គ្រួសារ​ពិតជា​សំខាន់​ណាស់

ហេព្រើរ ១២:១៤-១៧

ចូរ​ដេញ​តាម​សេចក្តី​មេ​ត្រី ចំពោះ​មនុស្ស​ទាំង​អស់​ចុះ​។ ហេព្រើរ ១២:១៤

មាន​ពេល​មួយ បង​ស្រី និង​បង​ប្រុស​ខ្ញុំ ហើយ​និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ ចេញពី​រដ្ឋ​ដែល​យើង​កំពុង​រស់នៅ​រៀង​ខ្លួន ដើម្បី​ទៅ​ចូល​រួម​ពិធី​បុណ្យសព​របស់​ពូ​របស់​យើង ហើយក៏​បាន​ទៅ​សួរ​សុខ​ទុក្ខ​ជីដូន​របស់​យើង ដែល​មាន​អាយុ៩០ឆ្នាំ​។ គាត់​បាន​ក្លាយ​ជា​ជន​ពិការ ដោយសារ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ហើយក៏​បាន​បាត់បង់​សមត្ថភាព​និយាយ ហើយ​អាច​ប្រើ​បានតែ​ដៃ​ស្តាំ​របស់​គាត់​ប៉ុណ្ណោះ​។ ខណៈ​ពេល​ដែល​យើង​កំពុង​អង្គុយ​នៅ​ជុំវិញ​គ្រែ​គេង​គាត់ គាត់​ក៏បាន​លូកដៃ​ស្តាំ​របស់​គាត់ មក​ចាប់ដៃ​យើង​ម្នាក់ៗ ដោយ​ទាញ​ដៃ​យើង​មក​ដាក់​ពី​លើ​គ្នា ចំ​បេះ​ដូង​គាត់ ហើយ​ក៏​បាន​អង្អែល​ដៃ​យើង​ថ្នម​ៗ ឲ្យ​នៅ​នឹង​មួយ​កន្លែង​។ តាមរយៈ​ភាសា​កាយ​វិការ​របស់​គាត់ គាត់​កំពុង​ប្រាប់​យើង​ថា “គ្រួសារ​សំខាន់​ណាស់”។ គាត់​កំពុង​និយាយ​ពាក្យ​នេះ តាមរយៈ​កាយ​វិការ​មក​កាន់​បង​ប្អូន​បង្កើត ដែល​មាន​ការ​បែក​បាក់​ទំនាក់​ទំនង និង​ដាច់​ចេញ​ឆ្ងាយ​ពី​គ្នា​។

ក្នុង​ពួក​ជំនុំ ជា​មហា​គ្រួសារ​នៃ​ព្រះ យើង​ក៏​អាច​មាន​ការ​បែក​បាក់ និង​ដាច់​ចេញពី​គ្នា​ផង​ដែរ​។ យើង​ប្រហែល​ជា​បាន​បណ្តោយ​ឲ្យ​ចិត្ត​ល្វីងជូរចត់ បំបែក​យើង​ចេញពី​គ្នា​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​បង្រៀន​យើង អំពី​ចិត្ត​ជូរ​ល្វីង ដែល​បាន​បំបែក​លោក​អេសាវ ចេញពី​លោក​យ៉ាកុប ជា​ប្អូន​ប្រុស​របស់​គាត់(ហេព្រើរ ១២:‌១៦) ហើយក៏​បាន​ជំរុញ​យើង​ជា​បង​ប្អូន ឲ្យ​រួបរួម​គ្នា​ក្នុង​មហា​គ្រួសារ​នៃ​ព្រះ​។ “ចូរ​ដេញ​តាម​សេចក្តី​មេ​ត្រី ចំពោះ​មនុស្ស​ទាំង​អស់”(ខ.១៤)។ ត្រង់​ចំណុច​នេះ ពាក្យ​ដេញ​តាម​បាន​បង្ហាញ​ចេញ​ នូវ​ការ​លះបង់​ស្ម័គ្រ​ពី​ចិត្ត ក្នុង​ការ​ផ្សះផ្សា​ជា​មួយ​បង​ប្អូន​ក្នុង​មហា​គ្រួសារ​របស់​ព្រះ​។ និយាយ​រួម យើង​ម្នាក់ៗ​សុទ្ធតែ​ខិតខំ​ដេញ​តាម​សេចក្តី​មេ​ត្រី​។

គ្រួសារ​ពិតជា​សំខាន់​ណាស់ គឺ​ទាំង​គ្រួសារ​នៅ​ផែនដី ក៏​ដូច​ជា​មហា​គ្រួសារ​របស់​ព្រះ ដែល​ជា​អ្នកជឿ​ព្រះអង្គ​។ ចូរ​យើង​រាល់​គ្នា​ខិតខំ​រួបរួម​គ្នា ដោយ​សេចក្តី​ស្រឡាញ់​ផង​ដែរ​។—Elisa Morgan

តើ​ការ​ដេញ​តាម​សេចក្តី​មេ​ត្រី ចំពោះ​មនុស្ស​ទាំង​អស់ ក្នុង​មហា​គ្រួសារ​របស់​ព្រះ មានន័យ​ដូច​ម្តេច​ចំពោះ​អ្នក? តើមាន​នរណា​ខ្លះ​ដែល​អ្នក​ត្រូវ​ផ្សះផ្សា​ជាមួយ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​នាំ​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះអង្គ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ខិតខំ​រស់នៅ ដោយ​សន្តិភាព​ជាមួយ​មនុស្ស​ទាំង​អស់ ក្នុង​មហា​គ្រួសារ​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ៩-១១ និង លូកា ១៥:១១-៣២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles