ព្រឹក

ជម្នះទុក្ខលំបាក ដោយសេចក្តីជំនឿ
ដោយArthur Jackson
May 3, 2024
ទំនុកដំកើង ៥៦:១-៤
តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់។ ទំនុកដំកើង ៥៦:៣
ការពិនិត្យសុខភាពជាទៀងទាត់ សម្រាប់ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ឈ្មោះកាល់វីន(Calvin) បានបន្សល់ទុកស្លាកស្នាមមួយចំនួន នៅលើរូបកាយគាត់ដែលគេមិននឹកស្នានដល់។ ក្នុងអំឡុងពេលនៃការជួបគ្រូពេទ្យ គេបានចាក់ថ្នាំឲ្យគាត់ពីរបីម្ជុល ហើយគេក៏បានបិទបង់ស្អិតពីលើកន្លែងចាក់ឆ្នាំនោះ។ កាលពួកគេដល់ពេលត្រូវបកបង់ស្អិតនៅផ្ទះ កាល់វីនក៏បានបញ្ចេញសម្លេងយំ ដោយការភ័យខ្លាច។ បុរសជាឪពុកក៏បានព្យាយាមលួងកូនប្រុសគាត់ ដោយនិយាយថា “កាល់វីន កូនដឹងហើយថា ប៉ាមិនដែលធ្វើការអាក្រក់មកលើកូនទេ”។ បុរសជាឪពុកចង់ឲ្យកូនប្រុសខ្លួនទុកចិត្តគាត់ ជាជាងខ្លាចការឈឺចាប់ ក្នុងការបកបង់ស្អិតចេញ។
មិនមែនមានតែក្មេងៗអាយុ៤ឆ្នាំទេ ដែលមានការភ័យខ្លាច នៅចំពោះមុខនៃការឈឺចាប់។ ការវះកាត់ ការបែកបាក់ពីមនុស្សជាទីស្រឡាញ់ បញ្ហាផ្លូវចិត្ត និងបញ្ហាប្រឈមផ្សេងទៀត គឺសុទ្ធតែបណ្តាលឲ្យយើងមានការភ័យខ្លាច ដកដង្ហើមធំ សោកសង្រេង និងត្អូញត្អែរ។
ស្តេចដាវីឌក៏ធ្លាប់ស្ថិតក្នុងពេលភ័យខ្លាចជាច្រើនដង។ មានពេលមួយនោះ ទ្រង់បានរត់ចូលទឹកដីរបស់សាសន៍ភីលីស្ទីន ខណៈពេលដែលទ្រង់រត់គេចពីស្តេចសូលដែលមានការច្រណែនឈ្នានីស។ នៅពេលដែលសាសន៍ភីលីស្ទីនមើលទ្រង់ស្គាល់ ទ្រង់មានការថប់បារម្ភ ចំពោះគ្រោះថ្នាក់ដែលអាចកើតមានចំពោះទ្រង់ (មើល ១សាំយ៉ូអែល ២១:១០-១១) ទ្រង់មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះស្តេចអ័គីស ជាស្តេចក្រុងកាថ(ខ.១២)។ នៅពេលដែលទ្រង់នឹកចាំអំពីពេលដ៏ពិបាកនោះ ទ្រង់ក៏បានតែងជាទំនុកដំកើងថា “តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់ ...គឺសេចក្តីពឹងពាក់របស់ទូលបង្គំ នោះបានទុកនៅក្នុងព្រះ ទូលបង្គំនឹងមិនខ្លាចឡើយ តើសាច់ឈាមនឹងអាចធ្វើអ្វីដល់ទូលបង្គំបាន”(ទំនុកដំកើង ៥៦:៣-៤)។
តើយើងគួរធ្វើដូចម្តេច នៅពេលដែលទុក្ខលំបាកក្នុងជីវិត ធ្វើឲ្យយើងមានការភ័យខ្លាច? ពេលនោះ យើងអាចទុកចិត្តលើព្រះវរបិតារបស់យើង ដែលគង់នៅស្ថានសួគ៌។—Arthur Jackson
តើមានទុក្ខលំបាកអ្វីខ្លះ ដែលកំពុងតែធ្វើឲ្យអ្នកមានការភ័យខ្លាច ក្នុងពេលបច្ចុប្បន្ន? តើអ្នកអាចសម្រាក ក្នុងការថែរក្សារបស់ព្រះអង្គដូចម្តេចខ្លះ ខណៈពេលដែលអ្នកនាំការភ័យខ្លាចមកថ្វាយ នៅចំពោះព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ដោយការអធិស្ឋាន?
ឱព្រះអង្គអើយ ទូលបង្គំមានការភ័យខ្លាច នៅក្នុងសាច់ឈាម និងភាពផុយស្រួយរបស់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំឲ្យមើលឃើញ និងដកពិសោធន៍នឹងសេចក្តីស្រឡាញ់ និងការថែរក្សារបស់ព្រះអង្គ ក្នុងពេលដែលទូលបង្គំជួបការល្បងល និងទុក្ខលំបាក។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១៦-១៨ និង លូកា ២២:៤៧-៧១
ប្រភេទ
ល្ងាច

អត្ថប្រយោជន៍៥យ៉ាង នៃការរងទុក្ខ
ដោយJohn Piper
May 3, 2024
កាលមុនដែលទូលបង្គំកើតទុក្ខព្រួយ នោះទូលបង្គំបានវង្វេងទៅ តែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ។ ទំនុកដំកើង ១១៩:៦៧
ខគម្ពីរនេះបានបង្ហាញថា ព្រះទ្រង់ប្រទានទុក្ខលំបាកមក ដើម្បីជួយឲ្យយើងរៀនព្រះបន្ទូលព្រះអង្គ។ តើរឿងនេះអាចកើតឡើងបាន ដោយរបៀបណា? តើទុក្ខលំបាកជួយឲ្យយើងរៀន និងស្តាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គ ដោយរបៀបណា?
មានចម្លើយរាប់មិនអស់ សម្រាប់សំណួរនេះ ក៏ដូចជាមានបទពិសោធន៍ច្រើនរាប់មិនអស់ ជាមួយសេចក្តីមេត្តាដ៏អស្ចារ្យនេះ។ តែខ្ញុំសូមបង្ហាញចម្លើយ៥យ៉ាង ខាងក្រោមនេះដូចតទៅ ៖
ទុក្ខលំបាកនាំឲ្យយើងងាកចេញពីគំនិតរាក់កំផែល ហើយធ្វើឲ្យយើងមានគំនិតស៊ីជម្រៅ ដើម្បីឲ្យផ្នត់គំនិតយើង កាន់តែសមស្របនឹងភាពស៊ីជម្រៅនៃព្រះបន្ទូលព្រះ។ ហើយសូមកត់ចំណាំថា ៖ ក្នុងព្រះគម្ពីរដែលជាសៀវភៅរបស់ព្រះ គឺគ្មានទំព័រណា ដែលមានអត្ថន័យរាក់កំផែលទេ។
ទុក្ខលំបាករុញច្រានយើងឲ្យឈប់ពឹងផ្អែកលើលោកិយ ហើយជំរុញចិត្តយើង ឲ្យពឹងផ្អែកលើព្រះវិញ ដែលនាំឲ្យយើងកាន់តែមានភាពស៊ីគ្នានឹងគោលបំណងនៃព្រះបន្ទូលព្រះ។ ដ្បិតគោលបំណងនៃព្រះបន្ទូលព្រះ គឺដើម្បីឲ្យយើងមានសង្ឃឹម ក្នុងព្រះអង្គ ហើយទុកចិត្តព្រះអង្គ។ “ដ្បិតអស់ទាំងសេចក្តីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្តីសង្ឃឹម ដោយសេចក្តីអត់ធន់ និងសេចក្តីកំសាន្តចិត្ត ដោយសារគម្ពីរ” (រ៉ូម ១៥:៤)។ “ព្រះយេស៊ូវក៏ធ្វើទីសំគាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុកក្នុងសៀវភៅនេះទេ”(យ៉ូហាន ២០:៣១)។
ទុក្ខលំបាកធ្វើឲ្យយើងបើកមើលព្រះគម្ពីរ ដោយការស្រេកឃ្លានរកជំនួយ ជាជាងរាប់ទុក្ខលំបាកជាភាពបន្ទាប់បន្សំនៃជីវិត។ “ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត” (យេរេមា ២៩:១៣)។
ទុក្ខលំបាកនាំឲ្យយើងមានចំណែក នៅក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យយើងមានការប្រកបកាន់តែស្និទ្ធស្នាលជាមួយព្រះអង្គ ហើយមើលឃើញលោកិយ ដូចដែលព្រះអង្គទតឃើញវា។ សាវ័កប៉ុលមានចិត្តស្រេកឃ្លានចង់ “ស្គាល់ទ្រង់ និងព្រះចេស្ដានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្តីស្លាប់ផង”(ភីលីព ៣:១០)។
ទុក្ខលំបាកបង្អាប់សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលបោកបញ្ឆោត និងបង្វែរអារម្មណ៍យើងចេញពីព្រះ ហើយទុក្ខលំបាកនាំយើងចូលទៅក្នុងការរស់នៅដែលមានលក្ខណៈខាងវិញ្ញាណកាន់តែខ្លាំង ហើយធ្វើឲ្យយើងកាន់តែងាយស្រួលទទួលព្រះបន្ទូលខាងវិញ្ញាណរបស់ព្រះ។ “ដូច្នេះ ដែលព្រះគ្រីស្ទទ្រង់បានរងទុក្ខក្នុងសាច់ឈាមជំនួសយើងរួចហើយ នោះត្រូវឲ្យអ្នករាល់គ្នាមានគំនិតដូច្នោះដែរ ទុកជាគ្រឿងការពារខ្លួន ដ្បិតអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម នោះបានឈប់ខាងឯអំពើបាបហើយ”(១ពេត្រុស ៤:១)។ ទុក្ខលំបាកមានផលប៉ះពាល់ដ៏អស្ចារ្យ ដែលសម្លាប់អំពើបាប។ កាលណាយើងកាន់តែបរិសុទ្ធ នោះយើងឃើញព្រះកាន់តែច្បាស់ផងដែរ(ម៉ាថាយ ៥:៨)។
សូមព្រះវិញ្ញាណព្រះអង្គ ប្រទានព្រះគុណដល់យើងរាល់គ្នា ដើម្បីកុំឲ្យយើងលះចោលផ្លូវរបស់ព្រះ ដោយសារការឈឺចាប់នោះឡើយ។