រួម​គ្នា​ធ្វើ​ការ​បម្រើ​ព្រះអង្គ

ភីលីព ៤:១៤-២០

ដ្បិត​កាល​ខ្ញុំ​ខ្វះខាត​នៅ​ថែស្សាឡូនីច នោះ​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​ជួយ​ខ្ញុំ​ម្តង​ពីរ​ដង​ផង​។ ភីលីព ៤:១៦

ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​សហការ​គ្នា ដើម្បី​ជួយ​បុរស​ពីរ​នាក់ កំពុង​ជាប់​នៅ​លើ​កោះ​មួយ ក្នុង​តំបន់​ប្រជុំកោះ​មីក្រូនេស៊ី​។ ការ​ធ្វើ​ការ​ជា​ក្រុម​មាន​សារៈសំខាន់ ព្រោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីឌ បាន​តម្រូវ​ឲ្យ​ពួក​គេ​រក្សា​គម្លាត​ក្នុង​ការ​ទំនាក់​ទំនង​។ អ្នក​បើក​យន្តហោះ ដែល​បាន​ឃើញ​អ្នក​លិច​កប៉ាល់​ទាំង​នោះ ក៏​បាន​ប្រើ​វិទ្យុ​ទាក់ទង ផ្តល់​ដំណឹង​ដល់​នាវា​កងទ័ព​ជើង​ទឹក​អូស្ត្រាលី​។ នាវា​នោះ​ក៏​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង ដោយ​មាន​អាហារ ទឹក និង​ថ្នាំ​ពេទ្យ​ទៅជា​មួយ​។ ក្រោយមក ឆ្មាំ​សមុទ្រ​អាមេរិក​ក៏បាន​ធ្វើ​ដំណើរ​មកដល់ ដើម្បី​ពិនិត្យ​សុខ​ភាព​របស់​បុរស​ទាំង​នោះ ហើយក៏​បាន​ឲ្យ​វិទ្យុ​ទាក់ទង​មួយ​គ្រឿង​ដល់​ពួកគេ​។ ទី​បំផុត ទូក​ល្បាត​ប្រចាំ​ដំបន់​មីក្រូនេ​ស៊ី ក៏​បាន​ជួន​ពួកគេ​ទៅដល់​គោលដៅ​របស់​ពួកគេ​។

យើង​អាច​សម្រេច​កិច្ចការ​ជា​ច្រើន ពេលណា​យើង​ធ្វើ​ការ​ជាមួយ​គ្នា​។ អ្នកជឿ​ព្រះ​នៅ​ទីក្រុង​ភីលីព បាន​រួបរួម​គ្នា ក្នុង​ការ​ប្រឹង​ប្រែង​ឧបត្ថម្ភ​សាវ័ក​ប៉ុល​។ អ្នក​ស្រី​លីឌា និង​ក្រុម​គ្រួសារ បាន​ស្វាគមន៍​គាត់​ឲ្យ​ចូល​ស្នាក់​នៅ​ផ្ទះ​របស់​ពួកគេ(កិច្ចការ ១៦:១៣-១៥)។ លោក​ក្លេមិន និង​សូម្បីតែ​អ្នក​ស្រី​អ៊ើរ៉ូឌា និង​អ្នក​ស្រី​ស៊ុនទីច(ដែល​មិន​ចុះ​សម្រុង​នឹង​គ្នា) ក៏​សុទ្ធតែ​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​លោក​សាវ័ក ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ផង​ដែរ​(ភីលីព ៤:២-៣)។ ក្រោយមក នៅពេល​ដែល​សាវ័ក​ប៉ុល​ជាប់គុក ក្នុង​ទីក្រុង​រ៉ូម ពួក​ជំនុំ​ក៏បាន​ប្រមូល​ស្បៀង​អាហារ ហើយ​ផ្ញើ​ទៅ​គាត់ តាមរយៈ​លោក​អេប៉ាប្រូឌីត (ខ.១៤-១៨)។ ប្រហែល​សំខាន់​បំផុត​នោះ ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​បាន​អធិស្ឋាន​ឲ្យ​គាត់ ជា​ទៀង​ទាត់ ក្នុង​ពេល​ដែល​គាត់​ធ្វើ​ការ​បម្រើ​ព្រះ(១:១៩)។

គំរូ​នៃ​អ្នកជឿ​ព្រះ ដែល​ធ្វើ​ការ​បម្រើ​ព្រះអង្គ​ជាមួយ​គ្នា ក្នុង​ពួក​ជំនុំ​ដំបូង អាច​បណ្តាល​ចិត្ត​យើង​ក្នុង​ពេល​សព្វថ្ងៃ ឲ្យ​មាន​ការ​រួបរួម​ផង​ដែរ​។ ការ​សហការ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ ក្នុង​ការ​អធិស្ឋាន និង​ការ​​បម្រើ​អ្នក​ដទៃ ដឹកនាំ និង​ផ្តល់​ឲ្យ​យើង​នូវ​កម្លាំង ដើម្បី​សម្រេច​កិច្ចការ​កាន់តែ​ច្រើន ជាង​ពេល​ដែល​យើង​ធ្វើ​ការ​តែ​ម្នាក់ឯង​។ គឺ​ដូច​ពាក្យ​ស្លោក​មួយ​ពោល​ថា “បើ​យើង​នៅ​ម្នាក់ឯង យើង​ម្នាក់ៗ​ប្រៀប​ដូចជា​ទឹក​មួយ​ដំណក់ តែ​ពេលណា​យើង​រួម​គ្នា យើង​ជា​មហា​សមុទ្រ”។—Jennifer Benson Schuldt

តើ​អ្នក​ធ្វើ​ការ​បម្រើ​ព្រះ​បាន​ល្អ ជា​មួយ​អ្នកជឿ​ដទៃ​ទៀត នៅ​ពេលណា​ខ្លះ? តើមាន​អ្វី​ជា​មូលដ្ឋាន​នៃ​ចំណង​ទាក់ទង​ខាង​វិញ្ញាណ ដែល​អ្នក​មាន​ជាមួយ​ពួកគេ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​បង្ហាញ​ទូល​បង្គំ នូវ​របៀប​រួបរួម​ជាមួយ​អ្នក​ដទៃ ដែល​កំពុង​បម្រើ​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ២៣-២៤ និង លូកា ១៩:១-២៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles