ការ​ជ្រើស​រើស​យក​ផ្លូវ​ជីវិត

សុភាសិត ១៤:៨-១២

មាន​ផ្លូវ​មួយ​ដែល​មើលទៅ​ដូចជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺជា​សេចក្តី​ស្លាប់​វិញ​។ សុភាសិត ១៤:១២

មាន​ពេល​មួយ លោក​គ្រូ​គង្វាល​ ដាមៀន(Damian) បាន​រៀបចំ​ពេល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​ពីរ​នាក់ ដែល​ជិត​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ផ្សេង​គ្នា ហើយ​ធ្លាប់​បាន​ជ្រើស​រើស​យក​ផ្លូវ​ជីវិត​ពីរ​ខុស​គ្នា​។ អ្នក​ជំងឺ​ទីមួយ​ជា​ស្រ្តី​ដែល​ក្រុម​គ្រួសារ​ស្រឡាញ់​យ៉ាង​ខ្លាំង​។ ការ​បម្រើ​អ្នក​ដទៃ​ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន បាន​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្រឡាញ់​គាត់​។ គ្រីស្ទបរិស័ទ​ផ្សេង​ទៀត​បាន​មក​ជួប​ជុំ​គ្នា នៅ​ជុំ​វិញ​គាត់ ដោយ​ថ្វាយបង្គំ​ព្រះ អធិស្ឋាន​ឲ្យ​គាត់ ហើយ​ក្តី​សង្ឃឹម​ក៏បាន​កើត​មាន​ពេញ​បន្ទប់​ដែល​គាត់​សម្រាក​ព្យាបាល​។ ក្នុង​មន្ទីរ​ពេទ្យ​មួយ​ទៀត សាច់​ញាតិ​របស់​សមាជិក​ពួក​ជំនុំ​របស់​លោក​គ្រូ ដាមៀម ក៏​កំពុងតែ​មាន​ជំងឺ​ជិត​ស្លាប់​ផង​ដែរ​។ បុរស​នោះ​មាន​ចិត្ត​រឹង​ទទឹង ជា​ហេតុ​នាំ​ឲ្យ​ការ​រស់នៅ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង ហើយ​ក្រុម​គ្រួសារ​របស់​គាត់​មាន​ភាព​រញ៉េរញ៉ៃ ក្នុង​ការ​រស់នៅ ដោយសារ​ការ​សម្រេច​ចិត្ត​ខុស និង​ទង្វើ​អាក្រក់​របស់​គាត់​។ បរិយាកាស​នៃ​ជីវិត​ចុង​ក្រោយ​របស់​អ្នក​ទាំង​ពីរ បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ខុស​គ្នា​នៃ​ការ​រស់នៅ​របស់​ពួកគេ​។

អ្នក​ដែល​បាន​ខកខាន​មិន​បាន​ពិចារណា អំពី​គោលដៅ​ដែល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក ក្នុង​ជីវិត ច្រើនតែ​ជាប់​គាំង​ជីវិត ក្នុង​កន្លែង​ដ៏​លំបាក មិន​ចង់​ឲ្យ​រស់នៅ និង​ឯកោ​។ បទ​គម្ពីរ​សុភាសិត ១៤:១២ បាន​កត់​សំគាល់​ថា “មាន​ផ្លូវ​មួយ​ដែល​មើលទៅ​ដូចជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺជា​សេចក្តី​ស្លាប់​វិញ”។ ទោះ​យើង​ក្មេង​ឬ​ចាស់ មាន​ជំងឺ ឬ​មាន​សុខ​ភាព​ល្អ មាន​ទ្រព្យ​សម្បត្តិ​ច្រើន ឬ​ក្រី​ក្រ​ក្តី យើង​នៅតែ​មាន​ឱកាស​ពិនិត្យ​មើល​ផ្លូវ​ជីវិត​របស់​យើង​ឡើង​វិញ គឺ​មិន​ទាន់​យឺត​ពេល​ទេ​។ តើ​ផ្លូវ​នោះ​នាំ​យើង​ឆ្ពោះ​ទៅ​រក​កន្លែងណា? តើ​វា​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​ទេ? តើ​វា​ជួយ ឬ​រំខាន​អ្នក​ដទៃ? តើ​វា​ជា​ផ្លូវ​ល្អ​បំផុត​សម្រាប់​អ្នកជឿ​ព្រះ​យេស៊ូវ​ឬ​ទេ?

ការ​សម្រេច​ចិត្ត​មាន​សារៈសំខាន់​ណាស់​។ ហើយ​ព្រះ​ដែល​គង់នៅ​ស្ថាន​សួគ៌ នឹង​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​បំផុត ខណៈ​ពេល​ដែល​យើង​ងាក​មក​រក​ព្រះអង្គ តាមរយៈ​ព្រះយេស៊ូវ ជា​ព្រះរាជបុត្រា​ព្រះអង្គ ដែល​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។—Arthur Jackson

តើ​អ្នក​ត្រូវ​ការ​ពិនិត្យ និង​កែ​តម្រង់​ផ្លូវ​នៃ​ជីវិត​របស់​អ្នក​ឡើង​វិញ​ឬ​ទេ? តើមាន​អ្វី​រា​រាំង​អ្នក មិន​ឲ្យ​ទូល​សូម​ជំនួយ និង​សេចក្តី​ក្លាហាន​មកពី​ព្រះ ដើម្បី​ធ្វើ​ការ​កែ​តម្រង់​នោះ?

ឱ​ព្រះយេស៊ូវ ព្រះអង្គ​ជា​ប្រភព​នៃ​ជីវិត​។ សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ​នូវ​សេចក្តី​ក្លាហាន និង​កម្លាំង ដើម្បី​ថ្វាយ​ជីវិត​ទូល​បង្គំ​ដល់​ព្រះអង្គ និង​ធ្វើ​អ្វី​ដែល​ថ្វាយ​ព្រះ​កិតិ្ត​នាម​ដល់​ព្រះអង្គ​។

For further study, read Taking Sin Seriously at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ១-២ និង លូកា ១៤:១-២៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles