បាន​នៅ​ផ្ទះ​ជាមួយ​ព្រះយេស៊ូវ

យ៉ូហាន ១៤:១-៧

បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មកវិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ​។ យ៉ូហាន ១៤:៣

មាន​ពេល​មួយ​ដូរ៉ូធី(Dorothy) បាន​គោះ​កែង​ស្បែ​ក​ជើង​ពណ៌​ក្រហម​ដូច​ត្បូង​ទទឹម ហើយ​និយាយ​ថា “គ្មាន​កន្លែងណា​ល្អ​ជាង​ផ្ទះ​ទេ”។ ក្នុង​ខ្សែ​ភាពយន្ត​រឿង​អ្នក​ប្រាជ្ញ​នៃ​នគរ​អូហ្ស ស្បែកជើង​នោះ មាន​សមត្ថភាព​ពិសេស អាច​ដឹក​ជញ្ជូន​ដូរ៉ូធី និង​តូតូ ពី​នគរ​អូហ្ស ត្រឡប់​មក​ផ្ទះ​របស់​ពួកគេ​ក្នុង​រដ្ឋ​នេសាស់​វិញ​។

គួរ​ឲ្យ​ស្តាយ​ណាស់ ពួកគេ​មិន​មាន​ស្បែក​ជើង​ពណ៌​ក្រហម​សម្រាប់​គ្រប់​គ្នា​​ទេ​។ មនុស្ស​ជា​ច្រើន​ក៏​មាន​ចិត្ត​ចង់ទៅ​ផ្ទះ​ដូច​ដូរ៉ូធី​ផង​ដែរ តែ​ការ​រក​ឃើញ​ផ្ទះ​ដ៏​កក់​ក្តៅ ជួនកាល មិន​ងាយ​ស្រួល​ដូច​ការ​និយាយ​ទេ​។

ការ​រស់នៅ​ក្នុង​ពិភពលោក ដែល​មនុស្ស​មាន​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ​ញឹក​ញាប់ ដោយ​គ្មាន​ភាព​ស្ថិត​ស្ថេរ អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ខ្វះ​ភាព​កក់​ក្តៅ ដោយ​មិន​ដឹង​ថា យើង​នឹង​អាច​រកបាន​កន្លែង ដែល​យើង​ពិតជា​មាន​អារម្មណ៍​កក់​ក្តៅ​ឬ​អត់​ទេ​។ អារម្មណ៍​ដូច​នេះ ក៏​អាច​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​ដែល​ស៊ី​ជម្រៅ​ជាង​នេះ​ទៀត គឺ​ដូច​ដែល​លោក​ស៊ី អេស លូ​អ៊ីស​(C. S. Lewis) បាន​បក​ស្រាយ​ថា “បើ​ខ្ញុំ​ពិនិត្យ​មើល​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ​ឃើញថា ខ្ញុំ​មាន​សេចក្តី​ប៉ង​ប្រាថ្នា​មួយ ដែល​គ្មាន​បទ​ពិសោធន៍​ណាមួយ​ក្នុង​លោកិយ​នេះ អាច​ធ្វើ​ឲ្យ​ស្កប់​ស្កល់​បាន នោះ​មូល​ហេតុ​ទំនង​បំផុត​ដែល​ខ្ញុំ​មាន​បញ្ហា​នេះ គឺ​ដោយសារ​ព្រះ​ទ្រង់​បាន​បង្កើត​ខ្ញុំ​មក សម្រាប់​ឲ្យ​រស់នៅ​ក្នុង​ពិភពលោក​មួយ​ទៀត”។

នៅ​ពេលយប់​មុន​ពេល​ព្រះយេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គ​បាន​មាន​បន្ទូល​ធានា​ដល់​មិត្តសំឡាញ់​ទ្រង់​អំពី​ផ្ទះ​នោះ​ថា “នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា”(យ៉ូហាន ១៤:២)។ គឺ​ផ្ទះ​ដែល​យើង​នឹង​ទទួល​បាន​ការ​ស្វាគមន៍ និង​សេចក្តី​ស្រឡាញ់​។

តែ​យើង​ក៏​អាច​មាន​អារម្មណ៍​កក់​ក្តៅ​ដូច​នេះ ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ​។ យើង​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ព្រះ ដែល​ជា​ពួក​ជំនុំ​របស់​ព្រះអង្គ ជា​សហគមន៍​សម្រាប់​ឲ្យ​យើង​រស់​នៅ​ជាមួយ​​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ព្រះគ្រីស្ទ​។ ទំរាំ​ដល់​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​យក​យើង​ទៅ​នៅ​ផ្ទះ ដែល​ចិត្ត​របស់​យើង​ស្រេក​ឃ្លាន​ចង់​បាន​នោះ យើង​អាច​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន ក្នុង​សន្តិភាព និង​ក្តី​អំណរ​របស់​ព្រះអង្គ​។ យើង​តែងតែ​នៅ​ជាប់​ជាមួយ​ព្រះអង្គ ដូច​នៅ​ក្នុង​ផ្ទះ​ដ៏​កក់​ក្តៅ​ជានិច្ច​។—Bill Crowder

តើមាន​អ្វី​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា អ្នក​នៅ​ផ្ទះ​ដ៏​កក់​ក្តៅ ហើយ​ហេតុ​អ្វី? តើ​ការ​ដឹង​ថា ព្រះយេស៊ូវ​នឹង​នាំ​អ្នក​ទៅ​នៅ​ជាមួយ​ព្រះអង្គ​ជា​រៀង​រហូត មាន​ប្រយោជន៍​យ៉ាងណា​ខ្លះ​ដល់​អ្នក ក្នុង​ការ​រស់នៅ​ក្នុង​លោកិយ​នេះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​ព្រះគុណ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទន្ទឹង​រង់​ចាំ​ការ​រស់នៅ​ ក្នុង​ផ្ទះ​នៅ​ស្ថាន​សួគ៌​ជាមួយ​ព្រះអង្គ ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ​ជា​រៀង​រហូត​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ២៧-២៩ និង លូកា ១៣:១-២២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles