នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះអង្គ​ចាត់​ទេវតា​ឲ្យ​ថែរក្សា​យើង

ព្រះអង្គ​ចាត់​ទេវតា​ឲ្យ​ថែរក្សា​យើង

ដោយAnne Cetas

April 28, 2024

និក្ខមនំ ២៣:២០-២៦

មើល អញ​ចាត់​ទេវតា១ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុក​បំរុង​ឯង​តាម​ផ្លូវ​។ និក្ខមនំ ២៣:២០

អ្នក​ស្រីបេវ(Bev) បាន​ទៅ​ពិនិត្យ​សុខ​ភាព​ម្តង​ហើយ​ម្តង​ទៀត ហើយ​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​ផ្សេង​ទៀត ដូច​នេះ គាត់​មាន​អារម្មណ៍​ថា ពិបាក​ខ្លាំង​ពេក ហើយ​ក៏​ហត់នឿយ​ផង​។ ក្រុម​វេជ្ជ​បណ្ឌិត​បាន​ប្រាប់​គាត់​ថា ពួកគេ​កំពុង​ស្វែងរក​មហារីក ក្នុង​ផ្នែក​ណាមួយ​នៃ​រូបកាយ​គាត់​។ ការ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ថប់​បារម្ភ​។ តែ​ជា​រៀង​រាល់​ថ្ងៃ ពេលណា​គាត់​ងាក​ទៅ​រក​ព្រះអង្គ ឬ​អាន​ព្រះ​គម្ពីរ ព្រះអង្គ​បាន​លើក​ទឹក​ចិត្ត​គាត់ ដោយ​សេចក្តី​ស្មោះ​ត្រង់ ដោយ​ព្រះ​វត្ត​មាន និង​សន្តិភាព​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះអង្គ​បាន​សន្យា​ប្រទាន​។ គាត់​បាន​តយុទ្ធ​នឹង​ភាព​មិន​ច្បាស់​លាស់ និង​បាន​រៀន​ថ្វាយ​ដាច់​ដល់​ព្រះ​អង្គ​ជា​ញឹក​ញាប់ នូវ​ការ​ថប់​បារម្ភ​អំពី​ពេល​អនាគត​។ នៅពេល​ព្រឹក​មួយ​នោះ មុន​ពេល​ការ​វះកាត់​ធ្ងន់ធ្ងរ​មួយ​ចាប់​ផ្តើម អ្នក​ស្រី​បេវ ក៏​បាន​អាន​ខគម្ពីរ​មួយ ក្នុង​បទ​គម្ពីរ​និក្ខមនំ ជំពូក២៣ ដែល​បាន​ចែងថា “មើល អញ​ចាត់​ទេវតា១ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុក​បំរុង​ឯង​តាម​ផ្លូវ”(ខ.២០)។

នេះ​ជា​ពាក្យ​ពេចន៍​ដែល​ព្រះ​ទ្រង់​បាន​មាន​បន្ទូល តាមរយៈ​លោក​ម៉ូសេ ទៅ​កាន់​ពួក​អ៊ីស្រាអែល ដែល​ជា​រាស្រ្ត​ព្រះអង្គ​។ កាល​នោះ ព្រះអង្គ​កំពុង​ប្រទាន​ក្រឹត្យ​វិន័យ​ដល់​រាស្រ្ត​ព្រះអង្គ ឲ្យ​ប្រព្រឹត្ត​តាម និង​ដឹកនាំ​ពួកគេ ទៅ​កាន់​ទឹកដី​ថ្មី(ខ.១៤-១៩)។ ប៉ុន្តែ នៅ​ក្នុង​ពេល​ដែល​ព្រះអង្គ​បង្គាប់​ពួកគេ ព្រះអង្គ​ក៏បាន​ប្រាប់​ពួក​គេ​ថា ព្រះអង្គ​នឹង​ចាត់​ទេវតា​មួយ​អង្គ ឲ្យ​នាំ​មុខ​ពួកគេ “ឲ្យ​ការពារ​ពួកគេ​នៅ​តាម​ផ្លូវ”។ ទោះ​ជីវិត​របស់​អ្នក​ស្រី​បេវ មិន​បាន​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ពួកគេ​ក៏ដោយ ក៏​គាត់​បាន​នឹក​ចាំ​ថា បទ​គម្ពីរ​ផ្សេង​ទៀត​ក៏​បាន​ចែង​អំពី​ទេវតា ដែល​ព្រះអម្ចាស់​ចាត់​ឲ្យ​មក​ថែរក្សា​រាស្រ្ត​ព្រះអង្គ​ផង​ដែរ​។ គឺ​ដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង ៩១:១១ បាន​ចែងថា “ដ្បិត​ទ្រង់​នឹង​បង្គាប់​ដល់​ពួក​ទេវតា​របស់​ទ្រង់ ពី​ដំណើរ​ឯង ឲ្យ​បាន​ថែរក្សា​ឯង ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង”។ ហើយ​បទ​គម្ពីរ​ហេព្រើរ ១:១៤ បាន​ប្រាប់​យើង​ថា ព្រះ​ទ្រង់​ចាត់​ទេវតា​ព្រះអង្គ​ជា “វិញ្ញាណ​បម្រើ” ដើម្បី​បម្រើ​អ្នកជឿ​ព្រះយេស៊ូវ​។

បើ​យើង​បាន​ទទួល​ជឿ​ព្រះគ្រីស្ទ ព្រះអង្គ​ក៏​ចាត់​​ទេវតា​មួយ​អង្គ ឬ​ច្រើន​អង្គ នៅ​ក្បែរ​យើង សម្រាប់​បម្រើ​យើង​ផង​ដែរ​។—Anne Cetas

តើ​ព្រះ​ទ្រង់​អាច​ធ្វើ​អ្វី​ខ្លះ​សម្រាប់​អ្នក តាមរយៈ​ទេវតា​របស់​ព្រះអង្គ? តើ​ការ​ដឹង​ដូច​នេះ​បាន​លើក​ទឹក​ចិត្ត​អ្នក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​ព្រះអង្គ​តែងតែ​គង់នៅ​ក្បែរ ហើយ​ព្រះអង្គ​ក៏​មាន​ទេវតា​មើលថែ​កូន​ព្រះអង្គ​ផង​ដែរ​។

For further study, read What Can We Learn from Angels? at DiscoverySeries.org/Q1003.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ៣-៥ និង លូកា ២០:១-២៦

ល្ងាច

Devotional illustration

សេចក្តី​ស្រឡាញ់​ដែល​អស្ចារ្យ​បំផុត

ដោយJohn Piper

April 28, 2024

កូន​តូចៗ រាល់គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នករាល់គ្នា ពីព្រោះ​ទ្រង់​បាន​អត់ទោស​បាប​របស់​អ្នករាល់គ្នា​ហើយដោយ​យល់​ដល់​ព្រះនាម​ទ្រង់។ ១យ៉ូហាន ២:១២

ហេតុអ្វី​យើង​គួរតែ​និយាយ​សង្កត់ធ្ងន់​ថា ព្រះ​ទ្រង់​ស្រឡាញ់ អត់ទោស​បាប និង​សង្គ្រោះ​យើង “ដោយ​យល់​ដល់​ព្រះនាម​ទ្រង់” ឬដើម្បី​សិរីល្អ​របស់​ព្រះអង្គ? ខ្ញុំ​សូម​បង្ហាញ​ហេតុផល២យ៉ាង (ក្នុងចំណោម​ហេតុផល​ជាច្រើន) ដូចតទៅ ៖

១) យើង​គួរតែ​និយាយ​សង្កត់ធ្ងន់​ថា ព្រះ​ទ្រង់​ស្រឡាញ់ និង​អត់ទោស​បាប ដើម្បី​សិរីល្អ​របស់​ព្រះអង្គ ព្រោះ​ព្រះគម្ពីរ​បាន​ចែង​ដូចនេះ។

គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើបាប​របស់​ឯង​ទៀត​ឡើយ (អេសាយ ៤៣:២៥)។

ឱព្រះយេហូវ៉ា​អើយ សូមអត់ទោស​ការ​ទុច្ចរិត ដ៏​មាន​ទំ​ងន់​របស់​ទូលបង្គំ​ផង ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ (ទំនុកដំកើង ២៥:១១)។

ឱព្រះ​ដ៏​ជួយ​សង្គ្រោះ​យើងខ្ញុំ​អើយ សូម​ជួយ​យើងខ្ញុំ ដោយ​យល់​ដល់​សិរីល្អ​នៃ​ព្រះនាម​ទ្រង់ សូម​ប្រាស​ឲ្យ​យើងខ្ញុំ​រួច ហើយ​អត់ទោស​អំពើបាប របស់​យើងខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ (ទំនុកដំកើង ៧៩:៩)។

ឱព្រះ​ដ៏​ជួយ​សង្គ្រោះ​យើងខ្ញុំ​អើយ សូម​ជួយ​យើងខ្ញុំ ដោយ​យល់​ដល់​សិរីល្អ​នៃ​ព្រះនាម​ទ្រង់ សូម​ប្រាស​ឲ្យ​យើងខ្ញុំ​រួច ហើយ​អត់ទោស​អំពើបាប​របស់​យើងខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ (យេរេមា ១៤:៧)។

ឱព្រះយេហូវ៉ា​អើយ​យើងខ្ញុំ​ទទួលស្គាល់​អំពើអាក្រក់​របស់​យើងខ្ញុំ​ហើយ ព្រមទាំង​សេចក្តី​ទុច្ចរិត​របស់​ពួក​ព្ធ​យុកោ​យើងខ្ញុំ​ផង ដ្បិត​យើងខ្ញុំ​បាន​ធ្វើបាប​នឹង​ទ្រង់​ពិត សូមកុំ​ស្អប់​យើងខ្ញុំ​ឡើយ ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ សូមកុំ​បង្អាប់​បល្ល័ង្ក​នៃ​សិរីល្អ​របស់​ទ្រង់ (យេរេមា ១៤:២០-២១)។

ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុកជា​ទី​សន្តោស​ប្រោស ដោយសារ​សេចក្តី​ជំនឿ​ដល់​ព្រះ​លោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ ចំពោះ​ការដែល​ទ្រង់​មិន​ប្រកាន់​អំពើបាប ដែលគេ​ប្រព្រឹត្ត​ពីដើម ដោយ​ទ្រង់​មានព្រះហឫទ័យ​អត់ធ្មត់ ដើម្បីនឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវនេះ ប្រយោជន៍ឲ្យ​ទ្រង់​បាន​សុចរិត ព្រមទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវ​ ថា​ជា​សុចរិត​ដែរ (រ៉ូម ៣:២៥-២៦)។

ទ្រង់​បាន​អត់ទោស​បាប​របស់​អ្នករាល់គ្នា​ហើយដោយ​យល់​ដល់​ព្រះនាម​ទ្រង់ (១យ៉ូហាន ២:១២)។

២) យើង​គួរតែ​និយាយ​សង្កត់ធ្ងន់​ថា ព្រះ​ទ្រង់​ស្រឡាញ់ និង​អត់ទោស​ឲ្យ​យើង ដើម្បី​សិរីល្អ​របស់​ព្រះអង្គ ព្រោះ​ការ​នេះ​បាន​បង្ហាញ​ច្បាស់​ថា ព្រះ​ទ្រង់​ស្រឡាញ់​យើង ដោយ​ក្តី​ស្រឡាញ់​អស្ចារ្យ​បំផុត។

ឱ​ព្រះវរបិតា​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​ចង់​ឲ្យ​គេ​នៅជា​មួយ​នឹង​ទូលបង្គំ ក្នុង​កន្លែង​ដែល​ទូលបង្គំ​នៅ​ដែរ ដើម្បីឲ្យ​បានឃើញ​សិរីល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ (យ៉ូហាន ១៧:២៤)។

ព្រះ​ទ្រង់​ស្រឡាញ់​យើង មិនមែន​តាមរបៀប​ដែល​ធ្វើឲ្យ​យើង​ធំ​ប្រសើរ​បំផុត​នោះ​ទេ តែ​ដើម្បី​ធ្វើឲ្យ​អង្គ​ទ្រង់​ធំ​ប្រសើរ​បំផុត។ ស្ថានសួគ៌​មិនមែន​ជា​ស្ថាន​នៃ​ការ​វង្វេងវង្វាន់​នោះ​ឡើយ តែ​ជា​កន្លែង​ដែល​យើង​នឹង​បានឃើញ​ភាព​ធំ​ប្រសើរ​កាន់តែ​ច្បាស់។ វា​ជា​រឿង​ខកចិត្ត​បំផុត បើ​យើង​ទៅ​នគរ​ស្ថានសួគ៌ ហើយ​រក​ឃើញថា យើង​មាន​ភាព​ធំ​ប្រសើរ​ជាងគេ​នោះ។

ដោយ​សេចក្តី​ស្រឡាញ់​អស្ចារ្យ​បំផុត នោះ​ព្រះ​ទ្រង់​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង តាមរបៀប​ដែល​លើក​ដំកើង និង​ពង្រីក​ភាព​ធំ​ប្រសើរ​បំផុត​របស់​ព្រះអង្គ ដើម្បី​កាលណា​យើង​បាន​ទៅដល់​នគរ​ស្ថានសួគ៌ សិរីល្អ​របស់​ព្រះ​នឹង​បង្កើត​ក្តី​អំណរ​របស់​យើង ជា​រៀង​រហូត។ ដោយសារ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​បំផុត ព្រះ​ទ្រង់ប្រទាន​ព្រះអង្គ​ទ្រង់​មក​យើង ដើម្បីឲ្យ​យើង​មាន​ក្តី​អំណរ​ដ៏​អស់​កល្ប ដោយ​លះបង់​ព្រះជន្ម​ព្រះរាជបុត្រា​ព្រះអង្គ (រ៉ូម ៨:៣២)។ នេះ​ហើយ​ជា​អត្ថន័យ នៃ​ព្រះបន្ទូល​ដែល​បាន​ចែងថា ព្រះអង្គ​ស្រឡាញ់​យើង ហើយ​អត់ទោស​ឲ្យ​យើង ដោយ​យល់​ដល់​ព្រះនាម​ព្រះអង្គ។

ប្រភេទ