ជ្រលង​នៃ​ការ​សរសើរ​ដំកើង​ព្រះ

២កូរិនថូស ២០:២១-២៦

នៅ​ថ្ងៃទី៤គេ​ប្រជុំ​គ្នា នៅ​ច្រក​ភ្នំ​បេរ៉ាកា​។ ២របាក្សត្រ ២០:២៦

លោក​វីលៀម ខោភ័រ(William Cowper) ជា​កវី​កំណាព្យ ដែល​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត អស់​រយៈ​ពេល​ភាគ​ច្រើន​នៃ​ជីវិត​គាត់​។ បន្ទាប់ពី​គាត់​បរាជ័យ​ក្នុង​ការ​ព្យាយាម​ធ្វើ​អត្តឃាត គាត់​ក៏បាន​សម្រេច​ចិត្ត​ចូល​ទៅ​សម្រាក​ព្យាបាល ក្នុង​មន្ទីរ​ពេទ្យ​សម្រាប់​មនុស្ស​វិកល​ចរិត​។ ប៉ុន្តែ នៅ​ទីនោះ តាមរយៈ​ការ​ថែទាំ​របស់​គ្រូ​ពេទ្យ​ជា​គ្រីស្ទបរិស័ទ លោក​ខោភ័រ ក៏​បាន​ទទួល​យក​សេចក្តី​ជំនឿ​ដ៏​កក់​ក្តៅ និង​សំខាន់ ចំពោះ​ព្រះយេស៊ូវ​។ មិន​យូរ​ប៉ុន្មាន គាត់​ក៏បាន​ក្លាយ​ជា​មិត្ត​ភក្តិ​របស់​លោក​ចន ញូតុន(John Newton) ជា​គ្រូ​គង្វាល និង​អ្នក​និពន្ធ​ទំនុក​សកល ដែល​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​ចូល​រួម​និពន្ធ​បទ​ចម្រៀង​ទំនុក​សកល​មួយ​បទ សម្រាប់​ពួក​ជំនុំ​របស់​ពួកគេ​។ ក្នុង​ចំណោម​ទំនុក​សកល​ដែល​លោក​ខោភ័រ​បាន​និពន្ធ ក៏​មាន​បទ “ព្រះអង្គ​ធ្វើ​ការ​តាម​របៀប​ដ៏​អាថ៌កំបាំង”ផង​ដែរ ដែល​គាត់​បាន​និពន្ធ ផ្អែក​ទៅ​លើ​ទី​បន្ទាល់​របស់​គាត់ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​យ៉ាង​ដូច​នេះ​ថា “ឱ​ពួក​បរិសុទ្ធ​ដ៏​ស្មោះ​ត្រង់​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង អ័ភ្រ​ដែល​អ្នក​ភ័យ​ខ្លាច​យ៉ាង​នេះ គឺ​បាន​បង្កប់​ទៅ​ដោយ​សេចក្តី​មេត្តា​ធំ​ដល់​ម្ល៉េះ ហើយ​នឹង​រលាយ​បាត់ ចេញ​ជា​ព្រះពរ​ធ្លាក់​មក​លើ​អ្នក”។

ប្រជាជន​នៃ​នគរ​យូដា ក៏​បាន​ជួប​សេចក្តី​សប្បុរស​របស់​ព្រះអម្ចាស់ តាម​របៀប​ដែល​ពួកគេ​មិន​នឹក​ស្មាន​ដល់ ដូច​លោក​ខោភ័រ​ផង​ដែរ​។ នៅពេល​ដែល​កងទ័ព​សត្រូវ​បាន​ចង​សម្ព័ន្ធ​គ្នា ដើម្បី​ឈ្លានពាន​ទឹកដី​របស់​ពួកគេ ស្តេច​យ៉ូសាផាត​ក៏បាន​ឲ្យ​ពួក​បណ្តាជន​មក​ជួបជុំ​គ្នា​អធិស្ឋាន​។ ខណៈ​ពេល​ដែល​កងទ័ព​នៃ​នគរ​យូដា​ដើរ​ដង្ហែ​ជា​ក្បួន ទៅ​កាន់​សមរ​ភូមិ ពួក​ប្រុសៗ​នៅ​ជួប​មុខ​គេ​ក៏បាន​សរសើរ​ដំកើង​ព្រះអម្ចាស់(២របាក្សត្រ ២០:២១)។ ពួក​សត្រូវ​ឈ្លានពាន​ក៏​មាន​ការ​ភាន់​ភាំង កាប់​សម្លាប់​គ្នាឯង ដោយ​គ្មាន​ពួក​គេ​ណា​ម្នាក់​អាច​រត់​គេច​ឡើយ ដោយ​បន្សល់​ទុក​នូវ​យុទ្ធ​ភណ្ឌ ដែល​ពួក​យូដា​ត្រូវ​ចំណាយ​ពេល៣ថ្ងៃ ដើម្បី​ចាប់​យក(ខ.២៤-២៥)។

នៅ​ថ្ងៃទី៤ គេ​ក៏​បាន​ហៅ​ទី​កន្លែង​ដែល​ពួក​កងទ័ព​សត្រូវ​បាន​ប្រមូល​ផ្តុំ​គ្នា​ទាស់​នឹង​រាស្រ្ត​របស់​ព្រះ​អម្ចាស់​ថា ច្រក​ភ្នំ​បេរ៉ាក(ខ.២៦) ដែល​មានន័យ​ត្រង់ថា “ជ្រលង​នៃ​ការ​សរសើរ​ដំកើង ឬ​ព្រះពរ”។ នេះ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ! សេចក្តី​មេត្តា​របស់​ព្រះ​អាច​កែ​ប្រែ​ជ្រលង ដែល​ពិបាក​បំផុត​របស់​យើង ឲ្យ​ក្លាយ​ជា​កន្លែង​សរសើរ​ដំកើង ខណៈ​ពេល​ដែល​យើង​ថ្វាយ​ទុក្ខ​លំបាក​ទាំង​អស់​នោះ​ដាច់​ដល់​ព្រះអង្គ​។—James Banks

តើ​អ្នក​បាន​ឃើញ​ព្រះ​ទ្រង់​នាំ​ការ​ល្អ ចេញពី​ទុក្ខ​លំបាក​ក្នុង​ជីវិត​អ្នក​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​អរ​ព្រះគុណ​ព្រះអង្គ នៅ​ថ្ងៃ​នេះ សម្រាប់​ការ​អ្វី​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​សរសើរ​ដំកើង​ព្រះអង្គ ដ្បិត​គ្មាន​ជ្រោះ​ណា ដែល​ជ្រៅ​ជាង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ឡើយ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ៦-៨ និង លូកា ១៥:១-១០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles