ព្រះអាទិករ​ដែល​យើង​អាច​ទុកចិត្ត

យ៉ូហាន ៣:១០-១៧

ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បានជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់តែ១ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ​។ យ៉ូហាន ៣:១៦

តួ​អង្គ “មនុស្ស​ចម្លែក” ក្នុង​រឿង​ហ្វ្រេងគិន​ស្តាញ(Frankenstein) ដែល​អ្នក​ស្រី​ម៉ារី សេលី(Mary Shelley) បាន​និពន្ធ ស្ថិត​ក្នុង​ចំណោម​តួ​អង្គ​ដែលគេ​បាន​ស្គាល់​ច្រើន​ជាងគេ ក្នុង​រឿង​និទាន ដែល​កើត​ចេញពី​ការ​ស្រមើស្រមៃ ក្នុង​វប្បធម៌​បស្ចិម​ប្រទេស​។ ក្នុង​រឿង​ប្រលោមលោក​ដ៏​ល្បី​ល្បាញ​នេះ លោក​វីចទ័រ ហ្វ្រែងគិន​ស្តាញ(Victor Frankenstein) ជា​អ្នក​វិទ្យាសាស្ត្រ ដែល​មាន​ការ​ស្រមើស្រមៃ បាន​បង្កើត​មនុស្ស​ចម្លែក​នោះ ពី​សាក​សព​របស់​មនុស្ស​។ ប៉ុន្តែ អ្នក​ដែល​ចូល​ចិត្ត​អាន​រឿង​ប្រលោម​លោក​ដ៏​ល្បី​ល្បាញ​នេះ ក៏បាន​ដឹង​ផង​ដែរ​ថា ភាគ​ច្រើន​គេ​អាច​ធ្វើ​ការ​សន្និដ្ឋាន​ថា អ្នក​ស្រី​សេលី​ពិតជា​បាន​បង្ហាញ​ធាតុ​ពិត​របស់​តួ​អង្គ​អ្នក​វិទ្យាសាស្ត្រ​រូប​នេះ ថា​ជា​មនុស្ស​ចម្លែក​ពិត​ប្រាកដ​។ បន្ទាប់ ពី​គាត់​បាន​បង្កើត​មនុស្ស​ចម្លែក​នោះ ឲ្យ​មាន​បញ្ញា គាត់​បាន​បដិសេធន៍​មិន​ព្រម​ស្តាប់​ការ​ណែនាំ​របស់​វា ក៏​មិន​ព្រម​រាប់​រក​វា ឬ​ធ្វើ​ឲ្យ​វា​សង្ឃឹមថា វា​នឹង​មាន​សុភ​មង្គល​ឡើយ​។ អាកប្ប​កិរិយា​នេះ​ហាក់​ដូច​ជា​កំពុងតែ​ធ្វើ​ឲ្យ​មនុស្ស​ចម្លែក​នោះ ធ្លាក់​ចូល​ទៅ​ក្នុង​ការ​បាក់​ទឹក​ចិត្ត និង​កំហឹង​។ មនុស្ស​​ចម្លែក​នោះ​ក៏បាន​ប្រឈម​មុខ​ដាក់​លោក​វិកទ័រ ដោយ​ពោល​ទំនួញ​ថា “ឱ​លោក ដែល​ជា​អ្នក​បង្កើត​ខ្ញុំ​អើយ តើ​លោក​នឹង​បំផ្លាញ​ខ្ញុំ​វិញ យ៉ាង​ជោគជ័យ ដោយ​គ្មាន​ក្តី​អាណិត​ឬ”។

ព្រះ​គម្ពីរ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​ដែល​ជា​អ្នក​បង្កើត​អ្វីៗ​គ្រប់​យ៉ាង មាន​ភាព​ខុស​ប្លែក​យ៉ាង​ណា​ពី​អ្នក​វិទ្យាសាស្រ្ត​ក្នុង​រឿង​ប្រ​លោក​លោក​នេះ ដោយ​ព្រះ​អង្គ​មាន​សេចក្តី​ស្រឡាញ់​មិន​ចេះ​ប្រែ​ប្រួល និង​មិន​ចេះ​នឿយណាយ ចំពោះ​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ​។ ព្រះអង្គ​មិនមែន​ចេះតែ​បង្កើត​អ្វីៗ​មក តែ​បាន​បង្កើត​ពិភពលោក ដោយ​សេចក្តី​ស្រឡាញ់ ឲ្យ​មាន​ភាព​ស្រស់​ស្អាត(លោកុប្បត្តិ ១:៣១)។ ហើយ​សូម្បីតែ​នៅពេល​ដែល​មនុស្ស​ជាតិ​បាន​ងាក​បែរ​ពី​ព្រះអង្គ ហើយ​ជ្រើស​រើស​យក​សេចក្តី​អាក្រក់ ការ​ប្ដេជ្ញា​ព្រះទ័យ និង​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​ពួកគេ នៅតែ​មិន​ប្រែ​ប្រួល​។

គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន​ពន្យល់​លោក​នីកូដេម​ថា ព្រះ​អម្ចាស់​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ខ្លាំង​ណាស់ បានជា​ព្រះអង្គ​ស្ម័គ្រ​ព្រះទ័យ​លះបង់​ព្រះរាជបុត្រា​តែមួយ ដែល​ព្រះអង្គ​ស្រឡាញ់​បំផុត(យ៉ូហាន ៣:‌១៦) ដើម្បី​សង្គ្រោះ​មនុស្ស​ជាតិ​ឲ្យ​រួច​ពី​បាប​។ ព្រះយេស៊ូវ​បាន​លះបង់​ព្រះ​ជន្ម ដោយ​ទទួល​ទោស​នៃ​អំពើបាប​របស់​យើង “ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(ខ.១៥)។

យើង​មាន​ព្រះអាទិករ​មួយ​អង្គ ដែល​យើង​អាច​ទុកចិត្ត អស់ពី​ចិត្ត និង​ជីវិត​របស់​យើង​។—Monica La Rose

តើ​ការ​ប្ដេជ្ញា​ព្រះទ័យ ដែល​ព្រះអង្គ​មាន​ចំពោះ​ស្នា​ព្រះ​ហស្ត​ព្រះអង្គ បាន​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​យ៉ាងណា ក្នុង​ជីវិត​អ្នក? តើ​អ្នក​អាច​ឆ្លើយតប​ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​អង្គ​អើយ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ធ្វើ​ជា​ព្រះអាទិករ ដែល​ទូល​បង្គំ​អាច​ទុកចិត្ត​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១២-១៣ និង លូកា ២២:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles