លោកុប្បត្តិ ១:១-១០
ឯផែនដីបានខូច ហើយនៅទទេ មានសុទ្ធតែងងឹតនៅគ្របលើជំរៅទឹក ហើយព្រះវិញ្ញាណនៃព្រះក៏រេរានៅពីលើទឹក។ លោកុប្បត្តិ ១:២
លោកសេត(Seth) បានចម្រើនវ័យធំឡើង ក្នុងគ្រួសារដែលមានពេញដោយភាពប្រេះបែក និងភាពវឹកវរ ដូចនេះ ជីវិតគាត់មានពេញដោយភាពរញ៉េរញ៉ៃ។ ម្តាយរបស់គាត់បានទទួលរងអំពើហិង្សាពីឪពុកគាត់ជាប្រចាំ រហូតដល់ពេលដែលឪពុកគាត់បានបញ្ចប់ជីវិតខ្លួនឯង។ មានពេលមួយ លោកសេតចង់បញ្ចប់ជីវិតខ្លួនឯង។ គាត់បានប្រមូលថ្នាំទាំងអស់នៅក្នុងទូដាក់ថ្នាំក្នុងផ្ទះគាត់ ប៉ុន្តែ គាត់ស្រាប់តែនឹកគិតថា តើខ្ញុំនឹងទៅទីណា បន្ទាប់ពីខ្ញុំស្លាប់ទៅ? ដោយសារព្រះគុណព្រះ លោកសេតមិនបានស្លាប់នៅថ្ងៃនោះទេ។ ហើយក្រោយមក បន្ទាប់ពីគាត់បានរៀនព្រះគម្ពីរប៊ីបជាមួយមិត្តភក្តិម្នាក់ គាត់ក៏បានទទួលជឿព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ។ ការមើលឃើញសម្រស់ និងសណ្ដាប់ធ្នាប់នៅក្នុងស្នាព្រះហស្តរបស់ព្រះ បានបណ្តាលចិត្តគាត់ឲ្យចូលទៅរកព្រះអង្គ។ គាត់និយាយថា “ខ្ញុំមើលឃើញអ្វីៗមានសម្រស់ស្រស់ស្អាតណាស់។ មាននរណាម្នាក់បានបង្កើតពួកវាមក”។
ក្នុងបទគម្ពីរលោកុប្បត្តិជំពូក១ យើងឃើញថា ព្រះទ្រង់ពិតជាបានបង្កើតរបស់សព្វសារពើ។ ហើយទោះ “ផែនដីបានខូច”(ខ.២) ព្រះអង្គបានធ្វើឲ្យភាពគ្មានសណ្ដាប់ធ្នាប់ក្លាយជាមានសណ្ដាប់ធ្នាប់។ ព្រះអង្គបានញែកពន្លឺ ចេញពីភាពងងឹត(ខ.៤) ដាក់ឲ្យមានដីដុះឡើងនៅចន្លោះទឹកសមុទ្រ(ខ.១០) ហើយព្រះអង្គបង្កើតរុក្ខជាតិ និងសត្វ តាមប្រភេទរបស់ពួកវា(ខ.១១-១២,២១,២៤-២៥)។ ព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី ហើយដាក់អ្វីៗទាំងអស់ ក្នុងកន្លែងរបស់វា(អេសាយ ៤៥:១៨) ហើយបន្តនាំមកនូវសន្តិភាព និងសណ្ដាប់ធ្នាប់ដល់ជីវិត ដែលចុះចូលនឹងព្រះគ្រីស្ទ។
ជីវិតមនុស្សអាចមានភាពវឹកវរ និងបញ្ហាប្រឈម។ ចូរសរសើរដំកើងព្រះអង្គថា ព្រះអង្គ “មិនមែនជាព្រះនៃសេចក្តីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ ដូចក្នុងអស់ទាំងពួកជំនុំរបស់ពួកបរិសុទ្ធដែរ”(១កូរិនថូស ១៤:៣៣)។ ចូរយើងស្រែករកព្រះអង្គនៅថ្ងៃនេះ ហើយសូមព្រះអង្គជួយយើងរកឃើញភាពស្រស់ស្អាត និងសណ្ដាប់ធ្នាប់ដែលមានតែព្រះអង្គអាចប្រទានឲ្យបាន។—Tom Felten
តើមានភាពវឹកវរអ្វីដែលអ្នកកំពុងជួបប្រទះក្នុងជីវិតអ្នក? តើព្រះទ្រង់អាចជួយអ្នកនាំមកនូវសណ្ដាប់ធ្នាប់ និងសន្តិភាពក្នុងជីវិតអ្នកដូចម្តេចខ្លះ?
ឱព្រះអាទិករ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានសន្តិភាព និងសណ្ដាប់ធ្នាប់ក្នុងជីវិតទូលបង្គំ។ ក្នុងព្រះអង្គ អ្វីៗដែលប្រេះបែកប្រែក្លាយជាមានភាពស្រស់ស្អាត។
Visit ODBU.org/topic/ot216-01-lecture to learn more about the book of Genesis.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ២២-២៤ និង លូកា ១២:១-៣១