នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ដក​រុក្ខជាតិ​ចង្រៃ​នៃ​ការ​ព្រួយ​បារម្ភ​ចេញ

ដក​រុក្ខជាតិ​ចង្រៃ​នៃ​ការ​ព្រួយ​បារម្ភ​ចេញ

ដោយKatara Patton

April 27, 2024

ម៉ាថាយ ១៣:១-៨,១៨-២៣

អ្នក​ដែល​បាន​ទទួល​ពូជ​នៅ​ក្នុង​បន្លា នោះ​គឺជា​អ្នក​ដែល​ឮ​ព្រះបន្ទូល រួច​សេចក្តី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ និង​សេចក្តី​ឆបោក​របស់​ទ្រព្យ​សម្បត្តិ​មក​ខ្ទប់​ព្រះបន្ទូល​ជាប់ មិន​ឲ្យ​ពូជ​នោះ​កើត​ផល​ឡើយ​។ ម៉ាថាយ ១៣:២២

បន្ទាប់ពី​ខ្ញុំ​បាន​កប់​គ្រាប់ពូជ​ពីរបី​គ្រាប់ ក្នុង​ច្បារ​ក្រោយ​ផ្ទះ​ខ្ញុំ ខ្ញុំ​ក៏​បាន​រង់​ចាំ​មើល​លទ្ធផល​។ ខ្ញុំ​បាន​មើល​អត្ថបទ ដែល​បាន​បក​ស្រាយ​ថា គ្រាប់ពូជ​ទាំង​នោះ​នឹង​ចេញ​ពន្លក បន្ទាប់​ពី​បាន​កប់​វា​បាន​ពីរ១០ ទៅ១៤ថ្ងៃ ហើយ​ខ្ញុំ​ក៏បាន​ពិនិត្យ​មើល​ពួកវា​ជា​ញឹក​ញាប់ នៅពេល​ដែល​ខ្ញុំ​ស្រោច​ទឹក​ពី​លើ​ដី​។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ឃើញ​ស្លឹក​ពណ៌​បៃតង​តូចៗ​ពីរបី​សន្លឹក ប្រឹង​ដុះ​ចេញពី​ក្នុង​ដីមក​។ ភាព​សប្បាយ​រីករាយ​របស់​ខ្ញុំ​ក៏បាន​រលាយ​ទៅវិញ យ៉ាង​ឆាប់​រហ័ស នៅពេល​ដែល​ប្តី​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ពួកវា​ជា​រុក្ខជាតិ​ចង្រៃ​ទេ​។ គាត់​ក៏បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ឆាប់​ដក​ពួកវា​ចេញ ដើម្បី​កុំ​ឲ្យ​ពួកវា​រាំង​ខ្ទប់​រុក្ខជាតិ ដែល​ខ្ញុំ​កំពុង​ព្យាយាម​ដាំ​។

ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល អំពី​សារៈសំខាន់​នៃ​ការ​ជម្នះ​ឧបសគ្គ ដែល​អាច​រារាំង​មិន​ឲ្យ​យើង​លូត​លាស់​ខាង​វិញ្ញាណ​។ ព្រះអង្គ​ក៏បាន​ពន្យល់​ជា​ពាក្យ​ប្រៀប​ប្រដូច យ៉ាង​ដូច​នេះ​ថា : នៅពេល​ដែល​កសិករ​ព្រោះ​គ្រាប់ពូជ​របស់​គាត់ មាន​គ្រាប់ពូជ​ខ្លះ “ធ្លាក់​ទៅ​កណ្តាល​បន្លាៗ​ក៏​ដុះ​ឡើង​ខ្ទប់​ជិត”(ម៉ាថាយ ១៣:៧)។ គុម្ព​បន្លា និង​រុក្ខជាតិ​ចង្រៃ​រាំង​ខ្ទប់​រុក្ខ​ជាតិ​ល្អៗ មិន​ឲ្យ​លូត​លាស់(ខ.២២)។ ហើយ​ការ​ព្រួយ​បារម្ភ​ក៏​ពិត​ជា​រារាំង​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​យើង​។ ការ​អាន​ព្រះ​គម្ពីរ និង​អធិស្ឋាន គឺជា​វិធី​សាស្រ្ត​ដ៏​ប្រសើរ ដើម្បី​ឲ្យ​ជំនឿ​យើង​មាន​ការ​លូត​លាស់ តែ​ខ្ញុំ​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន ចំពោះ​គុម្ព​បន្លា​នៃ​ការ​ព្រួយ​បារម្ភ​។ ពួកវា “រាំង​ខ្ទប់” ព្រះបន្ទូល​ដ៏​ល្អ ដែល​ព្រះ​អង្គ​បាន​សាប​ព្រោះ​ក្នុង​ខ្ញុំ ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​ផ្ដោត​ទៅលើ​បញ្ហា​ផ្សេងៗ​។

ផល​ផ្លែ​ខាង​វិញ្ញាណ​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ មាន​ដូចជា សេចក្តី​ស្រឡាញ់ សេចក្តី​អំណរ និង​សន្តិភាព​ជាដើម (កាឡាទី ៥:២២)។ តែ​ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ផ្លែ​ទាំង​នោះ យើង​ត្រូវ​ពឹង​ផ្អែក​កម្លាំង​ព្រះអង្គ ដើម្បី​ដក​រុក្ខជាតិ​ចង្រៃ​នៃ​ការ​ព្រួយ​បារម្ភ ដែល​អាច​រំខាន​យើង និង​បណ្តាល​ឲ្យ​យើង​ផ្ដោត​ទៅលើ​អ្វី​ផ្សេង ក្រៅ​ពី​ព្រះអង្គ​។—Katara Patton

តើ​ព្រះ​អង្គ​កំពុង​ជួយ​អ្នក​បណ្ដុះ​គ្រាប់ពូជ របស់​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ដក​រុក្ខជាតិ​ចង្រៃ​នៃ​ការ​ព្រួយ​បារម្ភ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះអង្គ​ក្រើន​រំឭក​ទូល​បង្គំ ឲ្យ​ដក​រុក្ខជាតិ​ចង្រៃ​ចេញ ឲ្យ​បាន​ញឹក​ញាប់ ដោយ​ដកចេញ​ការ​ព្រួយ​បារម្ភ និង​គំនិត​ដែល​ខូច​អាក្រក់ ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​លូត​លាស់ និង​បង្កើត​ផល​ផ្លែ​ក្នុង​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១-២ និង លូកា ១៩:២៨-៤៨

ល្ងាច

Devotional illustration

វដ្ដ​នៃ​ការ​អត់ឱន​ទោស

ដោយJohn Piper

April 27, 2024

សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ ហើយ​សូមកុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើងខ្ញុំ​បាន​រួចពី​សេចក្តី​អាក្រក់​វិញ។ លូកា ១១:៤

តើន​រណា​អត់ទោស​ឲ្យ​នរណា​មុន?

ព្រះយេស៊ូវ​មាន​បន្ទូល​ថា “សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ”(លូកា ១១:៤)។

ម្យ៉ាងទៀត សាវ័ក​ប៉ុល​ក៏​មានប្រសាសន៍​ផង​ដែរ​ថា “ចូរ​អត់ទោស​ឲ្យ​គេ​ចុះ ដូចជា​ព្រះគ្រីស្ទ​បាន​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ” (កូល៉ុស ៣:១៣)។

ពេល​ដែល​ព្រះយេស៊ូវ​បង្រៀន​យើង ឲ្យ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង “ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស” ឲ្យ​គេ គឺ​ព្រះអង្គ​មិនមែន​កំពុង​មាន​បន្ទូល​ថា យើង​ជា​អ្នក​អត់ទោស​មុន​នោះ​ទេ។ ផ្ទុយទៅវិញ ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង ពេល​យើង​ទទួល​ជឿ​ព្រះគ្រីស្ទ(កិច្ចការ ១០:៤៣)។ បន្ទាប់មក យើង​អត់ទោស​ឲ្យ​អ្នកដទៃ បន្ទាប់ពី​បាន​ទទួលការ​អត់ទោស ជា​បទពិសោធន៍​ដែល​ប្រេះ​បែក ប្រែជា​ពេញដោយ​អំណរ ការ​ដឹងគុណ និង​មាន​សង្ឃឹម។

វិញ្ញាណ​នៃ​ការ​អត់ទោស​នេះ​ជា​សញ្ញា​បង្ហាញថា យើង​បាន​ទទួលការ​អត់ទោស​បាប ដែល​សង្គ្រោះ​យើង​ឲ្យ​រួចពី​បាប​ហើយ។ បាន​សេចក្តី​ថា ការ​អត់ទោស​ឲ្យ​អ្នកដទៃ​បង្ហាញថា យើង​មាន​ជំនឿ យើង​មានការ​រួបរួម​ជាមួយ​ព្រះគ្រីស្ទ យើង​មាន​ព្រះវិញ្ញាណ​ពេញដោយ​ព្រះគុណ និង​បន្ទាប​ព្រះ​កាយ គង់នៅ​ក្នុង​យើង។

ប៉ុន្តែ យើង​នៅតែ​ប្រព្រឹត្ត​អំពើបាប(១យ៉ូហាន ១:៨,១០)។ ដូចនេះ យើង​នៅតែ​ត្រូវ​ងាក​ទៅ​រក​ព្រះ ដើម្បីឲ្យ​ព្រះគ្រីស្ទ​ធ្វើ​ព្រះរាជកិច្ច​សម្រាប់​យើង​ជាថ្មី គឺ​ព្រះរាជកិច្ច​នៃ​ការ​អត់ទោស​បាប។ យើង​មិន​អាច​ងាក​ទៅ​រក​ព្រះ ដោយ​ទំនុកចិត្ត​បាន​ឡើយ បើ​យើង​នៅតែ​បន្ត​មានវិញ្ញាណ​មិន​អត់ទោស។ (សូម​យើង​នឹក​ចាំ អំពី​រឿង​ប្រៀបប្រដូច អំពី​អ្នកបម្រើ​ដែល​មិន​អត់ទោស ក្នុង​បទ​គម្ពីរ ម៉ាថាយ ១៨:២៣-៣៥។ គាត់​បាន​បដិសេធន៍​មិនព្រម​អត់ទោស​ឲ្យ​អ្នកបម្រើ​ម្នាក់ទៀត ដែល​ជំពាក់​លុយ​គាត់១០ដុល្លា ទោះ​ស្តេច​បាន​លុប​បំណុល​ដែល​គាត់​ជំពាក់​ទ្រង់ ១០លាន​ដុល្លា​ហើយក៏​ដោយ។ គាត់​បាន​ប្រព្រឹត្ត​ដោយ​វិញ្ញាណ​មិន​អត់ទោស ដែល​សេចក្តី​មេត្តា​របស់​ស្តេច មិនបាន​ធ្វើឲ្យ​គាត់​ប្រែចិត្ត)។

ព្រះយេស៊ូវ​បានការ​ពារ​យើង ឲ្យ​រួចផុត​ពី​ភាព​ល្ងង់ខ្លៅ​នេះ ដោយ​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​ថា “សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ”(លូកា ១១:៤)។ ហេតុនេះ​ហើយ ព្រះយេស៊ូវ​មា​ន​បន្ទូល​ថា យើង​ទូល​សូម​ការ​អត់ទោស​បាប ព្រោះ​យើង​កំពុង​អត់ទោស​ឲ្យ​គេ។ គឺ​ដូចជា​ការអធិស្ឋាន​ថា “ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​បន្ត​ប្រទាន​សេចក្តី​មេត្តា ដែល​ព្រះគ្រីស្ទ​បាន​បង់ថ្លៃ​ទិញ ព្រោះ​ព្រះអង្គ​បាន​អត់ទោស​ឲ្យ​ទូលបង្គំ ដោយសារ​សេចក្តី​មេត្តា​នេះ ហើយ​ទូលបង្គំ​លះបង់​ការសងសឹក ហើយ​អស់​ទោស​ឲ្យ​អ្នកដទៃ ដូចដែល​ព្រះអង្គ​អត់ទោស​ឲ្យ​ទូលបង្គំ”។

សូម​ព្រះ​ទ្រង់​ជួយ​អ្នក​ ឲ្យ​ស្គាល់​ការ​អត់ទោស​របស់​ព្រះ​ជាថ្មី នៅ​ថ្ងៃនេះ ហើយ​សូម​ព្រះគុណ​ព្រះអង្គ​ហូរហៀរ ក្នុងចិត្ត​អ្នក ក្នុង​ការ​អត់ទោស​ឲ្យ​អ្នកដទៃ។ ហើយ​សូមឲ្យ​បទពិសោធន៍​ដ៏​ផ្អែមល្ហែម នៃ​ព្រះគុណ​ក្នុង​ជីវិត​អ្នក នាំឲ្យ​អ្នក​កាន់តែ​មានទំនុក​ចិត្ត​ថា ពេលណា​អ្នក​ចូល​ទៅ​រក​ព្រះ ដើម្បី​ពិសោធន៍​នឹង​ការ​អត់ទោស​ជាថ្មី ដែល​ព្រះ​ទ្រង់​បាន​ទិញ ដោយ​ព្រះ​លោហិត​ព្រះអង្គ អ្នក​នឹង​បានដឹង​ថា ព្រះអង្គ​បាន​ចាត់ទុក​អ្នកជា​កូន ដែល​បាន​ទទួលការ​អត់ទោស និង​បាន​អត់ទោស​ឲ្យ​គេ។

ប្រភេទ