ព្រឹក

ដករុក្ខជាតិចង្រៃនៃការព្រួយបារម្ភចេញ
ដោយKatara Patton
April 26, 2024
ម៉ាថាយ ១៣:១-៨,១៨-២៣
អ្នកដែលបានទទួលពូជនៅក្នុងបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចសេចក្តីខ្វល់ខ្វាយនៅជីវិតនេះ និងសេចក្តីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ។ ម៉ាថាយ ១៣:២២
បន្ទាប់ពីខ្ញុំបានកប់គ្រាប់ពូជពីរបីគ្រាប់ ក្នុងច្បារក្រោយផ្ទះខ្ញុំ ខ្ញុំក៏បានរង់ចាំមើលលទ្ធផល។ ខ្ញុំបានមើលអត្ថបទ ដែលបានបកស្រាយថា គ្រាប់ពូជទាំងនោះនឹងចេញពន្លក បន្ទាប់ពីបានកប់វាបានពីរ១០ ទៅ១៤ថ្ងៃ ហើយខ្ញុំក៏បានពិនិត្យមើលពួកវាជាញឹកញាប់ នៅពេលដែលខ្ញុំស្រោចទឹកពីលើដី។ មិនយូរប៉ុន្មាន ខ្ញុំក៏បានឃើញស្លឹកពណ៌បៃតងតូចៗពីរបីសន្លឹក ប្រឹងដុះចេញពីក្នុងដីមក។ ភាពសប្បាយរីករាយរបស់ខ្ញុំក៏បានរលាយទៅវិញ យ៉ាងឆាប់រហ័ស នៅពេលដែលប្តីរបស់ខ្ញុំប្រាប់ខ្ញុំថា ពួកវាជារុក្ខជាតិចង្រៃទេ។ គាត់ក៏បានលើកទឹកចិត្តខ្ញុំឲ្យឆាប់ដកពួកវាចេញ ដើម្បីកុំឲ្យពួកវារាំងខ្ទប់រុក្ខជាតិ ដែលខ្ញុំកំពុងព្យាយាមដាំ។
ព្រះយេស៊ូវក៏បានមានបន្ទូល អំពីសារៈសំខាន់នៃការជម្នះឧបសគ្គ ដែលអាចរារាំងមិនឲ្យយើងលូតលាស់ខាងវិញ្ញាណ។ ព្រះអង្គក៏បានពន្យល់ជាពាក្យប្រៀបប្រដូច យ៉ាងដូចនេះថា : នៅពេលដែលកសិករព្រោះគ្រាប់ពូជរបស់គាត់ មានគ្រាប់ពូជខ្លះ “ធ្លាក់ទៅកណ្តាលបន្លាៗក៏ដុះឡើងខ្ទប់ជិត”(ម៉ាថាយ ១៣:៧)។ គុម្ពបន្លា និងរុក្ខជាតិចង្រៃរាំងខ្ទប់រុក្ខជាតិល្អៗ មិនឲ្យលូតលាស់(ខ.២២)។ ហើយការព្រួយបារម្ភក៏ពិតជារារាំងការលូតលាស់ខាងវិញ្ញាណរបស់យើង។ ការអានព្រះគម្ពីរ និងអធិស្ឋាន គឺជាវិធីសាស្រ្តដ៏ប្រសើរ ដើម្បីឲ្យជំនឿយើងមានការលូតលាស់ តែខ្ញុំចាំបាច់ត្រូវប្រុងប្រយ័ត្ន ចំពោះគុម្ពបន្លានៃការព្រួយបារម្ភ។ ពួកវា “រាំងខ្ទប់” ព្រះបន្ទូលដ៏ល្អ ដែលព្រះអង្គបានសាបព្រោះក្នុងខ្ញុំ ដោយធ្វើឲ្យខ្ញុំផ្ដោតទៅលើបញ្ហាផ្សេងៗ។
ផលផ្លែខាងវិញ្ញាណដែលមានក្នុងព្រះគម្ពីរ មានដូចជា សេចក្តីស្រឡាញ់ សេចក្តីអំណរ និងសន្តិភាពជាដើម (កាឡាទី ៥:២២)។ តែដើម្បីឲ្យយើងបង្កើតផលផ្លែទាំងនោះ យើងត្រូវពឹងផ្អែកកម្លាំងព្រះអង្គ ដើម្បីដករុក្ខជាតិចង្រៃនៃការព្រួយបារម្ភ ដែលអាចរំខានយើង និងបណ្តាលឲ្យយើងផ្ដោតទៅលើអ្វីផ្សេង ក្រៅពីព្រះអង្គ។—Katara Patton
តើព្រះអង្គកំពុងជួយអ្នកបណ្ដុះគ្រាប់ពូជ របស់អ្នកយ៉ាងដូចម្តេចខ្លះ? តើអ្នកអាចដករុក្ខជាតិចង្រៃនៃការព្រួយបារម្ភ ដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គក្រើនរំឭកទូលបង្គំ ឲ្យដករុក្ខជាតិចង្រៃចេញ ឲ្យបានញឹកញាប់ ដោយដកចេញការព្រួយបារម្ភ និងគំនិតដែលខូចអាក្រក់ ដើម្បីឲ្យទូលបង្គំអាចលូតលាស់ និងបង្កើតផលផ្លែក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១-២ និង លូកា ១៩:២៨-៤៨
ប្រភេទ
ល្ងាច

វដ្ដនៃការអត់ឱនទោស
ដោយJohn Piper
April 26, 2024
សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្តីអាក្រក់វិញ។ លូកា ១១:៤
តើនរណាអត់ទោសឲ្យនរណាមុន?
ព្រះយេស៊ូវមានបន្ទូលថា “សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ”(លូកា ១១:៤)។
ម្យ៉ាងទៀត សាវ័កប៉ុលក៏មានប្រសាសន៍ផងដែរថា “ចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ” (កូល៉ុស ៣:១៣)។
ពេលដែលព្រះយេស៊ូវបង្រៀនយើង ឲ្យអធិស្ឋានសូមព្រះទ្រង់អត់ទោសឲ្យយើង “ដ្បិតយើងខ្ញុំក៏អត់ទោស” ឲ្យគេ គឺព្រះអង្គមិនមែនកំពុងមានបន្ទូលថា យើងជាអ្នកអត់ទោសមុននោះទេ។ ផ្ទុយទៅវិញ ព្រះទ្រង់អត់ទោសឲ្យយើង ពេលយើងទទួលជឿព្រះគ្រីស្ទ(កិច្ចការ ១០:៤៣)។ បន្ទាប់មក យើងអត់ទោសឲ្យអ្នកដទៃ បន្ទាប់ពីបានទទួលការអត់ទោស ជាបទពិសោធន៍ដែលប្រេះបែក ប្រែជាពេញដោយអំណរ ការដឹងគុណ និងមានសង្ឃឹម។
វិញ្ញាណនៃការអត់ទោសនេះជាសញ្ញាបង្ហាញថា យើងបានទទួលការអត់ទោសបាប ដែលសង្គ្រោះយើងឲ្យរួចពីបាបហើយ។ បានសេចក្តីថា ការអត់ទោសឲ្យអ្នកដទៃបង្ហាញថា យើងមានជំនឿ យើងមានការរួបរួមជាមួយព្រះគ្រីស្ទ យើងមានព្រះវិញ្ញាណពេញដោយព្រះគុណ និងបន្ទាបព្រះកាយ គង់នៅក្នុងយើង។
ប៉ុន្តែ យើងនៅតែប្រព្រឹត្តអំពើបាប(១យ៉ូហាន ១:៨,១០)។ ដូចនេះ យើងនៅតែត្រូវងាកទៅរកព្រះ ដើម្បីឲ្យព្រះគ្រីស្ទធ្វើព្រះរាជកិច្ចសម្រាប់យើងជាថ្មី គឺព្រះរាជកិច្ចនៃការអត់ទោសបាប។ យើងមិនអាចងាកទៅរកព្រះ ដោយទំនុកចិត្តបានឡើយ បើយើងនៅតែបន្តមានវិញ្ញាណមិនអត់ទោស។ (សូមយើងនឹកចាំ អំពីរឿងប្រៀបប្រដូច អំពីអ្នកបម្រើដែលមិនអត់ទោស ក្នុងបទគម្ពីរ ម៉ាថាយ ១៨:២៣-៣៥។ គាត់បានបដិសេធន៍មិនព្រមអត់ទោសឲ្យអ្នកបម្រើម្នាក់ទៀត ដែលជំពាក់លុយគាត់១០ដុល្លា ទោះស្តេចបានលុបបំណុលដែលគាត់ជំពាក់ទ្រង់ ១០លានដុល្លាហើយក៏ដោយ។ គាត់បានប្រព្រឹត្តដោយវិញ្ញាណមិនអត់ទោស ដែលសេចក្តីមេត្តារបស់ស្តេច មិនបានធ្វើឲ្យគាត់ប្រែចិត្ត)។
ព្រះយេស៊ូវបានការពារយើង ឲ្យរួចផុតពីភាពល្ងង់ខ្លៅនេះ ដោយបង្រៀនយើងឲ្យអធិស្ឋានថា “សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ”(លូកា ១១:៤)។ ហេតុនេះហើយ ព្រះយេស៊ូវមានបន្ទូលថា យើងទូលសូមការអត់ទោសបាប ព្រោះយើងកំពុងអត់ទោសឲ្យគេ។ គឺដូចជាការអធិស្ឋានថា “ឱព្រះវរបិតា សូមព្រះអង្គបន្តប្រទានសេចក្តីមេត្តា ដែលព្រះគ្រីស្ទបានបង់ថ្លៃទិញ ព្រោះព្រះអង្គបានអត់ទោសឲ្យទូលបង្គំ ដោយសារសេចក្តីមេត្តានេះ ហើយទូលបង្គំលះបង់ការសងសឹក ហើយអស់ទោសឲ្យអ្នកដទៃ ដូចដែលព្រះអង្គអត់ទោសឲ្យទូលបង្គំ”។
សូមព្រះទ្រង់ជួយអ្នក ឲ្យស្គាល់ការអត់ទោសរបស់ព្រះជាថ្មី នៅថ្ងៃនេះ ហើយសូមព្រះគុណព្រះអង្គហូរហៀរ ក្នុងចិត្តអ្នក ក្នុងការអត់ទោសឲ្យអ្នកដទៃ។ ហើយសូមឲ្យបទពិសោធន៍ដ៏ផ្អែមល្ហែម នៃព្រះគុណក្នុងជីវិតអ្នក នាំឲ្យអ្នកកាន់តែមានទំនុកចិត្តថា ពេលណាអ្នកចូលទៅរកព្រះ ដើម្បីពិសោធន៍នឹងការអត់ទោសជាថ្មី ដែលព្រះទ្រង់បានទិញ ដោយព្រះលោហិតព្រះអង្គ អ្នកនឹងបានដឹងថា ព្រះអង្គបានចាត់ទុកអ្នកជាកូន ដែលបានទទួលការអត់ទោស និងបានអត់ទោសឲ្យគេ។