ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់យេស៊ូវ

រ៉ូម ១៣:១១-១៤

យើង​ត្រូវ​ដោះ​ចោល​អស់​ទាំង​ការ​របស់​សេចក្តី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ​។ រ៉ូម ១៣:១២

មាន​ពេល​មួយ ខ្ញុំ​មាន​ចិត្ត​រំភើប​រីករាយ​ណាស់ ដែល​បាន​ពាក់​វ៉ែនតា​ថ្មី​ជា​លើក​ដំបូង ប៉ុន្តែ ពីរបី​ម៉ោង​ក្រោយមក ខ្ញុំ​ចង់​បោះ​វា​ចោល​។ ភ្នែក​ខ្ញុំ​ឈឺ ហើយ​ក្បាល​ខ្ញុំ​ក៏​ឈឺ ដោយសារ​ភ្នែក​ខ្ញុំ​ត្រូវ​សម្រប​នឹង​លេខ​វ៉ែនតា​ថ្មី​។ ស្លឹក​ត្រចៀក​ខ្ញុំ​ក៏​ឈឺ​ទៀត ដោយសារ​ដង​វ៉ែនតា ដែល​ខ្ញុំ​មិន​ធ្លាប់​ប្រើ​។ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​មាន​ការ​ត្អូញត្អែរ នៅពេល​ដែល​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ត្រូវតែ​ពាក់​វា​ទៀត​។ ខ្ញុំ​ត្រូវតែ​សម្រេច​ចិត្ត​ប្រើ​វ៉ែនតា​នោះ​ជា​ប្រចាំ ដើម្បី​ឲ្យ​រាង​កាយ​ខ្ញុំ​សម្រប​ខ្លួន​នឹង​វា​។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​សប្តាហ៍ ប៉ុន្តែ ក្រោយមក ខ្ញុំ​ស្ទើរតែ​ភ្លេច​ថា ខ្លួនឯង​កំពុង​ពាក់​វ៉ែនតា​នោះ​។

ការ​ប្រើ​ឧបករណ៍​ថ្មី តម្រូវ​ឲ្យ​យើង​ចំណាយ​ពេល​សម្រប​ខ្លួន​ជា​មួយ​វា ប៉ុន្តែ មួយ​រយៈ​ពេល​ក្រោយមក យើង​ក៏​មាន​ទម្លាប់​ប្រើ​វា ហើយ​វា​ក៏​កាន់តែ​សមនឹង​យើង​។ យើង​ថែម​ទាំង​បាន​ស្គាល់​អ្វី​ដែល​យើង​មិន​ដែល​បាន​ស្គាល់​កាលពី​មុន​។ ក្នុង​បទ​គម្ពីរ​រ៉ូម ជំពូក១៣ សាវ័ក​ប៉ុល​បាន​បង្រៀន​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​ឲ្យ “ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ”(ខ.១២) ហើយ​អនុវត្តន៍​នូវ​ការ​រស់នៅ​ដ៏​ត្រឹម​ត្រូវ​។ ពួក​គេ​បាន​ជឿ​ព្រះយេស៊ូវ​ហើយ តែ​ពួកគេ​ហាក់​ដូចជា ធ្លាក់​ចូល​ទៅ​ក្នុង “ភាព​ងោកងុយ” ហើយ​មិន​ចង់​មាន​ការ​រីកចម្រើន​ខាង​វិញ្ញាណ​បន្ថែម​ទៀត ដូច​នេះ ពួកគេ​ចាំបាច់​ត្រូវ “ភ្ញាក់​ឡើង” ហើយ​ចាត់​វិធាន​ការ ប្រព្រឹត្ត​ឲ្យ​បាន​សម​រម្យ ហើយ​លះចោល​អំពើ​បាប​គ្រប់​យ៉ាង(ខ.១១-១២)។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ប្រដាប់​កាយ​ដោយ​ព្រះយេស៊ូវ ហើយ​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ដូច​ព្រះអង្គ ក្នុង​គំនិត និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន(ខ.‌១៤)។

នៅពេល​ដែល​យើង​ទើបតែ​ទទួល​ជឿ​ព្រះយេស៊ូវ យើង​មិន​អាច​រស់នៅ​ដោយ​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ឃើញ​ផ្លូវ​របស់​ព្រះ​អង្គ​ភ្លាមៗ​បាន​ឡើយ គឺ​ផ្លូវ​ដែល​មាន​សេចក្តី​ស្រឡាញ់ សុភាព សប្បុរស មាន​ពេញ​ដោយ​ព្រះគុណ និង​ស្មោះ​ត្រង់​។ យើង​ត្រូវ​ការ​ពេល​វេលា​យូរ​អង្វែង ដើម្បី​រៀន​ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ​រៀង​រាល់​ថ្ងៃ ទោះ​យើង​មិន​ចង់​ពាក់ ដោយសារ​យើង​មាន​អារម្មណ៍​ថា​ពិបាក​ក៏ដោយ​។ ទន្ទឹម​នឹង​នោះ​ព្រះ​អង្គ​កំពុង​តែ​កែ​ប្រែ​យើង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។—Karen Pimpo

តើ​ការ​ប្រដាប់​កាយ​ដោយ​ព្រះយេស៊ូវ មានន័យ​ដូច​ម្តេច ក្នុង​ពេល​សព្វថ្ងៃ? តើ​ការ​អនុវត្តន៍​នូវ​ការ​រស់នៅ ដែល​មាន​លក្ខណៈ​កាន់តែ​ដូច​ព្រះយេស៊ូវ អាច​មាន​ភាព​ងាយ​ស្រួល នៅ​ពេល​ក្រោយមក​ទៀត ដោយ​របៀបណា?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​កែ​ប្រែ​ទូល​បង្គំ​ជា​រៀង​រាល់​ថ្ងៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១៣-១៤ និង លូកា ១០:១-២៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles