឲ្យ​របួស​នៅ​ក្នុង​ឈុត​ធ្វើ​ទារុណកម្ម​ព្រះយេស៊ូវ​។ ក្រោយមក គាត់​ក៏បាន​លើក​ឡើង​ថា “ខ្ញុំ​មិន​ចង់​ឲ្យ​គេ​មើល​ឃើញ​ខ្ញុំ​ទេ តែ​ចង់​ឲ្យ​គេ​មើល​ឃើញ​ព្រះយេស៊ូវ​វិញ​។ ការ​ប្រែ​ចិត្ត​អាច​កើត​មាន តាមរយៈ​ខ្សែ​ភាពយន្ត​នេះ”។ ខ្សែ​ភាព​យន្ត​នេះ​ប៉ះ​ពាល់​ចិត្ត​លោក​ជីម និង​មនុស្ស​ជា​ច្រើន នៅ​កន្លែង​ថតកុន ហើយ​មានតែ​ព្រះអម្ចាស់​ទេ ដែល​បាន​ជ្រាប​ថា មាន​មនុស្ស​ប៉ុន្មាន​លាន​នាក់ ដែល​បាន​ទស្សនា​រឿង​នេះ ហើយ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ជីវិត​។

ខ្សែ​ភាពយន្ត​រឿង ការ​លះបង់​របស់​ព្រះគ្រីស្ទ បាន​ឆ្លុះ​បញ្ចាំង​អំពី​ពេល​ដែល​ព្រះយេស៊ូវ​បាន​ទទួល​រក​ទុក្ខ​វេទនា​ជាទី​បំផុត ចាប់​តាំងពី​ពេល​ដែល​ព្រះ​អង្គ​យាង​ចូល​ក្នុង​ទីក្រុង​យេរូសាឡិម ដោយ​ការ​ដង្ហែ​នៃ​ជ័យ​ជម្នះ និង​បាន​រាប់​បញ្ចូល​ការ​ក្បត់​របស់​មិត្តសំឡាញ់ ការ​ចំអក ការ​វាយ​ដំ និង​ការ​ឆ្កាង​អង្គ​ទ្រង់​។ រឿង​នេះ​សុទ្ធតែ​បាន​ចែង​ក្នុង​ដំណឹង​ល្អ​ទាំងបួន​។

បទ​គម្ពីរ​អេសាយ ជំពូក៥៣ បាន​ថ្លែង​ទំនាយ​ទុកជា​មុន អំពី​ការ​រង​ទុក្ខ និង​លទ្ធផល​នៃ​ការ​សុគត​របស់​ព្រះអង្គ​។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បានជា​មេ​ត្រី នោះ​បាន​ធ្លាក់​ទៅលើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់”(ខ.៥)។ យើង​ម្នាក់ៗ “យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន”(ខ.៦)។ ប៉ុន្តែ ដោយសារ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ យើង​អាច​មាន​សន្តិភាព​ជាមួយ​ព្រះ​។ ការ​រង​ទុក្ខ និង​ការ​សុគត​របស់​ព្រះអង្គ បាន​បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទៅ​ប្រកប​ទាក់ទង​ជាមួយ​ព្រះអង្គ​។—Alyson Kieda

តើ​អ្នក​មាន​ការ​ប៉ះ​ពាល់​ចិត្ត​បំផុត មក​លើ​ផ្នែក​ណា​ខ្លះ​នៃ​ព្រះ​ជន្ម​របស់​ព្រះគ្រីស្ទ? តើ​ការ​រង​ទុក្ខ​របស់​ព្រះអង្គ បាន​នាំមក​នូវ​សេចក្តី​ល្អ​អ្វី​ខ្លះ​សម្រាប់​អ្នក?

ឱ​ព្រះ​អង្គ​សង្រ្គោះ ទូល​បង្គំ​មិន​អាច​ថ្លែង​ឲ្យ​អស់​សេចក្តី​ថា ទូល​បង្គំ​មាន​ការ​ដឹង​គុណ​យ៉ាងណា​ចំពោះ​ការ​រង​ទុក្ខ ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​។ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ​។

For further study, read I am the Way: The Amazing Claims of Jesus at DiscoverySeries.org/Q0221.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ៩-១០ និង លូកា ៥:១៧-៣៩

ល្ងាច

Devotional illustration

ការ​រំដោះ​ដែល​បាន​ពន្យារ​ពេល

ដោយJohn Piper

March 30, 2024

នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ។ កិច្ចការ ១៦:២៦

នៅ​សម័យនេះ ព្រះ​ទ្រង់​សង្គ្រោះ​រាស្ត្រ​ព្រះអង្គ ឲ្យ​រួចផុត​ពី​បញ្ហា​មួយចំនួន។ តែ​មិនមែន​រួចពី​បញ្ហា​ទាំងអស់​ឡើយ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​អំពី​រឿង​នេះ ពុំ​នោះ​ទេ ពេល​យើង​មាន​បញ្ហា យើង​ប្រហែល​សន្និដ្ឋាន ព្រះអង្គ​បាន​ភ្លេច​យើង ឬ​បដិសេធន៍​យើង​ហើយ។

ដូចនេះ ចូរ​យើង​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ការ​រំឭក​ដ៏​សាមញ្ញ​ថា ក្នុង​បទ​គម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះ​ទ្រង់​មិនបាន​រំដោះ​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស​ឲ្យ​រួច​ឡើយ តែ​ក្នុង​ខ.២៥-២៦ ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ។

ពី​ដំបូង ពួក​គេ​មិនបាន​ទទួលការ​ជួយ​រំដោះ ៖ "គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់កន្ត្រែង​នាំទៅ​ឯ​ទីផ្សារ នៅចំពោះមុខ​មេន​គរ​បាល​"(ខ.១៩)។

"មេន​គរ​បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់​"(ខ.២២)។

"ក្រោយដែល​វាយ មានស្នាម​ជាច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់គុក​"(ខ.២៣)។

"មេ​ភូ​ឃុំ​ទទួលបង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រមទាំង​ដាក់ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង​"(ខ.២៤)។

តែ​បន្ទាប់មក ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ ៖

លុះ​ពេល​ប្រហែលជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុងតែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នកទោស​ក៏​ស្តាប់​ដែរ នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ(ខ.២៥-២៦)។

ព្រះ​ទ្រង់​អាច​ជួយ​ពួក​គេ​ ឲ្យ​បាន​ឆាប់​ជាង​នេះ។ តែ​ព្រះអង្គ​បាន​ពន្យារ​ពេល គឺ​ដោយសារ​ព្រះអង្គ​ស្រឡាញ់​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស។

ខ្ញុំ​សូម​សួរ​អ្នក​ថា ៖ ឧបមា​ថា ជីវិត​របស់​អ្នក​កំពុងតែ​ជួប​រឿង​ជា​បន្ត​បន្ទាប់ ដូច​សាវ័ក​ប៉ុល ដែល​មានទុក្ខ​វេទនា​ជាមុន​សិន ហើយ​ក្រោយមក ក៏​ព្រះ​ទ្រង់​ក៏បាន​ដោះ​ឲ្យ​រួច។ តើ​អ្នក​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​មួយ​ណា? តើ​អ្នក​កំពុង​ស្ថិត​ក្នុង​វគ្គ​ត្រូវ​គេ​វាយ​ដុំ ឬ​វគ្គ​រួចពី​ចំណង?

ដំណាក់កាល​ទាំងពីរ សុទ្ធតែ​ជា​ដំណាក់កាល​ដែល​ព្រះ​ទ្រង់​បាន​ថែរក្សា​អ្នក។ ព្រះអង្គ​មិនបាន​បោះបង់ចោល​អ្នក ឬ​ចាក​ចេញ​ពី​អ្នក​ឡើយ(ហេព្រើរ ១៣:៥)។

បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជាប់ចំណង ចូរ​កុំ​អស់សង្ឃឹម​ឡើយ។ ចូរ​ច្រៀង​សរសើរ​ព្រះ។ អ្នក​នឹង​មាន​សេរីភាព។ ព្រះអង្គ​នឹង​រំដោះ​អ្នក តាមពេលវេលា​របស់​ព្រះអង្គ។ ទោះជា​ត្រូវ​រំដោះ​អ្នក តាមរយៈ​សេចក្តី​ស្លាប់​ក៏ដោយ។ "ចូរ​នៅជា​ស្មោះត្រង់​ដរាបដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង​"(វិវរណៈ ២:១០)។

ប្រភេទ