ព្រះ​យេស៊ូវ​បាន​រង​ទុក្ខ និង​សុគត​ជំនួស​យើង

១ពេត្រុស ៣:១៣-១៨

ព្រោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺជា​ព្រះ​ដ៏​សុ​ចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់ឈាម តែ​បាន​វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ​។ ១ពេត្រុស ៣:១៨

មាន​រឿង​ព្រេង​ដំណាល​មក​ថា ស្តេច​លេអូនីដាស ទី១(Leonidas I) បាន​ដឹកនាំ​កងទ័ព​នគរ​ស្ប៉ាតា ដែល​មាន​គ្នា​តែ៣​រយ​នាក់ ទៅ​តទល់​នឹង​កងទ័ព​ចក្រភព​ព័រ​ស៊ី​ដែល​មាន​គ្នា​ច្រើន​ជាង​រាប់សែន​នាក់ ដឹកនាំ​ដោយ​ស្តេច​សើរស៊ី(Xerxes) ក្នុង​អំឡុង​ពេល​នៃ​ការ​ឈ្លានពាន​របស់​ចក្រភព​ពើស៊ី ចូល​ទឹកដី​ក្រិក​។ ស្តេច​លេ​អូនីដាស​ជ្រាប​ថា កងទ័ព​សត្រូវ​មាន​គ្នា​ច្រើន​ជាង​កងទ័ព​ទ្រង់​យ៉ាង​លើស​លប់ ដូច​នេះ ទ្រង់​ក៏បាន​សម្រេច​ព្រះទ័យ​ប្រយុទ្ធ​ដោយ​ចិត្ត​អង់អាច រហូត​ដល់​ដង្ហើម​ចុង​ក្រោយ នៅ​ក្នុង​ច្រក​ផ្លូវ​ធើម៉ូភីលេ ជា​ច្រក​ផ្លូវ​ដ៏​ចង្អៀត​ចូល​ទឹកដី​ក្រិក។ ការ​លះបង់​របស់​ទ្រង់ និង​កងទ័ព​របស់​ទ្រង់​បាន​ពន្យារ​ពេល​ការ​ឈ្លានពាន​របស់​កង​ទ័ព​ពើស៊ី​ចូល​ទឹកដី​ក្រិក ដោយ​បាន​ផ្តល់​ឱកាស​ឲ្យ​កងទ័ព​មក​ពី​នគរ​ក្រិក​ផ្សេង​ទៀត​អាច​ដកថយ ដើម្បី​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ហើយ​ទី​បំផុត កងទ័ព​ក្រិក​អាច​យកជ័យ​ជម្នះ​មក​លើ​កង​ទ័ព​ពើស៊ី​ក្នុង​សង្រ្គាម​​ដ៏​ធំ​នេះ​។

ការ​លះបង់​របស់​ស្តេច​លេអូនីដាស និង​កងទ័ព​ស្ប៉ាតា​របស់​ទ្រង់ បាន​ជួយ​សង្គ្រោះ​ប្រជាជន​ក្រិក​រាប់​លាន​នាក់ ឲ្យ​រួច​ផុត​ពី​ការ​កាប់​សម្លាប់ និង​ការ​កៀប​សង្កត់​របស់​ចក្រ​ភព​ពើស៊ី​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​លះបង់​ព្រះ​ជន្ម​របស់​ព្រះយេស៊ូវ កាលពី​ជាង២ពាន់​ឆ្នាំ​មុន ដើម្បី​បុព្វ​ហេតុ​ធំ​លើស​នេះ​ទៀត ដែល​ជា​ការ​រំដោះ​មនុស្ស​ឲ្យ​រួច​ផុត​ពី​បាប និង​សេចក្តី​ស្លាប់​ខាង​វិញ្ញាណ​អស់​កល្ប​ជានិច្ច​។ “ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺជា​ព្រះ​ដ៏​សុ​ចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅដល់​ព្រះ”(១ពេត្រុស ៣:‌១៨)។ ក្នុង​នាម​ព្រះ​អង្គ​ជា​ដង្វាយ​លោះ​បាប ដែល​គ្មាន​បាប​សោះ ព្រះ​អង្គ​បាន​រង​ទុក្ខ និង​សុគត​ម្តង​ជា​សម្រេច(ហេព្រើរ ១០:១០) សម្រាប់​មនុស្ស​ទាំង​អស់​ដែល​ជឿ​ព្រះអង្គ​។ ព្រះអង្គ​បាន​ទទួល​យក​ទោស​បាប​របស់​យើង​ដាក់​នៅ​លើ​អង្គ​ទ្រង់ នៅ​លើ​ឈើ​ឆ្កាង​។ ការ​សុគត​របស់​ព្រះគ្រីស្ទ​ជំនួស​យើង នៅ​លើ​ឈើ​ឆ្កាង​បាន​ផ្តល់​ឲ្យ​នូវ “ក្តី​សង្ឃឹម” ដល់​យើង(១ពេត្រុស ៣:១៥,១៨ យ៉ូហាន ១០:១៥) ហើយក៏​បាន​ផ្សះផ្សា​យើង​ឲ្យ​ជា​នឹង​ព្រះ​ផង​ដែរ​។

បានជា​យើង​អាច​អរ​សប្បាយ និង​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត និង​ទំនុក​ចិត្ត ក្នុង​សេចក្តី​ពិត​ដែល​ថា មានតែ​តាមរយៈ​ការ​សុគត​របស់​ព្រះគ្រីស្ទ​ជំនួស​យើង ជា​មនុស្ស​មាន​បាប​ទេ ទើប​យើង​អាច​រួច​ផុត​ពី​បាប និង​សេចក្តី​ស្លាប់​អស់​កល្ប​ជានិច្ច ហើយ​មាន​ផ្លូវ​ចូល​ទៅ​រក​ការ​ប្រកប​ទាក់ទង​ជាមួយ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់​។—Marvin Williams

តើ​ការ​សុគត​របស់​ព្រះគ្រីស្ទ​ជំនួស​អ្នក បាន​កែ​ប្រែ​ជីវិត​អ្នក​ដូច​ម្តេច​ខ្លះ? តើ​ការ​ដែល​អ្នក​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ និង​មាន​ជីវិត​អស់​កល្ប មានន័យ​យ៉ាងណា​សម្រាប់​អ្នក?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​សុគត​ជំនួស​ទូល​បង្គំ ដើម្បី​ឲ្យ​ទូល​បង្គំ​មាន​ផ្លូវ​ចូលទៅ​រក​ព្រះវរបិតា​។

Learn more at odb.org/personal-relationship-with-god/

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ៧-៨ និង លូកា ៥:១-១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles